ស្វែងយល់ពីឧបករណ៍សន្ទស្សន៍សុខភាពទឹកសាប

ស្វែងយល់ពីឧបករណ៍សន្ទស្សន៍សុខភាពទឹកសាប

សន្ទស្សន៍​សុខភាព​ទឹក​សាប​ឬ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា FHI គឺ​ជា​ការ​ច្នៃ​ប្រឌិត​ថ្មី​មួយ​ក្នុង​ការ​វាយ​តម្លៃ​លើ​សុខភាព​ប្រព័ន្ធ​អេកូឡូស៊ី​ទឹក​សាប។ ឧបករណ៍​នេះ​អាច​ផ្តល់​នូវ​ចំណាត់ថ្នាក់​ជា​ស៊េរី​ដោយ​ផ្អែក​លើ​ប្រព័ន្ធ​អេកូឡូស៊ី សេវា​ទឹក និង​អភិបាលកិច្ច​សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ពឹង​អាស្រ័យ​លើ​ទន្លេ។

ឧបករណ៍​សន្ទស្សន៍​សុខភាព​ទឹក​សាប​ត្រូវ​បាន​ធ្វើ​ឡើង​ជា​លើក​ដំបូង​នៅ​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៦ ដោយ​គណៈកម្មាធិការជាតិ​ទន្លេ​មេគង្គកម្ពុជា (CNMC) អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​អភិរក្ស​ធម្មជាតិ (IUCN) និង​អង្គការ​អភិរក្ស​អន្តរជាតិ (CI)។

នៅ​កម្ពុជា ការ​ប្រើប្រាស់​ឧបករណ៍​សន្ទស្សន៍​សុខភាព​ទឹក​សាប​នេះ​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​ការ​ស្រាវជ្រាវ​នៅ​ក្នុង​ទន្លេ​៣​មាន​ទន្លេ​សេសាន ទន្លេ​ស្រែ​ពក និង​ទន្លេ​សេកុង បន្ទាប់​ពី​ឧបករណ៍​នេះ​ត្រូវ​បាន​ប្រើប្រាស់​ជោគជ័យ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដូចជា​ចិន​និង​ប្រេស៊ីល។

តារាងវាយតម្លៃសន្ទស្សន៍សុខភាពទឹកសាប
តារាងវាយតម្លៃសន្ទស្សន៍សុខភាពទឹកសាប

លោក តែ ណាវុធ បាន​លើក​ឡើង​នៅ​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​របាយការណ៍​ស្តី​ពី​សន្ទស្សន៍​សុខភាព​ទឹក​សាប​នា​ដើម​ខែ​ឧសភា ឆ្នាំ ២០១៨​ថា សន្ទស្សន៍​សុខភាព​ទឹក​សាប​បាន​ផ្តល់​នូវ​សូចនាករ​សំខាន់ៗ ដើម្បី​គាំទ្រ​ដល់​ការ​គ្រប់គ្រង​ធនធាន​ទឹក​នៅ​ក្នុង​ទន្លេ​កម្ពុជា។ បន្ថែម​ពី​នេះ វា​ក៏​ជា​គ្រឹះ​រឹងមាំ​ផ្នែក​វិទ្យាសាស្ត្រ​ដែល​អាច​ជំនួយ​ដល់​ដំណើរការ​នៃ​ការ​សម្រេច​ចិត្ត​និង​រួម​បញ្ចូល​វិធីសាស្ត្រ​ជា​គំរូ​ផ្នែក​ជលសាស្ត្រ​ផង​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «សន្ទស្សន៍​បែប​នេះ​ផ្តល់​ទស្សនៈ​ធំ​ទូលាយ​អំពី​ធនធាន​នៃ​អាង​ទន្លេ​ដោយ​ពិនិត្យ​មើល​ទៅ​លើ​សុខភាព​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ថា​តើ​ប្រជាពលរដ្ឋ​បាន​ទទួល​សេវាកម្ម​ដែល​ពួក​គេ​ត្រូវ​ការ​ជា​ចាំបាច់​ពី​អាង​ទន្លេ​ដែរ​ឬ​ទេ? ឧទាហរណ៍ ត្រី​ដែល​បាន​ពី​ធម្មជាតិ​ក៏​ដូច​ជា​ទឹក​ស្អាត​ផង​ដែរ។ វា​ជួយ​នៅ​ក្នុង​ការ​ពិនិត្យ​មើល​ស្ថានភាព​នៃ​ប្រព័ន្ធ​អេកូឡូស៊ី។ សន្ទស្សន៍​នេះ​ក៏​ផ្តល់​ផង​ដែរ នូវ​រង្វាស់​ថា​តើ​ធនធាន​ទឹក​សាប​ត្រូវ​បាន​គ្រប់គ្រង​ឬ​ប្រសើរ​ដែរ​ឬ​យ៉ាង​ណា»។

