អ្វីទៅជាប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារកម្រិតខ្ពស់នៅកម្ពុជា?

អ្វីទៅជាប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារកម្រិតខ្ពស់នៅកម្ពុជា?

ក្រុមហ៊ុនលីលីហ្វូតផលិតនំស្រួយលីលី

ប្រធានបទ​សុវត្ថិភាព​ចំណី​អាហារ​បាន​ក្លាយ​ទៅ​ជា​ប្រធានបទ​សំខាន់​ដែល​ធ្វើ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​លើក​យក​មក​ជជែក​គ្នា ដើម្បី​ស្វែង​រក​ដំណោះស្រាយ។ កាល​ពី​ខែ​ឧសភា ឆ្នាំ២០១៨ ក្រសួង​ឧស្សហកម្ម​និង​សិប្បកម្ម អង្គការ​ផលិតភាព​អាស៊ី​(APO) និង​ក្រុមហ៊ុន​ផលិត​ចំណី​អាហារ​នៅ​កម្ពុជា​បាន​ជួប​គ្នា​ដើម្បី​ស្វែង​យល់​ ពិភាក្សា និង​រក​ដំណោះស្រាយ​សម្រាប់​បញ្ហា​នេះ​នៅ​ក្នុង​សន្និសីទ​ជាតិ​ស្តី​ពី “ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព​ម្ហូប​អាហារ​កម្រិត​ខ្ពស់​ក្នុង​ប្រទេស​កម្ពុជា”។

លោក Mitsuo Nakamura តំណាង​អង្គការ​ផលិតភាព​អាស៊ី​(APO) របស់​ប្រទេស​ជប៉ុន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​ជាតិ​នេះ​ថា APO បាន​ចាប់​ផ្តើម​អនុវត្ត​គម្រោង​មួយ​ចំនួន​ទាក់ទង​ទៅ​នឹង​ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព​ចំណី​អាហារ​នៅ​កម្ពុជា។ លោក​ថា ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព​ម្ហូប​អាហារ​កម្រិត​ខ្ពស់​សំដៅ​ដល់​ការ​អនុវត្ត​ស្តង់ដា ISO 22000 និងFSSC 22000។

លោក Mitsuo Nakamura បន្ថែម​ថា៖ «ផ្អែក​លើ​វិធីសាស្ត្រ ស៥ GHP​(ការ​អនុវត្ត​អនាម័យ​ស្អាត)​ការ​អនុវត្ត​ផលិតកម្ម​ល្អ GMP និង HACCP ការ​វិភាគ​ភ្នាក់ងារ​ចម្លង​គ្រោះថ្នាក់ និង​ចំណុច​ត្រួត​ពិនិត្យ​សំខាន់ៗ ហើយ​ផ្អែក​តាម​សមិទ្ធផល​ទាំងអស់​នេះ អង្គការ​APO​បាន​អនុវត្ត​នូវ​គម្រោង​ក្រុមហ៊ុន​គំរូ​ផ្អែក​លើ​ប្រព័ន្ធ​គ្រប់គ្រង​ម្ហូប​អាហារ​កម្រិត​ខ្ពស់ សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម ដោយ​សង្កត់​ធ្ងន់​ទៅ​លើ ISO 22000 និងFSSC 2200០។ ដែល​គម្រោង​ទាំងអស់​នេះ​ចាប់​ផ្តើម​អនុវត្ត​តាំង​ពី​ខែ​តុលា​ ឆ្នាំ​២០១៦ ដល់​ខែ​កក្កដា​ឆ្នាំ​២០១៧ និង​ដំណាក់កាល​ទី​២ ចាប់​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៨ ដល់​ខែ​ឧសភា​ឆ្នាំ២០១៨»

(ឆ្វេង) លោក Mitsuo Nakamura តំណាងអង្គការផលិតភាពអាស៊ី(APO) របស់ប្រទេសជប៉ុន (រូបភាពដោយក្រសួងឧស្សាហកម្មនិងសិប្បកម្ម)
(ឆ្វេង) លោក Mitsuo Nakamura តំណាងអង្គការផលិតភាពអាស៊ី(APO) របស់ប្រទេសជប៉ុន (រូបភាពដោយក្រសួងឧស្សាហកម្មនិងសិប្បកម្ម)

