គ្រោះថ្នាក់នៃការប្រើប្រាស់ថ្នាំដោយគ្មានឬមិនត្រឹមត្រូវតាមវេជ្ជបញ្ជា

គ្រោះថ្នាក់នៃការប្រើប្រាស់ថ្នាំដោយគ្មានឬមិនត្រឹមត្រូវតាមវេជ្ជបញ្ជា

លោក កឹង សាយ គឺ​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​ក្នុង​រាជធានី​ភ្នំពេញ។ លោក​គឺ​ជា​មនុស្ស​ម្នាក់​មិន​ចូលចិត្ត​ទៅ​ពិនិត្យ​ជំងឺ​នៅ​មន្ទីរពេទ្យ។ ជាទូទៅ លោក​ប្រើប្រាស់​ថ្នាំ​ដែល​ទិញ​នៅ​តាម​ឱសថស្ថាន​មួយ​ចំនួន​នៅ​ក្បែរៗ​ផ្ទះ​ដោយ​ពុំ​មាន​វេជ្ជបញ្ជា​នោះ​ទេ។

ក្នុង​ទឹក​មុខ​ស្លេក​ស្លាំង​ហាក់​គ្មាន​កម្លាំង​ក្នុង​ខ្លួន បុរស​សម្បុរ​ស្រអែម​វ័យ​ជិត​៣០​ឆ្នាំ​រូប​នេះ​រៀបរាប់​ថា វា​ជា​រឿង​ដែល​កម្រ​បំផុត​ដែល​លោក​ទៅ​ពិនិត្យ​ជំងឺ​តាម​មន្ទីរពេទ្យ​នៅ​ពេល​ដែល​លោក​ឈឺ។ លើក​លែង​តែ​ពេល​លោក​មាន​ជំងឺ​ធ្ងន់ធ្ងរ​ដែល​លេប​ថ្នាំ​នៅ​តាម​ឱសថស្ថាន​មិន​ជា​ទើប​លោក​សម្រេច​ចិត្ត​ទៅ​មន្ទីរពេទ្យ។

លោក​បាន​និយាយ​ថា៖ «និយាយ​ឱ្យ​ចំ ជាទូទៅ​បើសិន​ជា​ជំងឺ​ដែល​គិត​ថា​ធម្មតា​ដូចជា​ផ្តាសាយ ក្អក អី ភាគ​ច្រើន​ទៅ​ប្រាប់​ពេទ្យ (ឱសថស្ថាន) ឱ្យ​ផ្សំ​ថ្នាំ​តែ​ម្តង។ ប៉ុន្តែ បើ​ឈឺ​ធ្ងន់​នឹង​(ទៅ​ពិនិត្យ) ដែល​ចេញ​ពី​វេជ្ជបញ្ជា​ត្រឹមត្រូវ​ពី​គ្រូពេទ្យ។

លោក​បន្ត​ថា លោក​ទម្លាប់​បែប​នេះ​ព្រោះ​តែ​មិន​ចង់​ចំណាយ​ច្រើន ណា​មួយ​មិន​មាន​ពេល​វេលា​គ្រប់គ្រាន់​ទៅ​ពិនិត្យ​ជំងឺ។

លោក​បញ្ជាក់​បន្ត​ថា៖«មាន​កត្តា​ច្រើន។ ទី១​ពេល​វេលា ព្រោះ​ប្រចាំ​ថ្ងៃ​ត្រូវ​ធ្វើការ​ច្រើន​ម៉ោង ទម្រាំ​ចេញ​ពី​ធ្វើ​ការ​ម៉ោង​៥ ម៉ោង​៦ បើ​ចង់​ទៅ​ស្ថាប័ន​រដ្ឋ មិន​មាន​អ្នក​ប្រចាំការ​សម្រាប់​យើង​ទេ។ ទី២​បើ​ទៅ​ពេទ្យ​ឯកជន យើង​ត្រូវ​ចំណាយ​ថវិកា​ច្រើន»។