អង្គការ​អភិរក្ស​អន្តរជាតិ បាន​ឱ្យ​ដឹង​ថា FHI ត្រូវ​បាន​អនុវត្ត​ក្នុង​ក្របខណ្ឌ​នៃ​អាង​ទន្លេ​៣​នៅ​កម្ពុជា ដែល​ទន្លេ​ទាំង​នេះ​មាន​សារៈសំខាន់​មិន​ត្រឹម​តែ​សម្រាប់​តែ​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺ​សម្រាប់​តំបន់​ដែល​មាន​ទាំង​ប្រទេស​ឡាវ​និង​វៀតណាម​ផង​ដែរ។

លោក Nicholas Souter ប្រធានគ្រប់គ្រងផ្នែកស្រាវជ្រាវទឹកសាបនៃអង្គការអភិរក្សអន្តរជាតិ (រូបភាពដោយ CNMC)
លោក Nicholas Souter ប្រធានគ្រប់គ្រងផ្នែកស្រាវជ្រាវទឹកសាបនៃអង្គការអភិរក្សអន្តរជាតិ (រូបភាពដោយ CNMC)

លោក Nicholas Souter ប្រធាន​គ្រប់គ្រង​ផ្នែក​ស្រាវជ្រាវ​ទឹក​សាប​នៃ​អង្គការ​អភិរក្ស​អន្តរជាតិ​ពន្យល់​ពី​ការ​ប្រើប្រាស់​ឧបករណ៍​សន្ទស្សន៍​សុខភាព​ទឹក​សាប​យ៉ាង​ដូច្នេះ​ថា៖ «សិក្សា​តាំង​ពី​ដើម​ឆ្នាំ​២០១៦ នៅ​ពេល​ដែល​យើង​រៀបចំ​ជា​សន្ទស្សន៍ FHI ជា​ឧបករណ៍​មួយ​សម្រាប់​ការសិក្សា។ យើង​បាន​ប្រើប្រាស់​ទិន្នន័យ​ដែល​មាន​ស្រាប់​ពី​ស្ថាប័ន​នានា ជាពិសេស​ទិន្នន័យ​មក​ពី​គណៈកម្មការ​ទន្លេ​មេគង្គ​ម៉ូឌែល​ដែល​បាន​មក​ពី​ប្រទេស​ណូវែលសឺឡង់​និង​សហរដ្ឋ​អាមេរិក​ហើយ​និង​ទិន្នន័យ​បាន​មក​ពី​ផ្កាយ​រណប»។

អត្ថបទ​សង្ខេប​របស់​អង្គការ​នេះ​បាន​សរសេរ​បន្ថែម​ថា តាមរយៈ​ការ​វាយ​តម្លៃ​សន្ទស្សន៍​សុខភាព​ទឹក​សាប ក្រុម​អ្នក​ជំនាញ​បាន​ធ្វើ​ការ​វាស់​វែង​សូចនាករ​សំខាន់ៗ​ចំនួន​១១ ជាមួយ​នឹង​សូចនាករ​ទាំង ២៥ ដែល​ត្រូវ​ធ្វើ​មាត្រដ្ឋាន​ពី​០​ដល់​១០០ ដើម្បី​ងាយ​ស្រួល​បក​ស្រាយ។

អ្នក​ជំនាញ​រំពឹង​ថា ស្រប​ពេល​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ទន្លេ​កំពុង​ប្រឈម​នឹង​ការ​គំរាម​កំហែង សន្ទស្សន៍​សុខភាព​ទឹក​សាប​នឹង​ជួយ​វាស់​ស្ទង់​ពី​តម្លាភាព​និង​ភាព​ត្រឹមត្រូវ សម្រាប់​ជា​ចក្ខុវិស័យ​រួម​គ្នា​ក្នុង​ការ​គ្រប់គ្រង​ធនធាន​ទឹក​សាប​នៅ​លើ​ពិភពលោក៕

ចែករំលែកតាម៖