ឯកសារ​បង្រៀន​របស់​លោក សោម ណូ អនុប្រធាន​នាយកដ្ឋាន​វិញ្ញាបនបត្រកម្ម​នៃ​វិទ្យាស្ថាន​ស្តង់ដា​កម្ពុជា​ដែល​ធ្វើ​បទ​បង្ហាញ​ក្នុង​សន្និសីទ​ជាតិ​នេះ​បាន​ឱ្យ​ដឹង​ថា រចនា​សម្ព័ន្ធ​នៃ​ការ​អនុវត្ត​ប្រព័ន្ធ​ស្តង់ដា​សុវត្ថិភាព​ម្ហូប​អាហារ​នៅ​កម្ពុជា​បាន​បែង​ចែក​ជា​ច្រើន​ដំណាក់កាល​និង​កម្រិត។

ឯកសារ​ដដែល​នេះ​បាន​ឱ្យ​ដឹង​ថា មុន​នឹង​ឈាន​ដល់​ការ​អនុវត្ត​យក​ប្រព័ន្ធ​សុវត្ថិភាព​ម្ហូប​អាហារ​កម្រិត​ខ្ពស់​នេះ​បាន ក្រុមហ៊ុន​សហគ្រាស​ត្រូវ​អនុវត្ត​ប្រព័ន្ធ​មូលដ្ឋាន​មួយ​ចំនួន​ដូចជា​ដំបូង​បំផុត​តម្រូវ​ឱ្យ​អនុវត្ត​ការ​អនុវត្ត​ផលិតកម្ម​ល្អ​និង​ការ​អនុវត្ត​អនាម័យ​ស្អាត (GMP/GHP)។ បន្ទាប់​មក​ទៀត​ក្រុមហ៊ុន​ត្រូវ​អនុវត្ត​ប្រព័ន្ធ​ធានា​សុវត្ថិភាព (Principles of HACCP) ត្រូវ​មាន​ផែនការ​ធានា​សុវត្ថិភាព​ម្ហូប​អាហារ​ឬ HACCP Plan ត្រូវ​អនុវត្ត​ប្រព័ន្ធ​ធានា​គុណភាព ISO 9001 ទើប​ឈាន​ដល់​ការ​អនុវត្ត​ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព​ម្ហូប​អាហារ។

លោក​ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​មាន​ប្រសាសន៍​ថា ប្រព័ន្ធ​សុវត្ថិភាព​ម្ហូប​អាហារ​កម្រិត​ខ្ពស់​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការពារ​សុខភាព​ប្រជាពលរដ្ឋ។ លោក​បាន​លើក​ជា​សំណួរ​ថា ហេតុអ្វី​បានជា​កម្ពុជា​ចាំបាច់​ត្រូវ​អនុវត្ត​ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព​នេះ?

លោក ចម ប្រសិទ្ធ មាន​ប្រសាសន៍​ថា៖ «ចម្លើយ​គឺ​សុខភាព​របស់​ប្រជាពលរដ្ឋ។ ជា​គោលដៅ​ចុងក្រោយ​នៃ​គម្រោង​នេះ ប្រទេស​មួយ​អាច​រីក​ចម្រើន​ទៅ​បាន​អាស្រ័យ​ដោយ​ប្រជាពលរដ្ឋ​មាន​សុខភាព​ល្អ កម្លាំង​រឹងមាំ ហើយ​បរិភោគ​អាហារ​ប្រកប​ដោយ​សារជាតិ​ចិញ្ចឹម មាន​គុណភាព និង​សុវត្ថិភាព​ខ្ពស់»។

ទេសរដ្ឋមន្រ្តី​រូប​នេះ​បន្ថែម​ទៀត​ថា ប្រព័ន្ធ​គ្រប់​គ្រង​សុវត្ថិភាព​ម្ហូប​អាហារ​នេះ​បាន​គ្រប​ដណ្តប់​លើ​ចង្វាក់​ផលិតកម្ម​របស់​ក្រុមហ៊ុន​ឬ​សហគ្រាស​ផលិត​ចំណី​អាហារ​ទាំង​មូល ដើម្បី​ឱ្យ​ប្រាកដ​ថា ក្រុមហ៊ុន​ទាំង​នោះ​បាន​អនុវត្ត​តាម​គោលការណ៍​ស្តង់ដា​អនាម័យ ការ​គ្រប់គ្រង​ការ​ចម្លង​មេរោគ​ចូល​ក្នុង​ចំណី​អាហារ​បាន​ត្រឹម​ត្រូវ មុន​ពេល​ដែល​យក​ចំណី​អាហារ​លក់​នៅ​លើ​ទីផ្សារ។

