ក្រមាបញ្ជាក់ពីអត្តសញ្ញាណខ្មែរ

ក្រមាបញ្ជាក់ពីអត្តសញ្ញាណខ្មែរ

មនុស្ស​ជា​ច្រើន​ពាន់​នាក់ បាន​ចូលរួម​អបអរ​ក៏​ដូចជា​ធ្វើ​ជា​សាក្សី​នៃ​ការ​បំបែក​ឯតទគ្គកម្ម​ក្រមា​វែង​ជាង​គេ​លើ​ពិភពលោក​របស់​កំណត់ត្រា​ពិភពលោក (Guinness World Records) កាល​ពី​ដើម​ខែ​កក្កដា​ ឆ្នាំ​២០១៨។

កម្មវិធី​បំបែក​ឯតទគ្គកម្ម​ពិភពលោក​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា តាមរយៈ​ចលនា GOGO Cambodia។ ក្រុម​អ្នក​រៀបចំ​កម្មវិធី​រំពឹង​ថា តាមរយៈ​កម្មវិធី​នេះ ក្រមា​ខ្មែរ​នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​និង​ត្រូវ​បាន​គេ​ស្គាល់​កាន់​តែ​ទូលំទូលាយ​នៅ​ទូទាំង​ពិភពលោក។ 

លោក ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដែល​ដឹកនាំ​ការ​បំបែក​កំណត់ត្រា​ពិភពលោក​នេះ​មាន​ប្រសាសន៍​ថា កម្មវិធី​ធ្វើ​ឡើង​ក្នុង​គោលបំណង​រំលេច​ទង់ជាតិ​ខ្មែរ​ឱ្យ​អន្តរជាតិ​បាន​ស្គាល់​តាមរយៈ​គណៈកម្មការ​ឯតទគ្គកម្ម​ពិភពលោក (Guinness World Records) និង​បង្កើន​ស្មារតី​រួបរួម​គ្នា​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន។

លោក ហ៊ុន ម៉ានី មាន​ប្រសាសន៍​បន្ត​ថា៖ «ចំពោះ​អ្វី​ដែល​ជា​ការ​ខំ​ប្រឹងប្រែង​ពុះពារ​របស់​ក្រុម​ចលនា GOGO Cambodia ហើយ​និង​យុវជន​ថ្ងៃ​នេះ គឺ​ក្នុង​ការ​បង្ហាញ​នៃ​មោទនភាព​ជាតិ ចំពោះ​ថា​តើ​សកម្មភាព​នេះ វា​នឹង​អាច​ជួយ​ទៅ​ដល់​ប្រជាពលរដ្ឋ​ឬ​ក៏​ឱ្យ​មាន​ប្រជាប្រិយភាព​បន្ថែម​ទៅ​លើ​ក្រមា ឬ​ក៏​បាន​ន័យ​កប្បាស ឬ​ក៏​សូត្រ​របស់​យើង​នោះ ខ្ញុំ​សង្ឃឹម​ថា​នឹង​ចូលរួម​ចំណែក​ព្រោះ​ថា​យើង​សង្ឃឹម​ក្រោយ​ពី​ការ​ផ្សព្វផ្សាយ ហើយ​នឹង​ការ​ជួយ​លើក​តម្កើ​នៃ​អត្ថន័យ​ទាំង​ក្រមា​ទាំង​សូត្រ​នេះ សង្ឃឹម​ថា​ប្រជាពលរដ្ឋ​នឹង​ចូលរួម​គាំទ្រ​ទាំងអស់​គ្នា»

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា

យោង​តាម​ក្រុម​អ្នក​រៀបចំ​កម្មវិធី ក្រមា​ដែល​មាន​ប្រវែង​ជាង​១០០០​ម៉ែត ឬ​ស្មើ​នឹង​ជិត​៣​លាន​សរសៃ​នេះ គឺ​កើត​ឡើង​ពី​ការ​ចូលរួម​ត្បាញ​របស់​ប្រជាពលរដ្ឋ​ទាំង​ជាតិ​និង​អន្តរជាតិ​ចំនួន​ជិត​២​ម៉ឺន​នាក់ ដោយ​ក្នុង​នោះ​មាន​ទាំង​ព្រះ​រាជ​វត្តមាន​របស់​ព្រះមហាក្សត្រ ព្រះវររាជ​មាតា​ជាតិ រួម​ទាំង​នាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​តាម​បណ្តា​ក្រសួង​នានា មន្រ្តី​រាជការ ស្ថាប័ន​ឯកជន សិស្ស​និស្សិត សិល្បៈករ កីឡាករ និង​ប្រជាពលរដ្ឋ​ទូទៅ។

