គ្រួសារដើរតួនាទីយ៉ាងសំខាន់ សម្រាប់អ្នកជំងឺទឹកនោមផ្អែម

គ្រួសារដើរតួនាទីយ៉ាងសំខាន់ សម្រាប់អ្នកជំងឺទឹកនោមផ្អែម

ក្បួនដង្ហែរផ្សព្វផ្សាយអំពីជំងឺទឹកនោមផ្អែម

បើ​ទោះ​ជា​ជំងឺ​ទឹក​នោម​ផ្អែម ស្ថិត​នៅ​ក្នុង​ប្រភេទ​ជំងឺ​មិន​ឆ្លង​ក៏​ដោយ អង្គការ​សុខភាព​ពិភពលោក WHO បាន​ព្យាករណ៍​ថា​នៅ​ឆ្នាំ​២០៣០ ជំងឺ​ទឹក​នោម​ផ្អែម​នឹង​ក្លាយ​ជា​មូលហេតុ​ទី​៧​នៃ​មរណភាព​នៅ​លើ​ភព​ផែនដី ខណៈ​បច្ចុប្បន្ន​មនុស្ស​ជាង​៤២៥​លាន​នាក់​កំពុង​រស់នៅ​ជាមួយ​ជំងឺ​ទឹក​នោម​ផ្អែម។

ដោយឡែក អត្រា​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​កម្ពុជា​នៅ​ទាប​ជាង​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍។ ប៉ុន្តែ​កម្ពុជា មាន​អត្រា​នៃ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ស្ថិត​ក្នុង​វ័យ​ចន្លោះ​ពី​២០ ទៅ​៣០​ឆ្នាំ ដែល​តួ​លេខ​នេះ​ខ្ពស់​ជាង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​លើ​ពិភពលោក។ នេះ​បើ​តាម​របាយការណ៍​សហព័ន្ធ​ជំងឺ​ទឹក​នោម​ផ្អែម​អន្តរជាតិ​ប៉ាស៊ីហ្វិក​ខាង​លិច។​

ថ្លែង​នៅ​ក្នុង​ទិវា​ជំងឺ​ទឹក​នោម​ផ្អែម​ពិភពលោក​ឆ្នាំ​២០១៨ នៅ​កម្ពុជា ប្រធាន​សមាគម​ជំងឺ​ទឹក​នោម​ផ្អែម​កម្ពុជា សាខា​ខេត្ត​សៀមរាប (CDAsrb) សាស្ត្រាចារ្យ លឹម កើកគី បាន​មាន​ប្រសាសន៍​គាំទ្រ​សារ​នៃ​ទិវា​នេះ​ថា គ្រួសារ​ពិត​ជា​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ថែរក្សា ក៏​ដូចជា​លើក​ទឹក​ចិត្ត​អ្នក​ជំងឺ។ លោក​បន្ត​ថា ជា​ការ​ពិត​ណាស់​ជំងឺ​ទឹក​នោម​ផ្អែម​មិន​អាច​ព្យាបាល​បាន ប៉ុន្តែ​អ្នក​ជំងឺ​នឹង​មិន​ស្លាប់​ដោយសារ​ជំងឺ​នោះ​ឡើយ ប្រសិន​បើ​ពួក​គេ​គោរព​តាម​វេជ្ជបញ្ជា។

ប្រសាសន៍​សាស្រ្តាចារ្យ លឹម កើកគី៖ «ភាគ​ច្រើន​នៃ​ករណី​ទាំង​នេះ គឺ​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី​២​ដែល​ករណី​នេះ​អាច​ការពារ​បាន​យ៉ាង​ច្រើន​តាមរយៈ​សកម្មភាព​មួយ​ចំនួន​ដូចជា ការ​ធ្វើ​លំហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ ការ​បរិភោគ​អាហារ​ដែល​មាន​តុល្យភាព និង​ការ​លើក​កម្ពស់​ជីវភាព​រស់នៅ​ប្រកប​ដោយ​ផាសុកភាព»។

សាស្ត្រាចារ្យ លឹម កើកគី ប្រធានសមាគមជំងឺទឹកនោមផ្អែមកម្ពុជា សាខាខេត្តសៀមរាប (CDAsrb)
សាស្ត្រាចារ្យ លឹម កើកគី ប្រធានសមាគមជំងឺទឹកនោមផ្អែមកម្ពុជា សាខាខេត្តសៀមរាប (CDAsrb)

