អឺរ៉ុបពង្រឹងសមត្ថភាពផ្នែកទំនាក់ទំនងចំពោះអង្គការដៃគូក្នុងស្រុក រួមទាំងកម្ពុជា

អឺរ៉ុបពង្រឹងសមត្ថភាពផ្នែកទំនាក់ទំនងចំពោះអង្គការដៃគូក្នុងស្រុក រួមទាំងកម្ពុជា

ដើម្បី​ពង្រឹង​សមត្ថភាព​នៃ​ទំនាក់ទំនង​របស់​ស្ថាប័ន​ក្នុង​ស្រុក ក៏​ដូចជា​ពង្រឹង​បន្ថែម​នូវ​ចំណង​ទាក់ទង​ក្រៅ​ប្រទេស សហគមន៍​អ៊ឺរ៉ុប បាន​បង្កើត​គម្រោង​មួយ​ដែល​មាន​ឈ្មោះ ខំមិនហ្គូ (COMnGO)។ COMnGO មក​ពី​ពាក្យ​ពេញ​ថា ទំនាក់ទំនង​សម្រាប់​អង្គការ​មិនមែន​រដ្ឋាភិបាល (Communication for NGOs)។ នេះ​បើ​តាម​ប្រធាន​គម្រោង COMnGO លោក ចូរ ម៉ូលើ សត (Joe Moller Short)។

ប្រសាសន៍​លោក ចូរ ម៉ូលើ សត៖ «COMnGO ជា​គម្រោង​ថ្មី ដែល​ទើប​តែ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៨​នេះ។ គម្រោង​នេះ​ផ្តោត​សំខាន់​លើ​ការ​ពង្រឹង​សមត្ថភាព​យុវជន និង​អង្គការ​មិនមែន​រដ្ឋាភិបាល ក្នុង​ការ​បង្កើត​យុទ្ធសាស្រ្ត​ទំនាក់ទំនង តាមរយៈ​ការ​ចូលរួម​វគ្គ​បណ្តុះ​បណ្តាល​ដោយ​ឥត​គិត​ថ្លៃ»។

លោក ចូរ ម៉ូលើ សត ប្រធានគម្រោង COMnGO
លោក ចូរ ម៉ូលើ សត ប្រធានគម្រោង COMnGO

បើ​តាម​លោក ចូរ នេះ គម្រោង​COMnGO​នេះ ផ្តល់​ជា​ការ​បណ្តុះបណ្តាល​រយៈពេល​ខ្លី នៅ​ប្រទេស​បារាំង ដែល​អង្គការ​ដៃគូ​តូចៗ​ក្នុង​ស្រុក​នៃ​ប្រទេស​ចំនួន​៧​ត្រូវ​បាន​អញ្ជើញ​ចូលរួម។ ប្រទេស​ទាំង​៧​នោះ​រួម​មាន ប្រទេស​បារាំង អ៊ីតាលី អេស្តូនី ឥណ្ឌូនេស៊ី កម្ពុជា ប៉េរ៉ូ និង​នីការ៉ាវ៉ា។ ដោយ​ក្នុង​នោះ​អង្គការ​សកម្មភាព​យុវជន​កម្ពុជា (CYA) នៃ​កម្ពុជា​ក៏​បាន​បញ្ជូន​សហការី និង​យុវជន​ឱ្យ​ចូលរួម​ផង​ដែរ។

កញ្ញា តេស សម្ភស្ស សហការីនៃអង្គការសកម្មភាពយុវជនកម្ពុជា
កញ្ញា តេស សម្ភស្ស សហការីនៃអង្គការសកម្មភាពយុវជនកម្ពុជា

សហការី​នៃ​អង្គការ​សកម្មភាព​យុវជន​កម្ពុជា កញ្ញា តេស សម្ភស្ស ដែល​បាន​ត្រូវ​បាន​ជ្រើសរើស​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ បាន​ឱ្យ​ដឹង​ថា កញ្ញា​រំពឹង​ទុក​ថា តាមរយៈ​ការ​រៀន និង​ឱកាស​នៃ​ការ​អនុវត្ត​ផ្ទាល់ កញ្ញា​អាច​បង្កើត​គេហទំព័រ​មួយ​យ៉ាង​ល្អ សម្រាប់​ស្ថាប័ន​ខ្លួន ក៏​ដូចជា​ទំព័រ​ទំនាក់ទំនង​សង្គម​ផ្ទាល់​ខ្លួន​បាន​ផង​ដែរ។

ប្រសាសន៍​កញ្ញា តេស សម្ភស្ស៖ «ខ្ញុំ​សង្ឃឹម​ថា ការ​ចូលរួម​ក្នុង​កម្មវិធី​នេះ មិន​ត្រឹម​តែ​ឱ្យ​ខ្ញុំ​យល់​ដឹង​ពី​ការ​អភិវឌ្ឍ Website [គេហទំព័រ] និង​Facebook Page [ទំព័រ​បណ្តាញ​សង្គម​ហ្វេសប៊ុក] មួយ​យ៉ាង​ល្អ ដោយ​មិន​ចាំបាច់​ចំណាយ​លុយ​ក្នុង​ការ​ទិញ Boost (ការ​ជម្រុញ​បន្ថែម​ក្នុង​ហ្វេសប៊ុក)»។

យោង​តាម​គេហទំព័រ COMnGO គម្រោង​នេះ​មាន​វគ្គ​បណ្តុះបណ្តាល​៣​ដង ក្នុង​ឆ្នាំ​២០១៨ រួម​មាន ទំនាក់ទំនង​ទាំង​ក្នុង និង​ក្រៅ​ស្ថាប័ន ការ​គ្រប់គ្រង​បណ្តាញ​សង្គម និង​ការ​រៀបចំ​គេហទំព័រ។ គម្រោង​នេះ​នឹង​បញ្ចប់​ដោយ​មាន​ការ​ជួប​ប្រជុំ​វាយតម្លៃ​នៃ​អង្គការ​ដៃគូ ដែល​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ នៅ​ដើម​ឆ្នាំ​២០១៩៕

ចែករំលែកតាម៖