ការគ្រប់គ្រងផ្លូវចិត្ត គឺជាការព្យាបាលជំងឺផ្លូវចិត្តដ៏មានប្រសិទ្ធភាព

ការគ្រប់គ្រងផ្លូវចិត្ត គឺជាការព្យាបាលជំងឺផ្លូវចិត្តដ៏មានប្រសិទ្ធភាព

សម្តី​យុវជន ទិត្យ សំណាង៖ «និយាយ​អំពី​ការ​គ្រប់គ្រង​ផ្លូវ​ចិត្ត​គឺ​មាន​វិធីសាស្រ្ត​ច្រើន អ្វី​ដែល​សំខាន់​គឺ​តាមរយៈ​ការ​អប់រំ​ចិត្ត តាមរយៈ​ការ​ចូលរួម​ស្តាប់​ធម៌​នៃ​ការ​អប់រំ​ចិត្ត ឬ​មួយ​ក៏​យើង​សេពគប់​អ្នក​ដែល​មាន​[ភាព]​រឹងប៉ឹង ដើម្បី​យើង​អាច​រៀនសូត្រ​ពី​គេ​បាន។ ហើយ​អ្វី​ដែល​សំខាន់ គឺ​ការ​រៀន​ពី​សមាធិ ដើម្បី​ធ្វើ​ឱ្យ​ស្មារតី​យើង​រឹងប៉ឹង​ឬ​ក៏​រឹងមាំ​ល្អ​ចឹង»។

សម្តី​យុវជន គឹម សូលីនី៖ «កត្តា​សំខាន់​ទី​១​គឺ​ចំណេះដឹង​អំពី​សុខភាព​ផ្លូវ​ចិត្ត ចំណេះដឹង​ទូទៅ​និយាយ​រួម​យើង​ខិតខំ​ស្វែងរក​វិធីសាស្រ្ត​យ៉ាង​ណា ដើម្បី​ឱ្យ​ចិត្ត​របស់​យើង​រឹងមាំ ទី​២​យើង​ត្រូវ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​ពួក​ម៉ាក ក្រុម​គ្រួសារ បរិយាកាស​នៅ​ជុំវិញ​ខ្លួន។ ហើយ​ទី​៣​ទាក់ទង​នឹង​យើង​ឧស្សាហ៍​ស្តាប់​ធម៌​របស់​លោក គូ សុភាព ជាពិសេស​យប់​ឡើង គឺ​យើង​អាច​ស្តាប់​មុន​ពេល​ចូល​គេង​អា​ហ្នឹង​គឺ​ល្អ»។

ទាំង​នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​យុវជន សិក្ខាកាម ក្រោយ​បាន​ចូលរួម​ស្តាប់​នូវ​សិក្ខាសាលា​ស្តី​ពី​សុខភាព​ផ្លូវ​ចិត្ត ក្រោម​ប្រធានបទ “ស្ថានភាព​ជំងឺ​ផ្លូវ​ចិត្ត​យុវវ័យ​នៅ​ពេល​បច្ចុប្បន្ន” កាល​ពី​ដើម​ខែ​វិច្ឆិកា កន្លង​ទៅ​នេះ។

វាគ្មិន និង​ជា​ប្រធាន​សមាគម​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា​ជប៉ុន (CJBI) លោក អៀង សុធារ៉ា ពន្យល់​ក្នុង​បទបង្ហាញ​លោក​ថា សុខភាព​ផ្លូវ​ចិត្ត​សំខាន់​ណាស់ គឺ​សំខាន់​ជាង​សុខភាព​ផ្លូវ​កាយ​ទៀត ព្រោះ​នៅ​ពេល​ដែល​ស្ថានភាព​ផ្លូវ​ចិត្ត​មិន​ប្រក្រតី ជំងឺ​ផ្លូវ​កាយ​ទាំង​ឡាយ​នឹង​អាច​កើត​ឡើង​បាន ដែល​ជា​កត្តា​បង្ក​ផល​ប៉ះពាល់​ដល់​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​ម្នាក់ៗ។

ប្រសាសន៍​លោក អៀង សុធារ៉ា៖ «ប្រសិន​បើ​យើង​មាន​មាតាបិតា មាន​មិត្តភ័ក្ត​មាន​អាណាព្យាបាល​ដែល​មាន​សុខភាព​ផ្លូវ​ចិត្ត​មិន​ល្អ ឬ​មិន​ប្រក្រតី ដែល​យើង​និយាយ​ថា​គាត់​មាន​ជំងឺ​ផ្លូវ​ចិត្ត​ណា​មួយ គឺ​យើង​ពិបាក​ចិត្ត​ដោយសារ​គាត់​ណា​មួយ​ទៀត​គឺ​យើង​ត្រូវ​ថែ​គាត់។ (អ៊ី)ចឹង​វា​រំខាន​ដល់​អ្វី​ខ្លះ ដល់​ពេល​វេលា​ផង ដល់​ប្រាក់​កាក់​ផង ដល់​ការ​រៀន​សូត្រ ឬ​ការ​ប្រកប​របរ​រកស៊ី​របស់​យើង​ផង»។