ទិវា​ជំងឺ​ទឹកនោម​ផ្អែម​ពិភពលោក ត្រូវ​បាន​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា។ ទិវា​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ផលប៉ះពាល់​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ទៅ​លើ​គ្រួសារ និង​ការ​គាំទ្រ​ដល់​បណ្តាញ​អ្នក​ដែល​រង​ផល​ប៉ះពាល់ ជាពិសេស​លើក​កម្ពស់​តួនាទី​របស់​គ្រួសារ​នៅ​ក្នុង​ការ​គ្រប់​គ្រង ការ​ថែទាំ ការ​ការពារ និង​ការ​អប់រំ​ទាក់ទង​ជំងឺ​ទឹក​នោម​ផ្អែម។ ប្រធានបទ​នៃ​ទិវា​នេះ​ត្រូវ​បាន​ប្តូរ​ជា​រៀងរាល់​ឆ្នាំ ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៨ ទិវា​ជំងឺ​ទឹក​នោម​ផ្អែម​ពិភពលោក​នេះ​មាន​ប្រធានបទ “គ្រួសារ និងជំងឺ​ទឹក​នោម​ផ្អែម”

នៅ​កម្ពុជា ក្រុមហ៊ុន​ផលិត​ឱសថ​សាណូហ្វី​កម្ពុជា សហការ​ជាមួយ​សមាគម​ជំងឺ​ទឹក​នោម​ផ្អែម​កម្ពុជា (CDA) រៀបចំ​ទិវា​ជំងឺ​ទឹក​នោម​ផ្អែម​ពិភពលោក​នេះ​ឡើង។ ថ្លែង​នៅ​មុខ​អ្នក​ចូលរួម​ជាង​៦០០​នាក់ នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន​សាណូហ្វី​កម្ពុជា លោកស្រី ដាវ ធូង៉ា (Dao Thu Nga) បាន​មាន​ប្រសាសន៍​ថា គ្រួសារ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ដោះស្រាយ​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម ពិសេស​គឺ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី​២ តាមរយៈ​ការ​ផ្តល់​នូវ​ការ​អប់រំ ធនធាន និង​បរិស្ថាន ដើម្បី​ទ្រទ្រង់​ការ​រស់នៅ​ក្នុង​ជីវភាព​រស់នៅ​ដ៏​មាន​ផាសុកភាព​មួយ។

ប្រសាសន៍​លោកស្រី ដាវ ធូង៉ា៖ «យោង​តាម​សហព័ន្ធ​ជំងឺ​ទឹក​នោម​ផ្អែម​អន្តរជាតិ ការ​គាំទ្រ​ពី​សំណាក់​គ្រួសារ​ចំពោះ​ការ​ថែទាំ​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​បាន​បង្ហាញ​ថា​មាន​ឥទ្ធិពល​យ៉ាង​សំខាន់ ដែល​ធ្វើ​ឲ្យ​លទ្ធផល​សុខភាព​អ្នក​ជំងឺ​ប្រសើរ​ឡើង។ ដូច្នេះ​វា​ពិត​ជា​សំខាន់​ក្នុង​ការ​ទទួល​បាន​ការ​អប់រំ និង​គាំទ្រ​ចំពោះ​ការ​គ្រប់គ្រង​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ដល់​អ្នក​ជំងឺ និង​គ្រួសារ​របស់​ពួក​គេ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ផ្លូវ​ចិត្ត​ដោយសារ​ជំងឺ​ដែល​អាច​នាំ​ឲ្យ​ប៉ះពាល់​ជា​អវិជ្ជមាន​ចំពោះ​គុណភាព​ជីវិត»។
ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​បាន​បែងចែក​ជា​៣​ប្រភេទ រួម​មាន​ជំងឺ​ទឹក​ផ្អែម​ប្រភេទ​ទី​១ ភាគ​ច្រើន​កើត​លើ​មនុស្ស​វ័យ​ជំទង់ ខណៈ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី​២​កើត​មាន​លើ​មនុស្ស​វ័យ​កណ្តាល ដែល​មាន​អាយុ​ចាប់​ពី​៤០ ទៅ​៦០​ឆ្នាំ ឬ​ច្រើន​ជាង​នេះ។ ដោយ​ឡែក​ចំពោះ​ប្រភេទ​ទី​៣ អាច​កើត​ចំពោះ​ស្រ្តី​នៅ​ពេល​មាន​ផ្ទៃពោះ៕

ចែករំលែកតាម៖