ទម្លាប់​បែប​នេះ​មិន​មែន​មាន​តែ​លោក សាយ ម្នាក់​ទេ ដែល​ធ្វើ​ដូច្នេះ។ ប្រជាពលរដ្ឋ​កម្ពុជា​ជា​ច្រើន​តែង​មាន​ទម្លាប់​ប្រើប្រាស់​ថ្នាំ​ដោយ​មិន​មាន​វេជ្ជបញ្ជា ដោយ​គ្រាន់​តែ​ទិញ​ថ្នាំ​នៅ​តាម​ឱសថស្ថាន។ ម្យ៉ាង​ទៀត បើ​ទោះ​ជា​មាន​វេជ្ជបញ្ជា​ក៏​ពួក​គេ​អនុវត្ត​មិន​បាន​ត្រឹមត្រូវ​ដែរ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ឌុង ចាន់ឌី។

លោក ឌុង ចាន់ឌី វេជ្ជបណ្ឌិតជំងឺទូទៅ
លោក ឌុង ចាន់ឌី វេជ្ជបណ្ឌិតជំងឺទូទៅ

លោក ឌុង ចាន់ឌី គឺ​ជា​វេជ្ជបណ្ឌិត​ជំងឺ​ទូទៅ​ដែល​បើក​មន្ទីរ​ពិគ្រោះ​ជំងឺ​និង​ឱសថស្ថាន​ឯកជន​មួយ​ក្នុង​រាជធានី​ភ្នំពេញ។

វេជ្ជបណ្ឌិត​រូប​នេះ​មាន​ប្រសាសន៍​ថា អ្នក​ជំងឺ​ភាគ​ច្រើន​មក​ទិញ​ឱសថ​នៅ​កន្លែង​លោក​ពុំ​សូវ​ចូលចិត្ត​ពិនិត្យ​ជំងឺ​មុន​នឹង​ទិញ​ថ្នាំ​នោះ​ទេ។ កត្តា​នេះ​ព្រោះ​តែ​ពួក​គេ​យល់​ថា ការ​ពិនិត្យ​ជំងឺ​ត្រូវ​ចំណាយ​លុយ​ច្រើន ដូច្នេះ​បាន​ជា​ពួក​គេ​គ្រាន់​តែ​ទៅ​ជួប​ឱសថការី ដោយ​ប្រាប់​ពី​មូល​ហេតុ​ជំងឺ​បន្តិច​បន្តួច​ក៏​បាន​ថ្នាំ។

លោក​មាន​ប្រសាសន៍​ថា៖ «មួយ​ចំនួន​គាត់​មិន​ត្រូវ​ការ​ឱ្យ​យើង​ពិនិត្យ​ទេ គាត់​ត្រូវ​ការ​ឱ្យ​យើង​ផ្សំ​ថ្នាំ​ឱ្យ​គាត់ តាមរយៈ​ការ​រៀបរាប់​ជា​ជំងឺ​របស់​គាត់​មក​យើង​វិញ ហើយ​យើង​ក៏​សន្និដ្ឋាន​ក្នុង​ការ​ឱ្យ​ថ្នាំ​មក​គាត់។ ប៉ុន្តែ​ឃើញ​ប្រជាជន​ច្រើន​ដែល​គាត់​ខ្វះ​ការ​យល់​ដឹង​ហ្នឹង មក​ដឹង​តែ​ផ្សំ​ថ្នាំ​ឬ ordonnance (វេជ្ជបញ្ជា) ពី​ផ្សេងៗ​មក ក៏​គាត់​មក​ផ្សំ​មក។ អ្វី​ដែល​គាត់​ប្រើប្រាស់​រួច​ហើយ ហួស​ថ្ងៃ​ខែ​ហើយ​ហ្នឹង​ក៏​គាត់​យល់​ថា​គាត់​លេប​ត្រូវ​ម្តង​រួច​ហើយ ក៏​គាត់​បន្ត​ការ​ប្រើប្រាស់ ដោយ​មិន​ទទួល​ការ​ណែនាំ​ពី​វេជ្ជបណ្ឌិត​ឬ​ខាង​ឱសថស្ថាន»

