រឿងមហាភារតៈបង្ហាញការយកឈ្នះអំពើអយុត្តិធម៌ដោយអំពើយុត្តិធម៌

រឿងមហាភារតៈបង្ហាញការយកឈ្នះអំពើអយុត្តិធម៌ដោយអំពើយុត្តិធម៌

សៀវភៅរឿងមហាភារតៈ

រឿង​មហា​ភារត:​ជា​រឿង​វីរកថា​យ៉ាង​វែង​ដែល​អ្នកសិក្សា​ស្រាវជ្រាវ​ចាត់​ទុក​ថា​ជា​ឫសគល់​នៃ​វប្បធម៌​ឥណ្ឌា-ខ្មែរ។ រឿង​នេះ​បាន​ផ្តល់​ជា​ចំណេះដឹង និង​មេរៀន​នៃ​ការ​អប់រំ ព្រម​ទាំង​បង្ហាញ​ពី​លក្ខណៈ​របស់​អ្នក​ដឹកនាំ ក៏​ដូចជា​បាន​បង្ហាញ​ពី​គំនិត​សាមគ្គីភាព ការ​ស្រលាញ់​យុត្តិធម៌ ព្រម​ទាំង​ស្រលាញ់​អំពើ​ល្អ ជៀសវាង​ការ​ប្រកាន់​យក​អំពើ​អយុត្តិធម៌​នានា។

សៀវភៅ​រឿង​មហា​ភារតៈ​សង្ខេប​ត្រូវ​បាន​ផ្សព្វផ្សាយ​កាន់​តែ​ទូលំទូលាយ​បន្ថែម​ទៀត​ក្នុង​ឱកាស​ដាក់​សម្ពោធ​ជា​ផ្លូវ​ការ​កាល​ពី​ចុង​ខែ​ឧសភា ឆ្នាំ​២០១៨​នៅ​បរិវេណ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជាមួយ​នឹង​វត្តមាន​មន្ត្រី​រាជរដ្ឋាភិបាល មន្ត្រី​ការ​ទូត លោកគ្រូ អ្នកគ្រូ ព្រម​ទាំង​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន។

អតីត​សាស្ត្រាចារ្យ​ភាសា​បារាំង​និង​ជា​អតីត​មន្រ្តី​ការ​ទូត​នៅ​ប្រទេស​ឥណ្ឌា​និង​រុស្សី លោក ធន់ ហ៊ិន គឺ​ជា​អ្នក​ប្រែ​សម្រួល​សៀវភៅ​រឿង​មហា​ភារតៈ​សង្ខេប​នេះ។ លោក​មាន​ប្រសាសន៍​ថា សៀវភៅ​រឿង​មហា​ភារតៈ​សង្ខេប​មាន​កម្រាស់​ជាង​១​ពាន់​ពីរ​រយ​ទំព័រ (១២៥៨) ត្រូវ​បាន​លោក​ប្រែ​សម្រួល​ចេញ​ពី​សៀវភៅ​ដើម​ជា​ភាសា​អង់គ្លេស។

អតីត​សាស្ត្រាចារ្យ​រូប​នេះ​ឱ្យ​ដឹង​ថា លោក​បាន​ចំណាយ​ពេល​ស្វែងយល់​និង​ស្រាវជ្រាវ​រឿង​មហា​ភារតៈ​ប្រមាណ​២០​ឆ្នាំ​មក​ហើយ។ ដោយ​ឡែក ការ​បកប្រែ​ពី​សៀវភៅ​ដើម​ជា​ភាសា​អង់គ្លេស​មក​ជា​ភាសា​ជាតិ​(ខ្មែរ)​ចំណាយ​ពេល​អស់​ជាង​កន្លះ​ឆ្នាំ​និង​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ទៀត​សម្រាប់​ធ្វើការ​កែ​សម្រួល​ពាក្យពេចន៍​និង​អក្ខរាវិរុទ្ធ។ រឿង​នេះ​បាន​រៀបចំ​រួច​រាល់​ទាំង​ស្រុង​នៅ​ឆ្នាំ​២០១០ ប៉ុន្តែ​ដោយសារ​លោក​មាន​បញ្ហា​សុខភាព​និង​បញ្ហា​ផ្សេងៗ​ទៀត ទើប​សៀវភៅ​នេះ​មិន​ទាន់​បាន​ដាក់​សម្ពោធ​ជា​ផ្លូវ​ការ។

