សមត្ថកិច្ចព្រមានចាត់វិធានការ ខណៈឱសថខុសច្បាប់ជាង១០០ប្រភេទគ្រោងដុតកម្ទេច

សមត្ថកិច្ចព្រមានចាត់វិធានការ ខណៈឱសថខុសច្បាប់ជាង១០០ប្រភេទគ្រោងដុតកម្ទេច

សកម្មភាពកម្ទេចផលិតផលក្លែងក្លាយ

ឱសថ​ខុស​ច្បាប់ និង​ក្រោម​គុណភាព​ចម្រុះ​ជាង​១០០​ប្រភេទ​ស្មើ​៤០​តោន ត្រូវ​បាន​គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ហៅ​កាត់​ថា CCCC រឹប​អូស ក្នុង​ទីតាំង​មួយ​កន្លែង​នា​រាជធានី​ភ្នំពេញ កាល​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ។ បើ​តាម​ប្រធាន CCCC លោក មៀច សុផាន់ណា អះអាង​ថា ស្រប​ពេល​តុលាការ​កំពុង​ដំណើរការ​នីតិវិធី CCCC នឹង​កម្ទេច​ចោល​ឱសថ​ទាំង​នោះ ដោយសារ​តែ​វា​បង្ក​គ្រោះថ្នាក់ និង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាពលរដ្ឋ។

ប្រសាសន៍​លោក មៀច សុផាន់ណា៖ «របស់​ណា​ដែល​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ ត្រូវ​តែ​ស្រូត​រ៉ូត​ដុត​បំផ្លាញ​ចោល​មុន។ [អ៊ី]ចឹង​របស់​ណា​ដែល​អាច​ស្រូតរ៉ូត​បាន​សម្រេច​បន្ទាន់​ភ្លាម​បាន​ហ្នឹង  គឺ​យើង​ហ្នឹង​ធ្វើ​សុំណូមពរ​ទៅ​តុលាការ ឱ្យ​សម្រេច​ឱ្យ​ឆាប់ ដើម្បី​បំផ្លាញ​ចោល កុំ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ប្រជាពលរដ្ឋ​យើង ប៉ះពាល់​ដល់​សុខភាព …. ខូច​បរិស្ថាន​ទៀត»

(កណ្ដាល) លោក មៀច សុផាន់ណា ប្រធាន CCCC
(កណ្ដាល) លោក មៀច សុផាន់ណា ប្រធាន CCCC

តាម​របាយការណ៍​ការ​ត្រួត​ពិនិត្យ​របស់​ក្រុម​ការងារ​បច្ចេកទេស និង​ជំនាញ​នៃ CCCC បាន​សន្និដ្ឋាន​បឋម​ថា ឱសថ​ដែល​បាន​រឹបអូស​ទាំង​នេះ គឺ​មាន​២៤​មុខ (ស្មើ​នឹង​២០៤៣​ប្រអប់) គ្មាន​វិញ្ញាបនប័ត្រ​ចុះ​បញ្ជីការ ខណៈ​ឱសថ​ចំនួន​៣៦​មុខ (ស្មើ​នឹង​១០៤៦៥​ប្រអប់) ផុត​សុពលភាព​ប្រើប្រាស់ និង​ឱសថ​ចំនួន​១៣៨​មុខ (ស្មើ​នឹង​២២៩៨​ប្រអប់) មិន​មាន​សរសេរ​លិខិត​ណែនាំ​ជា​ភាសាខ្មែរ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ពាក់​កណ្តាល​ខែ​វិច្ឆិកា ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួង​មហាផ្ទៃ​លោក មៀច សុផាន់ណា ថា​ឱសថ​ទាំង​នេះ គឺ​បាន​ដក​ហូត​ពី​ក្រុមហ៊ុន​ខេមបូឌា ខបភើរេសិន ហ្វាម៉ា (Cambodian Cooperation Pharma company) ដែល​មាន​ទីតាំង​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ខណៈ​ក្រុមហ៊ុន​នេះ​បាន​ដំណើរការ​ចែក​ចាយ​ឱសថ​ទូទាំង​ប្រទេស​អស់​រយៈពេល​៧​ឆ្នាំ​មក​ហើយ។

ឱសថ​ក្លែងក្លាយ ជា​ឱសថ​ដែល​ខុស​នឹង​ឱសថ​ពិត​ប្រាកដ​ទាំង​ទ្រង់ទ្រាយ ការ​វេច​ខ្ចប់ និង​ប្រភព​របស់​វា។ វា​អាច​ក្លែង​បន្លំ​ទាំង​ម៉ាក និង​គ្រប់​ប្រភេទ​នៃ​ឱសថ​ដែល​ក្នុង​នោះ​ឱសថ​ក្លែងក្លាយ​អាច​មាន​ផ្ទុក​សារធាតុ​ផ្សំ​មិន​ត្រឹមត្រូវ ឬ​សារធាតុ​ផ្សំ​ខុស កង្វះ​សារធាតុ​ផ្សំ ឬ​ការ​វេច​ខ្ចប់​ក្លែង​បន្លំ​ជាដើម។ នេះ​បើ​តាម​អង្គការ​សុខភាព​ពិភពលោក (WHO)។ ប្រភព​ដដែល​បញ្ជាក់​ថា ប្រភេទ​ឱសថ​ក្លែងក្លាយ​ទាំងនេះ គឺបង្ក​គ្រោះថា្នក់​ធ្ងន់ធ្ងរ​ដល់​អ្នក​ប្រើប្រាស់​រហូត​ដល់​អាយុជីវិត ព្រោះតែ​ធាតុ​ផ្សំ​នៃ​ឱសថ​ទាំង​នោះ៕

ចែករំលែកតាម៖