អ្នកជំនាញ៖ របរ​ស៊ីឈ្នួល​ដាំ​ដំណាំ​បន្លែ​គីមី​របស់​ប្រជាពលរដ្ឋ​មិនមែន​ជា​ជម្រើស​ល្អ

អ្នកជំនាញ៖ របរ​ស៊ីឈ្នួល​ដាំ​ដំណាំ​បន្លែ​គីមី​របស់​ប្រជាពលរដ្ឋ​មិនមែន​ជា​ជម្រើស​ល្អ

កសិករកំពុងប្រមូលផលបន្លែ

ម៉ោង​ជិត​១១​ថ្ងៃ​ត្រង់​ទៅ​ហើយ ប្រជាកសិករ​ជិត​៣០​នាក់​នៅ​តែ​បន្ត​កាត់​បន្លែ​នៅ​តាម​រង​បន្លែ។ រី​ឯ​អ្នក​ខ្លះ​ទៀត​កំពុង​អង្គុយ​រៀប​បន្លែ​ចង​ជា​ដុំ ក្រោម​កំដៅ​ថ្ងៃ​នា​រដូវ​វស្សា​នៅ​ក្នុង​ភូមិ​កំពង់ពោធិ៍ ឃុំ​ក្រាំងយ៉ូវ ស្រុក​ស្អាង ខេត្ត​កណ្តាល។

ដៃ​ស្តាំ​កាន់​កាំបិត ដៃ​ឆ្វេង​កាន់​ដើម​បន្លែ​ស្ពៃ​តឿ ឬ​កាឆយ កាត់​ម្តង​មួយ​ដើមៗ​យ៉ាង​ញាប់​ដៃ អ្នកស្រី ឡាច សេង វ័យ​៤៦​ឆ្នាំ កាត់​បន្លែ​បណ្តើរ ឆ្លើយ​បណ្តើរ​ថា របរ​ស៊ី​ឈ្នួល​ធ្វើ​បន្លែ​នេះ​មាន​ជា​ប្រចាំ ដូចជា ក្នុង​មួយ​ព្រឹក កសិករ​អាច​រក​ប្រាក់​ចំណូល​បាន​២២០០០​រៀល ទៅ​៣០០០០​រៀល ទៅ​តាម​ផ្នែក​ផ្សេងៗ​គ្នា។

អ្នកស្រី ឡាច សេង មាន​ប្រសាសន៍​ថា៖ «គិតៗ​ទៅ ជួនម៉ោង១១ ជួនម៉ោង១២ ជួនម៉ោង១ តាម​បន្លែល្អ​អាក្រក់ យូរ​ឆាប់។ …..គិតថ្ងៃ គិតថ្ងៃ​ឱ្យយើងពេញហ្មង …..​យូរៗមានការងារម្តងៗ​វា​មិនរាល់ថ្ងៃ​ទេ។ …..ធ្វើស្មៅ ធីវ [ដក​កូនស្ពៃ] ដកសាឡាត់ ថ្ងៃ​ណា​ទំនេរ​នៅ​ផ្ទះ ខែ​វស្សា​ក៏​មាន​ការងារ​ធ្វើ បើ​មិន​មាន​ការងារ ប្រកប​របរ​នេសាទ​ត្រី»

អ្នកនាង សុខ យ៉េម អាយុ​៣៤​ឆ្នាំ ដែល​កំពុង​កាត់​បន្លែ​ក្បែរ​នោះ​បាន​ឱ្យ​ដឹង​ដែរ​ថា គាត់​រក​ចំណូល​បាន​ច្រើន​ពី​របរ​ដាំ​ដុះ​បន្លែ​នេះ បើ​គិត​ជា​ប្រាក់​ចំណូល​គឺ​ទទួល​បាន​ច្រើន​ជាង​គាត់​ទៅ​ធ្វើការ​ជា​ស្រ្តី​មេផ្ទះ​នៅ​បរទេស​នោះ​ទេ។

អ្នកនាង សុខ យ៉េម មាន​ប្រសាសន៍​ថា៖ «ទៅ​ម៉ាឡេ ក្នុងមួយថ្ងៃនៅ​សល់តែ៤០០០​រៀលទេ។ ក្រុមហ៊ុនកាត់​កង ក្រុមហ៊ុន​ពាក់កណ្តាល យើងពាក់កណ្តាល។ …..ចាញ់យើងនៅខ្មែរវិញ​ទេ បើ​ខំ​សន្សំវិញឆាប់មានជាង»