សាស្ត្រាចារ្យ​វ័យ​ចំណាស់​សម្បុរ​សណ្តែកបាយ​សក់​ស្កូវ​មួយៗ​បញ្ជាក់​ថា មូលហេតុ​សំខាន់​ដែល​ធ្វើ​ឱ្យ​លោក​ចាប់​អារម្មណ៍​ក្នុង​ការ​ស្រាវជ្រាវ​អំពី​រឿង​មហា​ភារតៈ​ដោយសារ​តែ​រឿង​នេះ​មាន​អត្ថន័យ​អប់រំ​ល្អៗ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ចងក្រង​រឿង​នេះ​ឱ្យ​បាន​ទូលំទូលាយ​នៅ​ឡើយ។

លោក ធន់ ហ៊ិន មាន​ប្រសាសន៍​ថា៖«បាទ! នៅ​សល់​រក​ឃើញ​រឿង​របស់​លោក​ពិទូរ ឈឹម ក្រសេម ហ្នឹង​តែ​វា​អត់​ច្បាស់លាស់។ មាន​លក់​នៅ​តាម​កន្លែង​លក់​សៀវភៅ​អី​ដែរ​ហ្នឹង តែ​វា​អត់​ច្បាស់លាស់​អីចឹង ដល់​យើង​មើល​អា​នេះ​ទៅ​ឃើញ​វា​មាន​ភាព​ទូលំទូលាយ​ជាង។ ប៉ុន្តែ គេ​សង្ខេប​ទេ​រឿង​នេះ រឿង​មែនទែន​របស់​គេ​ហ្នឹង​គ្រាន់​តែ​តួ​អក្សរ​សាម​សិប​បី​លាន​នោះ»។

អតីត​មន្ត្រី​ការ​ទូត​ជើង​ចាស់​រូប​នេះ​ឱ្យ​ដឹង​ដែរ​ថា បើ​ទោះ​បី​លោក​បាន​សម្ពោធ​សៀវភៅ​នេះ​ជា​ផ្លូវ​ការ​ក្ដី តែ​សៀវភៅ​នេះ​មិន​ទាន់​បាន​បោះពុម្ព​ផ្សាយ​និង​ដាក់​លក់​ឱ្យ​បាន​ទូលំទូលាយ​នៅ​ឡើយ​ទេ។ លោក​ថា លោក​បាន​ត្រឹម​តែ​ថត​ចម្លង​សៀវភៅ​នេះ​ជាង​មួយ​រយ​ក្បាល​យក​ទៅ​ប្រគេន​ព្រះ​សង្ឃ ជូន​ទៅ​មិត្តភក្តិ និង​ដាក់​តាម​បណ្ណាល័យ​ខ្លះ ដោយ​មិន​ទាន់​ដាក់​លក់​នៅ​តាម​បណ្ណាគារ​នោះ​ទេ។

