សំឡេងវេជ្ជបណ្ឌិត ហម ឆេងអ៊ី៖ «អ៊ីចឹងយើងឃើញថានៅលើពិភពលោកក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើង មូលហេតុដែលសំខាន់ដែលធ្វើឱ្យប្រជាជនទូទៅ ជាពិសេសគឺមនុស្សចាស់ចាប់អាយុ៥០ឆ្នាំឡើងទៅ គឺគាត់ប្រឈមនឹងភាពពិការភ្នែក ដោយសារតែជំងឺមួយ គេហៅថាជំងឺភ្នែកឡើងបាយដែលនៅលើពិភពលោកមានរហូតដល់ទៅ៤៧.៨ភាគរយ ដោយឡែកនៅក្នុងប្រទេសកម្ពុជាយើងមានរហូតទៅដល់ជាង៧៤ភាគរយឯណោះ។»

នេះជាការបញ្ជាក់របស់លោកស្រី ហម ឆេងអ៊ី វេជ្ជបណ្ឌិតឯកទេសភ្នែកនៅកម្ពុជា។ ឆ្លើយតបទៅនឹងបញ្ហានេះ និងការងារជាក់ស្តែងនៅសហគមន៍ ទើបអង្គការសកម្មភាពយុវជនកម្ពុជា CYA បានស្វែងរកដៃគូសហការ ដែលជំនាញខាងភ្នែកមកព្យាបាលដល់ពលរដ្ឋកម្ពុជា។ នេះបើតាមការបញ្ជាក់ពីស្ថាបនិកអង្គការ CYA លោក សន សុផាត។
លោក សន សុផាត បញ្ជាក់យ៉ាងដូច្នេះថា៖ «ទី១ ដោយសារតែយើងធ្វើការនៅក្នុងសហគមន៍ ហើយយើងឃើញថា ប្រជាជនជាច្រើនមានបញ្ហាភ្នែក ហើយដោយសារតែគាត់មិនបានយល់ដឹងអំពីផលប៉ះពាល់នៃជំងឺភ្នែកទៅដល់ភ្នែករបស់គាត់ផ្ទាល់។ ទី២ ទាក់ទងដល់ការកង្វះខាតថវិកាមកកាន់មន្ទីរពេទ្យដើម្បីពិនិត្យ ឬក៏ព្យាបាល។ អញ្ចឹងនេះជាមូលហេតុធ្វើឱ្យ CYA បង្កើតគម្រោង យើងស្រឡាញ់ភ្នែកឆ្នាំ២០១៨នេះឡើង ដើម្បីផ្តល់ការព្យាបាល ពិនិត្យ និងការវះកាត់ដោយឥតគិតថ្លៃដល់អ្នកមានជំងឺភ្នែក»។

គម្រោង «យើងស្រឡាញ់ភ្នែក» នឹងផ្តល់ការពិគ្រោះ ពិនិត្យ ព្យាបាល និងវះកាត់ភ្នែកដោយឥតគិតថ្លៃ រយៈពេលមួយសប្តាហ៍ពេញគឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែធ្នូ ខាងមុខនេះ នៅគ្លីនិកភ្នែកភ្នំពេញ។ គម្រោងនេះស្ថិតក្រោមជំនួយឧបត្ថម្ភពីក្រុមហ៊ុន Korea Electric Power តាមរយៈអង្គការ Better World។
ក្នុងរយៈពេលមួយសប្តាហ៍នេះ ក្រុមគ្រូពេទ្យជំនាញរំពឹងថា នឹងមានអ្នកមានបញ្ហាភ្នែកប្រមាណ ៥០០នាក់ នឹងទទួលបានការពិនិត្យ ព្យាបាល និងវះកាត់ ខណៈរាល់ចំណាយលើការស្នាក់នៅ អំឡុងពេលព្យាបាលជាបន្ទុករបស់ក្រុមអ្នករៀបចំជូនអ្នកជំងឺ។ ព័ត៌មានលម្អិតពីគម្រោង ទាក់ទងទូរសព្ទលេខ ០៩៣ ៧០ ៥៣ ២៩៕