បរិស្ថានគ្មានផ្សែងបារី ជាអ្វីដែលគ្រប់គ្នាចង់បាន

បរិស្ថានគ្មានផ្សែងបារី ជាអ្វីដែលគ្រប់គ្នាចង់បាន

បារី

បរិស្ថាន​គ្មាន​ផ្សែង​បារី គឺ​ជា​បរិស្ថាន​មួយ​ដែល​មិន​មាន​ការ​ជក់​បារី​នៅ​ក្នុង​អគារ​នៃ​កន្លែង​ធ្វើការ និង​កន្លែង​សាធារណៈ។ ហើយ​បរិស្ថាន​គ្មាន​ផ្សែង​បារី គឺ​បាន​ផ្តល់​ផល​ប្រយោជន៍​យ៉ាង​ធំធេង​ដល់​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស​កុមារ និង​ស្ត្រី​ក្នុង​ការ​ទទួល​បាន​សុខភាព​ល្អ និង​ចំណេញ​ថវិកា​ជា​ច្រើន​ដល់​សង្គម​គ្រួសារ និង​សង្គមជាតិ។ នេះ​បើ​តាម​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា។

ប្រភព​ដដែល​បន្ត​ថា កន្លង​ទៅ​ភាគី​ពាក់ព័ន្ធ​រួម​មាន​រាជរដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​យុវជន​ជាច្រើន​បាន​ខិតខំ​ផ្សព្វផ្សាយ និង​អនុវត្ត​គោលការណ៍​បរិស្ថាន​គ្មាន​ផ្សែង​បារី​ទុក​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ខណៈ​ពួក​គេ​ចង់​ឃើញ​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​គ្មាន​ផ្សែង​បារី។

យុវជន ឌឹម លីឈាង និស្សិត​ឆ្នាំ​ទី​១ ផ្នែក​ស្ថាបត្យកម្ម​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​​វិចិត្រ​សិល្បៈ​លើក​ឡើង​ថា ខ្លួន​ពិត​ជា​ចង់​ឃើញ​បរិស្ថាន​ដែល​ខ្លួន​រស់នៅ​គ្មាន​ផ្សែង​បារី ព្រោះ​ថា​ផ្សែង​បារី គឺ​ជា​សត្រូវ​នៃ​សុខភាព។

យុវជន ឌឹម លីឈាង៖«ជា​ការ​ពិត ក្នុង​នាម​ខ្ញុំ​ជា​យុវជន ខ្ញុំ​អត់​ចង់​ឃើញ​បរិស្ថាន​មួយ​របស់​ប្រទេស​កម្ពុជា​ដែល​ពោរពេញ​ទៅ​ដោយ​ផ្សែង​បារី​ទេ។ គឺ​ចង់​ឃើញ​បរិស្ថាន​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​បរិសុទ្ធ និង​ប្រជាជន​មាន​សុខភាព​ល្អ»

កម្មវិធីប្រកួតនិយាយសាធារណៈ ប្រធានបទ "ការអនុវត្តបរិស្ថានគ្មានផ្សែងបារី"
កម្មវិធីប្រកួតនិយាយសាធារណៈ ប្រធានបទ “ការអនុវត្តបរិស្ថានគ្មានផ្សែងបារី”

និស្សិត​ម្នាក់​នៅ​សាលា​ភូមិន្ទ​កសិកម្ម យុវជន អៀន យន់ បាន​ឱ្យ​ដឹង​ដែរ​ថា ខ្លួន​ពិត​ជា​មាន​ការ​ធុញ​ទ្រាន់​នៅ​ពេល​ជួប​អ្នក​ជក់​បារី និង​បង្ហុយ​ផ្សែង​បារី​នៅ​តាម​ទីសាធារណៈ ខណៈ​ច្បាប់​នៃ​ការ​ហាម​ឃាត់​ការ​ជក់​បារី​នៅ​តាម​ទីសាធារណៈ​ត្រូវ​បាន​ចេញ​ឱ្យ​អនុវត្ត។

