អ្នកជំនាញ​កសិកម្ម​ជំរុញ​ឱ្យ​កសិករ​អនុវត្ត​គោលការណ៍​កសិកម្ម​ល្អ GAP

អ្នកជំនាញ​កសិកម្ម​ជំរុញ​ឱ្យ​កសិករ​អនុវត្ត​គោលការណ៍​កសិកម្ម​ល្អ GAP

ការ​អនុវត្ត​កសិកម្ម​ល្អ ឬ​ហៅ​កាត់​ថា GAP មាន​គោល​បំណង​ការពារ ឬ​កាត់​បន្ថយ​ហានិភ័យ​ដែល​អាច​កើត​ឡើង​ឱ្យ​នៅ​ក្នុង​កម្រិត​ទាប​បំផុត ទៅ​លើ​ផ្នែក​សុវត្ថិភាព​ចំណី​អាហារ គុណភាព​ផលិតផល ការ​គ្រប់គ្រង​បរិស្ថាន និង​សុខភាព​របស់​កសិករ។

អនុប្រធាន​នាយកដ្ឋាន​ការពារ​ដំណាំ​អនាម័យ និង​ភូតគាម​អនាម័យ​នៃ​ក្រសួង​កសិកម្ម លោក ហេង ឈុនហ៊ី អះអាង​ថា ស្ដង់ដា​នៃ​GAP គឺ​សំដៅ​ជា​ចម្បង​លើ​ផលិតផល​បន្លែ​និង​ផ្លែឈើ​ស្រស់ ពី​ព្រោះ​បច្ចុប្បន្ន​ទាំង​បន្លែ និង​ផ្លែឈើ​ស្រស់​នេះ ភាគ​ច្រើន​ប្រើប្រាស់​សារធាតុ​គីមី​ពុល​ដ៏​ច្រើន​លើសលប់​ដែល​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ទាំង​អ្នក​ដាំ​ដុះ និង​អ្នក​បរិភោគ។​

លោក ហេង ឈុនហ៊ី៖ «នៅ​ពេល​បច្ចុប្បន្ន​នេះ មិន​ទាន់​មាន​បន្លែ​បិទ​(ស្លាក)​សុវត្ថិភាព​(នៅ​ឡើយ)​ទេ តែ​យើង​បាន​បង្រៀន​ពី​គោលការណ៍ ថា​ការ​អនុវត្ត​កសិកម្ម​ល្អ ដែល​ខ្ញុំ​ជំរាប​ជូន ៨ ៩ ចំណុច​ធំៗ​ហ្នឹង។ ប៉ុន្តែ​ក្នុង​នោះ​គឺ​យើង​សង្កត់​ធ្ងន់​៣ ដែល​យើង​ធ្វើ​យ៉ាង​ណា​បញ្ជាក់​ឱ្យ​ពិត​ថា បន្លែ​របស់​យើង​នេះ គឺ​មិន​មាន​ជាតិ​ពុល​ក្នុង​បន្លែ​ទេ»។

លោក ឆាយ សុងលាង តំណាង​នៃ​សហករណ៍​សរីរាង្គ​ខ្មែរ ដែល​ជា​ក្រុមហ៊ុន​ឯកជន​មួយ​ធ្វើ​ការ​ផ្ទាល់​ជាមួយ​ប្រជាកសិករ ក្នុង​ការ​ជំរុញ​ពួក​គាត់​ឱ្យ​អនុវត្ត​គោលការណ៍​GAP បាន​ឱ្យ​ដឹង​ថា ការ​អនុវត្ត​GAP មាន​ភាព​លំបាក​បន្តិច បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ដាំដុះ​តាម​ទម្លាប់​របស់​កសិករ។ ប៉ុន្តែ​បុរស​វ័យ​ជាង​៣០​ឆ្នាំ​រូប​នេះ​បញ្ជាក់​ទៀត​ថា ការ​ដាំ​ដុះ​បន្លែ និង​ផ្លែឈើ​ដែល​អនុវត្តន៍​គោលការណ៍​GAP​នេះ បាន​ផ្តល់​ទីផ្សារ​ខ្ពស់​សម្រាប់​ប្រជា​កសិករ។

