អក្ខរកម្មជាជម្រើសល្អសម្រាប់ពង្រឹងសមត្ថភាពកម្មកររោងចក្រ

អក្ខរកម្មជាជម្រើសល្អសម្រាប់ពង្រឹងសមត្ថភាពកម្មកររោងចក្រ

កម្មកររោងចក្រ

ដោយសារ​តែ​បន្ទុក​និង​កាតព្វកិច្ច​ទទួល​ខុស​ត្រូវ​ចំពោះ​គ្រួសារ សេដ្ឋកិច្ច និង​សង្គម បាន​ធ្វើ​ឱ្យ​ស្ត្រី​ធ្វើ​ការ​នៅ​តាម​រោងចក្រ​ជា​ច្រើន​នៅ​កម្ពុជា បាន​បោះបង់​ចោល​ឱកាស​ទទួល​បាន​ការ​អប់រំ​ជា​មូលដ្ឋាន​ឬ​មិន​មាន​ឱកាស​ទទួល​បាន​ការ​សិក្សា​សោះ​តែ​ម្តង។

របាយការណ៍​របស់​ក្រសួង​ផែនការ​ស្តី​ពី​ស្ត្រី​ចំណាកស្រុក​ឆ្នាំ​២០១៣​បាន​បង្ហាញ​ថា ៨៥%​នៃ​កម្មករ​កម្មការិការជាង​៦​សែន​នាក់​កំពុង​ធ្វើ​ការ​នៅ​តាម​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​និង​ស្បែក​ជើង។ ហើយ​ក្នុង​ចំណោម​នោះ​មាន ១៤%​ជា​អ្នក​មិន​ចេះ​អក្សរ​និង​២៩% មាន​កម្រិត​អប់រំ​ទាប។

ដើម្បី​កំណត់​ក្រុម​គោលដៅ​នៃ​កម្មករ​កម្មការិការ​ទាំងអស់​នោះ នៅ​ឆ្នាំ ២០១៦  ក្រសួង​អប់រំ យុវជន និង​កីឡា ក្រោម​ជំនួយ​ហិរញ្ញប្បទាន​ពី​អង្គការ UNESCO (យូណេស្កូ) បាន​បង្កើត​កម្មវិធី​អក្ខរកម្ម​ពិសេស​មួយ​សម្រាប់​កម្មករ​រោងចក្រ​ដែល​ហៅ​ជាទូទៅ​ថា “កម្មវិធី​អក្ខរកម្ម​នៅ​តាម​រោងចក្រ​កាត់ដេរ”។

អក្ខរកម្ម​នៅ​តាម​រោងចក្រ​កាត់ដេរ​គឺ​ជា​កម្មវិធី​មួយ​សម្រាប់​ផ្តល់​ការ​អប់រំ​ដល់​កម្មការិនី​នៅ​តាម​រោងចក្រ​អាច​ទទួល​បាន​បំណិន​អក្ខរកម្ម​វិជ្ជាជីវៈ​ជា​មូលដ្ឋាន ព្រម​ទាំង​ផ្តល់​សិទ្ធិ​អំណាច​ដល់​ពួក​គាត់​ឱ្យ​យល់​ដឹង​កាន់​តែ​ប្រសើរ​ឡើង​នូវ​សិទ្ធិ​មូលដ្ឋាន​របស់​ខ្លួន។

លោក សំ ចាន់ទិត្យ អនុប្រធាននាយកដ្ឋានអប់រំក្រៅប្រព័ន្ធនៃក្រសួងអប់រំ យុវជន និងកីឡា
លោក សំ ចាន់ទិត្យ អនុប្រធាននាយកដ្ឋានអប់រំក្រៅប្រព័ន្ធនៃក្រសួងអប់រំ យុវជន និងកីឡា

លោក សំ ចាន់ទិត្យ អនុប្រធាន​នាយកដ្ឋាន​អប់រំ​ក្រៅ​ប្រព័ន្ធ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា មាន​ប្រសាសន៍​ថា តាម​រោងចក្រ​មួយ​ចំនួន​ដែល​មាន​កម្មករ​ប្រមាណ ៤ ពាន់ ទៅ ៥ ពាន់​នាក់ គឺ​មាន​អ្នក​មិន​ចេះ​អក្សរ​ប្រមាណ​ជិត ១ ពាន់​នាក់។ ដូចនេះ​ចំនួន​អ្នក​មិន​ចេះ​អក្សរ​នៅ​តាម​រោងចក្រ គឺ​នៅ​មាន​កម្រិត​ខ្ពស់។

បើ​តាម​លោក សំ ចាន់ទិត្យ កម្ពុជា នៅ​មាន​អក្ខរជន​ប្រមាណ​ជាង ១លាន​នាក់​ទៀត ដែល​ត្រូវ​ការ​ការ​បណ្តុះ​បណ្តាល ដែល​ភាគ​ច្រើន​នៃ​ពួក​គេ គឺ​កំពុង​ធ្វើ​ការ​នៅ​តាម​រោងចក្រ។