ទីប្រឹក្សា​ឯកទេស​ចិត្ត​រោគ​កុមារ នៃ​អង្គការ​ការីតាស់​ប្រចាំ​កម្ពុជា វេជ្ជបណ្ឌិត ប៊ូមីកុមារ ជេហ្គាណាថាន អះអាង​ថា នៅ​កម្ពុជា យុវជន​ត្រូវ​បាន​បែង​ចែក​ជា​៣​ប្រភេទ​ផ្សេង​គ្នា ហើយ​បញ្ហា​ផ្លូវ​ចិត្ត សម្រាប់​មនុស្ស​ទាំង​នោះ​ក៏​កើត​ឡើង​ខុស​គ្នា​ទៅ​តាម​បែបបទ​នៃ​ស្ថានភាព​របស់​គាត់​នីមួយៗ​ដែរ។ ប៉ុន្តែ​ជា​រួម ប្រមាណ​ជា​២០​ភាគរយ​នៃ​យុវវ័យ​ទាំង​នោះ​អាច​មាន​ជំងឺ​ផ្លូវ​ចិត្ត។

ប្រសាសន៍​វេជ្ជបណ្ឌិត ប៊ូមីកុមារ ជេហ្គាណា៖ «ប្រហែល​ជា​២០%​នៃ​យុវវ័យ គាត់​មាន​បញ្ហា​ផ្លូវ​ចិត្ត (អ៊ី)ចឹង​មាន​ន័យ​ថា ម្នាក់​ក្នុង​ចំណោម​៥​នាក់​ធ្លាប់​មាន​បទពិសោធន៍​ទទួល​រង​ការ​គិត​ច្រើន​ទៅ​នឹង​បញ្ហា​ទាក់ទង​នឹង​ផ្លូវ​ចិត្ត។ ហើយ​ប្រសិន​ជា​យើង​អត់​បាន​ជួយ អត់​បាន​លើក​ឡើង​ពី​បញ្ហា​នេះ​ទេ គឺ​ជន​រងគ្រោះ​នឹង​បន្ត​បញ្ហា​នេះ​អស់​មួយ​ជីវិត»។

យុវជន​៣​ប្រភេទ ដែល​អ្នកជំនាញ​ចិត្តសាស្រ្ត​បែង​ចែក​រួម​មាន៖ ទី​១​ក្រុម​យុវជន​សំភារៈ​និយម តួ​យ៉ាង​អ្នក​មាន​ភាព​ហ៊ឺហា មាន​រថយន្ត​ជិះ ដែល​មាន​ប្រមាណ​ពី​៥​ទៅ​១០​ភាគរយ។ ទី​២ គឺ​ជា​យុវជន​ដែល​ប៉ង​ប្រាថ្នា​ចង់​ក្លាយ​ជា​អ្វី​មួយ ហើយ​ខិតខំ​តស៊ូ​រៀន​សូត្រ ដែល​ជិះ​ត្រឹម​ម៉ូតូ មាន​ប្រហែល​ពី​៣០ ទៅ​៤០​ភាគរយ។ រី​ឯ​ក្រុម​យុវវ័យ​ទី​៣ គឺ​ជា​មនុស្ស​ខិតខំ​រស់រាន​មាន​ជីវិត ដោយ​ជិះ​កង់​មាន​ប្រហែល​ពី​៤០​ទៅ​៥០​ភាគរយ និង​រស់នៅ​តាម​ជនបទ។ នេះ​បើ​តាម​ទីប្រឹក្សា​ឯកទេស​ចិត្ត​រោគ​កុមារ នៃ​អង្គការ​ការីតាស់​ប្រចាំ​កម្ពុជា វេជ្ជបណ្ឌិត ប៊ូមីកុមារ ជេហ្គាណាថាន។

ក្នុង​សិក្ខាសាលា​សុខភាព​ផ្លូវ​ចិត្ត​នេះ ក៏​បាន​ដាក់​បញ្ចូល​នូវ​ដំបូន្មាន​តាម​បែប​ព្រះ​ពុទ្ធ​សាសនា ដែល​ពន្យល់​ដោយ​ព្រះ​ភិក្ខុ​វជិរប្បញ្ញោ គូ សុភាព ផង​ដែរ ដែល​ថេរដីកា​ព្រះ​អង្គ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​ព្យាបាល​មួយ​ដល់​អ្នក​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង ពិសេស​សម្រាប់​អ្នក​ប្រើប្រាស់​តាម​បណ្តាញ​សង្គម​នានា។

