ប្រសាសន៍លោក លី ទីន៖ «បញ្ហាពាក់ព័ន្ធនឹងរឿងសុវត្ថិភាពចំណីអាហារដែលយើងដាក់លក់នៅលើទីផ្សារនេះ[គឺ]នៅមានកម្រិត គឺយើងចង់បញ្ជាក់ថា គឺវា[ផលិតផល]អត់ទាន់គ្រប់លក្ខណៈស្តង់ដានោះទេ។ ប៉ុន្តែអា[ផលិតផល]ខ្លះ គឺវាអាចទទួលយកបានមួយចំនួន ហើយមួយចំនួនតូចទៀតនោះគឺហានីភ័យតែម្តង យើងមិនអាចទទួលទានបានទេ»។
នេះគឺជាប្រសាសន៍អនុប្រធាននាយកដ្ឋានវិញ្ញាបនបត្រកម្ម នៃវិទ្យាស្ថានស្តង់ដាកម្ពុជា លោក លី ទីន ថ្លែងនៅក្នុងសិក្ខាសាលា ស្តីពីសុវត្ថិភាពចំណីអាហារ នៅរាជធានីភ្នំពេញ កាលពីដើមខែវិច្ឆិកាកន្លងទៅ ដែលលោកសំដៅដល់ការចរាចរចំណីអាហារនៅក្នុងទីផ្សារកម្ពុជា ខណៈភាគច្រើនលើសលប់មិនផ្ទុកដោយសារធាតុគីមីពុល។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធាននាយកដ្ឋានមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល លោក ស៊ិន ស៊ីដេត បានឯកភាពឱ្យមានការពង្រឹងច្បាប់ត្រួតពិនិត្យទំនិញ និងផលិតផល ដូចអ្វីដែលលោក លី ទីន បានលើកឡើងពីខាងលើនេះផងដែរ។
យ៉ាងណាមិញ មន្រ្តីកាំកុងត្រូលរូបនេះ អះអាងថាអគ្គនាយកដ្ឋានកាំកុងត្រូលបាននឹងចាត់វិធានការចុះត្រួតពិនិត្យទំនិញជាបន្តបន្ទាប់ ប៉ុន្តែលោកក៏ស្នើឱ្យមានការសហការពីសំណាក់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្ទាល់ ក្នុងរាយការណ៍ចំពោះភាពមិនប្រក្រតីដែលរកឃើញខណៈនៅលើទីផ្សារកម្ពុជា មានអាជីវករមួយចំនួនមិនយល់អំពីច្បាប់ និងលក្ខខណ្ឌស្តង់ដា ទើបពួកគេប្រើប្រាស់សារធាតុគីមីជាហូរហែរ។
ប្រសាសន៍លោក ស៊ិន ស៊ីដេត៖ «ជារួមគឺយើងនៅមានបញ្ហាទាំងសងខាងហ្នឹងទាំង[ផលិតផល]នាំចូល ទាំងអ្នករកស៊ី[ក្នុងស្រុក]មួយចំនួន។ គាត់មិនមានក្រមសីលធម៌។ គាត់ខូចគាត់លួចនាំចូលម្ហូបអាហារ មកតាមច្រករបៀង ដែលយើងមិនអាចត្រួតពិនិត្យបាន។ នេះគឺជាចំណុចបញ្ហាសំខាន់ ដែលយើងមិនអាចគ្រប់គ្រងបាន»។
បញ្ហាសុវត្ថិភាពម្ហូបអាហារ គឺទាមទារឱ្យមានការយកចិត្តទុកដាក់ តាំងពីការផលិត ការប្រើពូជ នៅកសិដ្ឋាន រហូតដល់មាត់អ្នកបរិភោគ នៅលើតុ ពុំដូច្នេះទេ វានឹងមានប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដូចជាការពុលអាហារជាដើម។ នេះបើតាមប្រសាសន៍លោកអគ្គនាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) អ៊ុំ រមនី។
ប្រសាសន៍លោក អ៊ុំ រមនី៖ «ជួនកាលផលិតផលដែលលក់ហ្នឹងវាល្អហើយ ប៉ុន្តែគ្រាន់តែទុកមិនត្រឹមត្រូវ វាធ្លាក់[គុណភាព]ម្តងតិច ដូច្នេះអាកាសធាតុនេះដែលយើងយកមកញុំាវាទាស់ចំណីអាហារ ដែលនេះគឺជាការពុលចំណីអាហារ ដូច្នេះការពុលមានច្រើនប្រភេទណាស់»។
បើតាមអ្នកជំនាញខាងចំណីអាហាររូបនេះ ជាដំណោះស្រាយ ITCគ្រោងនឹងបង្កើតមជ្ឈមណ្ឌលពិសោធន៍ ដើម្បីស្រាវជ្រាវទៅលើករណីកម្ចាត់មេរោគដែលមាននៅលើអាហារ រួមទាំងសារធាតុថ្នាំគីមីពុលដែលប្រើនៅលើអាហារផងដែរ៕