អ្នកជំនាញបារម្ភពីការបាត់ល្ខោនស្បែកតូច

អ្នកជំនាញបារម្ភពីការបាត់ល្ខោនស្បែកតូច

ការសម្តែងល្ខោនស្បែកតូចនៅក្នុងកម្មវិធីរាត្រីលង្វែកលើកទី៣

ស្រមោល​តុក្កតា​ប្រកប​ដោយ​កាយវិការ​រស់រវើក​នៅ​លើ​ផ្ទាំង​សំពត់​ស​ ដៃ​និង​ជើង​អាច​ធ្វើ​ចលនា​ មាត់​អាច​បើក​និយាយ​និង​ច្រៀង​ទៅ​តាម​ការ​ធ្វើ​អត្ថាធិប្បាយ​នៃ​សាច់​រឿង​ទាំង​ឈុត​កំប្លែង​ និង​ទុក្ខ​សោក​ បាន​នាំ​អារម្មណ៍​អ្នក​មើល​ទៅ​តាម។​ សិល្បៈ​បែប​នេះ​ត្រូវ​គេ​ឱ្យ​ឈ្មោះ​ថា​ ល្ខោន​ស្បែក​តូច។​

ការ​សម្តែង​ល្ខោន​ស្បែក​តូច​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី​រាត្រី​លង្វែក​លើក​ទី៣​ ដែល​រៀបចំ​ដោយ​សាលា​សិល្បៈ​ហ្វូណន​ កាល​ពី​ដើម​ខែ​មីនា​ ឆ្នាំ២០១៨​ ក្នុង​គោល​បំណង​ថែរក្សា​និង​អភិរក្ស​សិល្បៈ​បុរាណ​នេះ។​

លោក​ ស៊ុប​ ស័ក្ខរា​ ស្ថាបនិក​និង​ជា​នាយក​សាលា​ហ្វូណន​ បាន​លើក​ឡើង​ថា​ នេះ​ជា​លើក​ទី៣​ហើយ​ដែល​ខ្លួន​បាន​រៀបចំ​កម្មវិធី​រាត្រី​លង្វែក​នេះ​ឡើង​ ដើម្បី​ចង់​បង្ហាញ​ និង​ផ្សព្វផ្សាយ​ពី​សិល្បៈ​វប្បធម៌​ខ្មែរ​ក្នុង​សម័យ​នោះ​ ដែល​មាន​ជា​របៀប​ស្លៀក​ពាក់​ ការ​តុបតែង​ខ្លួន​ ចំណី​អាហារ​ និង​សិល្បៈ​កំសាន្ត​ជាដើម​ ខណៈ​ដែល​លោក​អះអាង​ថា​ កម្ពុជា​ គឺ​ជា​ប្រទេស​មួយ​ដែល​មាន​វប្បធម៌​សំបូរ​បែប។​

លោក​និយាយ​ថា៖​ «ខ្ញុំ​បង្កើត​ព្រឹត្តិការណ៍​នឹង​គឺ​ចង់​បំផុស​បំផុល​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​យុវវ័យ​ ឬ​ក៏​ការ​ចូលរួម​ឱ្យ​កាន់​តែ​ច្រើន​ ឱ្យ​ឃើញ​ថា​សិល្បៈ​វប្បធម៌​ខ្មែរ​ គឺ​ជា​ស្នូល​ គឺ​ជា​បេះដូង​ជាតិ​ ជា​អត្តសញ្ញាណ​ជាតិ។​ អ្នក​ទាំងអស់​នោះ​ ត្រូវ​តែ​ចូលរួម​គាំទ្រ​ជា​ដាច់ខាត​ ទោះ​មិន​បាន​ផលប្រយោជន៍​ កម្មវិធី​វប្បធម៌​គួរ​តែ​ចូលរួម​ និង​គាំទ្រ»។​

