CYA គ្រោងនឹងបញ្ជូនយុវជន១៥០នាក់ ទៅបរទេស

CYA គ្រោងនឹងបញ្ជូនយុវជន១៥០នាក់ ទៅបរទេស

អង្គការ​សកម្ម​យុវជន​កម្ពុជា ដែល​ហៅ​កាត់ CYA គ្រោង​នឹង​បញ្ជូន​យុវជន​កម្ពុជា​ប្រមាណ ១៥០​នាក់​ទៅ​ស្វែងយល់​បន្ថែម​អំពី​ការ​អប់រំ​ក្រៅ​ប្រព័ន្ធ នៅ​ប្រទេស​អភិវឌ្ឍ​ចំនួន​១០ នៅ​លើ​ពិភពលោក។ ការ​អប់រំ​នោះ​រួម​មាន ការ​បោះ​ជំរុំ​ពិភពលោក វគ្គ​បណ្តុះ​បណ្តាល​រយៈពេល​ខ្លី និង​វែង និង​កម្មវិធី​ស្ម័គ្រ​ចិត្ត​មួយ​ចំនួន។ នេះ​បើ​តាម​ការ​ថ្លែង​របស់​ស្ថាបនិក និង​ជា​ប្រធាន​នៃ CYA លោក ស៊ន សុផាត។

ប្រសាសន៍​លោក ស៊ន សុផាត៖ «ដែល​ខាង​ណោះ [ទីនោះ] យើង target [សំដៅ​ដល់] ៥​ប្រទេស​នៅ​ក្នុង​តំបន់​អឺរ៉ុប ហើយ​និង​៥​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី។ ប្រទេស​នៅ​ក្នុង​តំបន់​អឺរ៉ុប យើង​មាន​បារាំង ប៊ៀលស៊ីក មាន​អាឡឺម៉ង់ មាន​អេស្តូនា Finland [ហ្វាំងឡង់] ដែល​យើង​មាន Partner very close working together [ដៃគូ ដែល​ធ្វើ​ជិតស្និទ] ជាមួយ​ពួក​គាត់។ យើង​អាច trust [ទុកចិត្ត]។ យើង​អាច​បញ្ជូន Volunteers [អ្នក​ស្ម័គ្រចិត្ត] យើង​ទៅ​បាន។ នៅ​អាស៊ី យើង​មាន​ហុងកុង យើង​មាន​ម៉ាកាវ យើង​មាន​តៃវ៉ាន់ យើង​មាន​ជប៉ុន ជា​ប្រទេស​ដែល​យើង​គ្រោង​នឹង​បញ្ជូន និង​ឥណ្ឌូនេស៊ី»។

ការ​ថ្លែង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​អ្នក​ស្ម័គ្រចិត្ត​អន្តរជាតិ ដែល​មាន​អ្នក​ចូលរួម ជា​សិស្ស​និស្សិត​ជាង​១០០​នាក់ កាល​ពី​ដើម​ខែ​ធ្នូ នៅ​កណ្តាល​រាជធានី​ភ្នំពេញ។ សម្បុរ​សណ្តែកបាយ វ័យ​ជាង​៣០​ឆ្នាំ ស្ថាបនិក​អង្គការ​ក្នុង​ស្រុក​រូប​នេះ បន្ត​ថា យុវជន​កម្ពុជា​ទាំងអស់​ដែល​មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ​គឺ​អាច​ដាក់​បាន ប៉ុន្តែ​ពួកគេ​តម្រូវ​មាន​លក្ខខណ្ឌ​ចំនួន​ពីរ​សំខាន់ ក្នុង​នោះ​គឺ​ភាសា និង​ការ​តាំង​ចិត្ត។

