«១០គោលការណ៍ រំងាប់សេចក្តីក្រោធ» ពីលោកសាស្ត្រាចារ្យ ស៊ិន គង់

«១០គោលការណ៍ រំងាប់សេចក្តីក្រោធ» ពីលោកសាស្ត្រាចារ្យ ស៊ិន គង់

សៀវភៅ «១០គោលការណ៍ រំងាប់សេចក្តីក្រោធ»

«១០​គោលការណ៍ រំងាប់​សេចក្តី​ក្រោធ» ជា​កម្រង​អត្ថបទ​ក្នុង​កូន​សៀវភៅ​មួយ​ក្បាល​ដែល​មាន​កម្រាស់​ជាង​៧០​ទំព័រ។ កូន​សៀវភៅ​នេះ​ត្រូវ​បាន​ចងក្រង​ឡើង​ដោយ​លោក ស៊ិន គង់ ដែល​ជា​សាស្ត្រាចារ្យ​ទស្សនវិជ្ជា​នៃ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា។

លោក​សាស្ត្រាចារ្យ​ដែល​មាន​សម្បុរ​សណ្តែកបាយ​រូប​នេះ​មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​ជំរុញ​ទឹក​ចិត្ត​លោក​ឱ្យ​ងាក​មក​ចាប់​អារម្មណ៍​ចងក្រង រៀបរៀង និង​ប្រែ​សម្រួល​សៀវភៅ​បែប​អប់រំ​ផ្លូវ​ចិត្ត​ច្រើន​គឺ​ដោយសារ​តែ​លោក​ពេញចិត្ត​នឹង​សៀវភៅ​ពុទ្ធសាសនា​ជា​ភាសា​បរទេស​ទាំង​ឡាយ​ដែល​មាន​អត្ថន័យ​អប់រំ​ល្អៗ។

លោក ស៊ិន គង់ មាន​ប្រសាសន៍​ថា៖ «ខ្ញុំចាប់ផ្តើម​គិត​ពីរឿង​ការសរសេរសៀវភៅបែប​អប់រំ​ហ្នឹង​គឺចាប់ផ្តើម​តាំង​ពីពេល​ខ្ញុំនៅ​សិក្សា​នៅប្រទេសភូមា​នៅឆ្នាំ​២០០៥។ ពេលនោះ​ខ្ញុំ​ចាប់ផ្តើម​ឃើញ​សៀវភៅ​ពុទ្ធសាសនា​ជាភាសា​បរទេស​ដែលមាន​លក្ខណៈ​អប់រំ ដែលមាន​លក្ខណៈ​រង្គាយសេចក្តី​ងាយ​យល់​ដែល​អាច​ឱ្យ​អ្នក​អាន​ទូទៅ​ហ្នឹង​គាត់​អាច​ស្វែង​យល់​ពីសារៈសំខាន់​នៃ​ព្រះពុទ្ធសាសនា»

សាស្ត្រាចារ្យ​ដែល​បាន​បួស​រៀន​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​ជាង​១០​ឆ្នាំ​រូប​នេះ​មាន​ប្រសាសន៍​ថា ដោយ​ឡែក​សៀវភៅ​១០​គោលការណ៍​រំងាប់​សេចក្តី​ក្រោធ​គឺ​មាន​គោល​បំណង​អប់រំ​ដល់​សាធារណៈជន​ទូទៅ​ឱ្យ​យល់​ពី​ផលវិបាក​នៃ​ការ​ខឹង​ក្រោធ ព្រម​ទាំង​វិធី​រំងាប់​សេចក្តី​ក្រោធ​តែ​ម្តង។