លោក ស៊ុប ស័ក្ខរា ស្ថាបនិកនិងជានាយកសាលាហ្វូណន
លោក ស៊ុប ស័ក្ខរា ស្ថាបនិកនិងជានាយកសាលាហ្វូណន

សិល្បករ​ល្ខោន​ស្បែក​តូច​ក្នុង​កម្មវិធី​នេះ​ លោក​ កែវ​ រដ្ឋា​ បាន​ឱ្យ​ដឹង​ថា​ លោក​ចាប់​យក​អាជីព​នេះ​ដោយសារ​តែ​ការ​ស្រឡាញ់​និង​ការ​ចង់​ចូលរួម​អភិរក្ស​សិល្បៈ​ខ្មែរ​ ព្រោះ​លោក​សង្កេត​ឃើញ​ថា​សិល្បៈ​ខ្មែរ​មួយ​ចំនួន​កំពុង​ត្រូវ​បាន​បាត់បង់។​

និស្សិត​វ័យ​២១ឆ្នាំ​នៃ​សាកល​វិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​រូប​នេះ​បង្ហាញ​ការ​តាំង​ចិត្ត​របស់​ខ្លួន​ថា៖​ «ក្នុង​នាម​ខ្ញុំ​ជា​យុវជន​ ខ្ញុំ​ប្តេជ្ញា​ថា​ ខ្ញុំ​នឹង​ខិត​ខំ​ថែ​រក្សា​វប្បធម៌​ដ៏​ចំណាស់​នេះ​ឱ្យ​ថិតថេរ​គង់វង្ស​ជា​រៀង​រហូត​ មិន​អាច​ឱ្យ​បាត់បង់​បាន​ទេ​ ព្រោះ​ជាក់ស្តែង​ខ្ញុំ​បាន​ចំណាយ​ទាំង​ពេល​វេលា​និង​ថវិកា​ និយាយ​រួម​ទៅ​អ្វីៗ​គ្រប់​យ៉ាង​ ដើម្បី​វប្បធម៌​បុរាណ​ ដើម្បី​ឱ្យ​ប្រជាជន​ដទៃ​ទៀត​ គាត់​បាន​ស្គាល់​ មិន​ត្រឹម​តែ​ប្រជាជន​នៅ​ក្នុង​ស្រុក​ទេ​ ខ្ញុំ​នឹង​ប្តេជ្ញា​ថា​ ឱ្យ​ប្រជាជន​ដែល​នៅ​ក្រៅ​ស្រុក​របស់​យើង​ គាត់​នឹង​ស្គាល់​កាន់​តែ​ច្បាស់​ពី​វប្បធម៌​របស់​ខ្មែរ»។​

យោង​តាម​សៀវភៅ​ “ល្ខោន​ស្បែក​ពណ៍​និង​ស្បែក​តូច”​ របស់​លោក​ ពេជ្រ​ ទុំក្រវ៉ិល​ បោះពុម្ព​ឡើង​វិញ​នៅ​ឆ្នាំ២០០០​ ល្ខោន​ស្បែក​តូច​អាច​កើត​មាន​ឡើង​តាំង​ពី​មុន​សម័យ​អង្គរ​ ព្រោះ​សិលា​ចារឹក​មុន​សម័យ​អង្គរ​លេខ​ K-155​ មាន​ចែង​អំពី​សិល្បការិនី​សម្តែង​តុក្កតា​ (KU TUKTAR)​ ក្នុង​ពិធី​បូជា​ថ្វាយ​ចំពោះ​ព្រះអាទិទេព​ «សរស្វតិ»​ ដែល​ជា​អាទិទេព​តំណាង​ឱ្យ​សំនួន​វោហារ​ដ៏​ពីរោះ​និង​សិល្បៈ។​