អារម្ភកថា​សៀវភៅ​រឿង​មហា​ភារតៈ​សង្ខេប​របស់​លោក​សាស្ត្រាចារ្យ ធន់ ហ៊ិន សរសេរ​ថា រឿង​មហា​ភារត:​និង​រឿង​រាមាយណៈ​ត្រូវ​បាន​កវីនិពន្ធ​ឥណ្ឌា​ចងក្រង​ជា​ពាក្យ​កាព្យ មាន​ចំនួន​ប្រាំ​ម៉ឺន​ពីរ​ពាន់ (៥២,០០០) បទ​កំណាព្យ ហើយ​ត្រូវ​បាន​គេ​សន្មត់​ថា ជា​វីរកថា​វែង​ជាង​គេ​បង្អស់​នៅ​លើ​សកលលោក។ ដោយឡែក​រឿង​មហា​ភារតៈ​ត្រូវ​បាន​អ្នកនិពន្ធ​ខ្មែរ​លោក​ឧកញ៉ា​មហា​ពិទូរ ឈឹម ក្រសេម ធ្លាប់​បាន​ចងក្រង​និង​រៀបរៀង​ដោយ​សង្ខេប​ម្តង​រួច​មក​ហើយ​កាល​ពី​ទស្សវត្ស៍​ឆ្នាំ​១៩៥០ ប៉ុន្តែ​កាល​នោះ រឿង​នេះ​មាន​ឈ្មោះ​រឿង​មហា​ភារតយុទ្ធ​ដែល​លោក​បាន​បក​ប្រែ​ចេញ​ពី​ភាសា​ថៃ។

រឿង​មហា​ភារតៈ​រៀបរាប់​ពី​ដំណើរ​រឿង​ផ្សេងៗ ពិសេស​និយាយ​ពី​មហា​សង្គ្រាម​រវាង​បងប្អូន​ជីដូនមួយ​នៅ​កុរុក្សេត្រ​គឺ​ខាង​ក្រុម​យុធិស្ធិរ​និង​ក្រុម​ទុរយោធន៍។ តាមរយៈ​ដំណើរ​រឿង​ក្រុម​យុធិស្ធិរ​តែង​ទទួល​រង​នូវ​ការ​ព្យាបាទ​ពី​សំណាក់​ក្រុម​ទុរយោធន៍​រហូត​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​នគរ ហើយ​ក្រោយ​មក​ពួកគេ​បាន​ទៅ​តាំង​នគរ​ថ្មី​ដោយ​មាន​ប្រជារាស្រ្ដ​ជា​ច្រើន​ស្ម័គ្រ​ចិត្ត​ទៅ​ជាមួយ។ ដោយ​ភាព​ច្រណែន ទុរយោធន៍​រិះរក​គ្រប់​វិធី​ដើម្បី​ដណ្ដើម​យក​នគរ​ថ្មី​នោះ​ពី​ក្រុម​យុធិស្ធិរ​តាមរយៈ​ការ​លេង​ភ្នាល់​ល្បែង​ស្ការ ឬ​បាស្ការ។ ក្រុម​យុធិស្ធិរ​ត្រូវ​អស់​នគរ​ដោយ​ចាញ់​បោក​ទុរយោធន៍ ហើយ​ក្រោយ​មក​ក៏​កើត​ជា​សង្គ្រាម​ឡើង​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​អស់​យ៉ាង​ច្រើន​ឥត​គណនា។

លោក ធន់ ហ៊ិន អ្នកប្រែសម្រួលសៀវភៅរឿងមហាភារតៈសង្ខេប
លោក ធន់ ហ៊ិន អ្នកប្រែសម្រួលសៀវភៅរឿងមហាភារតៈសង្ខេប

យោង​តាម​សាស្ត្រាចារ្យ ធន់ ហ៊ិន តួអង្គ​ទុរយោធន៍​និង​បក្ស​ពួក​របស់​ខ្លួន​គឺ​តំណាង​សភាវៈ​អាក្រក់ ភាព​អយុត្តិធម៌​និង​ការ​ច្រណែន​ឈ្នានីស​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ដោយ​បាន​រិះរក​គ្រប់​វិធី​ដើម្បី​បំផ្លាញ​ក្រុម​បង​ប្អូន​ជីដូនមួយ​របស់​ខ្លួន​ចោល ទោះបី​ក្នុង​រូបភាព​អយុត្តិធម៌​យ៉ាង​ណា​ក៏​ដោយ។

