ស្ត្រីដើរតួនាទីសំខាន់ក្នុងការជួយកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកំពុងអភិវឌ្ឍ

ស្ត្រីដើរតួនាទីសំខាន់ក្នុងការជួយកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកំពុងអភិវឌ្ឍ

ទិវាសហគ្រិនស្ត្រី ក្រោមប្រធានបទ «វិនិយោគជាមួយស្ត្រីគឺជាគន្លឹះឆ្លាតវៃ»

ស្ត្រី​ជា​ច្រើន​រយ​នាក់​រួម​មាន​ទាំង​កសិករ​ បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល​ និង​មន្ត្រី​រាជការ​ កំពុង​សាទរ​ជាមួយ​នឹង​ការ​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​លើក​ទី​១០៧​ ឆ្នាំ​២០១៨​ ក្រោម​ប្រធានបទ​ “ស្ត្រី​រួម​គ្នា​ថែ​រក្សា​សន្តិភាព​ដើម្បី​អភិវឌ្ឍ​ជាតិ”​ នៅ​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា​កូរ៉េ​ (CKCC)។​

ឯកអគ្គរាជទូត​ស៊ុយអែត​ប្រចាំ​ប្រទេស​កម្ពុជា​ លោកស្រី​ Maria​ Sargren​ ដែល​បាន​ចូលរួម​កម្មវិធី​នេះ​មាន​ប្រសាសន៍​ថា​ ទិវា​នារី​អន្តរជាតិ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ដំបូង​បង្អស់​កាល​ពី​ឆ្នាំ​១៩១១​ ក្នុង​គោល​បំណង​រំឭក​ការ​តស៊ូ​របស់​ស្ត្រី​ក្នុង​ការ​ទាមទារ​សិទ្ធិ​សេរីភាព​និង​ការ​អនុវត្ត​សិទ្ធិ​ស្មើភាព​រវាង​បុរស​និង​ស្ត្រី។​

លោកស្រី​ Maria​ Sargren​ បន្ត​ថា​ បើ​ប្រៀបធៀប​ទៅ​នឹង​កាល​ដែល​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​ជា​លើក​ដំបូង​ ស្ថានភាព​ស្ត្រី​ទូទាំង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ភាព​ប្រសើរ​ឡើង​ច្រើន​ដោយ​សិទ្ធិ​របស់​ស្ត្រី​មាន​ការ​រីក​ដុះដាល​ទូលំ​ទូលាយ​ ស្ត្រី​ទទួល​បាន​សិទ្ធិ​បោះឆ្នោត​គ្រប់​ទី​កន្លែង​ ស្ត្រី​ក៏​បាន​ឈាន​ទៅ​រក​មុខ​ដំណែង​ជា​អ្នក​ដឹកនាំ​កាន់​តែ​ច្រើន​ឡើង​ទាំង​នៅ​ក្នុង​វិស័យ​អាជីវកម្ម​និង​ក្នុង​វិស័យ​នយោបាយ។​

ឯកអគ្គរាជទូត​រូប​នេះ​រៀបរាប់​អំពី​និយមន័យ​នៃ​សមភាព​យេនឌ័រ​ថា​ មនុស្ស​មិន​ថា​ជា​បុរស​ស្ត្រី​ឬ​មាន​ភេទ​អ្វី​ឡើយ​សុទ្ធ​តែ​មាន​សិទ្ធិ​ធ្វើ​ការងារ​ផ្គត់ផ្គង់​ខ្លួនឯង​ មាន​សិទ្ធិ​រក្សា​តុល្យភាព​រវាង​ការងារ​ជាមួយ​ជីវិត​គ្រួសារ​ និង​មាន​សិទ្ធិ​រស់នៅ​ដោយ​គ្មាន​ក្ដី​ភ័យ​ខ្លាច​ចំពោះ​ការ​រំលោភ​បំពាន​ឬ​អំពើ​ហិង្សា។​

