រាជធានីចាស់កោះឃ្លោកបាត់ពីការចង់ចាំរបស់ពលរដ្ឋ ខណៈគ្រប់គ្នាស្គាល់តែកោះឧកញ៉ាតី

រាជធានីចាស់កោះឃ្លោកបាត់ពីការចង់ចាំរបស់ពលរដ្ឋ ខណៈគ្រប់គ្នាស្គាល់តែកោះឧកញ៉ាតី

តាមរយៈ​បទចម្រៀង​របស់​អ្នក​ចម្រៀង​ជើង​ចាស់​លោក ណយ វណ្ណេត ប្រជាពលរដ្ឋ​ភាគ​ច្រើន​បាន​ឮ​ឈ្មោះ​កោះ​ឧកញ៉ាតី។ ក៏​ប៉ុន្តែ បើ​និយាយ​ពី​កោះ​ឃ្លោក​វិញ ប្រហែល​ជា​មិន​សូវ​មាន​អ្នក​ស្គាល់ ហើយ​មាន​ចម្ងល់​ជា​ច្រើន​ត្រូវ​បាន​ចោទ​សួរ​ឡើង។

លោក បាន ស៊ីផុន ជា​ពលរដ្ឋ​ម្នាក់​ដែល​ចង់ចាំ​ប្រវត្តិ​កោះ​នេះ​តាមរយៈ​ឪពុកម្តាយ​ដំណាល​តៗ​គ្នា​ពី​ជីដូន​ជីតា។ លោក​បាន​ឱ្យ​ដឹង​ថា កាល​ដើម​ឡើយ លោក​បាន​ឮ​ជីដូន​ជីតា​របស់​លោក​ដែល​ជា​ស្នំ​និង​ជា​អ្នក​បម្រើ​ក្នុង​រាជ​វាំង​ជំនាន់​ព្រះ​រាជ​សំភារ​បាន​ប្រាប់​តៗ​មក​ថា ក្នុង​សម័យ​នោះ​កោះ​ឧកញ៉ាតី​ដែល​លោក​កំពុង​រស់នៅ​សព្វ​ថ្ងៃ​មាន​ឈ្មោះ​ថា កោះ​ឃ្លោក។

ស្ថិត​ក្នុង​សម្លៀក​បំពាក់​អាវ​អាចារ្យ​សក់​ស​គ្រប់​សរសៃ ព្រឹទ្ធាចារ្យ​វ័យ​ជិត​៧០​ឆ្នាំ​រូប​នេះ​បន្ត​ថា តែ​ក្រោយ​មក​បន្ទាប់​ពី​ព្រះអង្គ​តែង​តាំង​មេទ័ព​ម្នាក់​ឈ្មោះ​តី​ឱ្យ​ឡើង​ជា​ឧកញ៉ា​ហើយ​ទទួល​បាន​ជ័យ​ជន្នះ​ក្នុង​សមរភូមិ ទើប​អ្នក​ស្រុក​ប្រែ​ហៅ​ឈ្មោះ​កោះ​នេះ​ជា​កោះ​ឧកញ៉ាតី តាម​ឈ្មោះ​លោកតា​តី​រហូត​មក។ ហើយ​ប្រវត្តិ​នៃ​កោះ​ឃ្លោក​ក៏​បាន​បាត់​ឈ្មោះ​តាំង​ពី​នោះ​មក។