ចំណែក​តួអង្គ​យុធិស្ធិរ​និង​ក្រុម​របស់​ខ្លួន​គឺ​តំណាង​ឱ្យ​ភាវៈ​ល្អ ការ​យក​ឈ្នះ​អំពើ​អយុត្តិធម៌​ដោយ​ភាព​ត្រឹមត្រូវ ការ​ប្រកាន់​ភ្ជាប់​នូវ​សច្ចធម៌​ឬ​សេចក្តី​ទៀង​ត្រង់ ការ​គ្រប់គ្រង​នគរ​ដោយ​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ។ ចុងក្រោយ​ក្រុម​យុធិស្ធិរ បាន​យក​ឈ្នះ​ក្រុម​ទុរយោធន៍​ដោយ​សេចក្ដី​ល្អ​របស់​ខ្លួន។

ទំព័រ​ហ្វេសប៊ុក​ក្រុម​កេរ្តិ៍​ដំណែល​ខ្មែរ​ឱ្យ​ដឹង​ថា រឿង​មហា​ភារតៈ​ត្រូវ​បាន​គេ​សរសេរ​ឡើង​លាយ​ឡំ​នឹង​រឿង​ប្រវត្តិសាស្ត្រ​របស់​ឥណ្ឌា​នៅ​ពេល​ដែល​ពួក​អារ្យ័ន​(Aryan)​ចូល​ទៅ​លុក​លុយ​ប្រទេស​ឥណ្ឌា​ភាគ​ខាង​ជើង​នៅ​ឆ្នាំ​១៥០០​មុន គ.ស. ហើយ​រឿង​នេះ​ត្រូវ​បាន​គេ​ប្រែ​សម្រួល​រហូត​សតវត្សរ៍​ទី​៤​និង​៥​នៃ​គ.ស.។

ប្រភព​ដដែល​បន្ត​ថា រឿង​មហា​ភារតៈ​ត្រូវ​បាន​ហូរ​ចូល​មក​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​តាមរយៈ​ការ​ហូរ​ចូល​នៃ​វប្បធម៌​ឥណ្ឌា​នៅ​ដើម គ.ស.។ លើស​ពី​នេះ មាន​ភស្តុតាង​ជា​ច្រើន​បង្ហាញ​ថា​រឿង​មហា​ភារតៈ​បាន​ហូរ​ចូល​មក​ប្រទេស​កម្ពុជា​នៅ​មុន​សម័យ​អង្គរ​ទៅ​ទៀត ដោយ​គេ​ឃើញ​មាន​រូប​ចម្លាក់​ជា​ច្រើន​នៅ​តាម​ជញ្ជាំង​ប្រាសាទ នៅ​តាម​ផ្តែរ និង​ហោជាង​ប្រាសាទ​ដែល​បង្ហាញ​ពី​តួអង្គ​ក្នុង​រឿង​មហា​ភារតៈ។

លោក ធន់ ហ៊ិន មាន​ប្រសាសន៍​ថា ការ​ប្រែ​សម្រួល​និង​រៀបរៀង​ជា​សៀវភៅ​នេះ​ឡើង ដើម្បី​ផ្សព្វផ្សាយ​ឡើង​វិញ​នូវ​ស្នាដៃ​ល្អៗ​របស់​អ្នក​ប្រាជ្ញ​ជំនាន់​ដើម​ដែល​មាន​ចំណេះដឹង​ខ្ពស់ខ្ពស់សម្រាប់​អប់រំ​កូន​ចៅ​ជំនាន់​ក្រោយ​ឱ្យ​យល់​ពី​ច្បាប់​ទម្លាប់​និង​របៀប​គ្រប់គ្រង​ជាតិ។ ការ​បណ្តុះ​សីលធម៌ សុជីវធម៌​ល្អ ពិសេស​បង្ហាញ​ទៅ​អ្នក​ដឹកនាំ​គ្រប់​ស្រទាប់​វណ្ណៈ​ឱ្យ​ដើរ​តាម​គន្លង​នៃ​អំពើ​យុត្តិធម៌​ដើម្បី​កសាង​សង្គម​ជាតិ​ឱ្យ​មាន​សន្តិភាព​និង​សុភមង្គល។

