គម្រោងGRAISEA របស់អង្គការOxfam ចេញដំណាក់កាលទី២ ក្រោយពីជោគជ័យលើដំណាក់កាលមុន

គម្រោងGRAISEA របស់អង្គការOxfam ចេញដំណាក់កាលទី២ ក្រោយពីជោគជ័យលើដំណាក់កាលមុន

សិក្ខាសាលាផ្សព្វផ្សាយគម្រោង GRAISEA ដំណាក់កាលទី២

ប្រសាសន៍​លោកសុខ ឃឹម៖ «អ្វី​ដែល​ហៅ​ថា ជា​កម្មវិធី GRAISEA នេះ? កម្មវិធី GRAISEA ហ្នឹង គឺជា​គម្រោង​មួយ​នៅ​ថ្នាក់​តំបន់ ផ្ចុងផ្តោត​ទៅ​លើ​ការ​វិនិយោគ​ផ្នែក​វិស័យ​កសិឧស្សហកម្ម​ប្រកប​ដោយ​ភាពទទួល​ខុសត្រូវ ហើយ​ជាមួយ​នឹង​ការ​ដាក់​បញ្ចូល​ការ​លើក​ស្ទួយ យេនឌ័រ និង​ភាព​ជា​ស្ត្រីជា​អ្នកដឹកនាំ​ក្នុងវិស័យ​កសិកម្ម»។

នេះ​ជា​និយម​ន័យ​ពាក្យ​ថា GRAISEA ដែល​បាន​លើក​ឡើង​ដោយ​ប្រធាន​កម្មវិធី​ផ្នែក​អភិបាល​កិច្ច​ធនធាន​ធម្មជាតិ​នៃ​អង្គការOxfam ប្រចាំកម្ពុជា ​លោកសុខ ឃឹម ក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ​គម្រោង GRAISEA ដំណាក់កាលទី២ កាល​ពី​ពាក់​កណ្តាល​ខែ​ធ្នូ​នេះ។

GRAISEA ដំណាក់កាលទី១ ត្រូវ​បាន​អនុវត្ត​រយៈពេល៣ ឆ្នាំ តាំងពីឆ្នាំ២០១៥ នៅ​កម្ពុជា ដោយអនុវត្តក្នុង​ខេត្ត​ព្រះវិហារ​លើ​គម្រោង​សង្វាក់​ផលិតកម្ម​ស្រូវ ចាប់ពីឆ្នាំ២០១៧។

លោកសុខ ឃឹម ប្រធានកម្មវិធីផ្នែកអភិបាលកិច្ចធនធានធម្មជាតិនៃអង្គការOxfam ប្រចាំកម្ពុជា
លោកសុខ ឃឹម ប្រធានកម្មវិធីផ្នែកអភិបាលកិច្ចធនធានធម្មជាតិនៃអង្គការOxfam ប្រចាំកម្ពុជា

លោកសុខ ឃឹម និយាយថា បន្ទាប់​ពី​គម្រោង​នេះ បាន​ដាក់​ឱ្យ​អនុវត្ត​កន្លង​មក​នេះ គឺ​មាន​ប្រជា​កសិករ​ប្រមាណ​ជាង​១៥០​នាក់ ​ក្នុង​ស្រុក​សង្គម​ថ្មី ​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​បច្ចេកទេស​ដាំ​ស្រូវ​សរីរាង្គ​និង​ទទួល​បាន​ទីផ្សារ​ស្រូវ​សរីរាង្គ​ដែល​មាន​តម្លៃ​លើស​ទីផ្សារ​ជាង​៣០​ភាគរយ និង​កសិករ​ជា​ស្រ្តី​ត្រូវ​បាន​បណ្តុះ​បណ្តាល​ពី​ភាព​ជា​អ្នក​ដឹកនាំ​ផង​ដែរ។

ប្រធាន​គម្រោង​រូបនេះ​បន្ត​ថា GRAISEA ក្នុង​ដំណាក់​កាល​ទី​២​នេះ នឹង​ពង្រីក​វិសាល​ភាព​តំបន់​គោលដៅ​របស់​ខ្លួន​ពី​ក្នុង​ខេត្ត​ព្រះវិហារ ទៅ​បន្ថែម​ក្នុង​ខេត្ត​កំពង់ធំ​បន្ថែម​ទៀត ដោយ​រំពឹង​ទុក​ថា​នឹង​មាន​ប្រសិទ្ធភាពទ្វរ​ដង​ផងដែរ។