លោក​បន្ត​ថា«សង្គម​ដែលមាន​បញ្ហា​កាន់​តែ​ច្រើន ពិសេស​អំពើហិង្សា​ក្នុងសង្គមហ្នឹង​វាចេះ​តែរីកចម្រើន ហើយប្រហែល​ជាមនុស្ស​ហ្នឹង​មិនសូវបានទទួល​ការអប់រំ​ផ្លូវចិត្តអីជាក់លាក់។ អ៊ីចឹង​ខ្ញុំក៏មើលឃើញថា វាជាចំណែក​មួយ​ដែល​យើងអាច​កាត់បន្ថយ​អំពើហិង្សា​ក្នុងគ្រួសារនិងក្នុងសង្គមហ្នឹង​តាម​រូបភាព​អប់រំ​របស់ព្រះពុទ្ធសាសនា»

លោក ស៊ិន គង់ សាស្ត្រាចារ្យទស្សនវិជ្ជានៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា
លោក ស៊ិន គង់ សាស្ត្រាចារ្យទស្សនវិជ្ជានៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា

ក្នុង​កូន​សៀវភៅ​១០​គោលការណ៍​រំងាប់​សេចក្តី​ក្រោធ​បាន​ឱ្យ​និយមន័យ​ទោសៈ​គឺ​មាន​ន័យ​ថា​សេចក្តី​ខឹង​សម្បា ការ​គុំគួន ស្អប់ ឬ​ការ​ប្រទូស្តរាយ​នឹង​អារម្មណ៍​ផ្សេងៗ។ សៀវភៅ​នេះ បញ្ជាក់​ថា សេចក្តី​ក្រោធ ទោសៈ កំហឹង គឺ​ជា​ពាក្យ​មាន​ន័យ​តែ​មួយ។ បន្ថែម​ពី​នេះ សេចក្តី​ក្រោធ​ទៀត​សោធ​គឺ​កើត​ឡើង​ក្នុង​ចិត្ត ហើយ​វា​មិនមែន​បៀតបៀន​តែ​អ្នក​ដទៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​បៀតបៀន​សេចក្តី​សុខ​ខ្លួនឯង​ផង​ដែរ។

កូន​សៀវភៅ​ដដែល​ឱ្យ​ដឹង​ដែរ​ថា មាន​មូលហេតុ​ច្រើន​ដែល​ធ្វើ​ឱ្យ​មនុស្ស​មាន​សេចក្តី​ក្រោធ។ ប៉ុន្តែ​ព្រះ​សម្មាសម្ពុទ្ធ​សម្តែង​ថា តណ្ហា​គឺ​ជា​ការ​ចង់​បាន ការ​ប្រកាន់​អ្វីៗ​ថា​ជា​របស់​ខ្លួន​ដែល​នោះ​ហើយ​គឺ​ជា​ប្រភព​ឬ​ជា​ឫសគល់​នៃ​សេចក្តី​ក្រោធ​យ៉ាង​ពិត​ប្រាកដ។ ចំណែក​ការ​ចូលចិត្ត​នាំ​ឱ្យ​ចិត្ត​ចង់​បាន ការ​ស្រលាញ់ ហើយ​នៅ​ទី​បំផុត​កើត​ជា​តណ្ហា។

សៀវភៅ​ដដែល​សរសេរ​ថា តណ្ហា​បណ្តាល​ឱ្យ​កើត​ចិត្ត​ថ្នាំង​ថ្នាក់ ការ​ចង្អៀត​ចង្អល់​នៃ​ចិត្ត ហើយ​ចិត្ត​ដែល​ចង់​ព្យាបាទ​និង​ទោស​នៃ​ចិត្ត​គឺ​ជា​សេចក្តី​ក្រោធ​នោះ​ឯង។

លោក​សាស្ត្រាចារ្យ ស៊ិន គង់ ពន្យល់​បន្ថែម​ថា ការ​ខឹង​ក្រោធ​បាន​បង្ក​ជា​បញ្ហា​ប្រឈម​ក្នុង​ជីវិត​ច្រើន​ពិសេស​នៅ​ពេល​យើង​មិន​អាច​គ្រប់គ្រង​ការ​ខឹង​ក្រោធ​បាន​ទេ​នោះ ដូចជា​ការ​បែក​បាក់​ក្នុង​រង្វង់​មិត្តភក្តិ ការ​បែក​បាក់​ក្នុង​គ្រួសារ និង​ក្នុង​សង្គម។ ក្រៅ​ពី​នេះ មាន​សេចក្តី​ក្រោធ​ខ្លះ​បង្ក​ជា​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​ទៀត​ផង។