លោក ឆាយ សុងលាង តំណាង​សហករណ៍​សរីរាង្គ​ខ្មែរ៖ «និយាយ​ទៅ​យើង​កំពុង​តែ​ជំរុញ​គាត់ ធ្វើ​ម៉េច​ឱ្យ​គាត់​ដាំ ហើយ​គោរព​ទៅ​តាម​គោលការណ៍ ហើយ​តម្លៃ​ដែល​គាត់​បាន​ហ្នឹង គឺ​បាន​ថ្លៃ។ ហើយ​មួយ​ទៀត​យើង​សហការ​ជាមួយ​ដៃគូ​អ្នក​ទិញ​អីចឹង យើង​ពន្យល់​ប្រាប់​គាត់ គេ​ទិញ​ចង់​បាន​ផលិតផល​ដែល​ល្អ ហើយ​មាន​សុវត្ថិភាព»។

លោក ហេង ឈុនហ៊ី អនុប្រធាននាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យនៃក្រសួងកសិកម្ម
លោក ហេង ឈុនហ៊ី អនុប្រធាននាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យនៃក្រសួងកសិកម្ម

យោង​តាម​ព័ត៌មាន​ពី​អង្គការ​ស្តង់ដា​អន្តរជាតិ (ISO) ដែល​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​បាន​ឲ្យ​ដឹង​ថា មាន​ជំងឺ​ជាង​២០០​ប្រភេទ ដែល​ឆ្លង​តាម​ចំណី​អាហារ។ ដូច្នេះ​ការ​ទទួល​បាន​នូវ​អាហារ​ដែល​មាន​សុវត្ថិភាព និង​និរន្តភាព​គឺ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​របស់​ពិភពលោក។

GAP គឺ​ជា​ស្តង់ដា​ស្ម័គ្រចិត្ត​មួយ​សម្រាប់​អនុវត្ត​ការងារ​កសិកម្ម​ល្អ ក្នុង​អំឡុង​ពេល​ធ្វើ​ផលិតកម្ម ពេល​ប្រមូលផល និង​ក្រោយ​ពេល​ប្រមូល​ផល​បន្លែ និង​ផ្លែឈើ​ស្រស់។ នេះ​បើ​តាម​ឯកសារ​របស់​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​បាន​បង្ហាញ​នៅ​ក្នុង​សិក្ខា​សាលា​ស្តី​ពី​ការ​គ្រប់គ្រង​តាម​ដាន​ការ​អនុវត្តន៍​កសិកម្ម​ល្អ នា​ពាក់​កណ្តាល​ខែ​សីហា ឆ្នាំ​២០១៨។

បើ​តាម​លោក ហេង ឈុនហ៊ី មន្រ្តី​ជំនាញ​នៃ​ក្រសួង​កសិកម្ម GAP មាន​គោលការណ៍​៩​ចំណុច រាប់​ចាប់​ពី​ទី​១ ប្រវត្តិ​ទីកន្លែង ទី​២ ការ​គ្រប់គ្រង ទី​៣ បំណែក​ពូជ​ដំណាំ ជី និង​សារធាតុ​បន្ថែម​ដាក់​ក្នុង​ដី ទី​៤ ប្រភព​ទឹក ទី​៥ សារធាតុ​គីមី ទី​៦ ការ​ប្រមូលផល ទី​៧ ការ​លើក​ដាក់ ទី​៨ ការ​កត់ត្រា​នានា និង​ចុង​ក្រោយ​ទី​៩ គឺ​ការ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ការ​អនុវត្តន៍​ដើម្បី​ឱ្យ​ប្រាកដ​ថា បន្លែ និង​ផ្លែឈើ​ស្រស់ ដែល​ត្រូវ​បាន​ចរាចរ​លើ​ទីផ្សារ​មិន​ប៉ះពាល់​ដល់​សុខភាព និង​គ្មាន​សារធាតុ​គីមី។ GAP ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​កម្ពុជា និង​បណ្តា​ប្រទេស​អាស៊ាន​ផង​ដែរ ក្រោម​កិច្ច​ពិភាក្សា និង​ឯកភាព​គ្នា ដោយ​រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម​នៃ​ប្រទេស​ទាំង​នោះ កាល​ពី​ពេល​ថ្មីៗ​នេះ។

