គន្លឹះជ្រើសរើសសៀវភៅឱ្យត្រឹមត្រូវសម្រាប់កុមារ

គន្លឹះជ្រើសរើសសៀវភៅឱ្យត្រឹមត្រូវសម្រាប់កុមារ

អ្នកស្រី ហ៊ឹម ម៉ុកម៉ារីណា

«ពេល​យើង​ជ្រើសរើស​សៀវភៅ​ខុស​ កុមារ​ហ្នឹង​នឹង​ធុញ​ទ្រាន់​ការ​អាន ហើយ​តែ​គេ​ធុញ​ទ្រាន់​តែ​ម្តង​ហើយ ពួកគេ​នឹង​ធុញទ្រាន់​អស់​មួយ​ជីវិត។ (អ៊ី)ចឹង​ការ​ជ្រើសរើស​សៀវភៅ​កុមារ​ត្រូវ គឺ​ធ្វើ​ឱ្យ​កុមារ​ហ្នឹង ចាប់​អារម្មណ៍​ការ​អាន​តាំង​ពី​តូច​ទៅ។ ការ​អាន​ដូច​ជា​ការ​ចេះ​ជិះ​កង់ ការ​ចេះ​ហែល​ទឹក​អ៊ីចឹង តែ​ចេះ​ហើយ​គឺ​ចេះ​មួយ​ជីវិត»។

នេះ​ជា​អ្វី​ដែល​លោកស្រី ហួត សុជាតា អ្នក​គ្រប់គ្រង​កម្មវិធី​បោះពុម្ព​នៃ​អង្គការ​ស៊ីប៉ា​(Sipar) បាន​លើក​ឡើង​ក្នុង​កម្មវិធី «ទិវា​សៀវភៅ​កុមារ​អន្តរជាតិ» លើក​ទី៦ ដែល​បាន​រៀប​ចំ​ឡើង​កាល​ពី​ចុង​ខែ​មីនា ឆ្នាំ២០១៨។

អ្នក​ជំនាញ​ផ្នែក​សៀវភៅ​កុមារ​រូប​នេះ​បន្ត​ថា ទិវា​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ចង់​ឱ្យ​កុមារ​និង​សៀវភៅ​មាន​ទំនាក់ទំនង​ជាមួយ​គ្នា ជាពិសេស​នោះ​គឺ​ដើម្បី​ឱ្យ​អាណាព្យាបាល​ឈ្វេង​យល់​ពី​គន្លឹះ​សំខាន់ៗ ក្នុង​ការ​ជ្រើសរើស​សៀវភៅ​ឱ្យ​ត្រូវ​នឹង​អាយុ​កូន​របស់​ពួកគេ។

បន្ថែម​ពី​នេះ ពួកគេ​ក៏​ត្រូវ​ដឹង​ពី​ចំណង់​ចំណូលចិត្ត​របស់​កុមារ​ផង​ដែរ បើ​មិន​ដូច​នេះ​ទេ​កូន​តូចៗ​ទាំង​នោះ​នឹង​មិន​ត្រឹម​តែ​ធុញទ្រាន់​នឹង​ការ​អាន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​លែង​ចង់​កាន់​សៀវភៅ​អាន​រហូត។

លោកស្រី ហួត សុជាតា មាន​ប្រសាសន៍​ថា៖ «យើង​ឃើញ​ហើយ​ បើសិន​ជា​កូន​យើង​អាយុ​២ឆ្នាំ​៣ឆ្នាំ​ទៅ ៤ឆ្នាំ ការ​រីក​ចម្រើន​ការ​វិវឌ្ឍ​របស់​កូនៗ​យើង​អត់​ដូច​គ្នា​ទេ។ អ៊ីចឹង​នៅ​ពេល​កូន​ហ្នឹង​នៅ​តូច ហើយ​ចាប់​ផ្តើម​ចេះ អឹ អ ក កា អី​ហ្នឹង​បាន​ន័យ​ថា កូន​ហ្នឹង​ចាប់​ផ្តើម​អភិវឌ្ឍ​ការ​និយាយ​ការ​ឈ្វេង​យល់។ ញាណ​ទាំង​ប្រាំ​របស់​កូន​ចាប់​ផ្តើម​អភិវឌ្ឍ។ អ៊ីចឹង​យើង​ត្រូវ​ប្រើប្រាស់​សៀវភៅ​ឬ​ឧបករណ៍​ផ្សេង ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍ​ការ​គិត​របស់​ក្មេង។ ដូច្នេះ​ការ​អភិវឌ្ឍ​ទាំងអស់​ហ្នឹង​មាន​តែ​សៀវភៅ​ទេ​ដែល​អាច​ជួយ​បាន»។

