ការអនុវត្តផលិតកម្មល្អ(GMP)និងសារៈប្រយោជន៍

ការអនុវត្តផលិតកម្មល្អ(GMP)និងសារៈប្រយោជន៍

វិញ្ញាបនបត្របញ្ជាក់ស្តង់ដាប្រព័ន្ធGMP

ការ​អនុវត្ត​ប្រព័ន្ធ​ស្តង់ដា​សុវត្ថិភាព​ម្ហូប​អាហារ​នៅ​កម្ពុជា​ត្រូវ​បាន​បែងចែក​ជា​ច្រើន​កម្រិត​និង​ដំណាក់កាល។ មន្ត្រី​ជំនាញ​ផ្នែក​ស្តង់ដា​ចំណី​អាហារ​បាន​ឱ្យ​ដឹង​ថា ការ​អនុវត្ត​ផលិតកម្ម​ល្អ​ឬ GMP គឺ​ជា​ការ​អនុវត្ត​ដំបូង​គេ​ដែល​ប្រព័ន្ធ​ស្តង់ដា​សុវត្ថិភាព​ចំណី​អាហារ​តម្រូវ​ឱ្យ​ក្រុមហ៊ុន/​សហគ្រាស​អនុវត្ត​ជា​មូលដ្ឋាន​គ្រឹះ​មុន​នឹង​ឈាន​ទៅ​រក​ការ​អនុវត្ត​ស្តង់ដា​សុវត្ថិភាព​ម្ហូប​អាហារ​កម្រិត​ខ្ពស់។

លោក សោម ណូ អនុប្រធាន​នាយកដ្ឋាន​វិញ្ញាបនបត្រកម្ម​នៃ​វិទ្យាស្ថាន​ស្តង់ដា​កម្ពុជា មាន​ប្រសាសន៍​ថា ការ​អនុវត្ត GMP គឺ​សំដៅ​ដល់​ការ​រៀបចំ​បរិយាកាស​ខ្សែ​ចង្វាក់​ទាំង​មូល​ឱ្យ​មាន​ភាព​ស្អាត​ល្អ មាន​អនាម័យ និង​ផាសុកភាព ជៀស​ផុត​ពី​ការ​ចម្លង​រោគ​ផ្សេងៗ​ដល់​ផលិត​ចំណី​អាហារ។ ប្រព័ន្ធ​នេះ​ត្រូវ​បាន​អនុវត្ត​តាម​គោលការណ៍​សុវត្ថិភាព​ចំណី​អាហារ​របស់​អង្គការ Codex ដែល​ជា​អង្គការ​បង្កើត​ឡើង​ដោយ​អង្គការ​សុខភាព​ពិភពលោក​និង​អង្គការ​ស្បៀង​អាហារ​និង​កសិកម្ម​ពិភពលោក​(FAO) សម្រាប់​ធ្វើ​ការ​ណែនាំ​លើ​ស្តង់ដា​និង​សុវត្ថិភាព​ម្ហូប​អាហារ។

លោក សោម ណូ មាន​ប្រសាសន៍​ថា៖ «GMP​ឬ​ការ​រៀបចំ​ឱ្យ​មាន​អនាម័យ​ហ្នឹង​គិត​ទាំង​បរិវេណ​ជុំវិញ គិត​ទាំង​អគារ កម្រាល ជញ្ជាំង អំពូល គិត​ទាំង​កន្លែង​ដាក់។ យើង​គោរព​ទៅ​តាម​ស្តង់ដា​ហ្នឹង​បើ​ជា​អក្សរ​កាត់​នៃ​គោលការណ៍​ណែនាំ​អន្តរជាតិ​ហ្នឹង​គឺ CAC RCP 1-1969(Rev.4-2003)។ យើង​នៅ​អនុវត្ត​អាហ្នឹង ប្រទេស​នានា​នៅ​អនុវត្ត​ថ្វី​ដ្បិត​តែ​គោលការណ៍​ណែនាំ​ហ្នឹង​ដដែល​ចេញ​មក​ដល់ Revision (កំណែ​ប្រែ) ចុងក្រោយ​ចេញ​នៅ​ឆ្នាំ​២០០៩​មែន​ប៉ុន្តែ​គេ​នៅ​តែ​អនុវត្ត​ឆ្នាំ​២០០៣»។

