ការទប់ស្តាត់​ភាពស៊ាំនឹង​ឱសថ​ទាមទារ​ការចូលរួម​ពី​គ្រប់​ភាគី

ការទប់ស្តាត់​ភាពស៊ាំនឹង​ឱសថ​ទាមទារ​ការចូលរួម​ពី​គ្រប់​ភាគី

ការ​កើន​ឡើង​នៃ​ភាពសុំា​នឹង​ឱសថ​ប្រឆាំង​មេរោគ​ឬ(AMR) នៅក្នុង​ចំណោម​ភ្នាក់ងារ​បង្ក​ជំងឺ​លើ​មនុស្សមាន​ទំនាក់ទំនង​ជាមួយនឹង​ការខាតបង់​សេដ្ឋកិច្ច​ហើយ​បាន​ក្លាយ​ជា​ក្តី​បារម្ភ​របស់​សកលលោក។ នេះ​បើយោងតាម​ឯកសារ​ទស្សនទាន​ដែល​រៀបរៀង​ដោយ​ក្រសួង​៣​គឺ​ក្រសួង​បរិស្ថាន ក្រសួងសុខាភិបាល និង​ក្រសួង​កសិកម្ម​ចេញផ្សាយ​នៅចុង​ខែ​ឧសភា ឆ្នាំ​២០១៨។

ឯកសារ​ដដែល​បង្ហាញ​ទៀត​ថា បើសិនជា​គ្មាន​ការទប់ស្កាត់​និង​ផ្សព្វផ្សាយ​ពី​ការកើនឡើង​នៃ AMR នោះ​ទេ ​មនុស្ស​ប្រមាណ​ជាង​៧០​ម៉ឺន​នាក់​នឹង​ស្លាប់​ជា​រៀងរាល់​ឆ្នាំ ហើយ​តួលេខ​នោះ​អាចនឹង​កើនឡើង​ដល់​១០​លាន​នាក់​ក្នុង​ឆ្នាំ​២០៥០។

ដើម្បី​ឆ្លើយ​តប​នឹង​ក្តី​កង្វល់​នេះ កាលពី​ចុង​ខែ​ឧសភា​ក្រសួង​សាមី​ទាំង​៣​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក (WHO) អង្គការ​ស្បៀង (FAO) និង​កសិកម្ម​សហប្រជាជាតិ និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន២​ទៀត​បានរួមគ្នា រៀបចំ​សន្និសីទ​ជាតិ​លើក​ទី១​ដែល​មាន​ប្រធានបទ «ភាពសុំានឹង​ឱសថ​ប្រឆាំង​មេរោគ​នៅ​កម្ពុជា»។ សន្និសីទ​ថ្នាក់ជាតិ​លើកដំបូង​នេះ​ត្រូវបាន​រៀបចំ​ឡើង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្មដោយ​មាន​អ្នក​ចូលរួម​ប្រមាណ​ជាង២០០នាក់ ជា​និស្សិត អ្នក​ស្រាវជ្រាវ អ្នក​បច្ចេក​ទេស ឱសថ​សាស្ត្រ វេជ្ជ​បណ្ឌិត និង​មន្ត្រី​សារធាណៈ​ពាក់ព័ន្ធ​ជាច្រើនរូប។

សន្និសីទជាតិលើកទី១ ប្រធានបទ «ភាពសុំានឹងឱសថប្រឆាំងមេរោគនៅកម្ពុជា»
សន្និសីទជាតិលើកទី១ ប្រធានបទ «ភាពសុំានឹងឱសថប្រឆាំងមេរោគនៅកម្ពុជា»

លោក សរ ចិត្រា ប្រធាន​ក្រុម​ការងារ​បច្ចេកទេស​ភាពសុំានឹង​ឱសថ​ប្រឆាំង​មេរោគ​នៃ​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ថ្លែង​នៅ​ចំពោះ​មុខ​អ្នកចូលរួម​ថា សន្និសីទ​នេះ​គឺ​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​កិច្ចសន្ទនា​រវាង​អ្នក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​និង​អ្នក​បង្កើត​ច្បាប់​បទដ្ឋាន​គតិយុត្តិ​ផ្សេងៗ។ ការបង្កើត​ទំនាក់ទំនង​នេះ គឺ​ដើម្បី​ជំរុញ​ទប់​ស្កាត់​ភាពសុំានឹង​ឱសថ​ប្រឆាំង​មេរោគនៅ​កម្ពុជា ខណៈ​បញ្ហា​នេះ​គឺជា​កង្វល់​ធំធេង​ដែល​គំរាមកំហែង​ដល់​សុខភាព​មនុស្ស​និង​បរិស្ថាន។

លោក សរ ចិត្រា បន្ត​ថា៖ «ភាពសុំា​នឹង​ឱសថ​ប្រឆាំង​មេរោគ​កំពុង​ចោទ​ជា​បញ្ហា​ដល់​សុខភាព​មនុស្ស សត្វ​ និង​បរិស្ថាន​នៅក្នុង​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​អាស៊ី។ ជា​លទ្ធផលនៃ​ការសិក្សា​ស្រាវជ្រាវ​ពី​បណ្តា​ប្រទេស​មួយចំនួន​បាន​បង្ហាញ​ថា ភាពសុំានឹង​ឱសថ​ប្រឆាំង​មេរោគ​មាន​កម្រិត​ខ្ពស់​នៅក្នុង​បរិស្ថាន ជា​ពិសេស​នៅ​កន្លែង​ធ្វើ​វារីវប្បកម្ម។ អ្នកឆ្លង​មេរោគ​ដែល​សុំា​ទៅនឹង​ឱសថ​ប្រឆាំង​មេរោគ​ត្រូវ​ខាងបង់​ជាច្រើន ដូច​ជា​ទ្រព្យសម្បត្តិ ពេលវេលា និង​មាន​អត្រា​ស្លាប់​ខ្ពស់»។