មិន​ខុស​គ្នា​ដែរ លោក គុយ ហុន ពលរដ្ឋ​ប្រកប​របរ​ស៊ី​ឈ្នួល​ដាំដុះ​បន្លែ​នេះ​មាន​ប្រសាសន៍​ថា លោក​ទទួល​បាន​ប្រាក់​ចំណូល​មិន​ចាញ់​កាល​ពី​គាត់​ទៅ​ស៊ី​ឈ្នួល​ជា​កម្មករ​នេសាទ​នៅ​ប្រទេស​ថៃ​នោះ​ទេ។ លោក​ថា ប្រសិន​បើ​មាន​អ្នក​ដាំ​បន្លែ​ច្រើន នោះ​ប្រជាជន​ក្នុង​ភូមិ​និង​មិន​ខ្វះ​ការងារ​ធ្វើ​នោះ​ទេ។

លោក គុយ ហុន មាន​ប្រសាសន៍​ថា៖ «[ឆ្នាំ១០៩៣] ៩៣ ទៅប៉ុន្មានឆ្នាំ មកវិញមក ឥឡូវលែងទៅហើយ។ …នឿយ​ពេក! …ចាញ់​នៅ [ស្រុក]… មក​ស្រុក​កាត់​បន្លែ … ចំណូល​មិន​ខុស​គ្នា​ពី​ស្រុក​ខ្មែរ​ទេ​ឱ្យ​តែ​បាន​ធ្វើការ​ជាប់។ បើ​បាន​ធ្វើ​ជាប់​ជីវភាព​ទៅ​មុខ បើ​អត់​បាន​ធ្វើ​ជាប់ ទប់​អត់​ជាប់​ការ​ហូប​ចុក​ទេ ព្រោះ​ទំនិញ​អ្វី​ក៏​ថ្លៃ»។

បើ​ទោះ​ជា​ពលរដ្ឋ​ទីនេះ​ពេញចិត្ត​នឹង​ប្រាក់​ចំណូល​ដែល​បាន​ពី​ការ​ស៊ី​ឈ្នួល​ដាំ​បន្លែ​ក្តី តែ​ពួក​គាត់​បាន​បង្ហាញ​ក្តី​បារម្ភ​ថា ពួក​គាត់​នឹង​អាច​ប្រឈម​នឹង​ការ​បាត់បង់​របរ​មួយ​នេះ​ដោយសារ​បន្លែ​មាន​តម្លៃ​ថោក និង​លក់​មិន​ដាច់ ហើយ​ម្ចាស់​ចម្ការ​បន្ត​របរ​នេះ។

ការ​ដាំ​ដុះ​បន្លែ​នៅ​ក្នុង​ឃុំ​នេះ ភាគ​ច្រើន​កសិករ​ដាំ​នៅ​លើ​ផ្ទៃដី​ទំហំ​ធំ ចាប់​ពី​ជិត​កន្លះ​ហិកតា​ឡើង​ទៅ ខណៈ​ដែល​ម្ចាស់​ចម្ការ​បាន​ប្រើប្រាស់​ជី​គីមី​ជា​ប្រចាំ។ នេះ​បើ​តាម​ការ​អះអាង​របស់​ពលរដ្ឋ​ខាង​លើ។

លោក អៀង សុធារ៉ា ស្ថាបនិក​សហករណ៍​សរីរាង្គ​ខ្មែរ​(KOC)
លោក អៀង សុធារ៉ា ស្ថាបនិក​សហករណ៍​សរីរាង្គ​ខ្មែរ​(KOC)

ស្ថាបនិក​សហករណ៍​សរីរាង្គ​ខ្មែរ​(KOC) លោក អៀង សុធារ៉ា មាន​ប្រសាសន៍​ថា របរ​ស៊ី​ឈ្នួល​ដាំ​បន្លែ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​កំពង់ពោធិ៍​នេះ មិន​មែន​ជា​ជម្រើស​ដ៏​ត្រឹម​ត្រូវ​សម្រាប់​ពួក​គាត់​នោះ​ទេ ក្នុង​ការ​ប្រើប្រាស់​ជី​គីមី​ពុល ហើយ​កត្តា​នេះ​នឹង​ធ្វើ​ឲ្យ​បាត់បង់​ទីផ្សារ​របស់​ពួក​គាត់​ដោយ​ខ្លួនឯង។

