អ្វីទៅជាទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនឬCSR?

អ្វីទៅជាទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនឬCSR?

ពាក្យ​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន​ឬ​ CSR​ ត្រូវ​បាន​សាធារណជន​ទូទៅ​ឱ្យ​និយមន័យ​ផ្សេងៗ​គ្នា​ ទៅ​តាម​កម្រិត​នៃ​ការ​យល់​ឬ​បទពិសោធ​ដែល​ធ្លាប់​ឆ្លង​កាត់​ផ្សេងៗ​គ្នា​របស់​មនុស្ស​ម្នាក់។​ ទន្ទឹម​នឹង​នេះ​ក៏​មាន​ពលរដ្ឋ​មួយ​ចំនួន​មិន​ទាំង​ស្គាល់​ឬ​ធ្លាប់​ឮ​ពាក្យ​CSR​នេះ​ផង។​

លោក​ យាង​ វណ្ឌី៖​ «និយាយ​មែន​ទែន​ទៅ​ CSR​សម្រាប់​ខ្ញុំ​ ខ្ញុំ​ធ្លាប់​ឮ​ ប៉ុន្តែ​អត់​ អត់​ដឹង​ថា​ CSR​ មាន​សកម្មភាព​អ្វី​ខ្លះ​ជា​ផ្នែក​អី​មួយ​ទេ។​ គ្រាន់​តែ​ថា​ធ្លាប់​ឮ​ ធ្លាប់​ដឹង​ ហើយ​ដឹង​ពី​វា​តិច​តួច​ណាស់»។​

កញ្ញា​ ជា​ សៀវវ៉ាន់៖​ «ដូច​ជា​អត់​ដែល​ឮ​ផង​បង»។​

លោក​ ម៉ុង៖​ »ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ឱ្យ​និយមន័យ​យ៉ាង​មេច​ទេ​ ប៉ុន្តែ​គ្រាន់​ថា​វា​ការ​រួម​ចំណែក​ចេញ​ពី​ប្រជាពលរដ្ឋ​ហ្នឹង»។​

កញ្ញា​ ញឹម​ ស្រីវីន៖​ «សម្រាប់​ខ្ញុំ​ ដឹង​ខ្លះៗ​ ខ្ញុំ​អត់​សូវ​ធ្លាប់​ប្រលូក​ទេ​ ដឹង​តាម​គេ​ប្រាប់​ គេ​យាយ​ខ្លះៗ​ ថា​ពាក្យ​ហ្នឹង​ គឺ​មាន​ន័យ​ថា​ ចង់​និយាយ​ពី​ទំនួល​ខុស​ត្រូវ​សង្គម។​ អូខេ!!!​ ដូចជា​ឧទាហរណ៍​ថា​ ក្រុមហ៊ុន​មួយ​ត្រូវ​មាន​ទំនាក់ទំនង​នឹង​សង្គម​ដូចជា​ការ​ជួយ​អ្វី​ខ្លះៗ​វិញ»។​

ទាំង​នេះ​ជា​ទស្សនៈ​ស្រពិច​ស្រពិល​មួយ​ចំនួន​ពី​និយមន័យ​នៃ​ពាក្យ​ CSR។​

ឆ្លើយ​តប​នឹង​ចម្ងល់​នេះ​ នាយក​អង្គការ​ CSR​ Asia​ លោក​ Richard​ Welford​ ដែល​បាន​ធ្វើ​ការ​ទាក់ទិន​ទៅ​នឹង​ការ​លើក​កម្ពស់​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា​អស់​ជិត​១ទស្សវត្ស​នោះ​ពន្យល់​ថា​ ពាក្យ​ទំនួល​ខុស​ត្រូវ​សង្គម​ថា​មិនមែន​ជា​ការ​បរិច្ចាគ​ឬ​អំពើ​មនុស្សធម៌​ ដូច​ដែល​ការ​យល់​ច្រលំ​របស់​ពលរដ្ឋ​ទូទៅ​នោះ​ទេ។​

នាយក​អង្គការ​ CSR​ Asia​ រូប​នេះ​បន្ត​ថា​ CSR​ ជា​ការ​ប្រកប​របរ​រកស៊ី​ដែល​មាន​ការ​យកចិត្តទុកដាក់​ទាំង​ធនធាន​ក្រុមហ៊ុន​និង​សង្គម​ក្នុង​ពេល​តែ​មួយ។​

