អ្នកប្រវត្តិសាស្ត្រ ចង់ឃើញអ្នកដឹកនាំគ្រប់រូបយកគំរូតាមស្តេចចក្រពត្តិនាសម័យអង្គរ

អ្នកប្រវត្តិសាស្ត្រ ចង់ឃើញអ្នកដឹកនាំគ្រប់រូបយកគំរូតាមស្តេចចក្រពត្តិនាសម័យអង្គរ

បណ្ឌិត វង់ សុធារ៉ា៖ «ស្តេច​ចក្រពត្តិ​នៅ​សម័យ​អង្គរ​ហ្នឹង​មាន​ន័យ​ថា ជា​ស្តេច​ដែល​គ្រប់គ្រង​ទឹកដី​ធំ​ទូលាយ ខ្ពង់ខ្ពស់​ជាង​គេ ហើយ​មាន​ព្រំប្រទល់​ហ្នឹង​ទៅ​ទល់​ហ្នឹង​សមុទ្រ​គ្រប់​ទិស​ទាំង​៤​ហ្នឹង​ឯង។ ហើយ​មនុស្ស​ដែល​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ហ្នឹង គឺ​ទទួល​បាន​នូវ​យុត្តិធម៌ ហើយ​និង​សន្តិភាព។ ហ្នឹង​តាម​ទ្រឹស្តី​គេ​ពន្យល់​ប្រាប់​ថា​ចឹង ហើយ​ជា​អ្នក​ដែល​ស្រឡាញ់​អ្នក​ក្រោម​បង្គប់​ហ្នឹង​ដូចជា​បង ដូចជា​ប្អូន​អីចឹង»។

នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​បណ្ឌិត  វង់ សុធារ៉ា ប្រវត្តិវិទូ​ខ្មែរ​ជុំវិញ​លក្ខណៈ​សម្បត្តិ​របស់​ស្តេច​ចក្រពត្តិ​នៅ​សម័យ​អង្គរ។

ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​ចូលរួម​ក្នុង​កម្មវិធី​បាឋកថា​ប្រចាំ​ខែ​ក្រោម​ប្រធានបទ “ស្តេច​ចក្រពត្តិ​នៅ​សម័យ​អង្គរ” កាល​ពី​ពាក់​កណ្តាល​ខែ​តុលា ប្រវត្តិវិទូ​ខ្មែរ​រូប​នេះ​ពន្យល់​ថា ស្តេច​ចក្រពត្តិ​នៅ​សម័យ​អង្គរ គឺ​មាន​ចំណុច​ល្អៗ​ជា​ច្រើន​ដែល​ថ្នាក់​ដឹកនាំ​គ្រប់​ស្រទាប់​វណ្ណៈ​គួរ​យក​ជា​គំរូ​តាម។

ប្រសាសន៍ បណ្ឌិត វង់ សុធារ៉ា៖ «ខ្ញុំ​ជឿ​ថា មាន​សារសំខាន់ ប្រសិន​បើ​ថ្នាក់​ដឹកនាំ​អី​វិញ នាំ​ឱ្យ​គាត់​គិត​ពិចារណា​អំពី​វិធី​នៅ​ក្នុង​ការ​គ្រប់គ្រង​ដឹកនាំ​ប្រទេស ដឹកនាំ​ក្រុម ដឹកនាំ​កន្លែង​ការងារ​របស់​គាត់។ ថា​តើ​ត្រូវ​គួរ​អនុវត្ត​តាម​វិធីសាស្ត្រ​ណា​ដែល​ល្អ ដែល​មនុស្ស​អាច​ចូលរួម​បាន​ទាំងអស់​គ្នា»

លោកបន្តថា៖ «ចំណេះដឹង​នៅ​សម័យ​បុរាណ​មាន​ច្រើន​ណាស់ ហើយ​សុទ្ធ​សឹង​ជា​ចំណេះដឹង​ល្អ ដែល​យុវជន និង​អ្នក​ដឹកនាំ​អាច​យក​ធ្វើ​ជា​គំរូ​បាន ដើម្បី​ភាព​ជោគជ័យ​នៅ​ក្នុង​បេសកកម្ម​របស់​ខ្លួន ក្នុង​ការ​បំរើ​ជាតិ​ត​ទៅ​ថ្ងៃ​មុខ»

