អ្នករៀបចំកម្មវិធី៖ ពិព័រណ៌ឧត្តមសិក្សាផ្តល់ឱកាសឱ្យយុវជនយល់ពីអនាគតខ្លួន

អ្នករៀបចំកម្មវិធី៖ ពិព័រណ៌ឧត្តមសិក្សាផ្តល់ឱកាសឱ្យយុវជនយល់ពីអនាគតខ្លួន

ពិព័រណ៍​ឧត្តម​សិក្សា ធ្វើ​ឡើង​ជា​លើក​ដំបូង ក្នុង​គោលបំណង​បង្កើន​ការ​ចូលរួម​ពី​យុវជន​ឱ្យ​ស្វែង​យល់​ពី​គោលដៅ​នៃ​ជីវិត ឱកាស​ថ្មីៗ និង​ការងារ​ជា​ច្រើន​ទៀត ដែល​ពួក​គេ​គួរ​តែ​បាន​ដឹង និង​សាកល្បង នៅ​ពេល​ចូល ឬ​បញ្ចប់​ពី​សាកលវិទ្យាល័យ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​រៀបចំ​កម្មវិធី​ពិព័រណ៍​ឧត្តម​សិក្សា កញ្ញា ហៀម ចិត្រា។

កញ្ញា ហៀម ចិត្រា បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «មាន​ជម្រើស​ជា​ច្រើន​សម្រាប់​យុវជន​នា​ពេល​បច្ចុប្បន្ន​នេះ។ ជា​ឧទាហរណ៍​ជំនាញ​ស្ទេម (STEM) ឬ​ក៏​ជំនាញ​ច្នៃ​ប្រឌិត​ថ្មីៗ​ជា​ច្រើន​ទៀត ដែល​សិស្សានុសិស្ស​គួរ​តែ​ដឹង ដើម្បី​ចាប់​យក​ឱកាស។ ខណៈ​ការ​ផ្សព្វផ្សាយ​នៅ​មាន​កម្រិត​នៅ​ឡើយ ដូច្នេះ​ក្រុម​ការងារ​យើង​ខ្ញុំ ក៏​សម្រេច​រៀបចំ​កម្មវិធី​ពិព័រណ៌​នេះ ដោយ​មាន​ការ​សហការ​ពី​ក្រុមហ៊ុន​ដៃគូ​ពាក់ព័ន្ធ ក៏​ដូចជា​ខាង​ផ្សារ​អ៊ីអន​ផង​ដែរ»។

បើ​តាម​អ្នក​រៀបចំ​កម្មវិធី​ដដែល កម្មវិធី​ពិព័រណ៌​ឧត្តម​សិក្សា ឬ​ជា​ភាសា​អង់គ្លេស​ថា Higher Education Fair នេះ ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​ប្រធានបទ «ជ្រើសរើស​ដំណើរ​ផ្សងព្រេង​បន្ទាប់​របស់​អ្នក»។ ការ​ដាក់​ប្រធានបទ​នេះ គឺ​ដោយសារ​តែ​គុណភាព​នៃ​ការ​សិក្សា​នៅ​ឧត្តម​សិក្សា មាន​សារៈសំខាន់ ក្នុង​ការ​បោះជំហាន​ទៅ​រក​ការងារ​ដ៏​ល្អ​ប្រសើរ​មួយ​នៅ​ថ្ងៃ​អនាគត។

«កម្មវិធី​ពិព័រណ៍​ឧត្តម​សិក្សា» នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​២៩ និង​៣០ ខែ​កញ្ញា ខាង​មុខ​នេះ នៅ​ផ្សារ​ទំនើប​អ៊ីអន​សែន​សុខ​ជាន់​ទី​៣។ យោង​តាម​ព្រឹត្តិប័ត្រ​ព័ត៌មាន​នៃ​ពិព័រណ៌​ឧត្តម​សិក្សា​នេះ ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​២​ថ្ងៃ​ពេញ​នោះ អ្នក​ចូលរួម​ទាំងអស់​នៅ​ក្នុង​កម្មវិធី​នឹង​ទទួល​បាន​ព័ត៌មាន​សិក្សា​ជា​ច្រើន​ពី​សាកលវិទ្យាល័យ​នៅ​កម្ពុជា និង​ការ​ចែក​រំលែក​បទពិសោធ​ពី​វាគ្មិន​ចំនួន ២០​រូប ដែល​ធ្វើ​បទបង្ហាញ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រឡង​អាហារូបករណ៍ ក៏​ដូចជា​ការ​ស្វែងយល់​ពី​ខ្លួនឯង​ផង​ដែរ។

សម្រាប់​សិស្ស​និស្សិត​ដែល​នឹង​ចូលរួម ក៏​នឹង​មាន​ឱកាស​ទទួល​បាន​ព័ត៌មាន​អាហារូបករណ៍ ព្រម​ទាំង​ឱកាស​ចូលរួម​ក្នុង​ការងារ​សង្គម​ផ្សេងៗ​ដែរ៕

ចែករំលែកតាម៖