និយាយ​ដល់​ចំណុច​នេះ លោក​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​ផង​ដែរ​ថា ឱសថការី​មួយ​ចំនួន​មិន​បាន​គោរព​តាម​ក្រម​វិជ្ជាជីវៈ ខណៈ​មួយ​ចំនួន​មិន​បាន​ឆ្លង​កាត់​ការ​បណ្តុះ​បណ្តាល​ដោយ​គ្រាន់​តែ​រៀន​តាម​គ្នា​ហើយ​ជួល​ឈ្មោះ​ដើម្បី​បាន​បើក​ឱសថស្ថាន​ទាំង​នេះ។

វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន​ក្រុម​ការងារ​បច្ចេកទេស​ភាព​ស៊ាំ​នឹង​ឱសថ​ប្រឆាំង​មេរោគ​នៃ​ក្រសួង​សុខាភិបាល​មាន​ប្រសាសន៍​ថា ការណ៍​ដែល​ពលរដ្ឋ​ខ្មែរ​មាន​ទម្លាប់​ប្រើប្រាស់​ថ្នាំ​ដោយ​គ្មាន​ឬ​មិន​ត្រឹមត្រូវ​តាម​វេជ្ជបញ្ជា​បែប​នេះ​ក៏​ព្រោះ​តែ​ពួក​គាត់​ខ្វះ​ការ​យល់​ដឹង​និង​កត្តា​ជីវភាព។

លោក​មាន​ប្រសាសន៍៖ «ដែល​ហៅ​ថា ឱសថ វា​មិនមែន​ជា​ស្ករ​គ្រាប់​ទេ។ ដែល​ហៅ​ថា​ឱសថ មាន​ន័យ​ថា ជា​ជាតិ​គីមី​សម្រាប់​ប្រើ​ទៅ​សម្លាប់​មេរោគ។ មេរោគ​មាន​ច្រើន​ដូចជា មាន​ព្រូន មាន​បាក់តេរី មាន​វីរុស​អី​ហ្នឹង គឺ​ប្រើ​សម្លាប់​មេរោគ។ ដូច្នេះ​ពេល​ដែល​យើង​ប្រើ បើសិន​ជា​ចាំបាច់​ប្រើ​ហើយ យើង​ត្រូវ​តែ​មាន​វេជ្ជបញ្ជា។ វេជ្ជបញ្ជា​ហ្នឹង ត្រូវ​តែ​គោរព​តាម​ទៅ​ទៀត មិនមែន​ថា​ប្រើ​ទៅ​ស្រាប់​តែ​មួយ​ថ្ងៃ​ហ្នឹង​ជា​ឈប់​ប្រើ​ទេ។ បាទ យើង​ត្រូវ​តែ​ប្រើ​ហ្នឹង ចំនូន​ប៉ុន្មាន​ថ្ងៃ? ក្នុង​មួយ​ថ្ងៃ​ប៉ុន្មាន​ដង? ពេល​ណា? មុន​ពេល​បាយ ក្រោយ​ពេល​បាយ ឱ្យ​ត្រូវ​តែ​គោរព​តាម​វេជ្ជបញ្ជា​ដែល​ប្រើ​ហ្នឹង»

វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធានក្រុមការងារបច្ចេកទេសភាពស៊ាំនឹងឱសថប្រឆាំងមេរោគនៃក្រសួងសុខាភិបាល
វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធានក្រុមការងារបច្ចេកទេសភាពស៊ាំនឹងឱសថប្រឆាំងមេរោគនៃក្រសួងសុខាភិបាល

វេជ្ជបណ្ឌិត​សម្បុរ​ស្រអែម​មាឌ​មាំ​រូប​នេះ​អះអាង​ថា សព្វថ្ងៃ​មនុស្ស​ជា​ច្រើន​មិន​បាន​ប្រើប្រាស់​ឱ្យ​បាន​សមស្រប​និង​មិន​គោរព​តាម​វេជ្ជបញ្ជា​ត្រឹមត្រូវ​ទេ ទើប​ការ​ព្យាបាល​ជំងឺ​មួយ​ចំនួន​ចំណាយ​ពេល​កាន់​តែ​យូរ។ លោក​បន្ត​ថា បញ្ហា​នេះ​មិនមែន​ប៉ះពាល់​តែ​បុគ្គល​ម្នាក់​នោះ​ទេ តែ​លោក​បារម្ភ​ថា​បើសិន​ជា​នៅ​តែ​ប្រឈម​បញ្ហា​បែប​នេះ នា​ថ្ងៃ​អនាគត​អាច​នឹង​គ្មាន​ឱសថ​ព្យាបាល​ជំងឺ​និង​ឱសថ​សម្លាប់​មេរោគ​នេះ។

