ក្រុមហ៊ុនជប៉ុនបើកសាលាបង្រៀនអាជីវកម្មម្ហូបអាហារដំបូងនៅកម្ពុជា

ក្រុមហ៊ុនជប៉ុនបើកសាលាបង្រៀនអាជីវកម្មម្ហូបអាហារដំបូងនៅកម្ពុជា

សន្និសិទសារព័ត៌មានស្ដីពីសាលាពាណិជ្ជសាស្ត្រផ្នែកអាជីវកម្មម្ហូបអាហារដំបូងបង្អស់នៅកម្ពុជា

Toridoll គឺ​ជា​ក្រុមហ៊ុន​ជប៉ុន ដែល​មាន​អាយុ​កាល​ជាង ៣០​ឆ្នាំ​មក​ហើយ ដោយ​ផ្តោត​លើ​ការ​គ្រប់គ្រង​អាជីវកម្ម​ផ្នែក​ភោជនីយដ្ឋាន។ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ មាន​ហាង​ជាង​១​ពាន់​ហាង​ទូទាំង​ប្រទេស​ជប៉ុន និង​ជាង​៥០០​ហាង​នៅ​ជុំវិញ​ពិភពលោក រួម​ទាំង​កម្ពុជា​ផង​ដែរ។

ដោយ​មាន​ចក្ខុវិស័យ​ក្នុង​ការ​ពង្រីក​សាខា​របស់​ខ្លួន និង​តម្រូវការ​ធនធាន​មនុស្ស Toridoll សម្រេច​បើក​សាលា​បង្រៀន​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​ម្ហូប​អាហារ​នៅ​កម្ពុជា ដែល​ផ្តោត​លើ​ការ​គ្រប់គ្រង​ភោជនីយដ្ឋាន​ស្រប​តាម​ស្តង់ដា​អន្តរជាតិ។

អគ្គនាយក​ក្រុមហ៊ុន Toridoll ប្រចាំ​ប្រទេស​កម្ពុជា លោក ហ៊ីហ្គាស៊ីយ៉ាម៉ា (Yoshito Higashiyama) ថ្លែង​ក្នុង​សន្និសិទ​សារ​ព័ត៌មាន​កាល​ពី​ពាក់​កណ្តាល​ខែ​កញ្ញា អំពី​គោលបំណង​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា៖ «នេះ​គឺ​ជា​ការ​ចូលរួម​បរិច្ចាគ​ជួយ​សង្គម​ផ្នែក​ធនធាន​មនុស្ស ជាពិសេស​ក្រុមហ៊ុន Toridoll តែ​ម្តង​បាន​ខិតខំ​ចងក្រង​និង​ស្រាវជ្រាវ​នូវ​យុត្តិសាស្ត្រ​គ្រប់គ្រង​ជោគជ័យ​របស់​ខ្លួន ដែល​បាន​ពង្រីក​សាខា​រហូត​ដល់​ទៅ ១៥០០[ទីតាំង]។ យក​នូវ​ភាព​ជោគជ័យ​ទាំងអស់​ហ្នឹង ចងក្រង​ចេញ​ជា​មេរៀន ចេញ​ជា​សៀវភៅ​ដើម្បី​យក​មក​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា»។

លោក ហ៊ីហ្គាស៊ីយ៉ាម៉ា អគ្គនាយកក្រុមហ៊ុន Toridoll ប្រចាំប្រទេសកម្ពុជា
លោក ហ៊ីហ្គាស៊ីយ៉ាម៉ា អគ្គនាយកក្រុមហ៊ុន Toridoll ប្រចាំប្រទេសកម្ពុជា

អគ្គនាយក​សញ្ជាតិ​ជប៉ុន​រូប​នេះ​បន្ត​ពី​គោលបំណង​ទី​២​នៃ​ការ​បង្កើត​សាលា​នេះ​ទៀត​ថា គឺ​ជា​ការ​ផ្តល់​ឱកាស​ដល់​ពលរដ្ឋ​កម្ពុជា ដោយសារ​តែ​ក្រុមហ៊ុន​លោក​ត្រូវ​ការ​បុគ្គលិក​បំរើ​ការងារ​ក្នុង​ផ្នែក​ម្ហូប​អាហារ​នេះ​រាប់​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ​ទូទាំង​ពិភពលោក ខណៈ Toridoll មាន​គោលដៅ​ក្នុង​ការ​ពង្រីក​សាខា​របស់​ខ្លួន​ឱ្យ​បាន​ដល់ ៤០០០​ហាង ក្នុង​រយៈពេល​៧​ឆ្នាំ​ខាង​មុខ។