សំឡេង​លោក​ Richard Welford៖​ «ទំនួល​ខុស​ត្រូវ​សង្គម​មិនមែន​ជា​ការ​ធ្វើ​អំពើ​មនុស្សធម៌​នោះ​ទេ។​ វា​តាម​ពិត​ទៅ​ជា​ការ​វិនិយោគទុន។​ ហើយ​វា​ជា​ការ​ប្រកប​អាជីវកម្ម​ដែល​ទទួល​បាន​ប្រាក់​ចំនេញ​តាម​រយៈ​មធ្យោបាយ​ការពារ​បរិស្ថាន​ ផ្តល់​នូវ​ទំនួល​ខុស​ត្រូវ​សង្គម​ ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​សហគមន៍​ កម្មករ​និយោជិក​ និង​ចូល​រួម​ការងារ​អភិវឌ្ឍន៍​ប្រទេស​ផង​ដែរ។​ ដូច្នេះ ​តែង​តែ​មាន​ការ​យល់​ច្រលំ​អំពី​ទំនួល​ខុស​ត្រូវ​សង្គម​ និង​សកម្មភាព​មនុស្សធម៌។​ សម្រាប់​ខ្ញុំ​ វា​ជា​រឿង​ដាច់​ដោយ​ឡែក។​ សកម្មភាព​មនុស្សធម៌​គឺ​ជា​ការ​បរិច្ចាគ​ប្រាក់​ចំនេញ​របស់​អ្នក​ ក៏​ប៉ុន្តែ​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន​ ឬ​CSR​ គឺ​ជា​អ្វី​ដែល​អ្នក​រក​ប្រាក់​ចំនេញ​តាម​រយៈ​មធ្យោបាយ​សុច្ចរិត​ ដែល​រួម​ចំនែក​ក្នុង​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចេរភាព»។​

ឯកសារ​ស្តី​ពី​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា​ បោះពុម្ព​ក្នុង​ឆ្នាំ២០១៦​ សរសេរ​ថា​ CSR​ ផ្តោត​លើ​ការ​ជួយ​ទំនុក​បម្រុង​ក្រុមហ៊ុន​ដើម្បី​ធានា​ថា​ជំនួញ​នោះ​ប្រកប​ដោយ​សីលធម៌​និង​គុណធម៌។​ ឯកសារ​កម្រាស់​២០ទំព័រ​នេះ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​កម្ពុជា​ CSR​ មាន​ទម្លាប់​យោង​តាម​គំរូ​នៃ​ការ​បរិច្ចាគ​ដែល​ក្រុមហ៊ុន​សហគ្រាស​ទទួល​បាន​ប្រាក់​ចំណេញ​តាម​វិធី​ណា​ក៏​ដោយ​ តែ​ក្រោយ​មក​ក៏​យក​ប្រាក់​ចំណេញ​មួយ​ភាគ​ទៅ​ធ្វើ​សកម្មភាព​សប្បុរសធម៌។​

យ៉ាង​ណា​មិញ​ ប្រភព​ដដែល​ក៏​បញ្ជាក់​ទៀត​ថា​ សម្រាប់​ទំនោរ​បច្ចុប្បន្ន​ CSR​ គឺ​ជា​ការ​រួម​បញ្ចូល​ការ​អភិវឌ្ឍ​ដើម្បី​ឱ្យ​ពាណិជ្ជកម្ម​អាច​បន្ត​បាន​យូរ​អង្វែង​ ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​យកចិត្តទុកដាក់​លើ​សង្គម​និង​បរិស្ថាន​ នៅ​ក្នុង​ការ​អនុវត្ត​នៃ​ជំនួយ​នោះ​ ដូចជា​ការ​យកចិត្តទុកដាក់​ទៅ​លើ​បុគ្គលិក​និយោជិត​ សហជីព​ អតិថិជន​ អ្នក​ផ្គត់ផ្គង់​ ពាណិជ្ជករ​ អង្គការ​សង្គម​ស៊ីវិល​ រដ្ឋាភិបាល​ និង​សហគមន៍​ជា​រួម។​

លោក សុខ ឃីម អ្នកគ្រប់គ្រងកម្មវិធីផ្នែកអភិបាលកិច្ចធនធានធម្មជាតិនៃអង្គការ Oxfam ប្រចាំកម្ពុជា
លោក សុខ ឃីម អ្នកគ្រប់គ្រងកម្មវិធីផ្នែកអភិបាលកិច្ចធនធានធម្មជាតិនៃអង្គការអុកស្វាម ប្រចាំកម្ពុជា

