ប្រទេសក្នុងតំបន់ រួមទាំងកម្ពុជាយកចិត្តទុកដាក់បញ្ហាឱសថក្លែងក្លាយ

ប្រទេសក្នុងតំបន់ រួមទាំងកម្ពុជាយកចិត្តទុកដាក់បញ្ហាឱសថក្លែងក្លាយ

សន្និសិទថ្នាក់តំបន់ស្តីពី “ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព”

សកម្មភាព​ល្មើស​ច្បាប់​នៃ​ឱសថ​ក្លែងក្លាយ បាន​កើន​ឡើង​ទូទាំង​ពិភពលោក ហើយ​បញ្ហា​នេះ​កំពុង​តែ​មាន​កម្រិត​ធ្ងន់ធ្ងរ គួរ​ឱ្យ​ព្រួយ​បារម្ភ ខណៈ​ប្រជាជន ពិសេស​កុមារ​រាប់​លាន​នាក់ បាន​ក្លាយ​ជា​ជន​រងគ្រោះ។ នេះ​បើ​តាម​ការ​ថ្លែង​របស់​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ លោក មៀច សុផាន់ណា ក្នុង​សន្និសិទ​ថ្នាក់​តំបន់​ស្តី​ពី “ការ​ប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែង​ក្លាយ និង​អន់​គុណភាពសន្និសិទ​អន្តរជាតិ​នេះ​រៀបចំ​ឡើង​កាល​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដោយ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជា​លើក​ដំបូង និង​ប្រទេស​ចូលរួម​ចំនួន​១០។

ឱសថ​ក្លែង​ក្លាយ និង​អន់​គុណភាព មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សុខភាព​ប៉ុណ្ណោះ​ទេ តែ​វា​ជា​បទ​ឧក្រិដ្ឋ​ដែល​កំពុង​រីករាលដាល​ដែល​តម្រូវ​ឱ្យ​ប្រទេស​ក្នុង​ពិភពលោក​យកចិត្ត​ទុកដាក់។ ថ្លែង​នា​ពិធី​បើក​វេទិកា​ដែល​មាន​រយៈពេល​២​ថ្ងៃ​ពេញ​នេះ ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​កម្ពុជា​រូប​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា វេទិកា​នេះ ផ្តល់​ឱកាស​មួយ​ដែល​ផ្តល់​ឱ្យ​ភាគី​ពាក់ព័ន្ធ ជាពិសេស​ប្រទេស​ក្នុង​តំបន់​រួម​គ្នា​ពិភាក្សា​ស្វែង​រក​វិធី​ទប់ស្កាត់ និង​ចូលរួម​លុប​បំបាត់​នូវ​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​ដែល​កំពុង​ចរាចរ​នៅ​លើ​ពិភពលោក។

ប្រសាសន៍​លោក មៀច សុផាន់ណា៖ «ផលិតផល​ឱសថ និង​វេជ្ជសាស្ត្រ​ជា​ផលិតផល​ដែល​ត្រូវ​យកចិត្ត​ទុកដាក់​ខ្ពស់​បំផុត…​ដោយសារ​ហេតុ​ថា ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព អាច​បង្ក​នឹង​ហានិភ័យ​ខ្ពស់ និង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព សុវត្ថិភាព​សង្គម និង​អាយុ​ជីវិត​អ្នក​ប្រើប្រាស់។ ការ​ផលិត និង​ចែកចាយ​ឱសថ​ក្លែងក្លាយ គឺ​ជា​បទល្មើស​មួយ​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ដោយ​ហេតុ​ថា​បទល្មើស​នេះ មិន​ត្រឹម​តែ​បំផ្លាញ​សុខភាព និង​អាយុ​ជីវិត​របស់​មនុស្ស​ប៉ុណ្ណោះ​ទេ ថែ​ទាំង​បំផ្លាញ​ដល់​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ។ បច្ចុប្បន្ន​នេះ ដោយសារ​ចរន្ត​សកល​ភាវូបនីយកម្ម ចរាចរណ៍​នៃ​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព បាន​ក្លាយ​ជា​ឧក្រិដ្ឋកម្ម​មួយដែល​មាន​លក្ខណៈ​ឆ្លង​ដែន ហើយ​បាន​ប៉ះពាល់​ដល់​មនុស្សជាតិ​លើ​សកលលោក​ទាំង​មូល»

លោក មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
លោក មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ

ក្រៅ​តែ​ពី​រួម​គ្នា​ពិភាក្សា​ពី​បញ្ហា​ទប់ស្កាត់ ប្រធាន​គណៈកម្មាធិការ​រូប​នេះ​ក៏​បាន​បញ្ជាក់​ថា ប្រទេស​ជា​សមាជិក​ទាំងអស់​គួរ​តែ​មាន​ច្បាប់ ដ៏​ធ្ងន់ធ្ងរ​សម្រាប់​ដាក់​ទោស​ទណ្ឌ​ចំពោះ​ឧក្រិដ្ឋជន​ទាំង​នោះ មាន​អ្នក​ផលិត អ្នក​នាំ​ចូល និង​អ្នក​ចរាចរ​ឱសថ​ក្លែងក្លាយ​ជាដើម ខណៈ​ទោស​ទណ្ឌ​ពី​បទល្មើស​ទាំង​នេះ​នៅ​មាន​លក្ខណៈ​ស្រាល។

ខណៈ​ធ្វើ​បទ​បង្ហាញ​នៅ​ចំពោះ​មុខ​អ្នក​ចូលរួម​ជាតិ និង​អន្តរជាតិ​ក្នុង​សន្និសិទ​ថ្នាក់​ជាតិ​នេះ ប្រធាន​នាយកដ្ឋាន​ឱសថ ចំណី​អាហារ​បរិក្ខា​ពេទ្យ និង​គ្រឿង សម្អាង​នៃ​ក្រសួង​សុខាភិបាល វេជ្ជ​បណ្ឌិត ហេង ប៊ុនគៀត ថ្លែង​ថា ប្រទេស​កម្ពុជា​ត្រូវ​តែ​យកចិត្ត​ទុកដាក់​ពី​បញ្ហា​នេះ​ឱ្យ​បាន​កាន់​តែ​ខ្លាំង ព្រោះ​តែ​ក្នុង​មួយ​ឆ្នាំៗ អត្រា​នៃ​ការ​នាំ​ចូល​ឱសថ​ពី​បរទេស គឺ​មាន​ចំនួន​ដ៏​ច្រើន​លើស​លុប។

ប្រសាសន៍​វេជ្ជបណ្ឌិត ហេង ប៊ុនគៀត៖ «នេះ​ជា​ភាគរយ​របស់​ផលិតផល​ដែល​បាន​នាំ​ចូល និង​ផលិតផល​ដែល​បាន​ផលិត​នៅ​ក្នុង​ស្រុក​យើង។ ផលិតផល​ដែល​បាន​ផលិត​នៅ​ក្នុង​ស្រុក​យើង ផ្គត់ផ្គង់​បាន​តែ ៦,៨៤%​ទេ។ ដូច្នេះ​នៅ​ក្នុង​៩២% បាន​ន័យ​ថា ផលិតផល​ហ្នឹង​នាំ​ចូល ដែល​នាំ​ចូល​មាន​ចំនួន​ច្រើន ដែល​ទាមទារ​ឱ្យ​យើង​ប្រយ័ត្ន​ប្រយែង»

របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក WHO បង្ហាញ​ថា ក្នុង​ចំណោម​អ្នក​ស្លាប់ ១​លាន​នាក់ ដោយសារ​ជំងឺ​គ្រុន​ចាញ់​រៀងរាល់​ឆ្នាំ មាន ២​សែន​នាក់ ដែល​អាច​មិន​ស្លាប់ ប្រសិន​បើ​ពួក​គេ​ត្រូវ​បាន​ព្យាបាល​ជំងឺ​ដោយ​ឱសថ​ត្រឹមត្រូវ​មិន​ក្លែងក្លាយ។

តាម​ប្រភព​ដដែល ចំពោះ​បណ្តាញ​លក់​ឱសថ​ក្លែងក្លាយ ហាក់​បី​ដូចជា​ផ្តោត​ទៅ​លើ​ទីផ្សារ​កម្រិត​នៅ​អាស៊ីអាគ្នេយ៌ និង​អាហ្វ្រិក ដោយ​ប្រើប្រាស់​ចំណាយ​ទាប​ជាង ១០០​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​១​ឆ្នាំ ដើម្បី​ទិញ​ថ្នាំ​ពេទ្យ ដូចជា​ក្នុង​មនុស្ស​ម្នាក់ មាន​គម្លាត​ពី​១៤$ ទៅ​៥៨$ ក្នុង​មួយ​ឆ្នាំ។ ក្នុង​នោះ គ្រាន់​តែ​ទ្វីប​អាហ្វ្រិក អត្រា​ឱសថ​ក្លែងក្លាយ​ស្ថិត​ក្នុង​ចន្លោះ​ពី​៣០% ទៅ​៤០% ហើយ​នៅ​អាមេរិក​ប្រមាណ ៣០% ខណៈ​នៅ​តាម​បណ្តា​ប្រទេស​អភិវឌ្ឍន៍ អត្រា​នៃ​ការ​ចរាចរ​ឱសថ​ក្លែងក្លាយ មាន​ប្រមាណ ១%។