​ប្រសាសន៍​លោក​សុខ ឃីម៖  «យើង​បន្ថែម​មួយទៀត​នៅ​ខេត្ត​កំពង់ធំ ដោយសារ​នៅ​វគ្គ​ទី​១ យើង​ផ្ចុង​ផ្តោត​ទៅ​លើ​អង្ករ​សរីរាង្គ នៅ​ខេត្ត​ព្រះ​វិហារ​ទេ។ ប៉ុន្តែ​នៅ​វគ្គ​ទី ២​នេះ យើង​បន្ថែម​អង្ករ ដែល​អនុវត្ត​តាម​ស្តង់ដា SRP (គម្រោង​ផលិតកម្ម​ស្រូវ​ប្រកប​ដោយ​និរន្ត​ភាព)[វា]មាន​ន័យ​ថា SRP​ហ្នឹង ជា​ស្តង់ដា​មួយ ដែល​គេមាន​សូចនាករ​ចំនួន ៤០​ជាង សូចនាករ។ ប៉ុន្តែ​សូចនាករ​ទាំងអស់​ហ្នឹង គឺ​ផ្ចុងផ្តោត​ទៅលើ​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថ្នាំពុល និង​ជីគីមី ហើយ​នឹង​ការ​រក្សា​បរិស្ថាន គ្រប់គ្រង​បរិស្ថាន​ឱ្យ​បាន ជាមួយ​និង​ការ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី សិទ្ធិ​កុមារ និង​ការ​គ្រប់គ្រង​លំហូរ​ទឹក»។

លោកស្រី Ami Reza មន្ត្រីគ្រប់គ្រងកម្មវិធីនៃអង្គការOxfam ប្រចាំចក្រភពអង់គ្លេស
លោកស្រី Ami Reza មន្ត្រីគ្រប់គ្រងកម្មវិធីនៃអង្គការOxfam ប្រចាំចក្រភពអង់គ្លេស

មន្ត្រី​គ្រប់គ្រង​កម្មវិធី​នៃអង្គការOxfam ប្រចាំចក្រភពអង់គ្លេស លោកស្រី Ami Reza បានបង្ហាញ​ការ​ពេញចិត្ត​ពី​ជោគជ័យ​ដែល​ទទួល​បាន​ពី​គម្រោង GRAISEA ក្នុងដំណាក់កាលទី១។ លោក​ស្រី​ថា​នឹង​បន្ត​ប្រើប្រាស់​សមិទ្ធិផល​ដែល​សម្រេច​ទាំងនេះ បន្ត​ទៅក្នុងជំហាន​ទី២ និង​ការ​ដាក់ចេញ​ផែនការ​ថ្មីៗ​បន្ថែម​ទៀត។

ប្រសាសន៍​លោកស្រី Ami Reza៖  «ពិនិត្យ​ទៅ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ Oxfam ទូទាំង​ប្រទេស យើង​អាច​លើក​កម្ពស់​ការសន្ទនា​ក្នុង​សង្វាក់​ការ​ផ្គត់ផ្គង់ យើង​មានភាព​ជាដៃគូរ​ជាមួយ​អ្នក​ទិញ អ្នក​លក់​នៅ​ប្រទេស​ហូឡង់ នៅ​ប្រទេស​ស៊ុយអ៊ែត។ ហើយ​យើង​ក៏​សហការ​ជាដៃគូរ​ជាមួយ​ក្រុមហ៊ុន​ដែល​បញ្ជាទិញ​នៅ​ប្រទេស​កម្ពុជា​ដែរ។ ដូច្នេះ​តួនាទី​របស់​យើង ត្រូវ​សម្រប​សម្រួល​បង្កើត​ភាពជា​ដៃគូរ​បែប​នេះ ដើម្បី​ប្រយោជន៍​ទៅ​ដល់​កសិករ​ខ្នាត​តូច​នៅ​ក្នុង​ប្រទេស​កម្ពុជា »។

តាម​របាយការណ៍​អង្គការ Oxfam GRAISEA អនុវត្ត​ក្នុង​ប្រទេស​ចំនួន​៦ រួម​មាន​ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម ថៃ ប៉ាគ្រីស្ថាន និង​កម្ពុជា។នាយិកា​អង្គការ​Oxfam​ប្រចាំ​កម្ពុជា លោក​ស្រីលីម សូលីន រំពឹង​ថា គម្រោងGRAISEA ដំណាក់​កាល​ទី​២​នេះ នឹង​កាន់​តែ​ជួយ​លើក​កម្ពស់​យេនឌ័រ​និង​ការ​វិនិយោគ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​លើ​វិស័យ​កសិកម្ម​ខ្លាំង​ជាង​មុន​នៅ​កម្ពុជា៕

ចែករំលែកតាម៖