លោកស្រី​បន្ថែម​ថា៖ «ឪពុក​ម្តាយ​មួយ​ចំនួន​ដែល​ធ្លាប់​ជួប​ប្រទះ​ហ្នឹង​គាត់​ទិញ​សៀវភៅ​មួយ​ក្បាល​ឱ្យ​កូន​គាត់​មាន​កូន​បី​នាក់ អាយុ​ចាប់​ពី​ទារក ដល់​អាយុ​៩ឆ្នាំ។ គាត់​ទិញ​សៀវភៅ​សម្រាប់​កុមារ​អាយុ​៩ឆ្នាំ ហើយ​គាត់​ថា​អា​តូចៗ​ហ្នឹង​មើល​ជាមួយ​គ្នា​ហ្នឹង​ទៅ​ព្រោះ​វា​គង់​តែ​ធំ​ដូច​តែ​គ្នា។ តែ​គាត់​អត់​បាន​គិត​ថា ក្មេង​អាយុ ២ឆ្នាំ​គេ​មើល​ឃើញ​សុទ្ធ​តែ​អក្សរ គេ​អត់​ចូលចិត្ត​ទេ។ គេ​ចូលចិត្ត​រូបភាព គេ​ចូលចិត្ត​ស្ទាប គេ​ចូលចិត្ត​ខាំ។ អ៊ីចឹង​សៀភៅ​សន្លឹក​ធម្មតា​វា​នឹង​ងាយ​ខូច​ធ្វើ​ឱ្យ​ប៉ះពាល់ គ្រោះថ្នាក់​ដល់​កុមារ​ដែល​សៀវភៅ​ទារក​គេ​មាន​សៀវភៅ​បែប​របស់​គេ​ដែល​ធ្វើ​ឱ្យ​កុមារ​ចូលចិត្ត​និង​មិន​មាន​គ្រោះថ្នាក់»។

លោកស្រី ហួត សុជាតា អ្នកគ្រប់គ្រងកម្មវិធីបោះពុម្ពនៃអង្គការស៊ីប៉ា(Sipar)
លោកស្រី ហួត សុជាតា អ្នកគ្រប់គ្រងកម្មវិធីបោះពុម្ពនៃអង្គការស៊ីប៉ា (Sipar)

តាម​ការ​សិក្សា​របស់​អង្គការ​ Save​ the​ Children បង្ហាញ​ថា​ នៅ​ពេល​កុមារ​មាន​ឯកសារ​អាន​ដែល​សមស្រប​នឹង​អាយុ​របស់​ពួកគេ​ វា​អាច​ជះ​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់​ការ​អភិវឌ្ឍ​ផ្នែក​ភាសា​ វាក្យសព្ទ​ ចំណង់​ក្នុង​ការ​អាន​ និង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ចាប់ផ្តើម​អាន​នៅ​សាលា។

មិន​ខុស​គ្នា​នេះ​ដែរ អាណាព្យាបាល​មួយ​ចំនួន​ដែល​បាន​ចូលរួម​ក្នុង​ទិវា​សៀវភៅ​កុមារ​អន្តរជាតិ​ក៏​បាន​លើក​ឡើង​ដូចៗ​គ្នា​ដែរ​ថា ការ​ជ្រើសរើស​សៀវភៅ​ដែល​ត្រឹមត្រូវ​និង​សមស្រប​សម្រាប់​កុមារ នឹង​នាំ​ឱ្យ​កុមារ​ចូលចិត្ត​ការ​អាន​និង​មិន​ធ្វើ​ឱ្យ​កុមារ​មាន​អារម្មណ៍​ធុញ​ថប់។

វ័យ​ជាង​៤០ឆ្នាំ លោក សឹម ចិន ដែល​តែង​នាំ​កូន​ទាំង​ពីរ​របស់​លោក​ដើរ​ទិញ​សៀវភៅ​ មាន​ប្រសាសន៍​ថា នៅ​ពេល​លោក​ចង់​ទិញ​សៀវភៅ​ឱ្យ​កូន​របស់​លោក គឺ​លោក​តែង​ចំណាយ​ពេល​នាំ​ពួក​គេ​ទៅ​ដោយ​ផ្ទាល់។ ការ​ធ្វើ​យ៉ាង​ដូច្នេះ គឺ​ដើម្បី​ឱ្យ​ប្រាកដ​ថា សៀវភៅ​ដែល​លោក​បាន​ទិញ​គឺ​កូនៗ​ពេញចិត្ត។ ក្រៅ​ពី​នេះ លោក​ក៏​តែង​តែ​ប្រឹក្សា​ជាមួយ​អ្នក​ជំនាញ​ឬ​អ្នក​លក់​សៀវភៅ​ផ្ទាល់ ដើម្បី​បញ្ជាក់​ថា សៀវភៅ​ដែល​បាន​ទិញ​គឺ​មាន​គុណភាព​សម្រាប់​កុមារ។

លោក​មាន​ប្រសាសន៍​ថា៖ «សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​មិន​អាច​តាម​គោលការណ៍​ខ្ញុំ​បាន​ទេ គឺ​នាំ​កូន​ទៅ​មើល​ថា​កូន​ចង់​បាន​សៀវភៅ​អី​គេ របៀប​អី​ដែល​វា​ចង់​បាន​គឺ​យើង​ជា​មាតា​បិតា​ត្រូវ​ទិញ​ឱ្យ​កូន»។