លោក ចម ប្រសិទ្ធ បន្ថែម​ថា៖ «ក្នុង​ទិដ្ឋភាព​នេះ ប្រសិន​បើ​ភាគី​ពាក់ព័ន្ធ​ណាមួយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បណ្តោយ​ឱ្យ​ភ្នាក់ងារ​បង្ក​គ្រោះថ្នាក់​គឺ​រូបសាស្រ្ត គីមីសាស្រ្ត ជីវសាស្រ្ត ឬ​លក្ខខណ្ឌ​បរិយាកាស​ឆ្លង​ចូល​ក្នុង​អាហារ នៅ​ពេល​នោះ​វា​នឹង​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​អ្នក​ទទួល​ទាន ហើយ​អ្នក​ធ្វេស​ប្រហែស​បង្ក​បញ្ហា​នោះ​នឹង​ប្រឈម​មុខ​ច្បាប់។ ទោះ​ជា​ចេតនា​ឬ​អចេតនា​ក៏​ដោយ សហគ្រាស​ផលិត​ចំណី​អាហារ​ទាំងអស់​ត្រូវ​អនុលោម​តាម​ប្រកាស​និង​បទបញ្ញតិ្ត​ដែល​មាន​ជា​ធរមាន​ចុង​ក្រោយ»។

(កណ្ដាល) លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងសិប្បកម្ម (រូបភាពដោយក្រសួងឧស្សាហកម្មនិងសិប្បកម្ម)
(កណ្ដាល) លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងសិប្បកម្ម (រូបភាពដោយក្រសួងឧស្សាហកម្មនិងសិប្បកម្ម)

យ៉ាង​ណា​មិញ រដ្ឋមន្រ្តី​រូប​នេះ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​ស្វែង​យល់​ឱ្យ​បាន​ច្បាស់​ពី​ស្លាក​សញ្ញា​របស់​ផលិតផល​មុន​នឹង​ប្រើប្រាស់​ថា​តើ​សហគ្រាស​ដែល​ផលិត​ផលិតផល​ម្ហូបអាហារ​ទាំង​នោះ​មាន​អនុវត្ត​ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព​ម្ហូប​អាហារ​ដែរ​ឬ​ទេ។

កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៨ ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​បាន​ប្រកាស​ក្រុមហ៊ុន​និង​សហគ្រាស​ខ្មែរ​ចំនួន​៤​ត្រូវ​បាន​ចាត់​ទុក​ជា​ក្រុមហ៊ុន​គំរូ​ដែល​បាន​អនុវត្ត​ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព​ចំណី​អាហារ​កម្រិត​ខ្ពស់​នៅ​កម្ពុជា​ដូច​ជា​សហគ្រាស​លាង​ឡេង​ផលិត​ទឹក​ត្រី ក្រុមហ៊ុន​លីលី​ហ្វូត​ផលិត​នំ​ស្រួយ​លីលី ទឹក​បរិសុទ្ធ Eurotech និង​ក្រុមហ៊ុន​គិរីរម្យ​ហ្វូត​ផលិត​ដំណាប់​ស្វាយ។

គួរ​បញ្ជាក់​ផង​ដែរ ក្រុមហ៊ុន​ដែល​បាន​អនុវត្ត​ប្រព័ន្ធ​សុវត្ថិភាព​ម្ហូប​អាហារ​ដូចជា GMP /GHP HACCP ISO 9001 ISO 22000 ជា​ដើម​ភាគ​ច្រើន​ត្រូវ​បាន​បិទ​នៅ​លើ​សំបក​កេះ​នៃ​ផលិតផល​ទាំង​នោះ។

ក្រៅ​ពី​នោះ​កម្ពុជា​ក៏​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត អនុវត្ត​យក​ស្តង់ដា​សរីរាង្គ​លើ​បន្លែ​ផ្លែឈើ​របស់​ខ្លួន ដើម្បី​ឱ្យ​ផលិតផល​បន្លែ​ផ្លែឈើ​របស់​ខ្លួន​មាន​ទាំង​គុណភាព​និង​សុវត្ថិភាព​សម្រាប់​អ្នក​បរិភោគ​ផង​ដែរ ដូចជា​សហករណ៍​សរីរាង្គ​ខ្មែរ អង្គការ​សេដាក និង​ក្រុមហ៊ុន​ផ្សេងៗ​ទៀត ដែល​មាន​បិទ​ស្លាក​សញ្ញា​សម្គាល់​បន្លែ​សរីរាង្គ​នៅ​លើ​សម្បក​វេចខ្ចប់​បន្លែ៕

ចែករំលែកតាម៖