អ្នក​គ្រប់គ្រង​កម្មវិធី​ផ្នែក​អភិបាលកិច្ច​ធនធាន​ធម្មជាតិ​នៃ​អង្គការ​អុកស្វាម​​ ប្រចាំ​កម្ពុជា​លោក​ សុខ​ ឃីម​ បាន​ដឹង​ថា​អុកស្វាម​ ជា​ស្ថាបនិក​ផ្តួច​ផ្តើម​មួយ​ក្នុង​ការ​រៀបចំ​ចងក្រង​ឯកសារ​ទំនួល​ខុស​ត្រូវ​សង្គម​នៅ​កម្ពុជា​នេះ។​ លោក​អះអាង​ថា​ ក្រុមហ៊ុន​ណា​ក៏​អាច​អនុវត្ត​ CSR​ បាន​ដែរ​ គឺ​មិន​សំដៅ​ចំពោះ​តែ​ក្រុមហ៊ុន​ធំៗ​ឬ​ក្រុមហ៊ុន​ឯកជន​លក្ខណៈ​គ្រួសារ​ ក្រុមហ៊ុន​ដែល​ទើប​តែ​បង្កើត​ថ្មីៗ​ដោយ​ក្រុម​យុវជន​នោះ​ទេ។​

លោក​ សុខ​ ឃីម​ បញ្ជាក់​ថា៖​ «ទំនួល​ខុស​ត្រូវ​សង្គម​ឬ​ហៅ​កាត់​ថា​ CSR​ គឺ​ជា​សេចក្តី​សម្រេច​ចិត្ត​ឬ​មួយ​ក៏​ជា​ការ​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ដែល​អាច​មាន​ផល​ប៉ះពាល់​ជា​វិជ្ជមាន​ទៅ​លើ​ផ្នែក​សង្គម​ ផ្នែក​បរិស្ថាន​ ហើយ​ជាមួយ​សហគមន៍​ដែល​គាត់​ពឹង​អាស្រ័យ​ជាមួយ​នឹង​ខ្សែ​ចង្វាក់​ផលិតកម្ម​របស់​ក្រុមហ៊ុន​ជា​វិជ្ជមាន​ ហើយ​ជាពិសេស​គឺ​ផ្តោត​ទៅ​លើ​និរន្តរភាព​របស់​អាជីវកម្ម​របស់​ក្រុមហ៊ុន»។​

សហករណ៍​សរីរាង្គ​ខ្មែរ​ជា​ស្ថាប័ន​ក្នុង​ស្រុក​មួយ​ដែល​ធ្វើ​ការ​ដាំ​ដុះ​និង​ផ្គត់​ផ្គង់​បន្លែ​ផ្លែឈើ​សរីរាង្គ​ទៅ​ទីផ្សារ​កម្ពុជា។​ ក្រុមហ៊ុន​នេះ​ត្រូវ​បាន​កត់​សម្គាល់​ថា​ជា​ក្រុមហ៊ុន​ជំនួញ​លើ​វិស័យ​កសិកម្ម​ដែល​អនុវត្ត​ទំនួល​ខុស​ត្រូវ​សង្គម​តាំង​ពី​ចាប់​ផ្តើម​វិនិយោគ​ដំបូង​មក​ម្លេះ។​

ស្ថាបនិក​សហករណ៍​សរីរាង្គ​ខ្មែរ​ លោក​ អៀង​ សុធារ៉ា​ បាន​ឱ្យ​ដឹង​ថា​ ការ​គិត​គូរ​និង​អនុវត្ត​ CSR​ បាន​ជំរុញ​ក្រុមហ៊ុន​លោក​បន្តិច​ម្តងៗ​ឱ្យ​មាន​ការ​រីក​ចម្រើន​ទាំង​ផ្នែក​ហិរញ្ញវត្ថុ​ និង​ធនធាន​មនុស្ស។​