ឯកសារ​ដដែល​ឱ្យ​ដឹង​ទៀត​ថា​ ល្ខោន​ស្បែក​តូច​ជា​ប្រភេទ​សិល្បៈ​ដែល​ស្ថិត​ក្នុង​ក្រុម​ល្ខោន​ស្រមោល​ដូច​ស្បែក​ធំ​ដែរ​ ប៉ុន្តែ​ល្ខោន​នេះ​ប្រើ​ចម្លាក់​ដែល​ឆ្លាក់​នៅ​លើ​ស្បែក​គោ​មាន​ទំហំ​តូចៗ​ ហើយ​មិន​មែន​ជា​ចម្លាក់​នឹង​ថ្កល់​ដូច​ស្បែក​ធំ​ ឬ​ស្បែក​លាប​ពណ៌​ឡើយ។​ វា​ជា​ទម្រង់​សិល្បៈ​មួយ​ប្រភេទ​ដែល​គេ​និយម​សម្ដែង​ក្នុង​ពិធី​បុណ្យ​ធំៗ​ដូចជា​ពិធី​សុំ​ទឹក​ភ្លៀង​ ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​ឬ​បុណ្យ​សព​ព្រះ​ចៅ​អធិការ​វត្ត​ជាដើម។​ ល្ខោន​នេះ​មាន​លក្ខណៈ​កំប្លុក​កំប្លែង​ ងាយ​មើល​ ងាយ​យល់​ ហើយ​ព្រម​ទាំង​អាច​សម្តែង​រឿង​ជាច្រើន​ដូចជា​រឿង​ព្រេង​និទាន​ ប្រវត្តិសាស្ត្រ​ ឬ​រឿង​ទាក់​ទង​នឹង​បច្ចុប្បន្នភាព​របស់​សង្គម​ជាដើម។​

ភាព​កំប្លុក​កំប្លែង​និង​ការ​ប៉ិន​ប្រសប់​របស់​អ្នក​សម្ដែង​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មិន​ជិនណាយ​ និង​មិន​បាត់បង់​ស្នាម​ញញឹម​ ក្រោយ​ពី​បាន​ទស្សនា​ចប់​និង​ទទូច​ចង់​មើល​ម្តង​ទៀត​ ព្រោះ​មិន​ងាយ​បាន​មើល​ការ​សម្ដែង​ល្ខោន​នេះ​នោះ​ទេ។​

ក្នុង​ទឹក​មុខ​ញញឹម​ញញែម​ ហាក់​ក្នុង​អារម្មណ៍​ដក់​ជាប់​នឹង​ការ​សម្ដែង​ ទស្សនិកជន​មួយ​រូប​គឺ​កញ្ញា​ ប៉ាង​ សុលីតា​ ដែល​បាន​ចូលរួម​កម្មវិធី​រាត្រី​លង្វែក​លើក​ទី៣​ បាន​និយាយ​ថា​ នេះ​ជា​លើក​ទីមួយ​ហើយ​ ដែល​ខ្លួន​បាន​ទស្សនា​ការ​សម្ដែង​ល្ខោន​នេះ​ផ្ទាល់​ ខណៈ​កញ្ញា​ចាត់​ទុក​ថា​វា​ជា​ទស្សនីយភាព​មួយ​ដ៏​ល្អ​និង​បង្កើត​ការ​សប្បាយ​រីករាយ​ដល់​អ្នក​មើល​ សូម្បី​តែ​ខ្លួន​នាង​ក៏​មិន​អាច​ទប់​សំណើច​បាន។​

យុវតី​វ័យ​ជាង​២០ឆ្នាំ​រូប​នេះ​បាន​និយាយ​ក្នុង​ចំណោម​ហ្វូង​មនុស្ស​ដែល​កំពុង​ឈរ​មើល​ការ​សម្ដែង​ជា​ជួរៗ​ថា​ កន្លង​ទៅ​ខ្លួន​ធ្លាប់​បាន​មើល​ការ​សម្ដែង​បែប​នេះ​ តាម​តែ​កញ្ចាក់​ទូរទស្សន៍​តែ​ហាក់​មិន​មាន​ភាព​ទាក់​ទាញ​ដូច​មើល​ផ្ទាល់​នោះ​ទេ។​