លោក​ព្រឹទ្ធាចារ្យ​ដំណាល​យ៉ាង​ដូច្នេះ៖ «ឈ្មោះ​តាតី​ហ្នឹង ពី​ដើម គាត់​មាន​ភរិយា​គាត់​មួយ​ឈ្មោះថា លោក​យាយ​ស ដែល​ខ្ញុំ​បាន​សាកសួរ​ចាស់​ទុំ​ពី​ដើម​ដែល​គាត់​បាន​ចងចាំ។ ហើយ​តាតី​ហ្នឹង​គាត់​មាន​ភរិយា​គាត់​មួយ​ហើយ​បម្រើ​សម្តេច​ព្រះ​រាជ​សំភារ​ហ្នឹង​ហៅ​ថា​ក្រម​ហ្លួង​ហ្នឹង។ លោក​បម្រើ​នៅ​ហ្នឹង​ទៅ លោក​បម្រើ​គាល់​ផ្ទាល់​នូវ​ព្រះអង្គ។ ដល់​ពេល​ឆ្នាំ​មួយ ដែល​សៀម​មក​ឡោមព័ទ្ធ​នៅ​លង្វែក ដោយ​ការ​បាក់​ទ័ព ដោយសារ​ចាញ់​ដៃ​សៀម ក៏​ព្រះអង្គ​ប្រើ​តា​តី​ឱ្យ​ទៅ​ជា​មេទ័ព ដើម្បី​ទៅ​ច្បាំង​ជាមួយ​សៀម។ នៅ​ពេល​នោះ​ដល់​ពេល​គាត់​ច្បាំង​ឈ្នះ​ក៏​លើក​គាត់​ជា​ឧកញ៉ា»។

លោក បាន ស៊ីផុន ពលរដ្ឋដែលចង់ចាំប្រវត្តិកោះឃ្លោក
លោក បាន ស៊ីផុន ពលរដ្ឋដែលចង់ចាំប្រវត្តិកោះឃ្លោក

សៀវភៅ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​បោះពុម្ភ​ឆ្នាំ​១៩១៤ និពន្ធ​ដោយ​លោក អាដេម៉ារ ឡឺក្លែរ អតីត​រ៉េស៊ីដង់​បារាំង​និង​ត្រូវ​បាន​កែ​សម្រួល​ដោយ​លោក ទេព ម៉េងឃាន បាន​សរសេរ​ថា ព្រះ​បាទ​ស្រី​ធម្មរាជា​ឬ​ហៅថា ព្រះរាជ​សំភារ​បាន​ឡើង​សោយរាជ្យ​ក្នុង​រាជកាល​ឆ្នាំ​១៦២៩។ ប៉ុន្តែ​ដោយ​មិន​ចង់​កាន់​អំណាច​ទ្រង់​ក៏​បាន​ប្រគល់​កិច្ចការ​ទាំងអស់​ឱ្យ​ព្រះ​បិតុលា​ចាត់​ចែង ចំណែក​ខ្លួន​ព្រះអង្គ​បាន​យាង​ទៅ​គង់​នៅ​ឯ​កោះ​ឃ្លោក​ផ្តោត​ការ​គិតគូរ​តែ​អំពី​អក្សរសាស្ត្រ​វិញ។

បណ្ឌិត​សភាចារ្យ ស៊ន សំណាង ប្រធាន​គណៈ​គ្រប់គ្រង​វិទ្យាស្ថាន អ៊ិនធឺរេដ បាន​បង្កើត​បេសកម្ម​ចង​ក្រង​ជា​ឯកសារ​ប្រវត្តិ​ទីតាំង​ភូមិសាស្ត្រ​ក្នុង​ប្រទេស​កម្ពុជា ដោយ​បាន​ស្រាវជ្រាវ​អស់​រយៈកាល​ជា​ច្រើន​ឆ្នាំ។

លោក​បណ្ឌិត​ប្រវត្តិសាស្ត្រ​វ័យ​ប្រមាណ​៧០​ឆ្នាំ​រូប​នេះ​បញ្ជាក់​ថា តាម​ការ​ស្រាវជ្រាវ​និង​តាម​ឯកសារ​ប្រវត្តិសាស្ត្រ​ជា​ច្រើន​បូក​រួម​នឹង​ផែនទី​ផង​នោះ ក្រុម​អ្នក​ស្រាវជ្រាវ​កាន់​តែ​ប្រាកដ​ថា រាជវាំង​កោះ​ឃ្លោក​របស់​ព្រះ​រាជ​សំភារ​គឺ​នៅ​ត្រង់​ចំណុច​កោះ​ឧកញ៉ាតី ក្នុង​ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល។ បច្ចុប្បន្ន​នៅ​លើ​កោះ​នេះ​មាន​ចេតិយ​និង​សាលា​រាំ​ចាស់​ដែល​បន្សល់​ទុក​ពី​សម័យ​នោះ ដោយ​គ្រាន់​តែ​ត្រូវ​គេ​ជួសជុល​ឡើង​វិញ​ប៉ុណ្ណោះ។