លោកស្រី​ Maria​ Sargren​ លើក​ឡើង​បន្ត​ថា៖​ «នៅ​ក្នុង​សង្គម​ដែល​មាន​សមភាព​យេនឌ័រ​ ពេល​ដែល​ស្ត្រី​មាន​សិទ្ធិ​គ្រប់គ្រង​លើ​ទ្រព្យ​សម្បត្តិ​ ឬ​អាច​រក​ចំណូល​បាន​ យើង​ឃើញ​ថា​ធនធាន​ផ្នែក​សេដ្ឋកិច្ច​មាន​ការ​កើន​ឡើង​…​ស្ត្រី​ក៏​វិនិយោគ​ភាគរយ​នៃ​ប្រាក់​ចំណូល​របស់​ខ្លួន​ក្នុង​ចំនួន​ច្រើន​ទៅ​លើ​ការ​អប់រំ​របស់​កូនៗ​ច្រើន​ជាង​បុរស​ដែរ។​ ជា​លទ្ធផល​ធ្វើ​ឱ្យ​កុមារ​ទទួល​បាន​ការ​អប់រំ​កាន់​តែ​ប្រសើរ​និង​មាន​វិជ្ជា​ជីវៈ​កាន់​តែ​ល្អ​នៅ​ពេល​អនាគត​ផង​ដែរ។​ ជា​ថ្មី​ម្ដង​ទៀត​ គេ​បាន​សង្កេត​ឃើញ​ថា​ ការងារ​របស់​ស្ត្រី​ទាំង​ការងារ​មាន​ប្រាក់​ឈ្នួល​ ទាំង​ការងារ​មិន​មាន​ប្រាក់​ឈ្នួល​ គឺ​ជា​កត្តា​ដ៏​មាន​សារៈសំខាន់​បំផុត​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ»។​

លោកស្រី គឹម ស៊ីផាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រនិងការអភិវឌ្ឍសេដ្ឋកិច្ច
លោកស្រី គឹម ស៊ីផាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រនិងការអភិវឌ្ឍសេដ្ឋកិច្ចប្រចាំ​ក្រសួង​កិច្ចការ​នារី​​ 

ស្រដៀង​គ្នា​នឹង​ការ​លើក​ឡើង​របស់​លោកស្រី​ឯកអគ្គរាជទូត​នេះ​ដែរ​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សមភាព​យេនឌ័រ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចប្រចាំ​ក្រសួង​កិច្ចការ​នារី​​ លោកស្រី​ គឹម​ ស៊ីផាត់​ មាន​ប្រសាសន៍​ថា​ នៅ​ពេល​ដែល​ប្រទេស​ទទួល​បាន​សុខ​សន្តិភាព​និង​សមភាព​យេនឌ័រ​ពេញលេញ​ ស្ត្រី​អាច​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​អប់រំ​ ទទួល​បាន​នូវ​សេវា​សុខា​ភិបាល​ ដែល​ជា​កត្តា​ជួយ​ឱ្យ​ស្ត្រី​រក​ប្រាក់​ចំណូល​បាន​ច្រើន​សម្រាប់​គ្រួសារ​ ទទួល​បាន​តួនាទី​និង​ឋានៈ​នៅ​ក្នុង​សង្គម​ ទទួល​បាន​ការ​ទទួល​ស្គាល់​និង​ឱ្យ​តម្លៃ​ពី​ស្ត្រី​ដូច​គ្នា​ ហើយ​បង្ហាញ​ភាព​ជា​គំរូ​ទៅ​ដល់​ក្មេង​ស្រី​និង​យុវវ័យ​ដែល​អ្នក​បន្ត​វេន។​

លោកស្រី​ គឹម​ ស៊ីផាត់​ បន្ត​ថា​ នៅ​ពេល​ដែល​ស្ត្រី​មាន​សិទ្ធិ​ស្មើ​បុរស​ ប្រទេស​ជាតិ​ទាំង​មូល​នឹង​មាន​ការ​អភិវឌ្ឍ​លឿន​និង​អាច​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​កាន់​តែ​ប្រសើរ។​

