រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធរួមគ្នាលើកកម្ពស់សហគ្រិនភាពដោយផ្តោតការអប់រំលើយុវជន

រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធរួមគ្នាលើកកម្ពស់សហគ្រិនភាពដោយផ្តោតការអប់រំលើយុវជន

ក្រោម​កិច្ច​សហការ​ពី​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) កម្ពុជា​បាន​រៀបចំ​សិក្ខា​សាលា​ពាណិជ្ជកម្ម និង​បាន​ទទួល​ស្គាល់​ដោយ​កំណត់ត្រា​ពិភពលោក Guinness កាល​ពី​ខែ​សីហា ឆ្នាំ​២០១៧។ នៅ​ខែ​ធ្នូ ឆ្នាំ​ដដែល យុទ្ធនាការ​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ម្តង​ទៀត ក្រោម​ជំនួយ​ផ្ទាល់​ពី​អង្គការ​សហប្រជាជាតិ ផ្នែក​ស្ម័គ្រ​ចិត្ត(UNV) និង​ILO។ យោង​តាម​ភាព​ជោគជ័យ​ជា​វិជ្ជមាន​ទាំង​ពីរ​ខាង​លើ ក្នុង​ឆ្នាំ​២០១៨ ខែ​កញ្ញា​កន្លង​ទៅ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​សម្រេច​រៀបចំ​ទិវា​សហគ្រិនភាព​ក្រោម​ទ្រង់ទ្រាយ​ទូទាំង​២៥​ខេត្ត​ក្រុង​តែ​ម្តង។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នៃ​UNV។

តាម​ប្រភព​ដដែល សិក្ខា​សាលា​សហគ្រិនភាព​នេះ ធ្វើ​ឡើង​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​សហគ្រិនភាព ក៏​ដូចជា​ការ​បង្កើត​មុខរបរ​ដែល​និរន្តភាព ដល់​សិស្ស​ទាំង​ថ្នាក់​ចំណេះដឹង​ទូទៅ និង​វិជ្ជាជីវៈ ក៏​ដូចជា​យុវជន​ដែល​នៅ​ក្រៅ​សាលា ជិត​៤​ពាន់​នាក់ (៣៧៥០)។

ប្រធាន​ការិយាល័យ​យុវជន​នៃ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​រាជធានីភ្នំពេញ លោក ង៉ែត ចាន់សុខ អះអាង​ពី​ភាព​ចាំបាច់​នៃ​ការ​រៀបចំ​សិក្ខា​សាលា​សហគ្រិន​យ៉ាង​ដូច្នេះ​ថា៖ «សហគ្រិនភាព​នេះ វា​មាន​សារសំខាន់​ណាស់ វា​ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ពី​ព្រោះ​ថា​នៅ​ពេល​ដែល​យុវជន​ទាំងអស់​ក្លាយ​ជា​សហគ្រិន ឬ​ក៏​ម្ចាស់​សហគ្រាស គាត់​ពិត​ជា​បាន​រួម​ចំណែក​ជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ និង​ខ្លួន​គាត់។ ចឹង​នៅ​ពេល​ដែល​គាត់​បាន​ជួយ​អភិវឌ្ឍន៍​ខ្លួន​គាត់ សេដ្ឋកិច្ច​គ្រួសារ និង​សហគមន៍​មាន​ន័យ​ថា​គាត់​បាន​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ»

បើ​តាម​និយមន័យ​ជា​សកល សហគ្រិនភាព គឺ​ជា​ការ​គំនិត​បង្កើត​ថ្មី តាម​រយៈ​បុគ្គល​ម្នាក់ ឬ​មួយ​ក្រុម ដោយ​ប្រើប្រាស់​ការ​ប្រឹងប្រែង និង​មធ្យោបាយ​ដែល​ខ្លួន​មាន ដើម្បី​រៀបចំ និង​ស្វែង​រក​ឱកាស​នានា​ក្នុង​ការ​បង្កើត និង​ការ​លូតលាស់​អាជីវកម្ម​របស់​ខ្លួន។

យុវជន​ស្ម័គ្រចិត្ត​ចុះ​បណ្តុះ​បណ្តាល​ពី​សហគ្រិនភាព​ដល់​យុវជន​ប្រមាណ​ជិត ២០០​នាក់​នៅ​រាជធានី​ភ្នំពេញ លោក ចាន់ គីមទី ពន្យល់​បន្ថែម​ពី​អត្ថន័យ​នៃ​សហគ្រិនភាព​ថា បុគ្គល​ដែល​អាច​ក្លាយ​ខ្លួន​ជា​សហគ្រិន ពុំ​ចាំបាច់​ទាល់​តែ​មាន​ដើម​ទុន​ច្រើន ឬ​បទពិសោធ​យូរ​ឆ្នាំ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ សហគ្រិន​គឺ​ជា​បុគ្គល​ដែល​អាច​មើល​ឃើញ​ពី​ឱកាស​ថ្មី  ឬ​យុទ្ធសាស្រ្ត​ថ្មី​សម្រាប់​ធ្វើ​អាជីវកម្ម​របស់​ខ្លួន និង​អាច​សម្រប​ខ្លួន​ជា​បន្ត​បន្ទាប់​ជាមួយ​នឹង​ការ​ប្រែប្រួល​នានា និង​ធ្វើ​យ៉ាង​ណា ដើម្បី​បំពេញ​ទៅ​តាម​តម្រូវការ​នៃ​ទីផ្សារ​បាន។ សមត្ថភាព​មើល​ឃើញ​ឱកាស​ថ្មី​ទាំង​នេះ កើត​ចេញ​ពី​ការ​មាន​ផ្នត់​គំនិត និង​លក្ខណៈ​សម្បត្តិ​ជា​សហគ្រិន។

លោក ចាន់ គីមទី៖ «យុវជន​ដែល​អាច​ក្លាយ​ជា​សហគ្រិនភាព យុវជន​ទាំងអស់​គ្នា​មាន​ភាព​ក្លាហាន ហ៊ាន​ប្រថុយ​ប្រថាន និង​ការ​លះបង់​ទាំង​ថវិកា និង​ពេល​វេលា ឈាន​ទៅ​ដល់​ជា​សហគ្រិនភាព»

ខណៈ​ដែល​មនុស្ស​ខ្លះ​មាន​សំណាង​ដោយ​មាន​លក្ខណៈ​សម្បត្តិ​ពី​ធម្មជាតិ ក្នុង​ការ​ច្នៃ​ប្រឌិត មាន​សមត្ថភាព​តស៊ូ​អំណត់ បើ​ទោះ​បី​ជា​ត្រូវ​ជួប​ការ​លំបាក សម្រាប់​កសាង​អាជីវកម្ម​របស់​ពួក​គេ​ឱ្យ​បាន​ល្អ វាគ្មិន​ស្ម័គ្រចិត្ត​រូប​នេះ​បញ្ជាក់​ថា ក៏​នៅ​មាន​មនុស្ស​ផ្សេង​ទៀត​ចាំបាច់ ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង ដើម្បី​អភិវឌ្ឍ​លក្ខណៈ​សម្បត្តិ​ទាំង​នេះ។ ដូច្នេះ​លោក​លើក​ទឹក​ចិត្ត​យុវជន​ទាំងអស់​កុំ​អស់​សង្ឃឹម៕

ចែករំលែកតាម៖