លោក អៀង សុធារ៉ា មាន​ប្រសាសន៍​ថា៖ «ខ្ញុំចង់ជម្រាប​ជូនទៅកាន់បងប្អូនមីង​ពូ​ទាំងអស់​ហ្នឹង​ដែល​កំពុង​ធ្វើ​កសិកម្ម​គីមី​ហើយ​គីមី​ពុល​ខ្លាំង​ហ្នឹង ហើយ​ខ្លួនឯង​ជា​អ្នក​បម្រើ​ការងារ​នៅ​ក្នុង​កសិដ្ឋាន​ទាំងអស់​ហ្នឹង។ សូម​ជម្រាប​ថា ពូ​មីង​ទាំងអស់​ហ្នឹង​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ នៅ​ពេល​បច្ចុប្បន្ន និង​ពេល​អនាគត ដែល​គួរ​តែ​ជៀសវាង គួរ​តែ​កុំ​ធ្វើ ពី​ព្រោះ​លុយ​ដែល​បាន​២៥០០០​[រៀល] ហើយ​និង​៥០០០០​[រៀល]​នេះ។ ការពិតវា​មិនមានជម្រើសមែនសម្រាប់គាត់ ប៉ុន្តែជម្រើសសុខភាពវាសំខាន់ជាងហ្នឹងទៀត»

យ៉ាង​ណា​មិញ ប្រធាន​ក្រុមហ៊ុន​ដាំ​បន្លែ​រូប​នេះ​បន្ថែម​ទៀត​ថា មាន​តែ​ការ​ដាំ​បន្លែ​សុវត្ថិភាព ឬ​បន្លែ​សរីរាង្គ​តែ​ប៉ុណ្ណោះ ដែល​អាច​ឱ្យ​កសិករ​ទទួល​បាន​ជោគជ័យ​លើ​របរ​នេះ។ លោក សុធារ៉ា បន្ត​ថា ការ​ដាំ​ដុះ​ប្រភេទ​នេះ​នឹង​ធ្វើ​ឱ្យ​កសិករ​ទទួល​បាន​ប្រាក់​ចំណូល​ទៀង​ទាត់ សុខភាព​ល្អ ភូមិ​ឃុំ​អត់​មាន​ខ្យល់​អាកាស​ដែល​មាន​ជាតិ​ពុល ហើយ​អ្វី​ដែល​ពិសេស​ជាង​ហ្នឹង គឺ​ប្រជាពលរដ្ឋ​មិន​សម្រេច​ចិត្ត​ធ្វើ​ចំណាក​ស្រុក​ទៅ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​នោះ​ទេ។

លោក អៀង សុធារ៉ា មាន​ប្រសាសន៍​ថា៖ «មក​ពីបន្លែរបៀបគីមីហ្នឹងហើយដែលយើងអត់មានការប្រកួតប្រជែង ដែលយើងមិនអាចប្រកួតជាមួយប្រទេស​ជិត​ខាង​កើត។ ចឹង​ជម្រើស​ថ្មី​មួយ​សម្រាប់​ទាំង​អ្នក​ម្ចាស់​ចម្ការ ទាំង​អ្នក​ទៅ​ធ្វើការ​នៅ​ចម្ការ​គួរ​តែ​បត់ មក​រក​ការ​ផលិត​បន្លែ​ការ​ផលិត​ផ្លែឈើ​ដែល​មាន​សុវត្ថិភាព ដែល​ហៅ​ថា GAP ឬ​ក៏​ងាកមកឱ្យដល់បន្លែផ្លែឈើសរីរាង្គតែ​ម្តង​ទៅ ដែលហៅថា បន្លែផ្លែឈើOrganic ហ្នឹង។ គឺ​ចាប់ផ្តើមរៀនសូត្រ​ទាំងអស់គ្នា​ទៅ យើងអាចមានការលំបាក យើង​អាចមានការ​ឈឺចាប់ក្នុងដំណាក់កាលដំបូង ប៉ុន្តែ​រឿងហ្នឹងធ្វើកើត ហើយនៅ​ពេលដែលធ្វើកើតយើងបាន​ជោគជ័យច្រើន»

ទាក់ទិន​ទៅ​នឹង​បញ្ហា​ទីផ្សារ​បន្លែ​នេះ​ដែរ រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វ៉ែង សាខុន ក្នុង​សន្និបាទ​បូក​សរុប​ការងារ​កសិកម្ម​ប្រចាំ​ឆ្នាំ កាល​ពី​ចុង​ខែ​មេសា​កន្លង​ទៅ​បាន​ថ្លែង​ថា កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​មាន​និន្នាការ​ធ្លាក់​ចុះ គឺ​៤២% នៅ​ឆ្នាំ​២០១៧ និង​បន្ត​ធា្លក់​ចុះ​ត្រឹម​២៩%​នៅ​ឆ្នាំ​២០៣០៕

ចែករំលែកតាម៖