កញ្ញា​ ប៉ាង​ សុលីតា​ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖​«ចង់​និយាយ​ថា​ ពេល​គេ​លេង​[អ៊ី]ចឹង​ទៅ​ មាន​ពាក្យ​កំប្លែង​មាន​ពាក្យ​អី[អ៊ី]ចឹង​ទៅ​ វា​ល្អ​សើច​ មើល​ទៅ​ល្អ​មើល​ គ្រាន់​តែ​មើល​តាម​ទូរទស្សន៍​ដូច​អត់​ទំនង​ដល់​ពេល​មើល​ក្រៅ​ មាន​អារម្មណ៍​ថា​ល្អ​មើល​ចឹង​ហើយ​ប្លែក​អារម្មណ៍»។​

កញ្ញា​ ប៉ាង​ សុលីតា​ សង្ឃឹម​ថា​ ការ​សម្ដែង​នៅ​តាម​ទីសាធារណៈ​បែប​នេះ​នឹង​មាន​កាន់​តែ​ញឹកញាប់​ ដើម្បី​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ស្គាល់​និង​ចូលរួម​អភិរក្ស។​

តុក្កតា​តួអង្គក្នុងល្ខោនស្បែកតូច
តុក្កតា​តួអង្គក្នុងល្ខោនស្បែកតូច

ដៃ​ម្ខាង​កាន់​ដៃ​កូន​និង​ដៃ​ម្ខាង​ទៀត​អង្អែល​ក្បាល​កូនស្រី​ ខណៈ​ឈរ​ជា​ជួរ​ជាមួយ​អ្នក​មើល​ដទៃ​ទៀត​ អ្នក​ទស្សនា​ម្នាក់​ទៀត​អ្នកស្រី​ ហោ​ សុខុន​ វ័យ​ជាង​៣០ឆ្នាំ​ បាន​ពោល​ឡើង​ថា​ រហូត​មក​ដល់​វ័យ​នេះ​ អ្នកស្រី​មិន​ដែល​បាន​ទស្សនា​ល្ខោន​ដែល​មាន​ភាព​ប៉ិន​ប្រសប់​បែប​នេះ​ដោយ​ផ្ទាល់​ភ្នែក​ទេ។​

ភ្នែក​រំពៃ​សម្លឹង​បាញ់​ឆ្ពោះ​ទៅ​កូនស្រី​ដែល​មាន​អាយុ​ប្រមាណ​៥​ទៅ​៦ឆ្នាំ​ ស្ត្រី​រាង​ស្តើង​សម្បុរ​ស​រូប​នេះ​រៀបរាប់​បន្ត​ថា​ អ្នកស្រី​ខ្លាច​តែ​ថ្ងៃ​មុខ​ទៅ​កូនៗ​អ្នកស្រី​នឹង​លែង​បាន​ស្គាល់​ ឬ​មើល​ការ​សម្ដែង​ល្ខោន​ប្រភេទ​នេះ​តទៅ​ទៀត​ ព្រោះ​តែ​បច្ចុប្បន្ន​ពុំ​សូវ​មាន​ការ​សម្ដែង​នោះ​ទេ​ ជាពិសេស​នៅ​តាម​ទីជនបទ។​

អ្នកស្រី​ ហោ​ សុខុន​ មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​ចូលចិត្ត​ឱ្យ​កម្មវិធី​ហ្នឹង​ទៅ​បើក​នៅ​ស្រុក​ស្រែ​ឱ្យ​បាន​ច្រើន​ឱ្យ​ក្មេង​ស្រុក​ស្រែ​គាត់​បាន​មើល​ផង​ ដើម្បី​ពួក​គាត់​បាន​មើល​ ហើយ​មាន​អារម្មណ៍​សប្បាយ​ដូច​ពួក​យើង​ដែរ។​ ហ្នឹង​ហើយ​ឱ្យ​គាត់​ដឹង​ឮ​រឿង​ពី​ដើមៗ​ អនុស្សាវរីយ៍​ពី​ដើមៗ​ កុំ​ឱ្យ​ជំនាន់​ឥឡូវ​ បំភ្លេច​ចោល​អស់»។​