លោក​បណ្ឌិត​សភាចារ្យ​មាន​ប្រសាសន៍​ថា៖ «កោះ​ឧកញ៉ាតី​គឺ​ទីតាំង​រាជវាំង​កោះ​ឃ្លោក ពី​មុន​មក​គេ​ហៅ​កោះ​ឃ្លោក​ដែល​ឃើញ​នៅ​ក្នុង​ឯកសារ​មហា​បុរស ឯកសារ​រាជពង្សសាវតា​យើង​ហ្នឹង ដែល​ច្បាស់​លាស់​មែន គឺ​នៅ​ក្នុង​រាជកាល​ព្រះ​រាជ​សំភារ ដោយ​ព្រះអង្គ​សោយរាជ្យ​នៅ​ឆ្នាំ​១៦២៩ ដល់​ឆ្នាំ ១៦៣៤»។

លោក​សាស្ត្រាចារ្យ​ពន្យល់​ពី​មូលហេតុ​ដែល​ព្រះរាជា​ព្រះ​នាម​ព្រះ​រាជ​សំភារ​សម្រេច​ព្រះ​ទ័យ​តាំង​ព្រះ​រាជវាំង​លើ​កោះ​ឃ្លោក​នេះ​យ៉ាង​ដូច្នេះ​ថា៖ «ជា​ទីតាំង​រាជធានី​មាន​ន័យ​ថា ព្រះ​អង្គ​ពី​ដំបូង​គង់​នៅ​មួយ​រយៈពេល​នៅ​ក្រុង​ឧត្តុង្គ​មាន​ជ័យ ក្រុង​ឧត្តុង្គ​យើង​សព្វ​ថ្ងៃ​នេះ។ ក្រោយ​មក​ដោយ​ព្រះអង្គ​ឃើញ​ទីតាំង​ហ្នឹង​ល្អ ទីតាំង​មាន​ខ្សាច់​ស​ក្បុស ហើយ​មាន​ទេសភាព​ល្អ ពេល​ព្រះអង្គ​ចុះ​មក​កម្សាន្ត​តាម​បឹង ហៅថា​ស្រុក​ទន្លេ​ធំ​ហ្នឹង ហើយ​មាន​ទី​ទួល​ខ្ពស់​ដែល​សក្ដិសម​នឹង​ព្រះ​រាជវាំង ក៏​សម្រេច​ព្រះ​ទ័យ​លើក​រាជវាំង​ពី​ឧត្តុង្គ​មក​តាំង​នៅ​កោះ​ឃ្លោក​វិញ»។

បណ្ឌិតសភាចារ្យ ស៊ន សំណាង ប្រធានគណៈគ្រប់គ្រងវិទ្យាស្ថាន អ៊ិនធឺរេដ
បណ្ឌិតសភាចារ្យ ស៊ន សំណាង ប្រធានគណៈគ្រប់គ្រងវិទ្យាស្ថាន អ៊ិនធឺរេដ

ពាក់ព័ន្ធ​នឹង​ឈ្មោះ​កោះ​ឃ្លោក​នេះ​វិញ លោក​សាស្ត្រាចារ្យ​ឱ្យ​ដឹង​ថា មិន​មាន​ឯកសារ​ណា​មួយ​បញ្ជាក់​នោះ​ទេ។ ទោះ​យ៉ាង​ណា យោង​តាម​ការ​សន្និដ្ឋាន​ផ្ទាល់​ខ្លួន​របស់​លោក មាន​ទឡ្ហីករ​៣​បានជា​កោះ​នេះ​មាន​ឈ្មោះ​ថា កោះ​ឃ្លោក គឺ​ទី​១ មក​ពី​កោះ​នេះ​មាន​រាង​ដូច​ឃ្លោក ទី​២ ដោយសារ​កោះ​នេះ​សម្បូរ​ទៅ​ដោយ​ដើម​ឃ្លោក និង​ទី​៣ កោះ​នេះ​តែង​រីក​មាឌ​ដូចជា​ឃ្លោក។ តែ​អ្វី​ដែល​លោក​ជឿជាក់​ថា​ពិត​ប្រាកដ​បំផុត​នោះ គឺ​អាច​ជា​ទឡ្ហីករណ៍​ទី​១​និង​ទី​២​ដែល​មាន​ភាព​ច្បាស់​ជាងគេ។

