របាយការណ៍៖ អ្នកស្លាប់ដោយសារឱសថក្លែងក្លាយនៅកម្ពុជាមាន៦នាក់ក្នុងមួយថ្ងៃ

របាយការណ៍៖ អ្នកស្លាប់ដោយសារឱសថក្លែងក្លាយនៅកម្ពុជាមាន៦នាក់ក្នុងមួយថ្ងៃ

,

គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​បាន​គេ​គិត​ថា​ជា​មូលហេតុ​ដ៏​ចម្បង​ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​នៅ​កម្ពុជា​ជា​រៀង​រាល់​ថ្ងៃ។​ ប៉ុន្តែ​ថ្មីៗ​នេះ​ អនុប្រធាន​គណៈកម្មាធិការ​សុខាភិបាល​របស់​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា​លោក​ Jean-Gaetan​ Guillemaud​ បាន​បង្ហាញ​របាយការណ៍​របស់​ប៉ូលីស​អាំងទែប៉ូល​នៅ​ក្នុង​ឆ្នាំ២០១៦​ស្តី​ពី​ចំនួន​អ្នក​ស្លាប់​ដោយសារ​ប្រើប្រាស់​ឱសថ​ក្លែងក្លាយ​នៅ​លើ​ពិភពលោក​គឺ​មាន​ចំនួន​រហូត​ដល់​១លាន​នាក់​ ហើយ​នៅ​កម្ពុជា​មាន​អ្នក​ស្លាប់​២២៨៥នាក់​ក្នុង​មួយ​ឆ្នាំ​ ឬ​ស្មើ​នឹង​៦នាក់​ក្នុង​មួយ​ថ្ងៃ។​ នេះ​មាន​ន័យ​ថា​ជា​រៀងរាល់​៤ម៉ោង​គឺ​មាន​អ្នក​ស្លាប់​១នាក់​ដោយសារ​ឱសថ​ក្លែងក្លាយ​នៅ​កម្ពុជា។​

បទបង្ហាញ​បាន​ឱ្យ​ដឹង​ទៀត​ថា​ គ្រឹះស្ថាន​ផលិត​ឱសថ​មួយ​អាច​ផលិត​បាន​ថ្នាំ​៥០ម៉ឺន​គ្រាប់​ក្នុង​មួយ​ថ្ងៃ​ ដែល​មាន​តម្លៃ​៤០រៀល​ក្នុង​មួយ​គ្រាប់។​ ហើយ​ការ​ផលិត​នេះ​អាច​នឹង​មាន​ទំហំ​ទឹក​ប្រាក់​ដល់​ទៅ​១ពាន់​១៦០លាន​រៀល​ក្នុង​មួយ​ថ្ងៃ​ឬ​ស្មើ​នឹង​២៩ម៉ឺន​ដុល្លា​អាមេរិក។​

លោក Jean-Gaetan Guillemaud អនុប្រធានគណៈកម្មាធិការសុខាភិបាលរបស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា
លោក Jean-Gaetan Guillemaud អនុប្រធានគណៈកម្មាធិការសុខាភិបាលរបស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា

ឱសថ​ក្លែងក្លាយ​ដែល​ត្រូវ​បាន​ផលិត​ឡើង​នេះ​គឺ​ត្រូវ​នឹង​អ្នក​ជំងឺ​ដែល​ត្រូវ​ការ​ថ្នាំ​ព្យាបាល​ជា​បន្ទាន់​ ហើយ​ពួក​គេ​ពុំ​មាន​លទ្ធភាព​នឹង​ការពារ​ខ្លួនឯង​បាន។​ ឱសថ​ទាំង​នោះ​ត្រូវ​បាន​បែងចែក​ទៅ​តាម​ក្រុម​មនុស្ស​ដូចជា​ យុវវ័យ​ប្រើ​ថ្នាំ​បញ្ចុះ​ទម្ងន់​ ក្រុម​អ្នក​ប្រើ​ថ្នាំ​ដើម្បី​ពន្យារ​អាយុ​ជីវិត​ មាន​ដូចជា​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​អេដស៍​ ថ្នាំ​ប្រឆាំង​ជំងឺ​មហារីក​ និង​ថ្នាំ​ប្រឆាំង​នឹង​ប្រតិកម្ម​ផ្សេងៗ​ ថ្នាំ​ដែល​ប្រើ​នៅ​ក្នុង​ក្រុម​គ្រួសារ​មាន​ដូចជា​ថ្នាំ​ការពារ​ជំងឺ​គ្រុនចាញ់​ ថ្នាំ​ការពារ​ការ​រលាកសួត​ និង​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​បាក់​ទឹកចិត្ត​ជា​ដើម។​

ព័ត៌មាន​នៅ​ក្នុង​ព្រឹត្តិបត្រ​ព័ត៌មាន​លេខ​ទី​ពីរ​ របស់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ​ ហៅ​កាត់​ថា​ CCCC​ បាន​បង្ហាញ​ថា​កាល​ពី​ដើម​ឆ្នាំ២០១៨​ អង្គភាព​បាន​ឃាត់​រថយន្ត​មួយ​គ្រឿង​ដែល​បាន​ដឹក​ឱសថ​ចែកចាយ​ទូទាំង​ប្រទេស​ដោយ​ពុំ​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ។​ បន្ទាប់​ពី​នោះ​ក៏​ឈាន​ដល់​ការ​បង្ក្រាប​គ្រឹះស្ថាន​ផលិត​ឱសថ​មួយ​កន្លែង​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ដែល​បាន​ផលិត​ឱសថ​៧៣មុខ​ស្មើ​នឹង​២០៦០កេស​និង​ឱសថ​ពាក់​កណ្កាល​សម្រេច​ចំនួន​១៥មុខ​ ស្មើ​នឹង​៣ពាន់​៦២៥​គីឡូក្រាម។​

កាល​ពី​ពេល​ចុង​ខែ​មេសា​ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​ដុត​កម្ទេច​ផលិតផល​ក្លែងក្លាយ​ជា​លើក​ទី​ពីរ​ប្រមាណ​ជាង​១០០តោន​ ដែល​ភាគ​ច្រើន​ជា​ផលិតផល​គ្រឿង​សម្អាង។​ ការ​ដុត​កម្ទេច​ផលិតផល​ក្លែងក្លាយ​លើក​ទីមួយ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ចុង​ឆ្នាំ​២០១៧​ ដែល​មាន​ផលិតផល​ក្លែងក្លាយ​ជាង​៧០តោន៕​

ចែករំលែកតាម៖