ល្ខោន​ស្បែក​តូច​ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​ផ្សេងៗ​ទៅ​តាម​តំបន់​ដូចជា​អាយ៉ង​ ណាំងតាលុង​ ឬ​ណាំងកាលុង​ជាដើម។​ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ ប៉ុក​ ឌីរ៉ាម៉ា​ មន្ត្រី​នៅ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ។​

លោក​ ប៉ុក​ ឌីរ៉ាម៉ា​ ដែល​ជា​សាស្រាចារ្យ​បង្រៀន​ល្ខោន​ស្បែក​តូច​ផង​នោះ​បន្ត​ទៀត​ថា​ បើ​ពឹង​ផ្អែក​ទៅ​លើ​ការ​និយម​របស់​ជនជាតិ​ខ្មែរ​ យល់​ថា​ ពាក្យ​តុក្កតា​និង​ពាក្យ​អាយ៉ង​ មាន​ន័យ​ដូច​គ្នា​ គឺ​សម្រាប់​សម្គាល់​វត្ថុ​ឥត​វិញ្ញាណ​ទាំងឡាយ​ ទោះ​បី​មាន​ទំហំ​មាឌ​ ឬ​សំប៉ែត​ ដូចជា​រូប​ចម្លាក់​ធ្វើ​ពី​ឈើ​ កំណាត់​ញាត់​សំឡី​ រូប​ចម្លាក់​ធ្វើ​ពី​ដីឥដ្ឋ​ និង​រូប​ចម្លាក់​ធ្វើ​អំពី​ស្បែក​ក៏​ដោយ។​

យ៉ាង​ណា​មិញ​អ្នក​ជំនាញ​រូប​នេះ​អះអាង​ថា​ តាម​ពិត​ទៅ​ពាក្យ​អាយ៉ង​នេះ​គឺ​ជា​ឈ្មោះ​របស់​អ្នក​សម្ដែង​ដែល​ប្រជាពលរដ្ឋ​និយម​ហៅ​តៗ​គ្នា​ប៉ុណ្ណោះ។​

ត្រឡប់​ទៅ​កាន់​ល្ខោន​ស្បែក​តូច​វិញ​ សាស្ត្រាចារ្យ​ ប៉ុក​ ឌីរ៉ាម៉ា​ មាន​ប្រសាសន៍​ថា​ ដើម្បី​អាច​ទាក់ទាញ​អ្នក​ទស្សនា​ឱ្យ​ផ្តោត​អារម្មណ៍​ការ​សម្ដែង​របស់​ខ្លួន​ ជា​ទូទៅ​អ្នក​សម្ដែង​ល្ខោន​ស្បែក​តូច​នេះ​ ក៏​មិន​ខុស​ពី​អ្នក​សម្ដែង​សិល្បៈ​បុរាណ​ដទៃ​ទៀត​ដែរ​ គឺ​ត្រូវ​មាន​ទេពកោសល្យ​ខ្ពស់​ ព្រោះ​តែ​ការ​សម្ដែង​ក្នុង​រឿង​នីមួយៗ​ មិន​ត្រូវ​ការ​មនុស្ស​ច្រើន​ដូច​សិល្បៈ​ដទៃ​ទៀត​នោះ​ទេ។​

