អង្គការហេហ្វឺអន្តរជាតិកម្ពុជា (Heifer) និងក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរ បានចុះកិច្ចព្រមព្រៀងលើអនុស្សរណៈសហការគ្នាលើការអនុវត្តគម្រោងពង្រឹងសមត្ថភាព ផលិត និងទីផ្សារតាមរយៈការអភិវឌ្ឍកសិកម្មសរីរាង្គ ក្រោមការផ្ដល់ជំនួយហិរញ្ញវត្ថុពីអង្គការហេហ្វឺអន្តរជាតិ។
ការចុះអនុស្សរណៈនេះ មិនត្រឹមតែជួយឱ្យកសិផលខ្មែរមានទីផ្សារប៉ុណ្ណោះទេ គឺថែមទាំងដើរតួនាទីយ៉ាងសំខាន់ជាអ្នកចែកចាយនូវផលិតផលសរីរាង្គដល់អ្នកប្រើប្រាស់ទៀតផង។ នាយកអង្គការ Heifer ប្រចាំកម្ពុជា អះអាងថា Heifer និងសហករណ៍សរីរាង្គខ្មែរបានរួមគ្នាជួយដល់ប្រជាកសិករខ្មែរ ក្នុងការដាំដុះដំណាំសរីរាង្គយូរមកហើយ។ ប៉ុន្តែការប្រកាសចាប់ដៃគ្នាជាផ្លូវការនាពាក់កណ្តាលខែកញ្ញា ឆ្នាំ២០១៨នេះ គឺដើម្បីបង្កើនទំនុកចិត្តបន្ថែមដល់ប្រជាកសិករខ្មែរដែលចូលរួមដាំដំណាំសរីរាង្គ។
លោកស្រី កែវ គៀង៖ «ហើយថ្ងៃនេះ គឺយើងធ្វើកិច្ចនេះ ដើម្បីបង្ហាញជាផ្លូវការ និងជួយសហការណ៍គ្នាធ្វើយ៉ាងណា ដើម្បីឱ្យសហករណ៍យើងធ្វើការផ្លាស់ប្តូរពីការដាំដំណាំដែលមានជាតិពុលទៅជាការដាំដំណាំដែលប្រកបដោយសុវត្ថិភាពទាំងខ្លួនគាត់ផង និងសុវត្ថិភាពដល់អ្នកបរិភោគ»។

បច្ចុប្បន្ន Heifer បានគាំទ្រដល់សហគមន៍កសិកម្មចំនួន ៦៤ ដែលមានសមាជិកជិត៧ពាន់នាក់ ក្នុងខេត្តចំនួន១២។ អង្គការនេះក៏បានធ្វើការយ៉ាងសកម្មជាមួយកសិករប្រមាណ២ម៉ឺនគ្រួសារផ្សេងទៀត ដូចជាគម្រោងក្រុមផលិតមាន់ ជ្រូក និងបន្លែសរីរាង្គជាដើម។
សហករណ៍សរីរាង្គខ្មែរជាក្រុមហ៊ុនខ្មែរដំបូងបង្អស់ដែលបានទទួលវិញ្ញាបនបត្របញ្ជាក់គុណភាពកសិកម្មសរីរាង្គស្តង់ដាសហភាពអឺរ៉ុប។ ស្ថាបនិកសហករណ៍សរីរាង្គខ្មែរមានប្រសាសន៍ថា ការចូលរួមពីគ្រប់ភាគីក្នុងវិស័យកសិកម្ម គឺចាំបាច់បំផុត។ ដូច្នេះ លោកពេញចិត្តដែលបានចូលរួមជាចំណែកក្នុងការលើកកម្ពស់កសិផលរបស់ប្រជាកសិករខ្មែរ ក៏ដូចជាចូលរួមចំណែកកាត់បន្ថយការនាំចូលកសិផលពីបរទេសផងដែរ។
លោក អៀង សុធារ៉ា៖ «ហើយល្បឿនលឿននេះ មិនមែនវាស់តែលើទីផ្សារ ដែលយើងឃើញលក់នៅតាមហាងនោះទេ ល្បឿននេះរួមចំណែកដែលគាត់ហូបនៅតាមផ្ទះ តាមរបង តាមសួនតូចៗរបស់គាត់ទៀត។ ដែលធ្វើឱ្យការនាំចូល ឬក៏អ្វីៗដែលមានជាតិពុលច្រើនថយចុះ គឺវាបានជំនួសបន្តិចម្តងៗនូវផលិតផលបែបហ្នឹង។ ជំនួសទី២ គឺអ្វីដែលគាត់មិនចេះដឹងសោះ …ឱ្យគាត់ងាកមកគិតពីបញ្ហាសុខភាព»។

តំណាងប្រជាកសិករដែលដាំកសិកម្មសម្រាប់ផ្គត់ផ្គងឱ្យគម្រោងនេះអះអាងថា ជីវភាពគ្រួសារលោកបានល្អប្រសើរជាងមុន បន្ទាប់ពីងាកមកដាំដុះបន្លែដែលមានសុវត្ថិភាព ព្រោះតែមានទីផ្សារ។ ពិសេស ការដាំដុះបន្លែស្តង់ដាក៏មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពលោក និងគ្រួសារទៀត។
លោក អែល ម៉ារិល៖ «កាលពីមុនជាតិគីមីធ្វើបានផល តែអត់មានទីផ្សារ ដល់ចឹងវាខាត។ ដល់ឥឡូវខ្ញុំប្រើជាសរីរាង្គមក មានទីផ្សារល្អ ធ្វើបានបានតម្លៃខ្ពស់ទៀត។ ជីវភាពកាន់តែរីកចម្រើនឡើង»។
តំណាងក្រសួងពាក់ព័ន្ធ ដូចជាក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម ក៏ប្រកាសពីការតាំងចិត្តជួយគាំទ្រ និងជំរុញបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យផលិតផលខ្មែរមានទីផ្សារទាំងក្នុង និងក្រៅប្រទេស នៅក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នានេះផងដែរ៕