យុវជន​រូប​នេះ​សំណូមពរ​ឱ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី ជា​ពិសេស​យុវជន​ក្នុង​ការ​មិន​ជក់​បារី​នៅ​តាម​ទីសាធារណៈ ខណៈ​រដ្ឋាភិបាល​គួរ​តែ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់ ក៏​ដូចជា​ដំឡើង​ពន្ធ​នាំ​ចូល​លើ​ផលិតផល​ថ្នាំ​ជក់​នេះ។

លោក​លើក​ឡើង៖ «ការ​នាំ​ចូល​បារី​ត្រូវ​ដំឡើងពន្ធ​ឱ្យ​ថ្លៃ​ជាង​ធម្មតា ព្រោះ​អី​នៅ​ពេល​ដែល​យើង​ដំឡើងពន្ធ​ទៅ វា​ធ្វើ​ឱ្យ​អត្រា​នៃ​ការ​នាំ​ចូល​មាន​កម្រិត​ទាប។ ហើយ​យើង​ធ្វើ​ការ​ចែក​រំលែក​ផ្សព្វផ្សាយ​ចំណេះដឹង​ដើម្បី​ឱ្យ​ប្រជាជន​យល់​អំពី​ផលវិបាក​នៃ​ការ​ប្រើប្រាស់​និង​ការ​ជក់​បារី»

ផ្អែក​តាម​លទ្ធផល​ស្រាវជ្រាវ​របស់​ក្រសួង​ផែនការ​ឆ្នាំ​២០១៤ អ្នកប្រើប្រាស់​ថ្នាំ​ជក់​ជាង​៨០​ភាគរយ មាន​នៅ​តាម​ភោជនីយដ្ឋាន និង​អគារ​សាធារណៈ​របស់​រដ្ឋ។ ក្នុង​នោះ សម្រាប់​ខេត្ត​សៀមរាប​មួយ​បាន​រក​ឃើញ​ថា អ្នក​គ្រប់គ្រង ឬ​ម្ចាស់​មូលដ្ឋាន​នៃ​កន្លែង​ធ្វើការ និង​កន្លែង​សាធារណៈ​រួម​មាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន​ប្រមាណ ៥៨% បាន​យល់​ដឹង​ពី​ច្បាប់​ហាម​ឃាត់​មិន​ឱ្យ​ជក់​បារី​នៅ​កន្លែង​ធ្វើការ និង​កន្លែង​សាធារណៈ។

ការ​រក​ឃើញ​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា ការ​អនុវត្ត​ជាក់ស្តែង​ចំពោះ​ការ​បិទ​ផ្លាក​សញ្ញា​ហាម​ជក់បារី​នៅ​កន្លែង​ទាំង​នោះ មាន​តែ​២៩%​ប៉ុណ្ណោះ ស្រប​ពេល​អ្នក​ល្មើស​ទៅ​នឹង​ផ្លាក​សញ្ញា​ហាម​ជក់​បារី​នៅ​កន្លែង​សាធារណៈ​ទាំង​នោះ​មាន​ចំនួន​ដ៏​ច្រើន​លើសលប់។

វេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា
វេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា

ប្រធាន​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា វេជ្ជបណ្ឌិត មុំ គង់ បាន​ថ្លែង​ក្នុង​កម្មវិធី​ប្រកួត ការ​និយាយ​ជា​សាធារណៈ​អំពី​បរិស្ថាន​គ្មាន​ផ្សែង​បារី កាល​ពី​ពាក់​កណ្តាល​ខែ​តុលា​ថា ផ្សែង​បារី បាន​បង្ក​ផល​ប៉ះពាល់​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ​ដូចជា បង្ករ​ឱ្យ​កើត​ជំងឺ​មហារីក ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល គាំង​បេះដូង ក្រិន​សរសៃ​ឈាម និង​ជំងឺ​ប្លោក​នោម​ជាដើម។ វេជ្ជបណ្ឌិត និង​ជា​អ្នក​ជំនាញ​រូប​នេះ បញ្ជាក់​បន្ថែម​ថា កន្លង​មក​នេះ ការ​អនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី គឺ​ទទួល​បាន​ភាព​ល្អ​ប្រសើរ តែ​ក៏​ត្រូវ​មាន​វិធានការ​បន្ថែម​ទៀត​ផង​ដែរ។