សម្រាប់​ព្រះ​ភិក្ខុ​អង្គ​នេះ យុវជន​គួរ​តែ​ចេះ​គ្រប់គ្រង​ផ្លូវ​ចិត្ត​ខ្លួន​ឯង តាមរយៈ​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម ហើយ​ប្រើប្រាស់​ពេល​វេលា​បំពេញ​ការងារ​ដែល​ចាំបាច់ ឬ​ធ្វើ​សមាធិ​អប់រំ​ចិត្ត​ជាដើម។

ថេរដីកា​ព្រះ​ភិក្ខុ​វជិរប្បញ្ញោ គូ សុភាព៖ «ការ​ប្រើ social media (ព័ត៌មាន​សង្គម) មាន​បញ្ហា​ប៉ះពាល់​ទៅ​ដល់​ផ្លូវ​ចិត្ត​ធ្ងន់​ណាស់ [អា]ត្មា និយាយ​តាម​ត្រង់ ឥឡូវ​ប្រើ​តិច​បំផុត ត្បិត​ថា​ខ្លួន​ឯង post Video (បង្ហោះ​វីដេអូ) នៅ​ក្នុង Facebook ច្រើន​ក៏​ដោយ ព្រោះ​វា​ប៉ះពាល់​ស្អី​គេ​ដែល​ចេះ​តែ​ចង់​ទាញ​យើង​ឱ្យ​ទៅៗៗ ស្អី​គេៗ Notification ហើយ​វា​មែន​មាន​តែ App Facebook ណា YouTube ផង Instagram ផង ស្អី​ណា​ផង តឹង​តិង​តាំង​ទូង អូយ! អាណា Comment (ផ្តល់​មតិ) អញ​ខ្លះ បាន [ប៉ុ]ន្មាន Like ហើយ បាន​[ប៉ុ]ន្មាន Share ហើយ អូ! Profile អាញ [រូបភាព] នេះ​ស្អាត​បាន​[ប៉ុ]ន្មាន] Like អូន​អា​ហ្នឹង​ជិត​ហើយៗ មែន​មិន​ឱ្យ​មើល​ទេ ប៉ុន្តែ​ត្រូវ​មាន Manage Time (ការ​គ្រប់គ្រង​ពេល​វេលា)»។

ព្រះ​តេជគុណ​បាន​បន្ថែម​ថា មូលហេតុ​ដែល​បណ្តាល​ឱ្យ​ជន​រងគ្រោះ ពិសេស​យុវជន​មាន​វិបត្តិ​រហូត​ក្លាយ​ជា​ជំងឺ​ផ្លូវ​ចិត្ត គឺ​ដំបូង​ឡើយ​មក​ពី​ពួក​គេ​កើត​មាន​នូវ​បញ្ហា​ស្មុគស្មាញ តានតឹង សេព​គ្រឿង​ស្រវឹង រងគ្រោះ​ពី​អំពើ​ហិង្សា​នានា ឬ គ្រោះថ្នាក់​ចរាចរណ៍​ជាដើម ខណៈ​ក្រោយ​កើត​មាន​នូវ​បញ្ហា​ទាំងអស់​នោះ​ហើយ ប៉ុន្តែ​មិន​មាន​ការ​យកចិត្ត​ទុកដាក់ ឬ​ព្យាបាល វា​នឹង​អាច​បង្ក​ឱ្យ​ទៅ​ជា​ជំងឺ​ថប់​បារម្ភ និង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត។

យោង​តាម​លទ្ធផល​ស្រាវជ្រាវ​របស់​ដេប៉ាតឺម៉ង់​ចិត្តវិទ្យា​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ឆ្នាំ​២០១៥ បង្ហាញ​ថា ប្រជាជន​ចាប់​ពី​អាយុ​២១​ឆ្នាំ ឡើង​ទៅ មាន​ជំងឺ​ថប់បារម្ភ ២៧% ខណៈ​ដែល​ជំងឺ​ធ្លាក់​ទឹក​ចិត្ត ១៦% រី​ឯ​ការ​បាក់ស្បាត​ភ័យ​មាន​២៧%។ ទាំង​នេះ​បើ​តាម​ព្រះ​ភិក្ខុ​វជិរប្បញ្ញោ គូ សុភាព៕

ចែករំលែកតាម៖