ការ​ប្រកាស​បើក​សាលា​បង្រៀន​គ្រប់គ្រង​អាជីវកម្ម​នេះ ក៏​មាន​ការ​សហការ​ពី​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​ជប៉ុន​CJCC​ដែរ។ នាយក​នៃ​CJCC បណ្ឌិត ឃឹម លាង គាំទ្រ​ចំពោះ​ជំនាញ​ដែល​មាន​គុណ​តម្លៃ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​ការ​ពង្រឹង​សមត្ថភាព និង​ឱកាស​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ផ្នែក​អាជីវកម្ម​ម្ហូប​អាហារ​នេះ​យ៉ាង​ដូច្នេះ​ថា៖ «ហើយ​CJCC​ក៏​មាន​ភារកិច្ច​មួយ​ជួយ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​តាម​រយៈ​ការ​គ្រប់គ្រង​ធុរកិច្ច​អាជីវកម្ម​នេះ​ឯង។ [អ៊ី]ចឹង​វា​ចូល​ទៅ​ក្នុង​សកម្មភាព​ចម្បង​របស់ CJCC ដែល​យើង​មាន​ការ​គាំទ្រ និង​ជំរុញ​ឱ្យ​មាន​បង​ប្អូន​យើង​ហ្នឹង​ជួយ​ផ្សព្វផ្សាយ​បន្ត​ក្នុង​វគ្គ​នេះ ដែល​ជា​វគ្គ​ពិសេស និង​ជា​ឱកាស​មាស​សម្រាប់​បង​ប្អូន​ណា ដែល​ចាប់​អារម្មណ៍​ចង់​បង្កើត​អាជីវកម្ម​ទាក់ទង​នឹង​ភោជនីយដ្ឋាន»។

បណ្ឌិត ឃឹម លាង នាយកនៃCJCC
បណ្ឌិត ឃឹម លាង នាយកនៃCJCC

សិក្ខាកាម​ដែល​បាន​ចុះ​ឈ្មោះ​ចូលរួម​ផ្នែក​អាជីវកម្ម​ម្ហូប​អាហារ​នេះ កញ្ញា ចាន់ ស្រីនិច បង្ហាញ​ក្តី​រំពឹង​ថា ការ​បណ្តុះបណ្តាល​ពី​ក្រុមហ៊ុន​ជប៉ុន លើ​ជំនាញ​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​នឹង​អាច​ជួយ​ឱ្យ​ខ្លួន​មាន​សមត្ថភាព​បន្ថែម និង​មាន​ឱកាស​ទទួល​បាន​ការងារ​កាន់​តែ​លឿន។

កញ្ញា​និយាយ៖ «គិត​ទៅ​វា​មាន​សារប្រយោជន៍​ច្រើន ព្រោះ​តែ​គ្រូ​ទាំងអស់ សុទ្ធ​តែ​មក​ពី​ប្រទេស​ជប៉ុន។ ណា​មួយ​វា​ជា​វគ្គ​ខ្លី​ដែល​អាច​រៀន​បាន​លឿន ហើយ​អាច​ចេញ​ធ្វើ​ការ​បាន​លឿន»។

តាម​ព្រឹត្តិបត្តិ​ព័ត៌មាន​របស់​ក្រុមហ៊ុន Toridoll បញ្ជាក់​ថា​សាលា​បង្រៀន​ពី​ការ​គ្រប់គ្រង​អាជីវកម្ម​ម្ហូប​អាហារ​មាន​ទីតាំង​នៅ CJCC ដោយ​ក្នុង​មួយ​វគ្គ​មាន​រយៈពេល​៣​ខែ ។ ជាមួយ​គ្នា​នេះ​ដែរ សិក្ខាកាម​ទាំងអស់​ក៏​អាច​មាន​ឱកាស​ទទួល​បាន​អាហារូបករណ៍ ជា​ថ្លៃ​សិក្សា​ត្រឡប់​មក​វិញ ប្រសិន​បើ​ទទួល​បាន​ពិន្ទុ​ល្អ​ក្នុង​ការ​សិក្សា៕

 

ចែករំលែកតាម៖