លោក​មាន​ប្រសាសន៍៖ «តាម​ពិត​ទៅ​ទាក់ទង​នឹង​ការ​អនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​នេះ គឺ​យើង​គិត​ថា​ជា​ចំណុច​ចាប់​ផ្តើម​ដ៏​ល្អ។ ប៉ុន្តែ​ក៏​មាន​ចំណុច​មួយ​ចំនួន​គួរ​តែ​មាន​ការ​កែ​លម្អ។ ចំណុច​ដែល​ល្អ គឺ​មាន​ន័យ​ថា ម្ចាស់​អាជីវកម្ម​ភាគ​ច្រើន គឺ​បាន​បិទ​សញ្ញា​ហាម​ជក់​បារី​ហើយ។ ហើយ​ជា​សញ្ញា​ប្រាប់​ទៅ​កាន់​អ្នក​ជក់ ថា​កន្លែង​ហ្នឹង​ត្រូវ​បាន​ហាម​ជក់ យោង​ទៅ​តាម​ច្បាប់​របស់​យើង។ ប៉ុន្តែ​ម្ចាស់​កន្លែង​ធ្វើការ ក៏​ដូចជា​កន្លែង​សាធារណៈ​នៅ​មាន​ការ​ស្ទាក់ស្ទើរ​នៅ​ឡើយ នូវ​ការ​ហាម​ឃាត់​អ្នក​ជក់​បារី​មួយ​ចំនួន​តូច…»

វេជ្ជបណ្ឌិត មុំ គង់ បាន​សង្កត់​ធ្ងន់​ថា ការ​អនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​មិនមែន​មាន​តែ​កម្ពុជា​នោះ​ទេ អាស៊ាន រួម​ទាំង​ពិភពលោក​ទាំង​មូល ក៏​បាន​អនុវត្ត​គោលការណ៍​បរិស្ថាន​គ្មាន​ផ្សែង​បារី​នេះ​ដែរ។

យោង​តាម​អនុក្រឹត្យ​ស្តី​ពី​ការ​ហាម​ឃាត់​ការ​ជក់​បារី ឬ​បង្ហុយ​ផ្សែង​ផលិតផល​ថ្នាំ​ជក់​នៅ​កន្លែង​ធ្វើការ  ឬ​កន្លែង​សាធារណៈ អ្នក​គ្រប់គ្រង ឬ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​មាន​តួនាទី បិទ​សញ្ញា​ហាម​ឃាត់​ការ​ជក់​បារី​ក្នុង​ទីតាំង​អាជីវកម្ម​របស់​ខ្លួន ការ​មិន​តាំង​ចាន​គោះ​បារី និង​ត្រូវ​អញ្ជើញ​អ្នក​ជក់បារី​ឱ្យ​ចេញ​ទៅ​ក្រៅ​ជា​ដើម។

របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​បញ្ជាក់​ថា មាន​មនុស្ស ៧​លាន​នាក់ បាន​ស្លាប់​ជារៀងរាល់​ឆ្នាំ ដោយសារ​ជំងឺ​ដែល​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ថ្នាំ​ជក់ ក្នុង​នោះ​ជិត​១​លាន​នាក់ ជា​អ្នក​ស្រូប​ផ្សែង​បារី​ពី​គេ។ ប្រភព​ដដែល​បន្ថែម​ថា ថ្នាំ​ជក់​បាន​សម្លាប់​មនុស្ស​ប្រមាណ ១​ម៉ឺន​នាក់​ជា​រៀង​រាល់​ឆ្នាំ​នៅ​កម្ពុជា​ផង​ដែរ៕

ចែករំលែកតាម៖