លោក សំ ចាន់ទិត្យ មាន​ប្រសាសន៍​ថា៖ «ស្ថិតិ​ពិត​ប្រាកដ ដូច​ខ្ញុំ​បាន​បញ្ជាក់​នៅ​ខាង​ដើម​ចឹង យើង​មាន​ប្រហែល​ជាង​១​លាន​នាក់​ទៀត អនក្ខរជន​ទូទាំង​ប្រទេស។ ហើយ​ភាគ​ច្រើន គាត់​រត់​មក​តាម​រោងចក្រ ដើម្បី​ទទួល​បាន​នូវ​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​នូវ​ជីវភាព​ប្រចាំ​ថ្ងៃ​គ្រួសារ​គាត់។ ចឹង​មាន​តែ​រោងចក្រ​ដែល​អាច​ជួយ​គាត់​បាន»។

លិខិត​ផ្សព្វផ្សាយ​របស់​អង្គការ​យូណេស្កូ​បាន​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៧ សិស្ស​ជាង​៤០០​នាក់​មក​ពី​រោងចក្រ​ចំនួន​១១ បាន​បញ្ចប់​កម្មវិធី​និង​បាន​ទទួល​វិញ្ញាបនបត្រ​អក្ខរកម្ម ដែល​មាន​តម្លៃ​ជា​សមមូល​ទៅ​នឹង​កម្រិត​ថ្នាក់​ទី​៤​នៃ​សាលារៀន​ចំណេះ​ទូទៅ។ ក្នុង​ឆ្នាំ​២០១៨ មាន​រោងចក្រ​ចំនួន​១៤​ថ្មី​បន្ថែម​ទៀត​បាន​រៀបចំ​ផែនការ​ដំណើរការ​ថ្នាក់​អក្ខរកម្ម​សម្រាប់​កម្មករ​កម្មការិការរបស់​ខ្លួន ខណៈ​ចំនួន​រោងចក្រ​ដែល​ចូលរួម​បង្កើត​កម្មវិធី​នេះ​នៅ​តាម​រោងចក្រ​មាន​ប្រមាណ​២៥​រោងចក្រ​នៅ​ទូទាំង​ប្រទេស។

ផ្តើម​ចេញ​ពី​កម្មការិនី​ក្នុង​រោងចក្រ​រហូត​ក្លាយ​ជា​គ្រូ​បង្គោល​អក្ខរកម្ម​ម្នាក់ អ្នកស្រី មឿន សាវន មាន​ប្រសាសន៍​ថា ក្រៅ​ពី​ទទួល​បាន​ចំណេះដឹង​ផ្ទាល់​ខ្លួន អ្នកស្រី​ក៏​អាច​ចែក​រំលែក​ចំណេះដឹង​ទាំង​នោះ​ទៅ​កាន់​កម្មករ​ដទៃ​ទៀត ដើម្បី​ឱ្យ​ពួក​គាត់​មាន​សមត្ថភាព​ក្នុង​ការ​បង្កើន​សមិទ្ធផល​ផង​ដែរ។

អ្នកស្រី​និយាយ​ថា៖ «មាន​សារៈសំខាន់​ខ្លាំង​ណាស់ ទី​មួយ​ហ្នឹង​ដោយសារ​គាត់ អត់​ចេះ​អក្សរ​ចឹង អាច​ប៉ះពាល់​ផលិតភាព ដូច​ជា​គេ​ឱ្យ​គាត់​កត់​បុង​អី គាត់​អត់​ចេះ​កត់​ទេ អត់​ដឹង​ថា អា​ហ្នឹង​ស្អីៗ​ទេ។ ដល់​ពេល​យើង​អាច​បង្រៀន​គាត់​ទៅ គាត់​ចេះ​ដឹង គាត់​អាច​កត់​បុង​បាន ហើយ​គាត់​អាច​ធ្វើ​អ្វី​ផ្សេងៗ​បាន គាត់​អាច​ជួយ​ដល់​ក្រុមហ៊ុន»។

អ្នកស្រី មឿន សាវន បង្គោលអក្ខរកម្ម
អ្នកស្រី មឿន សាវន បង្គោលអក្ខរកម្ម

លិខិត​ផ្សព្វផ្សាយ​របស់​អង្គការ​យូណេស្កូ​បាន​ឱ្យ​ដឹង​ថា អ្នក​គ្រប់គ្រង​រោងចក្រ​មួយ​ចំនួន​ទៀត​ដែល​ផ្តល់​ឱកាស​ឱ្យ​មាន​ថ្នាក់​បណ្តុះបណ្តាល​នៅ​តាម​រោងចក្រ​របស់​ពួកគេ បាន​ទទួល​ស្គាល់​ពី​គុណប្រយោជន៍​ដ៏​ច្រើន​សម្រាប់​ការ​បើក​ដំណើរ​ថ្នាក់​អក្ខរកម្ម។ គុណប្រយោជន៍​ទាំង​នោះ​រួម​មាន​ការ​ជំរុញ​លើក​ទឹក​ចិត្ត​កាន់​តែ​ប្រសើរ​ឡើង​ជាង​មុន​ក្នុង​ចំណោម​អ្នក​រៀន​អក្ខរកម្ម ការ​កាត់​បន្ថយ​កំហុស​ឆ្គង​ក្នុង​ផលិតភាព​ការងារ និង​ការ​បង្កើន​ទំនាក់ទំនង​កាន់​តែ​ល្អ​រវាង​និយោជក​និង​កម្មករ។