លោកស្រី​ គឹម​ ស៊ីផាត់​ មាន​ប្រសាសន៍​បន្ត​ថា៖​ «យើង​ដឹង​ហើយ​ថា​ស្ត្រី​គាត់​មាន​សិទ្ធិ​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ទាំង​សេដ្ឋកិច្ច​គ្រួសារ​ទាំង​សង្គម​ ទី២​ស្ត្រី​គាត់​មាន​សិទ្ធិ​ទទួល​បាន​នូវ​ការ​អប់រំ​ ពី​ព្រោះ​ស្ត្រី​និង​បុរស​គឺ​ជា​មនុស្ស​ដូច​គ្នា​ ហើយ​គឺ​ជា​ធនធាន​ដ៏​សំខាន់​ណាស់​ដែល​ប្រទេស​ជាតិ​នីមួយៗ​មិន​អាច​កាត់​ផ្ដាច់​ស្ត្រី​ចេញ​ពី​បុរស​ កាត់​ផ្ដាច់​បុរស​ចេញ​ពី​ស្ត្រី​បាន​ទេ។​ [អ៊ី]ចឹង​ ការ​អភិវឌ្ឍ​ប្រទេស​មួយ​មាន​ល្បឿន​លឿន​ លុះ​ត្រា​តែ​មាន​ការ​ចូលរួម​ទាំង​បុរស​និង​ស្ត្រី។​ ហើយ​ការ​គោរព​និង​ការ​ឱ្យ​តម្លៃ​ទៅ​លើ​អ្នក​ទាំង​២​ដូចគ្នា​នៅ​ក្នុង​សង្គម​ ទាំង​ការ​ចូលរួម​ទាំង​ការ​ធ្វើ​សេចក្ដី​សម្រេច​ ទាំង​ការ​ទទួល​ផល​ប្រយោជន៍​ពី​កម្មវិធី​អភិវឌ្ឍន៍​ផ្សេងៗ​របស់​សង្គម​ជាតិ​យើង»។​

ស្ថិត​នៅ​ក្នុង​សម្លៀក​បំពាក់​អាវ​ស​ សំពត់​បត់​ទឹក​ប៊ិក​ក្រម៉ៅ​ កញ្ញា​ លី​ និមល​ និស្សិត​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ រៀបរាប់​ថា​ កញ្ញា​សង្កេត​ឃើញ​ក្មេង​ស្រី​ឥឡូវ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​រៀន​ច្រើន​ ដូចជា​នៅ​ខេត្ត​កំពង់ស្ពឺ​ដែល​ជា​ស្រុក​កំណើត​របស់​នាង​ផ្ទាល់។​ និស្សិត​រូបវិទ្យា​ឆ្នាំ​ទី១​ វ័យ​២០​ឆ្នាំ​នេះ​ លើក​ឡើង​អំពី​បទ​ពិសោធន៍​ជាក់​ស្ដែង​ដែល​នាង​បាន​ទទួល​ពី​ក្រុម​គ្រួសារ​និង​នៅ​ជុំវិញ​ខ្លួន​ថា​ នាង​មិន​ដែល​ទទួល​បាន​ការ​មាក់​ងាយ​ពី​គ្រួសារ​និង​មិត្ត​រួម​ថ្នាក់​ឡើយ​ ដោយ​ជា​រៀងរាល់​ថ្ងៃ​ នាង​តែងតែ​ទទួល​បាន​អាទិភាព​ក្នុង​ការ​បញ្ចេញ​យោបល់​ទៅ​លើ​ការងារ​ក្រុម​និង​ការងារ​ក្នុង​គ្រួសារ​ជានិច្ច។​

កញ្ញា​ លី​ និមល​ លើក​ឡើង​បន្ត​ថា៖​ «ស្ត្រី​យើង​អាច​ធ្វើអ្វី​បាន​គ្រប់​យ៉ាង​ដូច​បុរស​ចឹង​ ជួន​កាល​អាច​ខ្លាំង​ជាង​បុរស​ក៏​ថា​បាន​ដែររ​…​ហើយ​បុរស​សូម​កុំ​មើល​ងាយ​ស្ត្រី​ថា​ស្ត្រី​ជា​មនុស្ស​ទន់ខ្សោយ​ ស្ត្រី​ជា​មនុស្ស​ដែល​មិន​អាច​វិល​ចង្ក្រាន​ជុំ»។​

មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ​នោះ​ នៅ​ភូមិ​ស្ពានគ្រង​ ឃុំ​ចំណាក្រោម​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ ក៏​មាន​ស្ត្រី​ជា​ថ្នាក់​ដឹកនាំ​និង​តែង​ទទួល​បាន​ការ​ជ្រោមជ្រែង​ឱ្យ​តម្លៃ​ពី​បុរស​ដែល​រស់នៅ​ក្នុង​ភូមិ​ឃុំ​ជាមួយ​គ្នា។​

ក្រុម​ប្រឹក្សា​ឃុំ​វ័យ​៥៦ឆ្នាំ​ លោកស្រី​ ខៀវ​ ឃឿម​ រស់នៅ​ភូមិ​ស្ពាន​គ្រង​ តែង​ទទួល​បាន​ការ​គាំទ្រ​ពី​ស្វាមី​និង​អ្នក​រួម​ភូមិ​រួម​ស្រុក​ជាមួយ​គ្នា​ ដោយ​លោកស្រី​អាច​ចុះ​អប់រំ​ប្រជា​ពលរដ្ឋ​តាម​សហគមន៍​ មាន​សិទ្ធិ​ក្នុង​ការ​ចូលរួម​បញ្ចេញ​មតិ​យោបល់​ ឈរ​ឈ្មោះ​បោះឆ្នោត​ និង​ចូលរួម​វគ្គ​បណ្ដុះ​បណ្ដាល​តាម​ភូមិឃុំ​ ក៏​ដូចជា​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ។​

លោកស្រី​ ខៀវ​ ឃឿម​ លើក​ឡើង​ថា៖​ «យើង​ជា​កសិករ​មែន​ តែ​យើង​មាន​តួនាទី​តិច​តួច​ដែរ​នៅ​ក្នុង​ភូមិ​ឃុំ។​ ដល់​អ៊ីចឹង​យើង​ឃើញ​ថា​ប្រជាជន​នៅ​ក្នុង​ភូមិ​ឃុំ​ក៏​គេ​គាំទ្រ​ ជា​ពិសេស​គឺ​ប្ដី​យើង​តែ​ម្ដង​ គាំទ្រ​ឱ្យ​យើង​ដើរ​ហើរ​ មក​ធ្វើ​ការ​ជាមួយ​សហគមន៍​អ៊ីចឹង​ ក៏​ដោយ​ មក​វេទិកា​ភ្នំពេញ​អី​គេ​គាំទ្រ​ទាំងអស់​ បើសិន​ជា​ប្ដី​ហ្នឹង​ចេះ​ប្រចណ្ឌ​ចេះ​អី​ មិន​អាច​ដើរ​បាន»។​

យោង​តាម​ទិន្នន័យ​របស់​ក្រសួង​មុខងារ​សាធារណៈ​ ការ​ចូលរួម​របស់​ស្ត្រី​នៅ​ក្នុង​វិស័យ​សាធារណៈ​កើន​ឡើង​ពី​៣២​ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០០៧​ ដល់​៤១​ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០១៧។​

របាយការណ៍​ដដែល​ឱ្យ​ដឹង​ដែរ​ថា​ រាជរដ្ឋាភិបាល​ក៏​បាន​តែង​តាំង​ស្ត្រី​ជា​អភិបាល​ខេត្ត​មួយ​រូប​ អភិបាល​ក្រុង​ស្រុក​៧រូប​ អភិបាលរង​រាជធានី​ខេត្ត​២៦រូប​ អភិបាលរង​ក្រុង​ស្រុក​ខណ្ឌ​១៨៥រូប​ និង​ស្ត្រី​ជា​ថ្នាក់​ដឹកនាំ​ឃុំ​ប្រមាណ​៣០​រូប។​

លោកស្រី Maria Sargren ឯកអគ្គរាជទូតស៊ុយអែតប្រចាំប្រទេសកម្ពុជា
លោកស្រី Maria Sargren ឯកអគ្គរាជទូតស៊ុយអែតប្រចាំប្រទេសកម្ពុជា

ទន្ទឹម​នឹង​ការ​ផ្ដល់​សិទ្ធិ​ឱ្យ​ស្ត្រី​ខ្ពស់​ជាង​មុន​ ស្ត្រី​ក៏​នៅ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​នៅ​ឡើយ។​ លោកស្រី​ Maria​ Sargren​ ក៏​បាន​លើក​ឡើង​ដែរ​ថា​ នៅ​ក្នុង​បណ្ដា​ប្រទេស​ជា​ច្រើន​ស្ត្រី​នៅ​តែ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​ភេទ​តូច​ទាប​ជាង​បុរស​ ដោយសារ​តែ​ប្រពៃណី​និង​ផ្នត់គំនិត​សង្គម។​