លោក​និយាយ​ថា៖​ «ជា​អ្នក​លើក​រូប​ ជា​អ្នក​បញ្ជា​រូប​ បាន​ន័យ​ថា​ យើង​បញ្ចូល​ព្រលឹង​នៅ​ក្នុង​រូប​ហ្នឹង​ អ្នក​សម្ដែង​ហ្នឹង​ហ៎ា!​ ចឹង​វា​ពិបាក​មិនមែន​ស្រួល​ទេ​ កុំ​ចេះ​តែ​ថា​ ឃើញ​គេ​លេង​ ឃើញ​គេ​សម្ដែង​ហ្នឹង​ថា​ស្រួល​ ទាល់​តែ​យើង​ហាត់​រៀន​ បាន​ដឹង​ថា​វា​ពិបាក។​ ក៏​ប៉ុន្តែ​កាល​ណា​យើង​យល់​ យើង​ហាត់​ទៅ​ល្អ​ យើង​សម្ដែង​ទៅ​អ្នក​មើល​មាន​ទំនុក​[ចិត្ត]​ ចាប់​អារម្មណ៍។​ ជួនកាល​ ក្នុង​មួយ​រឿង​ តែ​បួន​នាក់​អ្ហេ​ ប៉ុន្តែ​សម្ដែង​បាន​ជាង​១ម៉ោង​ តែ​ស្រី​ម្នាក់​និង​ប្រុស​៣​នាក់​ឬ​ស្រី​ពីរ​នាក់​ មនុស្ស​ប្រុស​បួន​នាក់​ ៦​នាក់​ សម្ដែង​ហើយ​បើសិន​ជា​អ្នក​មើល​ កុំ​មក​មើល​ពី​ក្រោយ​ គេ​នៅ​ខាង​មុខ​ហ៎​ គេ​ដឹង​ថា​ មនុស្ស​មិន​តិច​ មិន​ខ្វះ​ពី​ប្រាំ​ដណ្តប់​ [ដប់ប្រាំ]​ នាក់​ ឬ​ដប់​នាក់​ទេ»។​

ទម្លាក់​មុខ​ចុះ​ និយាយ​មួយៗ​ សាស្ត្រាចារ្យ​ ប៉ុក​ ឌីរ៉ាម៉ា​ ដែល​ធ្លាប់​ឆ្លង​កាត់​ការ​សម្ដែង​ល្ខោន​ស្បែក​តូច​នេះ​មិន​តិច​ជាង​១០​ឆ្នាំ​រៀបរាប់​បន្ត​ថា​ បច្ចុប្បន្ន​មិន​សូវ​មាន​ការ​សម្ដែង​នៅ​តាម​ទីសាធារណៈ​ដូច​ពី​មុន​ទេ​ ហើយ​ក៏​មិន​មាន​អ្នក​សម្ដែង​ច្រើន​ដែរ។​ លោក​ថា​ បញ្ហា​ទាំង​នេះ​ព្រោះ​តែ​ខ្វះ​ធនធាន​មនុស្ស​ ខ្វះ​ថវិកា​ និង​ខ្វះ​ការ​អភិរក្ស​ ស្រប​ពេល​លំហូរ​ចូល​វប្បធម៌​បរទេស​កំពុង​ផុសផុល​ផង​នោះ​ បាន​ធ្វើ​ឱ្យ​សិល្បៈ​ប្រភេទ​នេះ​ស្ទើរ​តែ​បាត់បង់។​

ដោយ​មើល​ឃើញ​ពី​សារៈសំខាន់​និង​ហានិភ័យ​នៃ​ការ​បាត់បង់​សិល្បៈ​ល្ខោន​ស្បែក​តូច​ ទាំង​អ្នក​ជំនាញ​និង​អ្នក​ដែល​បាន​ទស្សនា​សិល្បៈ​ចំណាស់​មួយ​នេះ​ជំរុញ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ព្រម​ទាំង​សាធារណជន​ទាំងអស់​ចូលរួម​ថែរក្សា​និង​លើក​ស្ទួយ​សិល្បៈ​ជាតិ​ ដើម្បី​រក្សា​កេរ្តិ៍​មរតក​វប្បធម៌​នេះ​ឱ្យ​បាន​គង់វង្ស៕​

ចែករំលែកតាម៖