លោក សុខ ឧត្តម អ្នក​គ្រប់គ្រង​ផ្នែក​ធនធាន​មនុស្ស​នៅ​រោងចក្រ​កាត់ដេរ​ម៉ូរៀរ​ក្នុង​រាជធានី​ភ្នំពេញ​លើក​ឡើង​ក្នុង​លិខិត​ផ្សព្វផ្សាយ​របស់​អង្គការ​យូណេស្កូ​ថា គុណប្រយោជន៍​នៃ​អក្ខរកម្ម​បាន​ស្តែង​ចេញ​ឡើង​តាមរយៈ​ការ​កាត់​បន្ថយ​អត្រា​ផ្លាស់ប្តូរ​ទីកន្លែង​ការងារ​របស់​កម្មករ។

កម្មវិធី​អក្ខរកម្ម​នៅ​តាម​រោងចក្រ​កាត់ដេរ​ក៏​មាន​ភ្ជាប់​ជាមួយ​នឹង​ការ​បង្កើត​បណ្ណាល័យ​និង​បន្ទប់​អាន​របស់​អង្គការ​ស៊ីប៉ា​នៅ​តាម​រោងចក្រ​ផង​ដែរ។

ប្រធាន​អង្គការ Sipar លោក ហុក សុទ្ធិ ​មាន​ប្រសាសន៍​ថា៖ «អក្ខរកម្ម​ជា​ចំណុច​ចាប់​ផ្តើម​របស់​កម្មករ ដើម្បី​ឱ្យ​គាត់​មាន​ជំនាញ​បន្ថែម បើ​មិន​អ៊ីចឹង​ទេ គាត់​ប្រើ​ជំនាញ​ដដែលៗ​របស់​គាត់​ដែល​គាត់​មាន។ ជាទូទៅ​ជា​ជំនាញ​មិនមាន​លទ្ធភាព​ក្នុង​ការ​រីកចម្រើន​ច្រើន​នោះ​ទេ ដែល​ជា​ជំនាញ​ដំបូង​របស់​គាត់ ដែល​គ្រាន់​តែ​ចេះ​ធ្វើ​ការងារ​ហ្នឹង។ ចឹង​កាលណា​ចេះ​អក្សរ​ធ្វើ​ឱ្យ​គាត់​អាច​ទៅ​រៀន​យក​ជំនាញ​ផ្សេងៗ​បន្ថែម​ទៀត ពីព្រោះ​នៅ​ក្នុង​វិស័យ​ការងារ​រោងចក្រ​កាត់ដេរ​ហ្នឹង វា​មាន​ជំនាញ​ច្រើន​ណាស់ ទាំង​បច្ចេកទេស ទាំង​គ្រប់គ្រង​និង​រដ្ឋបាល​ជា​ដើម។ ចឹង​កាល​ណា​គាត់​ចេះ​អក្សរ​ធ្វើ​ឱ្យ​អាជីព​គាត់​ហ្នឹង​មាន​លទ្ធភាព​នឹង​រីក​ចម្រើន។ ហើយ​កាល​ណា​គាត់​រីក​ចម្រើន​លើ​អាជីព​គាត់ ប្តូរ​តួនាទី​ពី​កម្មករ​ទៅ​ជា​ប្រធាន​ក្រុម ទៅ​ជា​ស្អី​ចឹង។ គាត់​ក៏​អាច​មាន​ប្រាក់​ខែ​ច្រើន​ជាង​ហ្នឹង ជីវភាព​គាត់​ក៏​ប្រសើរ​ជាង​ហ្នឹង​ដែរ»។

ដោយសារ​វគ្គ​អក្ខរកម្ម​នេះ​បាន​ផ្ដល់​លទ្ធផល​វិជ្ជមាន​ត្រឡប់​ទៅ​ឱ្យ​និយោជក​វិញ លោក ហុក សុទ្ធិ ស្នើ​ឱ្យ​ថៅកែ​រោងចក្រ​ទាំងអស់​គួរ​តែ​ចួលរួម​និង​ផ្តល់​ពេល​វេលា​បន្តិច​បន្តួច​ដល់​កម្មករ​របស់​ខ្លួន ដើម្បី​ចូល​វគ្គ​អក្ខរកម្ម ព្រោះ​ថា​ចំណេះ​ដែល​ពួកគេ​ទទួល​បាន​គឺ​មាន​ទំហំ​ធំ​សម្រាប់​ពួកគេ​ផ្ទាល់​និង​និយោជក៕

ចែករំលែកតាម៖