EuroFair ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មកម្ពុជាអឺរ៉ុប

EuroFair ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មកម្ពុជាអឺរ៉ុប

ពិធី​បើក​ការ​តាំង​ពិព័រណ៌​ផលិតផល​អឺរ៉ុប​បាន​ធ្វើ​ឡើង​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា​ដោយ​មាន​ឈ្មោះ​ថា EuroFair។ កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​ ឬ EUROCHAM Cambodia និង​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា។

កម្មវិធី​នេះ​ប្រព្រឹត្ត​ឡើង​ក្នុង​បំណង​ផ្តល់​ជូន​អ្នកជំនួញ​អាជីព​នូវ​ឱកាស​ពង្រីក​ទំនាក់ទំនង​អាជីវកម្ម​និង​ស្វែង​រក​ដៃគូ​ជំនួញ ព្រម​ទាំង​ធ្វើ​ឱ្យ​សាធារណជន​បាន​ស្គាល់​ម៉ាក​ល្បីៗ​របស់​អឺរ៉ុប​ជា​ផលិតផល​មាន​គុណភាព​ខ្ពស់​និង​សេវាកម្ម​ល្អៗ​ដែល​ពួក​គេ​អាច​ទិញ​បាន​ភ្លាមៗ​នៅ​ទីនោះ។

នៅ​ក្នុង​ការ​បើក​សម្ពោធ EuroFair លោក Arnaud Darc ប្រធាន​សភាពាណិជ្ជកម្ម​អឺរ៉ុប​​លើក​ឡើង​ថា កម្មវិធី​នេះ​គឺ​ជា​ស្ពាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​ផ្សារភ្ជាប់​អឺរ៉ុប​ទៅ​នឹង​កម្ពុជា​និង​ផ្ដល់​ឱ្យ​កម្ពុជា​នូវ​ឱកាស​ពិសេស​ក្នុង​ការ​បង្កើន​ទំនាក់​ទំនង​ជាមួយ​មិត្តភក្តិ ដៃគូ​ពាណិជ្ជកម្ម និង​អតិថិជន។

លោក Arnaud Darc មាន​ប្រសាសន៍​បន្ដ​ថា៖ «ជាមួយ​នឹង​ការ​តាំង​ពិព័រណ៌​នេះ EUROCHAM មិន​ត្រឹម​តែ​ផ្សព្វផ្សាយ​អំពី​វត្តមាន​របស់​សហភាព​អឺរ៉ុប​នៅ​ក្នុង​កម្ពុជា​តែ​ប៉ុណ្ណោះ​ទេ គឺ​ពួក​យើង​បាន​ផ្ដល់​ឱកាស​ឱ្យ​សហគ្រិន​របស់​កម្ពុជា​ជួប​ជាមួយ​សហភាព​អឺរ៉ុប​ដែល​មាន​សក្ដានុពល​ដើម្បី​បង្កើត​ដៃគូ​អាជីវកម្ម​ថ្មីៗ​ ឬ​រឹត​បន្តឹង​ចំណង​មិត្តភាព​ជាមួយ​ដៃគូ​ដែល​មាន​ស្រាប់»។

លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប
លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប

កម្មវិធី EuroFair ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ដល់​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៨ ចាប់​ពី​វេលា​ម៉ោង​៩​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច នៅ​សាល​មហោស្រព​កោះ​ពេជ្រ​ដោយ​បើក​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ដោយ​សេរី។

EuroFair មាន​ការ​ចូលរួម​ពី​សភាពាណិជ្ជកម្ម​ជាតិ​នៃ​បណ្ដា​ប្រទេស​អឺរ៉ុប​នៅ​កម្ពុជា​រួម​មាន​សភាពាណិជ្ជកម្ម​អាល្លឺម៉ង់ (ADW) សភាពាណិជ្ជកម្ម​អង់គ្លេស (BritCham) សភាពាណិជ្ជកម្ម​បារាំង (CCIFC) សភាពាណិជ្ជកម្ម​អ៊ីតាលី (ICBA) និង​សភាពាណិជ្ជកម្ម​អឺរ៉ុប​ខាង​ជើង (NordCham ប្រទេស​ន័រវេ ដាណឺម៉ាក ស៊ុយអែត ហ្វាំងឡង់ និង​អ៊ីស្លង់)។

កម្មវិធី​នេះ​មាន​ការ​តាំង​បង្ហាញ​ផលិតផល​មក​ពី​ជាង​៤០​ក្រុមហ៊ុន​ក្នុង​គ្រប់​វិស័យ​ដូចជា​យានយន្ត គ្រឿង​សង្ហារឹម គ្រឿង​សម្អាង សម្លៀកបំពាក់ គ្រឿង​ម៉ាស៊ីន សម្ភារៈ​ប្រើប្រាស់ និង​អាហារ​អឺរ៉ុប។ 

លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម
លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម

រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​លោកស្រី តឹករ៉េត កំរង មាន​ប្រសាសន៍​អំពី​ភាព​ជិត​ស្និទ្ធ​រវាង​ប្រទេស​កម្ពុជា​ជាមួយ​នឹង​សហភាព​អឺរ៉ុប​យ៉ាង​ដូច្នេះ​ថា៖ «រវាង​កម្ពុជា​និង​សហគមន៍​អឺរ៉ុប​នេះ​យើង​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជា​យូរ​មក​ហើយ ហើយ​សហគមន៍​អឺរ៉ុប​គឺ​ជា​សហគមន៍​ទី​១​ដែល​ទទួល​ទំនិញ​ពី​កម្ពុជា​ច្រើន​ជាង​គេ ជាពិសេស​ផ្នែក​សម្លៀកបំពាក់ ខោអាវ កង់ ស្បែក​ជើង​ជា​ដើម។ ចឹង​ទៅ​យើង​កាន់​តែ​ពង្រឹង​ធ្វើ​ម៉េច​ឱ្យ​តែ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​សហគមន៍​អឺរ៉ុប​ហ្នឹង​កាន់​តែ​បាន​រឹងម៉ាំ រីកចម្រើន​ត​ទៅ​ទៀត»។

ប្រធាន​សភាពាណិជ្ជកម្ម​អឺរ៉ុប លោក Arnaud Darc មាន​ប្រសាសន៍​ថា ទស្សនវិស័យ​របស់ EUROCHAM គឺ​នឹង​រៀបចំ​កម្មវិធី EuroFair នៅ​ប្រទេស​កម្ពុជា​ជា​រៀង​រាល់​២​ឆ្នាំ​ម្ដង​ដោយ​បច្ចុប្បន្ន​នេះ EUROCHAM កំពុង​តែ​រៀបចំ​គម្រោង​សម្រាប់​កម្មវិធី EuroFair ឆ្នាំ​២០២០​បណ្ដើរៗ​ហើយ៕

ចែករំលែកតាម៖