ប្រភព​ដដែល​បន្ត​ថា ក្នុង​ពេល​ខាង​មុខ​នេះ ក្រសួង​កសិកម្ម​ក៏​គ្រោង​នឹង​បញ្ជាក់​ស្លាក​សញ្ញា​ចំពោះ​បន្លែ ផ្លែឈើ​ស្រស់ ដែល​បាន​អនុវត្ត​គោលការណ៍ GAP ដល់​កសិដ្ឋាន​ណា​ដែល​បាន​អនុវត្ត​តាម​ស្តង់ដា​នេះ​ផង​ដែរ ខណៈ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មន្ត្រី​រដ្ឋាភិបាល និង​អ្នក​ជំនាញ​ខាង​កសិកម្ម​បាន​ចុះ​បណ្តុះបណ្តាល​ប្រជាកសិករ​ដល់​កសិដ្ឋាន​ផ្ទាល់​ប្រមាណ​១០០​ចម្ការ ក្នុង​ខេត្ត​ចំនួន​៨​នៅ​កម្ពុជា។ បច្ចុប្បន្ន ការ​ដាំ​បន្លែ ផ្លែឈើ​ស្រស់ ក្នុង​ចំការ​ទាំង​នោះ អាច​ផ្គត់ផ្គង់​លើ​ទីផ្សារ​កម្ពុជា ប្រមាណ​១៥​ភាគរយ។

លោក ប៉ុល អភិរក្ស មន្ត្រីផ្នែកបច្ចេកទេសនៃអង្គការ IDE
លោក ប៉ុល អភិរក្ស មន្ត្រីផ្នែកបច្ចេកទេសនៃអង្គការ IDE

មន្ត្រី​ផ្នែក​បច្ចេកទេស​នៃ​អង្គការ IDE លោក ប៉ុល អភិរក្ស បាន​លើក​ឡើង​ថា ការ​ជំរុញ​ឱ្យ​ប្រជាកសិករ ចូលរួម​អនុវត្ត​កសិកម្ម​ល្អ ឬ GAP​នេះ គឺ​រឿង​ដែល​ប្រសើរ​ដោយ​អាច​ជួយ​ដល់​ប្រជាកសិករ ឈ្មួញ និង​អ្នក​ប្រើប្រាស់​បាន​ក្នុង​តែ​ពេល​មួយ។

លោក ប៉ុល អភិរក្ស៖ «ក្រុម​ការងារ​របស់​យើង​ដែល​បាន​ផ្សព្វផ្សាយ ហើយ​យើង​ក៏​បាន​បន្ត​ការ​ផ្សព្វផ្សាយ​ទៅ​ខាង​មូលដ្ឋាន​ដែរ។ (អ៊ី)ចឹង​វា​ហ្នឹង​ល្អ​សម្រាប់​អ្នក​ហូប សម្រាប់​អាជីវករ បើសិន​ជា​គាត់​យល់​ដឹង​ច្បាស់។ ប៉ុន្តែ​ខ្ញុំ​ស្នើ​សុំ​ឱ្យ​ខាង​ក្រសួង​មាន​ការ​ជំរុញ​ឱ្យ​លឿន​បន្ថែម​ទៀត។ ហើយ​បើសិន​ជា​យើង​អាច​ផ្សព្វផ្សាយ…មន្ត្រី​តាម​មូលដ្ឋាន​គាត់​ផ្សព្វផ្សាយ​បន្ថែម​ទៀត (ដល់​កសិករ) ឱ្យ​គាត់​យល់​ដឹង គឺ​អាច​ជំរុញ​កសិកម្ម​ល្អ និង​ប្រសើរ​ជាង​នេះ​ទៀត»។

សិក្ខា​សាលា​ស្តី​ពី​ការ​គ្រប់គ្រង​តាម​ដាន​ការ​អនុវត្ត​កសិកម្ម​ល្អ GAP នេះ ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​កសិកម្ម​នេះ បាន​បង្កើត​ឡើង​ជា​បន្តបន្ទាប់ ក្នុង​ការ​ជំរុញ​ផ្នែក​ពាក់ព័ន្ធ ពិសេស​ប្រជាកសិករ​ឱ្យ​អនុវត្តន៍​គោលការណ៍​GAP ដើម្បី​កម្ពុជា​អាច​មាន​ទីផ្សារ​GAP ក៏​ដូចជា​ដើម្បី​អាច​ប្រកួត​ប្រជែង​លើ​ទីផ្សារ​អន្តរជាតិ​ផង​ដែរ៕

ចែករំលែកតាម៖