ប្រជាពលរដ្ឋ​ត​ជំនាន់​ដែល​កំពុង​រស់នៅ​ប្រកប​របរ​រកស៊ី​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​លើ​កោះ​អះអាង​ថា ពួក​គាត់​មិន​ដែល​ដឹង​ពី​ឈ្មោះ​ដើម​នៃ​ទីកន្លែង​ដែល​ពួក​គាត់​កំពុង​រស់នៅ​នោះ​ទេ។

លោកយាយ ចំរើន អ្នក​លក់​នំ​នៅ​ក្នុង​វត្ត​ទីបាវសាន ហៅ​វត្ត​ចុង​កោះ មាន​អាយុ ៧០ ឆ្នាំ៖ «(ក្មេងៗ) ឥឡូវ​ដឹង​តែ​កោះ​ឧកញ៉ាតី​ទេ មក​ពី​ណា​ក៏​ដោយ​ក៏​ដឹង​តែ​កោះ​ឧកញ៉ាតី​ដែរ។ កោះ​ឃ្លោក ទើប​ដឹង​ដំណឹង​នៅ​ពេល​ដែល​គេ​មក​មើល​ចេតិយ​ហ្នឹង គេ​មក​ស្រាវជ្រាវ​ហ្នឹង​ថា កោះ​ហ្នឹង​មិន​មែន​កោះ​ឧកញ៉ាតី​ទេ គឺ​កោះ​ឃ្លោក​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​គេ​ស្រាវជ្រាវ​ទៅ​ចឹង។ ហើយ​ពួក​ខ្ញុំ​គ្មាន​ដឹង​ទេ ដឹង​តែ​កោះ​ឧកញ៉ាតី​ទេ»។

ជំទប់ទី១ ក្នុង​ឃុំ​ឧកញ៉ាតី លោក កែត ហុក៖ «ខ្ញុំ​កើត​មក​ក៏​ឃើញ​សាលា​រាំ ហើយ​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា​ចុង​កោះ​ក៏​ដឹង​ថា មាន​ចេតិយ​ហ្នឹង​ដែរ ប៉ុន្តែ​មិន​បាន​ចាប់​អារម្មណ៍​ថា កោះ​ឧកញ៉ាតី​ពី​ដើម​មក​ក្នុង​រាជកាល​ព្រះបាទ​រាជ​សំភារ​ហ្នឹង​ជា​កោះ​ឃ្លោក​ទេ»។

ដោយសារ​ឈ្មោះ​កោះ​នេះ​ត្រូវ​បាន​បាត់​ពី​ការ​ចង់ចាំ​របស់​ប្រជាពលរដ្ឋ​សូម្បី​តែ​ប្រជាពលរដ្ឋ​រស់នៅ​លើ​កោះ​នេះ​ជា​ច្រើន​ជំនាន់ លោក​បណ្ឌិត​សភាចារ្យ ស៊ន សំណាង ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ផ្ទាល់​គួរ​ឈ្វេង​យល់​និង​ចូលរួម​កត់ត្រា​ពី​ប្រវត្តិ​ទីតាំង​ភូមិសាស្ត្រ​ក្នុង​តំបន់​នីមួយៗ​របស់​ខ្លួន​សម្រាប់​ផ្តល់​ជា​ចំណេះដឹង​ប្រវត្តិសាស្ត្រ​ត​ដល់​កូន​ចៅ​ជំនាន់​ក្រោយ៕

ចែករំលែកតាម៖