លោក​លី សូវ៉ាន់ ប្រធាន​ក្រុម​បច្ចេកទេស​ភាពសុំានឹង​ឱសថ​ប្រឆាំង​មេរោគ​នៃ​ក្រសួង​សុខាភិបាល​ថ្លែង​ឱ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០១៤ ក្រសួង​សុខាភិបាល​បាន​ដាក់​ចេញ​គោលនយោបាយ​ជាតិ​និង​ផែនការ​យុទ្ធសាស្ត្រជាតិ​លើ​ភាពសុំាំនឹង​ឱសថ​ប្រឆាំង​មេរោគ។ ក្រៅពី​ដាក់​ចេញ​នូវ​គោលនយោបាយ​ជាតិ​នេះ ក្រសួង​ក៏​បាន​រៀបចំ​សេចក្តីព្រាង​ផែនការ​សកម្មភាព​ពហុ​វិស័យ​លើ​ភាពសុំានឹង​ឱសថ​ប្រឆាំង​មេរោគ ឆ្នាំ​២០១៨ ដល់​២០២២។

លោក​លី សូវ៉ាន់ ប្រធាន​ក្រុម​បច្ចេកទេស​ភាពសុំានឹង​ឱសថ​ប្រឆាំង​មេរោគ​នៃ​ក្រសួង​សុខាភិបាល​ថ្លែងទៅកាន់​អ្នកសារព័ត៌មាន (រូបភាព៖ ឡុង គីមម៉ារីតា)
លោក​លី សូវ៉ាន់ ប្រធាន​ក្រុម​បច្ចេកទេស​ភាពសុំានឹង​ឱសថ​ប្រឆាំង​មេរោគ​នៃ​ក្រសួង​សុខាភិបាល​ថ្លែងទៅកាន់​អ្នកសារព័ត៌មាន (រូបភាព៖ ឡុង គីមម៉ារីតា)

ក្នុងនោះ​ក្រសួង​សុខាភិបាល​នឹង​រួមបញ្ចូល​វិស័យ​សុខភាព​មនុស្ស ចំណី​អាហារ កសិកម្ម និងបរិស្ថាន ក្នុង​ផែនការ​នេះ ដើម្បី​ចងក្រង​ជា​ឯកសារ​គោល​សម្រាប់​ចង្អុល​ទិស​ក្នុង​ការ​អនុវត្ត AMR នេះ។

វេជ្ជបណ្ឌិត​សប្បុរ​ស្រអែមមាឌ​មាំ​រូបនេះ​បន្ត​​ថា អ្វី​ដែល​បាន​អនុវត្ត​កន្លង​មក​នេះគឺ​ផ្តោត​សំខាន់​ទៅ​លើ​ភាពសុំា ការប្រើប្រាស់​ឱសថ​ប្រឆាំង​មេរោគ និង​បទដ្ឋាន​គតិយុត្តិ​នានា ក្នុង​ចំណោម​អ្នកពាក់ព័ន្ធ​ដើម្បី​រួម​គ្នា។ ក៏ប៉ុន្តែ​លោក​ថា ការងារ​នេះ​មិន​អាច​សម្រេច​ទៅបាន​នោះ​ទេ ប្រសិន​បើ​គ្មាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ក្នុង​ការបង្កើត​ជា​គោលនយោបាយ ​ផែនការ​យុទ្ធសាស្រ្ត​ជាតិ ក៏ដូចជា​ផែនការ​សកម្មភាព​ជាតិ​ សម្រាប់​ធ្វើ​ការផ្សព្វផ្សាយ​ប្រយុទ្ធ​ជា​ថ្នាក់ជាតិ​និង​អន្តរជាតិ។

លោក លី សូវ៉ាន់ មានប្រសាសន៍​ថា៖ «ដើម្បី​ជំរុញ​ការងារ​ឱ្យ​មាន​លទ្ធភាព​គឺ​ត្រូវ​តែ​មាន​ការសហការ​គ្នា​ពី​បណ្តា​អ្នកពាក់ព័ន្ធ​ចូលរួម​ប្រជុំ​ឱ្យ​ទៀងទាត់ ព្រោះ​មាន​តែ​ការជួបគ្នា​ទេ ដែល​អាច​ផ្លាស់ប្តូរ​នូវ​ការងារ​ដែល​យើង​បាន​ដំណើរការ​ដល់​ណា​ហើយ បញ្ហា​ជួប​ប្រទះ​អ្វីខ្លះ? បញ្ហា​ថវិកា​ឬ​ធនធាន​ដទៃទៀត ដែល​យើង​អាច​ផ្លាស់​ប្តូរ​ក្នុង​ន័យ​នេះ។ ហើយ​សន្និសីទ​ថ្ងៃនេះ យើង​មាន​វត្តមាន​ពី​គ្រប់​ទាំងអស់​ជា​ពិសេស​ប្អូនៗ​និស្សិត អ្នកស្រាវជ្រាវ​រួមគ្នា ព្រោះ​ការងារ​មិន​អាច​ជោគជ័យ​បានទេបើ​គ្មាន​ការ​ចូលរួម»៕

ចែករំលែកតាម៖