បណ្ឌិត  វង់ សុធារ៉ា ប្រវត្តិវិទូខ្មែរជុំវិញលក្ខណៈសម្បត្តិរបស់ស្តេចចក្រពត្តិនៅសម័យអង្គរ
បណ្ឌិត វង់ សុធារ៉ា ប្រវត្តិវិទូខ្មែរជុំវិញលក្ខណៈសម្បត្តិរបស់ស្តេចចក្រពត្តិនៅសម័យអង្គរ

តាម​សៀវភៅ​លោក ត្រឹងងា ដែល​ជា​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​បាន​បកប្រែ​ពាក្យ​ថា ចក្រវតឹន ឬ​ស្តេច​ចក្រពត្តិ ថា​ជា​ស្តេច​ចក្រវាល​ដែល​មាន​ន័យ​ថា ជា​ស្តេច ឬ​អធិរាជ​នៃ​ពិភពលោក។ សៀវភៅ​ដដែល​នោះ​បាន​កំណត់​យក​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​២ ជា​ស្តេច​ស្ថាបនិក​សម័យ​អង្គរ ប្រកាស​លើក​ជា​ស្តេច​ចក្រពត្តិ ក្នុង​ឆ្នាំ​៨០២ នា​រាជធានី​មហេន្ទ្របព៌ត​លើ​ភ្នំ​គូលេន។ ក្រៅ​ពី​ស្តេច​អង្គ​នេះ តាម​សិលា​ចារឹក​ជា​ច្រើន​តាំង​ពី​សតវត្ស​ទី​៦ ដល់​ទី​៧ ក៏​បាន​បញ្ជាក់​ដែរ​ថា មាន​ព្រះ​រាជា​ខ្លះ​ទៀត ក៏​ត្រូវ​បាន​លើក​ឡើង​ជា​ស្តេច​ចក្រពត្តិ​ផង​ដែរ។

យុវជន​មួយ​ចំនួន ដែល​បាន​ដឹង​ពី​គុណតម្លៃ លក្ខណ​សម្បត្តិ​ដ៏​ផូផង់ ក្នុង​ការ​ដឹកនាំ​ប្រទេស​របស់​ស្តេច​ចក្រពត្តិ​បាន​អះអាង​ថា ពួកគេ​នឹង​រៀន​សូត្រ​ច្បិច​យក​នូវ​ចំណុច​ល្អៗ​ទាំង​នេះ​យក​អនុវត្ត​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ។

យុវជន ហុង រដ្ឋា ដែល​បាន​ចូលរួម​ស្តាប់​បាឋកថា​ប្រចាំ​ខែ​នៅ​រាជបណ្ឌិត​សភា បាន​លើក​ឡើង​ថា ការ​ស្វែង​យល់​ពី​យុត្តិសាស្ត្រ​ដឹកនាំ​របស់​អ្នក​សម័យ​មុន គឺ​ដើម្បី​កែតម្រូវ និង​ធ្វើ​ឱ្យ​ខ្លួន​មាន​ភាព​ល្អ​ប្រសើរ។ និស្សិត​ផ្នែក​ទេសចរណ៍​រូប​នេះ​បាន​លើក​ឡើង​ទៀត​ថា បើ​ទោះ​ជា​អ្នក​ដឹកនាំ​បច្ចុប្បន្ន​មិន​អាច​យក​គំរូ​បាន​ទាំង​ស្រុង តែ​គួរ​តែ​សិក្សា​ពី​ចំណុច​ល្អៗ​ដែល​ស្តេច​ចក្រពត្តិ​បាន​អនុវត្ត​កន្លង​មក សម្រាប់​ដឹកនាំ​សង្គម​គ្រួសារ និង​សង្គម​ជាតិ។