លោក​សាស្ត្រចារ្យ​មាន​ប្រសាសន៍​ថា៖«មហា​ភារតៈ​ហ្នឹង​មាន​ការ​អប់រំ​ល្អ​ដូចជា​រឿង​ច្បាប់​ព្រះ​ធម្ម។ ច្បាប់​មួយៗ មាន​ច្បាប់​ព្រះ​ធម្ម ច្បាប់​ព្រះ​គ្រឹស្ណា ច្បាប់​ព្រះ​ពិទូរ ច្បាប់​ព្រះ​ភិស្មៈ​ហ្នឹង ខាង​គ្រប់គ្រង​ប្រទេស។ ប៉ុន្តែ​ច្បាប់​ទាំងអស់​ហ្នឹង​គេ​និយាយ​មក​គឺ​ថា​អ្នក​ដឹកនាំ​គេ ជា​មេ​ជា​កើយ​គេ ហើយ​អ្នក​ដឹកនាំ​គេ​មិន​ចាំបាច់​ទាល់​តែ​ជា​ព្រះមហាក្សត្រ ដល់​នាយករដ្ឋមន្ត្រី ដល់​ប្រធានាធិបតី​ទេ គ្រាន់​តែ​គ្រូ​បង្រៀន​ម្នាក់​ក៏​អាច​ដឹកនាំ​គេ​បាន​ដែរ។ ​ព្រះ​សង្ឃ​មួយ​អង្គ​ក៏​ជា​អ្នក​ដឹកនាំ​គេ​ដែរ។ មេ​ភូមិ មេ​ក្រុម មេ​ជំទប់ សុទ្ធ​តែ​ជា​អ្នក​ដឹកនាំ​ហើយ។ ហើយ​ជាតិ​ជា​អ្នក​ដឹកនាំ​គេ គឺ​ត្រូវ​ឈរ​នៅពាក្យ​តែ​មួយ​ម៉ាត់​ទេ​គឺ​យុត្តិធម៌។ យុត្តិធម៌​ត្រូវ​ដើរ​មុន ជា​ពិសេស​នៅ​ក្នុង​ប្រទេស​មួយៗ ​តែ​អត់​យុត្តិធម៌​ហើយ សុភមង្គល​សេចក្តី​ចម្រើន​លូតលាស់​អី​ក៏​អត់​មាន​ដែរ»។

ក្នុង​ឱកាស​សម្ពោធ​សៀវភៅ​រឿង​មហា​ភារតៈ កាល​ពី​ខែ​ឧសភា រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជននិង​កីឡា លោកហង់ ជួនណារ៉ុន មាន​ប្រសាសន៍​ថាសៀវភៅ​រឿង​នេះ​គឺ​មាន​តម្លៃអប់រំ​ជា​ច្រើន​ពិសេស​អត្ថន័យ អត្ថរស​និង​អត្ថរូប។ លោក​បន្ត​ថាគេ​អាច​សិក្សា​ស្វែងយល់​និងទាញ​យក​គំនិត​អប់រំ​ល្អៗ ដើម្បី​ពង្រីក​ពុទ្ធិ​របស់​ខ្លួន ហើយ​ផ្សព្វផ្សាយ​ដល់​ក្មេង​ជំនាន់។

ដោយសារ​រឿង​មហា​ភារតៈ​បាន​បណ្តុះ​គំនិត​អប់រំ​ច្រើន​សម្រាប់​ជីវិត​រស់នៅ​ក្នុង​សង្គម លោក​រដ្ឋមន្ត្រី​និង​សាស្ត្រាចារ្យ​ទាំង​ពីរ​រូប​លើក​ទឹក​ចិត្ត​ឱ្យ​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​នាំ​គ្នា​សិក្សា​ស្វែង​យល់​អំពី​រឿង​នេះ​ឱ្យ​បាន​កាន់​តែ​ទូលំ​ទូលាយ​ដើម្បី​បាន​ជា​គំនិត​ក្នុង​ការ​ពិចារណា៕

ចែករំលែកតាម៖