ប្រសាសន៍​លោក ស៊ន សុផាត៖ «យុវជន​ប្រភេទ​ណា​ក៏​អាច​ដាក់​ជាមួយ​អង្គការ​សកម្មភាព​យុវជន​កម្ពុជា​បាន ហើយ​អ្វី​ដែល​យើង​ត្រូវ​ជាង​គេ​បំផុត​ទី​១ គឺ​ភាសា​អង់គ្លេស ដែល​គាត់​គិត​ថា​អាច​communicate [ទំនាក់​ទំនង] បាន។ ហើយ​ទី​២ គឺ​Passion [ចំណង់​ចំណូល​ចិត្ត] នៅ​ក្នុង​ការ​ធ្វើ​ការ​ការងារ​ស្ម័គ្រ​ចិត្ត ព្រោះ​ធ្វើ​ការងារ​ជាមួយ​អង្គការ​សកម្មភាព​យុវជន​កម្ពុជា មិនមែន​ជា​trip [ដំណើរ​កម្សាន្ត] សម្រាប់ tour [ទេសចរណ៍] ឬ​អី​ទេ។ CYA គឺ​ជា​អង្គការ​ដែល​យើង​ផ្តល់​ការងារ​ស្ម័គ្រ​ចិត្ត»។

លោក ស៊ន សុផាត ស្ថាបនិក និងជាប្រធាននៃ CYA
លោក ស៊ន សុផាត ស្ថាបនិក និងជាប្រធាននៃ CYA

ក្រៅ​អំពី​ចំណេះដឹង បទពិសោធន៍​ដែល​ទទួល​បាន​ពី​កម្មវិធី នៅ​ពេល​ចូលរួម យុវជន​ខ្លួនឯង​គួរ​តែ​ត្រៀម​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ លើ​កត្តា​ចិត្តសាស្រ្ត ក្នុង​ការ​ទទួល​យក​បញ្ហា​ប្រឈម​ថ្មី​ជា​ច្រើន រួម​មាន​ចំណេះដឹង វប្បធម៌ ឬ​អាហារ​ជាដើម។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​ស្ម័គ្រចិត្ត​អន្តរជាតិ​ម្នាក់​មក​ពី​ប្រទេស​អ៊ីតាលី គឺ​លោក ស៊ីម៉ូនី ឡូលីនី។

ប្រសាសន៍របស់លោក Simone Lollini៖«ខ្ញុំ​គិត​ថា កត្តា​សំខាន់​ដែល​យុវជន​ត្រូវ​ត្រៀម​ខ្លួន​គឺ ត្រូវ​មាន​ការ​តាំង​ចិត្ត​ខ្ពស់ ក្នុង​ការ​រៀបចំ​ខ្លួន​ឱ្យ​រួច​រាល់ ដើម្បី​អាច​បត់បែន និង​សម្រប​ខ្លួន​ទៅ​តាម​ស្ថានការណ៍​ផ្សេងៗ​គ្នា ព្រោះ​ថា​រាល់​បញ្ហា​ផ្សេងៗ ឬ​ក៏​កង្វះ​ចំណេះដឹង មិនមែន​ជា​បញ្ហា​ចោទ​នោះ​ទេ។ ដូច្នេះ ខ្ញុំ​លើក​ទឹក​ចិត្ត​ថា ត្រូវ​តែ​បើក​ចិត្ត​ឱ្យ​ទូលាយ ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ទទួល​យក​ស្ថានភាព​ផ្សេងៗ​ដែល​យើង​នឹង​ជួប​ប្រទះ»។

CYA គឺ​ជា​អង្គការ​ស្ម័គ្រចិត្ត​ក្នុង​ស្រុក​មួយ​ដែល​ធ្វើការ​លើ​យុវជន ក្នុង​ការ​ផ្តល់​ឱកាស​យុវជន​ទទួល​បាន​បទ​ពិសោធន៍ តាមរយៈ​ការ​ចូលរួម​ការងារ​សហគមន៍ បរិស្ថាន វប្បធម៌​ទាំង​នៅ​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​ជាមួយ​អង្គការ​ដៃគូ​របស់​ខ្លួន៕

ចែករំលែកតាម៖