កម្មវិធី «ទិវាសៀវភៅកុមារអន្តរជាតិ» លើកទី៦
កម្មវិធី «ទិវាសៀវភៅកុមារអន្តរជាតិ» លើកទី៦

កំពុង​មមាញឹក​ជ្រើសរើស​សៀវភៅ​កុមារ​ដែល​តម្រៀប​នៅ​លើ​តុ​សម្រាប់​កូន​ប្រុស​ខ្លួន អ្នកស្រី ហ៊ឹម ម៉ុកម៉ារីណា មាន​ប្រសាសន៍​ថា ការ​ជ្រើសរើស​សៀវភៅ​សម្រាប់​កូន​គឺ​ជា​រឿង​សំខាន់​ក្នុង​គ្រួសារ​អ្នកស្រី។

ជា​ម្តាយ​ម្នាក់ អ្នកស្រី​បាន​ប្រាប់​ពី​វិធីសាស្ត្រ​ផ្ទាល់​ខ្លួន​ក្នុង​ការ​ជ្រើសរើស​សៀវភៅ ដើម្បី​ប្រាកដ​ថា សៀវភៅ​ដែល​អ្នកស្រី​ទិញ​សម្រាប់​កូន​ខ្លួន​មាន​ប្រយោជន៍​និង​ត្រូវ​ចិត្ត​កូន។

អ្នកស្រី ហ៊ឹម ម៉ុកម៉ារីណា៖ «ធម្មតា​ កម្រិត​ក្មេង​ទៅ​តាម​កម្រិត​ដូច​ថា​កូន​យើង​អាយុ​ប៉ុន្មាន​ឆ្នាំ អ៊ីចឹង​ចាប់​ផ្តើម​ដំបូង​ច្បាស់​ជា​ទាញ​សៀវភៅ​ផាត់​ពណ៌​មក​មុន ព្រោះ​គាត់​អត់​ទាន់​ចេះ​អាន។ ប៉ុន្តែ​ដល់​គាត់​រៀន​ដល់​ថ្នាក់​ទី២​ឬ​ទី៣​អី​ហើយ គឺ​វ័យ​គាត់​អាន​ហើយ គាត់​ត្រូវ​ចងចាំ​ហើយ តែ​បើ​ហួស​កម្រិត​អី​ទៀត ទាល់​តែ​គាត់​មើល​សៀវភៅ​អី​ផ្សេង​ទៀត​ដែល​ធ្វើ​ឱ្យ​គាត់​ចាប់​មិន​ជាប់ ព្រោះ​ពាក្យ​ហ្នឹង​មិន​យល់។ មួយ​វិញ​ទៀត ការ​គិតក្មេង​ខុសៗ​គ្នា ចំពោះ​ការ​គិត​ក្មេង​ខ្ពស់ គាត់​អាន​សៀវភៅ​ខ្ពស់ ហ្នឹង​សម តែ​ចំពោះ​ការ​គិត​គាត់​ទាប គួរ​តែ​រក​សៀវភៅ​ណា​ដែល​សម​ជាមួយ​គាត់»។

នៅ​ក្នុង​ឆ្នាំ២០១៧ អង្គការ​ទស្សនពិភពលោក​ប្រចាំ​កម្ពុជា​បាន​ធ្វើ​ការ​អង្កេត​ទីផ្សារ​មួយ​លើ​សៀវភៅ​នានា​របស់​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ចំនួន​២៦។​ ក្នុង​ចំណោម​សៀវភៅ​ដែល​បាន​ធ្វើ​ការ​អង្កេត ពុំ​មាន​សៀវភៅ​ណា​ដែល​សមស្រប​នឹង​កុមារ​អាយុ​ក្រោម​៣​ឆ្នាំ​ទេ។ ការ​ពិនិត្យ​មើល​របស់​អង្គការ​ទស្សន​ពិភពលោក​នៅ​កម្ពុជា​នេះ​ក៏​បាន​គូស​បញ្ជាក់​ដែរ​ថា មាន​សៀវភៅ​តិច​តួច​ដែល​សមស្រប​នឹង​កុមារ​អាយុ ៤-៦ឆ្នាំ។

អ្នក​ជំនាញ​ផ្នែក​សៀវភៅ​កុមារ លោកស្រី ហួត សុជាតា ក៏​សំណូមពរ​ឱ្យ​មាន​ការ​បង្កើត​សៀវភៅ​បន្ថែម​ដែល​សមស្រប​សម្រាប់​កុមារ។ លោកស្រី​ក៏​ស្នើ​អាណាព្យាបាល​ត្រូវ​ផ្តល់​អាទិភាព​សំខាន់​ក្នុង​ការ​ជ្រើស​រើស​សៀវភៅ​សម្រាប់​កុមារ​កូនៗ​តូចៗ ព្រោះ​ជម្រើស​សៀវភៅ​ត្រូវ នឹង​នាំ​ឱ្យ​កុមារ​មាន​ការ​អភិវឌ្ឍ​ផ្នែក​ភាសា​ វាក្យសព្ទ​ និង​ចំណង់​ក្នុង​ការ​អាន៕

ចែករំលែកតាម៖