លោក​ សុធារ៉ា​ បញ្ជាក់​បន្ថែម​យ៉ាង​ដូច្នេះ​ថា៖​ «ពេល​ដែល​យើង​និយាយ​ថា​ បន្លែ​ផ្លែឈើ​សរីរាង្គ​ហ្នឹង​គឺ​យើង​បាន​គិត​អស់​អំពី​អ្វីៗ​ដែល​ពាក់ព័ន្ធ​ដល់​បរិស្ថាន​ ពាក់ព័ន្ធ​នឹង​ផែនដី។​ ដូច្នេះ​វា​ចូល​ដល់​លក្ខខណ្ឌ​ទី២​នៅ​ក្នុង​CSRហ្នឹង។​ ហើយ​នៅ​ពេល​ដែល​យើង​បើក​កសិដ្ឋាន​ហ្នឹង​ យើង​បាន​សួរ​ទៅ​ប្រជាពលរដ្ឋ​នៅ​តំបន់​ហ្នឹង​ សួរ​ទាំង​អាជ្ញាធរ​ហ្នឹង​ ថា​តើ​គាត់​ស្ម័គ្រចិត្ត​ គាត់​ចង់​ធ្វើ​កិច្ចការ​ពាក់ព័ន្ធ​នឹង​កសិកម្ម​ហ្នឹង​ទេ?…​ សព្វ​ថ្ងៃ​នេះ​យើង​បាន​ផ្តល់​ការងារ​មួយ​ចំនួន​ធំ​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​តែ​ធ្វើ​កិច្ចការ​ដែល​ប៉ះពាល់​បរិស្ថាន​ ងាក​មក​ធ្វើ​កិច្ចការ​ដែល​បម្រើ​ឱ្យ​មនុស្សជាតិ​ ហើយ​ជា​កិច្ចការ​មួយ​ដែល​ជួយ​ដល់​បរិស្ថាន​ថែម​ទៀត។​ នេះ​គឺ​ចូល​ដល់​លក្ខណៈ​ទី១​ដែល​យើង​និយាយ​ថា​ជួយ​ដល់​ប្រជាពលរដ្ឋ»។​

លោក​បន្ត​ថា៖​ «ហើយ​នៅ​ក្នុង​ហ្នឹង​ដែរ​យើង​ផ្តល់​ឱ្យ​គាត់​ ឧទាហរណ៍​ថា​យើង​ទិញ​ប័ណ្ណ​ធានា​រ៉ាប់រង​សុខភាព​ ហើយ​យើង​បង្ហាត់​បង្រៀន​គាត់​បន្ថែម​ទាំង​បុគ្គលិក​ ទាំង​កសិករ​ផ្ទាល់​ បង្រៀន​ឱ្យ​ចេះ​ធ្វើ​ជី​កំប៉ុស​ បង្រៀន​ដាំ​ បង្រៀន​ឱ្យ​ចេះ​ប្រមូល​ផល​អី​ជា​ដើម។​ អាហ្នឹង​គឺ​យើង​ជួយ​ដល់​ពួក​គាត់​ មាន​ន័យ​ថា​យើង​ជួយ​ដល់​មនុស្ស។​ ដល់​ចូល​លក្ខណៈ​ទី៣​ហ្នឹង​គឺ​ថា​ ធ្វើ​ឱ្យ​ប្រាក់​ចំណូល​របស់​យើង​ហ្នឹង​បន្តិច​ម្តងៗ​គឺ​ថា​មាន​ការ​កើន​ឡើង​ជា​លំដាប់»។​

លោក សុង សារ៉ន អគ្គនាយកនៃក្រុមហ៊ុនអេមរុរ៉ាយស៍
លោក សុង សារ៉ន អគ្គនាយកនៃក្រុមហ៊ុនអេមរុរ៉ាយស៍

ស្រដៀង​គ្នា​នេះ​ អគ្គនាយក​នៃ​ក្រុមហ៊ុន​អេមរុរ៉ាយស៍​ លោក​ សុង​ សារ៉ន​ រៀបរាប់​ថា​ មុន​ពេល​លោក​ជ្រើស​យក​ការ​អនុវត្ត​CSR​ នៅ​ក្នុង​ជំនួញ​គឺ​តែង​មាន​ភាគី​ចំណេញ​និង​ភាគី​មួយ​ទៀត​ខាត។​ សម្រាប់​លោក​ជា​វិនិយោគិន​យល់​ថា​វា​មិនមែន​ជា​អាជីវកម្ម​ប្រកប​ដោយ​និរន្តរភាព​នោះ​ទេ។​ ប៉ុន្តែ​ក្រោយ​លោក​ជ្រើស​យក​ការ​អនុវត្ត​ CSR​ វិញ​ ដែល​មិនមែន​ត្រឹម​តែ​ជា​សកម្មភាព​មនុស្សធម៌​ លោក​ឃើញ​ថា​ទាំង​ប្រជាកសិករ​និង​ក្រុមហ៊ុន​ទទួល​បាន​ការ​រីកចម្រើន។​