លោក សូវ៉ាន់ បញ្ជាក់​ថា៖ «ឧទាហរណ៍​ថា ពី​មុន​យើង​ធ្លាប់​ព្យាបាល​២​ឬ​៣​ថ្ងៃ​ជា​ហើយ ប៉ុន្ដែ​បច្ចុប្បន្ន​ហ្នឹង អាច​កើន​រហូត​ដល់​មួយ​អាទិត្យ​ឬ​ក៏ ១០​ថ្ងៃ មិន​អាច​សម្លាប់​វា​អស់​ទៀត។ ហើយ​រហូត​ឱ្យ​យើង​មាន​តម្រូវការ​ប្រើប្រាស់​នូវ​ឱសថ​ដែល​រក​ឃើញ​ថ្មីៗ​ថ្លៃ»

ការ​សិក្សា​ថ្មី​មួយ​របស់​ក្រសួង​បរិស្ថាន ក្រសួង​សុខាភិបាល និង​ក្រសួង​កសិកម្ម បាន​បង្ហាញ​ថា ការ​ប្រើប្រាស់​ឱសថ​ខុស​បច្ចេកទេស​នាំ​ឱ្យ​ការ​កើន​ឡើង​នៃ​ភាព​ស៊ាំ​នឹង​ឱសថ​ប្រឆាំង​មេរោគ Antimicrobial Resistance (AMR) មាន​ការ​កើន​ឡើង​ខ្ពស់។ ប្រសិន​បើ​គ្មាន​ការ​ទប់ស្កាត់​និង​ផ្សព្វផ្សាយ​ទេ​នោះ ការ​កើន​ឡើង​នេះ​ភាព​សុំា​នឹង​ឱសថ​ប្រឆាំង​មេរោគ​ឬ​AMR​ អាច​នឹង​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​ជាង​៧០​ម៉ឺន​នាក់​ជា​រៀងរាល់​ឆ្នាំ​នៅ​ទូទាំង​ពិភពលោក​ហើយ​អាច​នឹង​កើនឡើង​ដល់​១០​លាន​នាក់​នៅ​ឆ្នាំ​២០៥០។

យោង​តាម​ទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភពលោក WHO ចេញ​ផ្សាយ​ឆ្នាំ​២០១៦ ប្រហែល​៦​ទៅ ៧%​នៃ​ករណី​បញ្ជូន​ចូល​មន្ទីរពេទ្យ​គឺ​មាន​ទំនាក់ទំនង​ទៅ​នឹង​ការ​ប្រើប្រាស់​ឱសថ​មិន​បាន​ត្រឹមត្រូវ។ បញ្ហា​នេះ​កាន់​តែ​គួរ​ឱ្យ​បារម្ភ​ចំពោះ​មនុស្ស​ចាស់ ដោយសារ​តែ​ពួក​គេ​មាន​កត្តា​ប្រឈម​ជា​ច្រើន​ដែល​មួយ​ក្នុង​ចំណោម​នោះ​គឺ​ការ​ប្រើប្រាស់​ឱសថ​ច្រើន​មុខ។

វេជ្ជបណ្ឌិត​ជំនាញ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​និង​ត្រូវ​ប្រើប្រាស់​ថ្នាំ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​វេជ្ជបញ្ជា ជៀសវាង​ទទួល​ការ​ព្យាបាល​ដោយ​មិន​ទទួល​បាន​ប្រសិទ្ធភាព មិន​មាន​សុវត្ថិភាព និង​ចំណាយ​ថវិកា​ដោយ​ឥត​ប្រយោជន៍​ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ខ្លួន​ទៀត៕

ចែករំលែកតាម៖