លោក សោម ណូ ឱ្យ​ដឹង​ដែរ​ថា ស្តង់ដា​ប្រព័ន្ធ GMP នេះ​ត្រូវ​បាន​អនុវត្ត​តាំង​ពី​ឆ្នាំ​១៩៦៩ នៅ​សហរដ្ឋ​អាមេរិក ហើយ​កម្ពុជា​បាន​ចាប់​អនុវត្ត​ស្តង់ដា​នេះ​ចាប់​ពី​ឆ្នាំ​ក្នុង​អំឡុង​ឆ្នាំ​២០០៧ មក ដោយ​ត្រូវ​បាន​ចងក្រង​កែ​សម្រួល​ពី​ស្តង់ដា​អាស៊ាន។

លោក​បន្ត​ថា៖ «យើង​មាន​ស្តង់ដា​អាស៊ាន​មួយ​ដែល​យើង ASEAN FOODS HYGIENIC យក​មក​បង្កើត​មក​ជា​ឈ្មោះ​ខ្មែរ​ហៅ​ថា CS 084:2010»។

សៀវភៅ​ស្តី​ពី​គោលការណ៍​រួម​និង​ការ​តម្រូវ​របស់​អាស៊ាន​សម្រាប់​អនាម័យ​ម្ហូប​អាហារ CS84:2010 កម្រាស់​ជាង​១០ទំព័រ​បាន​ពន្យល់​យ៉ាង​លម្អិត​ពី​បែបបទ​នៃ​ការ​អនុវត្ត GMP ចំនួន​១១​ចំណុច។ គោលការណ៍​ទាំង​១១​ចំណុច​ដែល GMP តម្រូវ​ឱ្យ​អនុវត្ត​រួម​មាន៖ ការ​សម្អាត​អនាម័យ ផលិតកម្ម​បឋម​ គ្រឹះស្ថាន​គំនូស​ប្លង់ ទព្វ​សម្ភារៈ​ផ្សេងៗ ​(​សកម្មភាព​ឬ​ការ​អនុវត្ត​សម្រាប់​ការ​រៀបចំ​សម្ភារៈ​ឱ្យ​មាន​អនាម័យ) ការ​ត្រួត​ពិនិត្យ ការ​ប្រតិបត្តិការ​គ្រឹះស្ថាន ការ​ថែរក្សា​និង​អនាម័យ អនាម័យ​បុគ្គលិក ការ​ដឹក​ជញ្ជូន ព័ត៌មាន​លម្អិត​ពី​ផលិតផល និង​ការ​បណ្តុះ​បណ្តាល​បុគ្គលិក។

លោក សោម ណូ បញ្ជាក់​ថា រាល់​ការ​អនុវត្ត​ចំណុច​នីមួយៗ ក្រុមហ៊ុន​ឬ​សហគ្រាស​ទាំងអស់​ត្រូវ​កត់ត្រា​ជា​អក្សរ ដើម្បីទុក​សម្រាប់​សវនករ​ផ្ទៃ​ក្នុង​របស់​ក្រុមហ៊ុន​ត្រួត​ពិនិត្យ រៀបចំ​ជា​ឯកសារ​ក្នុង​ការ​ស្នើ​សុំ​វិញ្ញាបនបត្រ​ពី​ស្ថាប័ន​ជំនាញ។ លោក​ថា ដើម្បី​អាច​អនុវត្ត GMP/GHP ក្រុមហ៊ុន​ឬ​សហគ្រាស​នៅ​កម្ពុជា ត្រូវ​ស្វែង​រក​ឯកសារ​ពី​ស្តង់ដា​នេះ​មក​សិក្សា ហើយ​ស្វែង​រក​ស្ថាប័ន​ជំនាញ​ឱ្យ​ទៅ​បណ្តុះ​បណ្តាល​ដល់​បុគ្គលិក​ក្នុង​ស្ថាប័ន​របស់​ខ្លួន។