លោក ​សុង​ សារ៉ន៖​ «បើសិន​ជា​យើង​គ្រាន់​តែ​ជា​ការ​ឱ្យ​ពូជ​ ខ្ញុំ​ឧទាហរណ៍​ ឬ​ក៏​ឱ្យ​ជា​រង្វាន់​ ឬ​ក៏​ឱ្យ​ជា​ការ​លើក​ទឹក​ចិត្ត​ ប្រហែល​ជា​គាត់​បាន​មួយ​សារ​ហ្នឹង​ ឆ្នាំ​ក្រោយ​គាត់​ក្រ​ដដែល។​ ដែល​(អ៊ីចឹង)​បាន​យើង​កំណត់​និយមន័យ​របស់​យើង​អម្បាញ់មិញ​ហ្នឹង​គឺ​ Economic​ (សេដ្ឋកិច្ច)​ Environment​(បរិស្ថាន)​ ហើយ​និង​ Human​ Rights​ (សិទ្ធិ​មនុស្ស)​ ហើយ​និង​ Quality​ (គុណភាព)​ Safety​ (សុវត្ថិភាព)​ ហ្នឹង​ ដើម្បី​ទាញ​ឱ្យ​គាត់​មាន​គេ​ហៅ​ថា​មាន​លទ្ធភាព​កសាង​ខ្លួនឯង​ហ្នឹង​ មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ ហើយ​ខ្លួន​ខ្ញុំ​នេះ​ក៏​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន​ គឺ​យើង​វិល​ជុំ​ បាន​ន័យ​ថា​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​បាន»។​

អង្គការ​ស្តង់ដា​អន្តរជាតិ​ (ISO)​ បាន​ឱ្យ​ដឹង​ថា​ ពាក្យ​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន​(CSR)​ មាន​គោលការណ៍​គន្លឹះ​ចំនួន​៧​ជា​សកល​គឺ​ អភិបាលកិច្ច​ស្ថាប័ន​ សិទ្ធិ​មនុស្ស​ គោលការណ៍​ពលកម្ម​ បរិស្ថាន​ គោលការណ៍​ការងារ​យុត្តិធម៌​ ដោះស្រាយ​បញ្ហា​អតិថិជន​ និង​ការ​ចូលរួម​និង​អភិវឌ្ឍ​សហគមន៍។​

ចំណែក​វេទិកា​ទំនួល​ខុសត្រូវ​សង្គម​​កម្ពុជា​វិញ​​បាន​បញ្ជាក់​ថា​ ទំនួល​ខុស​ត្រូវ​សង្គម​ឬ​CSR​ គឺ​ជា​ទស្សនទាន​ថ្មី​មួយ​ក្នុង​ប្រទេស​កម្ពុជា។​ ស្ថាប័ន​ជំនួញ​និង​ម្ចាស់​ភាគហ៊ុន​ភាគ​ច្រើន​នៅ​តែ​មិន​ទាន់​យល់​ច្បាស់​អំពី​សារៈសំខាន់​នៃ​យុទ្ធសាស្រ្ត​ CSR​ ដែល​ជា​មធ្យោបាយ​ក្នុង​ការ​ពង្រឹង​ការ​ប្រកួត​ប្រជែង​ទាំង​នៅ​កម្រិត​ស្ថាប័ន​និង​សហគ្រាស​ឧស្សាហកម្ម។​

ប្រភព​ដដែល​នេះ​បន្ត​ថា​ មាន​តែ​ការ​អនុវត្ត​ដោយ​យក​ចិត្ត​ទុក​ដាក់​តាម​គោលការណ៍​ CSR​ ទេ​ ទើប​អាច​នាំ​មក​នូវ​ភាព​រីក​ចម្រើន​ប្រកប​ដោយ​ចីរភាព​និង​បរិយាប័ន្ន​សង្គម​សេដ្ឋកិច្ច​កម្ពុជា​ ដោយ​ពឹង​ផ្អែក​លើ​ការ​ជំរុញ​និង​ប្រកួត​ប្រជែង​ស្ថាប័ន​ដែល​មាន​ស្រាប់​ ព្រម​ទាំង​ការ​បើក​ចំហរ​ទីផ្សារ​ថ្មី​និង​ឱកាស​ដទៃ​ទៀត៕​

ចែករំលែកតាម៖