ប្រធាន​ចលនា GOGO Cambodia លោក សាន វឌ្ឍនា មាន​ប្រសាសន៍​ថា យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​ក្រុម​ការងារ​លោក ក្រមា​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ជ្រៅ​នៅ​ក្នុង​វប្បធម៌​ខ្មែរ។ លោក​សង្ឃឹម​ថា សន្ទុះ​នៃ​ការ​គាំទ្រ​ក្រមា​នឹង​កាន់​តែ​មាន​ភាព​ខ្លាំងក្លា។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​លើក​ស្ទួយ​ក្រមា​ដែល​ជា​វប្បធម៌​ប្រពៃណី​ខ្មែរ​យើង យើង​បាន​ឃើញ​ថា​គ្រប់ៗ​គ្នា​បាន​ប្រើប្រាស់​ក្រមា ហើយ​លើស​ពី​ការ​ស្រលាញ់​ក្រមា​ដែល​ជា​សម្ភារៈ​ធម្មតា​ទៅ​ទៀត យើង​បាន​ឃើញ​សហគ្រិនភាព​កាន់​តែ​ច្រើន ការ​កែច្នៃ​កាន់​តែ​ច្រើន​ទៅ​លើ​ក្រមា»

គេហទំព័រ​ចលនា GOGO Cambodia សរសេរ​ថា ក្រមា​ត្រូវ​បាន​ប្រើប្រាស់​និង​មាន​ប្រវត្តិ​តាំង​ពី​២២០០​ឆ្នាំ​មុន​មក​ម្ល៉េះ។ យោង​តាម​ភស្តុតាង​នៃ​ប្រវត្តិសាស្ត្រ​អាច​សន្និដ្ឋាន​បាន​ថា ក្រមា​ប្រហែល​កើត​ឡើង​ដំណាល​គ្នា​នឹង​ពេល​ដែល​មនុស្ស​រស់នៅ​លើ​ទីក​ដី​ខ្មែរ ព្រោះ​គេ​បាន​រក​ឃើញ​ភស្តុតាង​សម្ភារៈ​តម្បាញ​មួយ​ចំនួន​ដូចជា​ក្បាល​ត្រល់​និង​ខ្នារ​អំបោះ​នៅ​ស្ថានីយ​បុរាណ​វិទ្យា​ម្លូព្រៃ​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះវិហារ។

លោក សាន វឌ្ឍនា ប្រធានចលនា GOGO Cambodia
លោក សាន វឌ្ឍនា ប្រធានចលនា GOGO Cambodia

សាស្ត្រាចារ្យ​វប្បធម៌​និង​ប្រវត្តិសាស្រ្ត សំបូរ មាណ្ណារ៉ា មាន​ប្រសាសន៍​ថា ក្នុង​វប្បធម៌​ប្រពៃណី​ខ្មែរ ក្រមា​មាន​អត្ថប្រយោជន៍​៤​ធំៗ​គឺ​ទី​១​បង្ហាញ​ពី​អត្តសញ្ញាណ​ថា​យើង​ជា​ខ្មែរ ទី​២​ដើម្បី​ស្រោចស្រង់​ជីវិត​ដោយ​យក​មក​ធ្វើ​ជា​អង្រឹង​សម្រាប់​ទ្រទ្រង់​កូនៗ​ឱ្យ​ដេក​លក់​ស្កប់ស្កល់។  ព្រឹទ្ធ​សាកល​វិទ្យា​ធិការ​នៃ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​រូប​នេះ​បន្ថែម​ថា ក្រមា​ខ្មែរ​ក៏​បង្ហាញ​អំពី​ប្រពៃណី​ទំនៀម​ទម្លាប់​ក្នុង​ការ​ប្រើប្រាស់​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ​ដូចជា​បាំង​ថ្ងៃ ជួត​ក្បាល ជូត​មុខ បង់​ក និង​បញ្ជាក់​ពី​វីរភាព​ស្ត្រី​ខ្មែរ​ក្នុង​ការ​អត់ធ្មត់​ត្បាញ​កប្បាស​មួយ​សរសៃៗ។