ឯកអគ្គរាជទូត​ស៊ុយអែត​ប្រចាំ​ប្រទេស​កម្ពុជា​ លោកស្រី​ Maria​ Sargren​ ក៏​បាន​ចែក​រំលែក​ពី​ស្ថានភាព​សមភាព​យេនឌ័រ​នៅ​ក្នុង​ប្រទេស​ស៊ុយអែត​ដូច្នេះ​ថា៖​ «នៅ​ប្រទេស​ស៊ុយអែត​ ៥០​ភាគរយ​នៃ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​និង​៥០​ភាគរយ​នៃ​សមាជិក​សភា​ជា​ស្ត្រី។​ នៅ​ក្នុង​គ្រួសារ​ម្ដាយ​និង​ឪពុក​តែង​តែ​ចែក​រំលែក​ថ្ងៃ​ឈប់​សម្រាក​ដើម្បី​មើល​ថែ​កូន។​ ការ​ឈប់​សម្រាក​មាតុភាព​និង​បិតុភាព​ គឺ​ស្ត្រី​និង​បុរស​ចែក​ស្មើភាព​គ្នា​ដែល​អនុញ្ញាត​ឱ្យ​ស្ត្រី​ទៅ​ធ្វើការ​ អភិវឌ្ឍ​អាជីព​និង​ចូលរួម​វិភាគទាន​គ្រួសារ។​ ដោយ​សមភាព​យេនឌ័រ​បាន​ចាក់​ស​យ៉ាង​ជ្រៅ​ទៅ​គ្រប់​វិស័យ​នៃ​ប្រទេស​ស៊ុយអែត​ ដូច្នេះ​យើង​ក៏​ជា​ស្នូល​នៃ​ភាព​ជា​ដៃគូ​ជាមួយ​បណ្ដា​ប្រទេស​ដទៃ​ដែល​មាន​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ»។​

យោង​តាម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សមភាព​យេនឌ័រ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ការ​ប្រលង​ជ្រើសរើស​មន្ត្រី​ថ្មី​គឺ​ត្រូវ​មាន​ស្ត្រី​ពី​២០​ទៅ​៣០​ភាគរយ។​ មិន​តែ​ប៉ុណ្ណោះ​ ព្រះ​រាជ​ក្រិត្យ​ស្ដី​ពី​ការ​ពន្យារ​អាយុ​ចូល​និវត្តន៍​របស់​មន្ត្រី​រាជការ​ជា​ស្ត្រី​ដល់​៦០ឆ្នាំ។​

៨​ មីនា​ គឺ​ជា​ថ្ងៃ​សិទ្ធិ​របស់​នារី​ តែ​មិនមែន​មាន​ន័យ​ថា​នារី​មាន​សិទ្ធិ​តែ​មួយ​ថ្ងៃ​នេះ​ទេ​ ពោល​គឺ​ស្ត្រី​និង​បុរស​មាន​សិទ្ធិ​ចំនួន​៣៦៥​ថ្ងៃ​ដូច​គ្នា។​ លោកស្រី​ គឹម​ ស៊ីផាត់​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សមភាព​យេនឌ័រ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចប្រចាំ​ក្រសួង​កិច្ចការ​នារី​​​និង​គ្រប់​ភាគី​សំណូមពរ​ឱ្យ​បុរស​និង​ក្មេង​ប្រុស​ទាំងអស់​រួម​គ្នា​ផ្ដល់​ឱកាស​ឱ្យ​តម្លៃ​ គោរព​ ស្រលាញ់​ស្ត្រី​ដែល​ជា​កូន​ ជា​ភរិយា​ ជា​មាតា​ ត្រូវ​ធ្វើ​យ៉ាងណា​ឱ្យ​ស្ត្រី​ទទួល​បាន​អត្ថប្រយោជន៍​ដូចៗ​គ្នា៕​

ចែករំលែកតាម៖