លោក Michael Sorge អតីតប្រធានសន្តិសុខប្រចាំតំបន់នៃសហគ្រាសពិភពលោក Bayer
លោក Michael Sorge អតីតប្រធានសន្តិសុខប្រចាំតំបន់នៃសហគ្រាសពិភពលោក Bayer

អតីត​ប្រធាន​សន្តិសុខ​ប្រចាំ​តំបន់​នៃ​សហគ្រាស​ពិភពលោក Bayer លោក Michael Sorge ថ្លែង​ថា បញ្ហា​ការ​ចរាចរ​ឱសថ​ក្លែងក្លាយ​នេះ មិនមែន​ជួប​ប្រទះ​តែ​កម្ពុជា​នោះ​ទេ។ លោក​បន្ត​ថា តាម​ពិត វា​គឺ​ក្តី​បារម្ភ​របស់​ពិភពលោក​ទាំង​លោក​ទាំង​មូល។ ដោយ​ក្នុង​នោះ បទល្មើស​ដែល​គេ​ប្រទះ​ឃើញ​មាន​ការ​ផលិត​ក្លែងក្លាយ និង​អន់​គុណភាព​នេះ​ច្រើន​ជាង​គេ គឺ​មាន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​ប្រទេស​ចិន ព្រោះ​អាជីវកម្ម​ប្រភេទ​នេះ អាច​ឱ្យ​ឈ្មួញ​ទុច្ចរិត ចំណេញ​ជាង ២​សែន​ដុល្លារ ក្នុង​មួយ​ថ្ងៃៗ។

ប្រសាសន៍​លោក Michael Sorge៖ «ប្រសិន​បើ​ប្រព័ន្ធ​សុខាភិបាល​មិន​មាន​សុវត្ថិភាព (ដោយ​កត្តា​ឱសថ​ក្លែងក្លាយ) មនុស្ស​នឹង​អស់​ជំនឿ​ទៅ​លើ​វា។ ទី​១ កេរ្តិ៍ឈ្មោះ​នៃ​ប្រព័ន្ធ​សុខាភិបាល​ជាតិ​នឹង​ជួប​បញ្ហា​ប្រឈម។ ទី​២ កេរ្តិ៍​ឈ្មោះ​នៃ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ដូចជា គ្រូពេទ្យ មន្ទីរពេទ្យ ឱសថស្ថាន នឹង​ជួប​បញ្ហា​ប្រឈម។ ទី​៣ កេរ្តិ៍ឈ្មោះ​នៃ​ការ​អនុវត្ត​ច្បាប់​និង​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​នឹង​ជួប​បញ្ហា​ប្រឈម។ ហើយ​យ៉ាង​ហោច​ណាស់ កេរ្តិ៍ឈ្មោះ​នៃ​រដ្ឋ​ទាំង​មូល​ត្រូវ​បាន​ប៉ះពាល់»

ក្នុង​វត្តមាន​នៃ​ភាគី​ដែល​ចូលរួម​ក្នុង​សន្និសិទ​ថ្នាក់​តំបន់​នេះ តំណាង​ប្រទេស​នីមួយៗ រួម​មាន​ប្រទេស​មីយ៉ាន់ម៉ា ថៃ ចិន វៀតណាម​និង​ឡាវ រួម​នឹង​កម្ពុជា​ផង​នោះ បាន​បង្ហាញ​ការ​តាំង​ចិត្ត​រួម​គ្នា ក្នុង​ការ​ពិនិត្យ​មើល​អំពី​របៀប​ដែល​អាច​កំណត់ និង​ដោះស្រាយ បញ្ហា​ផលិតផល​ក្លែងក្លាយ រួម​ទាំង​អាជីវកម្ម​មិន​ស្រប​ច្បាប់​ដទៃ​ទៀត ដើម្បី​ចូលរួម​ទប់ស្កាត់ និង​លុប​បំបាត់​នូវ​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​នៅ​លើ​សកលលោក៕

ចែករំលែកតាម៖