សម្តី​យុវជន ហុង រដ្ឋា៖ «..ដើម្បី​ក្លាយ​ជា​ស្តេច​ចក្រពត្តិ​ត្រូវ​មាន​អ្វីខ្លះ? ហើយ​ការ​គ្រប់គ្រង​ប្រទេស (អ៊ី)ចឹង​ស្តេច​ចក្រពត្តិ ត្រូវ​ដើរ​តាម​គោលការណ៍​ព្រះ​ពុទ្ធ​សាសនា ដោយ​យក​ធម៌​ព្រះ​មក​រួម​បញ្ចូល​គ្នា ដើម្បី​ក្លាយ​ខ្លួន​ជា​ស្តេច​ចក្រពត្តិ។ ចំពោះ​ថ្នាក់​ដឹកនាំ​បច្ចុប្បន្ន អាច​យក​គំរូ​ពី​ស្តេច​ចក្រពត្តិ​បាន កាល​សម័យ​អង្គរ​ម្តេច​បាន​ខ្លះ។ ឃើញ​ទេ? ស្តេច​ចក្រពត្តិ​មួយ មិនមែន​ជា​រឿង​លេង​សើច​ទេ គឺ​ត្រូវ​មាន​គោលការណ៍​វា​ច្រើន ដើម្បី​ក្លាយ​ខ្លួន​ជា​ស្តេច​ចក្រពត្តិ។ (អ៊ី)ចឹង​ថ្នាក់​ដឹកនាំ​យើង បើ​យក​ជា​គំរូ​ស្តេច​អង្គ​មុន ឬ​មិន​បាច់​យក​គំរូ​តាម​ទាំងអស់​ទេ បាន​មួយ​ភាគ​ក៏​ល្អ​ដែរ ដើម្បី​ដឹកនាំ​ប្រទេស​ឱ្យ​រីក​ចម្រើន»

កញ្ញា ឆាង រចនា សិស្សគរុកោសល្យមកពីខេត្តកណ្តាល
កញ្ញា ឆាង រចនា សិស្សគរុកោសល្យមកពីខេត្តកណ្តាល

មិន​ខុស​គ្នា​នេះ​ដែរ សិស្ស​គរុកោសល្យ​មក​ពី​ខេត្ត​កណ្តាល កញ្ញា ឆាង រចនា ដែល​ចាប់​អារម្មណ៍​នឹង​គោលការណ៍​ក្នុង​ការ​ដឹកនាំ​របស់​ស្តេច​ចក្រពត្តិ​នៅ​សម័យ​អង្គរ បាន​បង្ហាញ​ការ​ស្ញើប​សរសើរ​ថា មិន​ងាយ​នឹង​មាន​អ្នក​អនុវត្ត​បាន ដោយឡែក​ក្នុង​សម័យ​អង្គរ ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​២​អាច​ធ្វើ​បាន។

សម្តី​កញ្ញា ឆាង រចនា៖ «វា​មាន​សារប្រយោជន៍​សំខាន់​[សម្រាប់]​យើង ដោយសារ​តែ ដើម្បី​យើង​ដឹង​ពី​ប្រវត្តិសាស្ត្រ​នៅ​សម័យ​កាល​ស្តេច​ចក្រពត្តិ​ថា តើ​មាន​មហាក្សត្រ​ណា​ខ្លះ​ដែល​មាន​នាម​ជា​ស្តេច​ចក្រពត្តិ»។

បើ​តាម​ប្រវត្តិវិទូ បណ្ឌិត​វង់ សុធារ៉ា ធម៌​ដ៏​ប្រពៃ​ដែល​ស្តេច​ចក្រពត្តិ​មាន គឺ​សេចក្តី​គោរព​ស្រឡាញ់​បូជា​ចំពោះ​ព្រះ​ធម៌ ធ្វើ​ទាន និង​ការ​សេពគប់​អ្នក​ប្រាជ្ញ អ្នក​មាន​ធម៌ មាន​វិន័យ​ជាដើម។ ដូចនេះ លោក​គិត​ថា អ្នក​ដឹកនាំ​ដែល​ប្រកាន់​ភ្ជាប់​តាម​លំនាំ​ទាំង​នេះ គឺ​នឹង​ក្លាយ​ជា​អ្នក​ដឹកនាំ​មួយ​ដ៏​ល្អក្នុង​សង្គម៕

ចែករំលែកតាម៖