អ្នក​ជំនាញ​វ័យ​ជាង​៤០​ឆ្នាំ​រូប​នេះ​បន្ថែម​ថា ក្រុមហ៊ុន​ដែល​បាន​អនុវត្ត GMP/GHP ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ដូចជា​កាត់​បន្ថយ​ភាព​ខ្ជះខ្ជាយ​និង​បង្ការ​បញ្ហា​ផ្សេងៗ​ដែល​អាច​កើត​ឡើង​នៅ​ក្នុង​ខ្សែចង្វាក់​ផលិតកម្ម ព្រោះ​ការ​អនុវត្ត​ត្រូវ​ស្តង់ដា​នឹង​មិន​ធ្វើ​ឱ្យ​ផលិតផល​ខូចខាត។ លើស​ពី​នេះ រាល់​ការ​អនុវត្ត​ចំណុច​នីមួយៗ​ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន​ត្រូវ​បាន​កត់ត្រា​និង​មាន​ប្រព័ន្ធ​តាម​ដាន​ច្បាស់លាស់ ងាយស្រួល​ក្នុង​ការ​ស្វែង​រក​ចំណុច​ដែល​បង្ក​បញ្ហា​នៅ​ក្នុង​ខ្សែចង្វាក់​ផលិតកម្ម។

អ្នក​ជំនាញ​រូប​នេះ​បន្ថែម​ថា ស្តង់ដា​នេះ​បាន​ផ្តល់​ទំនុក​ចិត្ត​ដល់​អតិថិជន​លើ​ការ​អនុវត្ត​ផលិតកម្ម​ល្អ​និង​ការ​អនុវត្ត​អនាម័យ​ល្អ​តែ​ប៉ុណ្ណោះ។ លោក​បន្ត​ថា អតិថិជន​ដែល​ទិញ​ចំណី​អាហារ​ពី​ក្រុមហ៊ុន​ដែល​មាន​ស្លាក​សញ្ញា​ជា​ប្រព័ន្ធ GMP/GHP មក​បរិភោគ​មាន​ន័យ​ថា ហានិភ័យ​នៃ​ការ​រងគ្រោះ​ដោយសារ​ចំណី​អាហារ​ត្រូវ​បាន​កាត់​បន្ថយ​ត្រឹម​មូលដ្ឋាន​គ្រឹះ​ដំបូង​មិន​ទាន់​អាច​ធានា​បាន​ថា អាហារ​ទាំង​នោះ​មាន​សុវត្ថិភាព​១០០%​នោះ​ទេ។ ក៏​ប៉ុន្តែ GMP នេះ​គឺ​ជា​ជំហាន​មួយ​សំខាន់​សម្រាប់​ក្រុមហ៊ុន​ក្នុង​ការ​ឈាន​ទៅ​អនុវត្ត​ស្តង់ដា​សុវត្ថិភាព​ចំណី​អាហារ​កម្រិត​ខ្ពស់។

លោក សោម ណូ បញ្ជាក់​ថា ស្លាកសញ្ញា​នៃ​ស្តង់ដា​ជា​ប្រព័ន្ធ​នេះ​ត្រូវ​បាន​បិទ​នៅ​លើ​សម្បក​ប្រអប់​ឬ​រថយន្ត​ដែល​ដឹក​ទំនិញ​គឺ​មិន​តម្រូវ​ឱ្យ​បិទ​នៅ​លើ​សំបក​វេច​ខ្ចប់​ផលិតផល​នោះ​ទេ៕

ចែករំលែកតាម៖