លោក​សាស្ត្រាចារ្យ​រៀបរាប់​អំពី​ការសិក្សា​ស្រាវជ្រាវ​របស់​លោក​ថា នៅ​សម័យ​ហ្វូណន ឬ​សម័យ​អាណាចក្រ​ភ្នំ គេ​រក​ឃើញ​រឿង​ដំណាល​មួយ​ថា ក្រមា​គឺ​ជា​ស្បៃ​របស់​នាង​នាគ​ដែល​ទុក​សម្រាប់​ឱ្យ​ព្រះ​ថោង​តោង​ចូល​ទៅ​ក្នុង​ទឹក​ដើម្បី​រក​សេចក្ដីសុខ។

លើស​ពី​នេះ​ទៅ​ទៀត យោង​តាម​រូប​ថត​ដែល​បន្សល់​ទុក​តាំង​ពី​សម័យ​ក្រោយ​អាណានិគមនិយម​បារាំង​បន្តិច គឺ​គេ​ឃើញ​មាន​ប្រជាជន​ខ្មែរ​ប្រើប្រាស់​ក្រមា​រួច​មក​ហើយ ដែល​អាច​សន្មត​បាន​ថា បុព្វបុរស​ខ្មែរ​បាន​ប្រើប្រាស់​ក្រមា​តាំង​ពី​យូរ​លង់​មក​ម៉្លេះ។

លោក​សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ប្រើប្រាស់​ក្រមា។ ខ្ញុំ​អប់រំ​សិស្ស​ខ្ញុំ​ឱ្យ​ប្រើប្រាស់​ក្រមា សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា​យើង​ប្រើ​ក្រមា ប្រើ​ក្រមា​ដើម្បី​ធ្វើ​ជា​អំណោយ​ធ្វើ​អី​ជូន​ភ្ញៀវ​របស់​យើង​ចឹង​ទៅ ហើយ​បង់​ក​ក្រមា​នៅ​ពេល​កម្មវិធី​អី​គ្រប់ៗ​គ្នា​ចឹង​ទៅ។ ឥឡូវ​នេះ​យើង​ឃើញ​មាន​ក្រុម​យុវជន ក្រុម​សង្គម​ទាំងអស់​ជា​ច្រើន លោក​ប្រើប្រាស់​ក្រមា ខាង​NGO​ក៏​ឃើញ​ប្រើប្រាស់​ក្រមា ហើយ​វា​ធ្វើ​ឱ្យ​សិប្បកម្ម​ក្រមា​ហ្នឹង​មាន​ជីវិត​រស់​ឡើង​វិញ។ ហើយ​ធ្វើ​ឱ្យ​តម្លៃ​នៃ​ក្រមា​ក៏​អាច​ជួយ​ដល់​កសិករ​របស់​យើង អ្នក​ត្បាញ​របស់​យើង​មាន​កម្លាំង​នៅ​ក្នុង​ការ​អភិរក្ស​បន្ត​ទៀត»

លោក​សាស្ត្រចារ្យ សំបូរ មាណ្ណារ៉ា បាន​ផ្ដល់​ជា​អនុសាសន៍​ថា “បើ​យើង​ស្រលាញ់​ជាតិ យើង​ត្រូវ​គោរព ហើយ​បើ​យើង​ស្រលាញ់​សង្គម​ញាតិ យើង​ត្រូវ​មាន​មេត្តា តែ​បើ​យើង​ស្រលាញ់​វប្បធម៌ សាសនា គឺ​យើង​ត្រូវ​អនុវត្ត” ដូច​ជា​ការ​យក​ក្រមា​មក​ប្រើប្រាស់​ជា​ដើម​នេះ៕

ចែករំលែកតាម៖