១០​គោលការណ៍​រំងាប់​សេចក្តី​ក្រោធ រួម​មាន​ការ​ទទួល​ស្គាល់​ថា​ខ្លួនឯង​កំពុង​ខឹង ពិចារណា​ទោស​នៃ​សេចក្តី​ក្រោធ ការ​បើក​ចិត្ត​ឱ្យ​ទូលាយ ការ​ពិចារណា​ភាព​ប្រាកដ​និយម ការ​ប្រើប្រាស់​សេចក្តី​អត់ធន់ ការ​ឈ្វេងយល់​អំពី​ទុក្ខ​សច្ចៈ ការ​យល់​ពី​ច្បាប់​កម្មផល ការ​មើល​ធ្លុះ​នូវ​ទ្រឹស្តី​សុញ្ញតវាទ ការ​ប្រើ​ចិត្ត​ឧបេក្ខា​ឬ​ការ​តាំង​ចិត្ត​ជា​កណ្តាល និង​ចុងក្រោយ​ការ​ចម្រើន​មេត្តា​ភាវនា។

លោក ស៊ិន គង់ បញ្ជាក់​ថា ក្នុង​ទ្រឹស្តី​របស់​ព្រះពុទ្ធ ការ​រំងាប់​សេចក្តី​ក្រោធ​គឺ​មាន​ច្រើន​ប៉ុន្តែ​ជា​ជំហាន​ដំបូង​លោក​លើក​យក​តែ​១០​គោលការណ៍​នេះ​មក​បរិយាយ ដើម្បី​ទប់​កំហឹង​ទាំង​ឡាយ​មិន​ឱ្យ​រីក​រាល​ដាល​ក្លាយ​ជា​បញ្ហា​ធំ​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ។

លោក​បន្ថែម​ថា«មានន័យថា​ឱ្យ​តែកើតមក​ជាមនុស្សសុទ្ធតែចេះខឹង។ ប៉ុន្តែហេតុអ្វីបាន​ជាខ្ញុំ​សរសេរសៀវភៅ​រំងាប់សេចក្តីក្រោធនេះ។ រំងាប់សេចក្តី​ក្រោធ​មែនទែនទៅ មិនមែន​ជីករំលើង​ឱ្យ​ដាច់​ស្រឡះ។ មិនមែនមានន័យថា​ដក​សេចក្តីក្រោធ​ចេញពី​ក្នុងចិត្ត​ឱ្យ​ផុត​ទេ។ គឺជាវិធីមួយ​ដើម្បី​ធ្វើ​សេចក្តី​ក្រោធ​ហ្នឹង​ឱ្យ​ថមថយ។ បើសិនជាយើង​ខឹង យើង​ត្រូវរកអ្វី​មកទប់ កុំឱ្យកំហឹង​កាន់តែ​រីករាលដាល​ធំទៅ ហើយក្លាយជារឿងផ្សេង​ដែល​អាច​បង្កទៅជាអំពើហិង្សា»

លោក​សាស្ត្រាចារ្យ ស៊ិន គង់ សង្ឃឹម​ថា​អត្ថបទ​ចងក្រង​របស់​លោក​មួយ​នេះ​នឹង​ក្លាយ​ជា​ចំណែក​មួយ​ជួយ​ឱ្យ​សាធារណៈជន​អាច​ប្រតិបត្តិ​បាន ដើម្បី​ជា​ផ្លូវ​ទៅ​កាន់​សុភមង្គល​ផ្លូវ​ចិត្ត​និង​ផ្លូវ​កាយ​ក្នុង​គ្រួសារ ព្រម​ទាំង​សង្គម​ជាតិ​ទាំង​មូល៕

ចែករំលែកតាម៖