សិល្បៈសហសម័យខ្មែរល្បីលើឆាកអន្តរជាតិតែពុំសូវមានអ្នកចាប់អារម្មណ៍នៅកម្ពុជា

សិល្បៈសហសម័យខ្មែរល្បីលើឆាកអន្តរជាតិតែពុំសូវមានអ្នកចាប់អារម្មណ៍នៅកម្ពុជា

គោព្រៃខ្មែរដែលបង្កើតឡើងដោយច្រវាក់និងកម្ទេចដែកម៉ូតូចាស់ៗ

នេះ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ឧទ្យាន​ស្ថានទូត​បារាំង​នៅ​កម្ពុជា​ ដែល​បាន​ប្រែ​ក្លាយ​លំហ​បៃតង​ទៅ​ជា​វិចិត្រសាល​ធម្មជាតិ​ដ៏​ធំ​មួយ​សម្រាប់​សាធារណជន​ ចូល​ទស្សនា​ ស្នាដៃ​សិល្បៈ​សហសម័យ​ ឬ​ហៅ​មួយ​បែប​ទៀត​ថា​ជា​សិល្បៈ​ច្នៃប្រឌិត​ ដោយ​សេរី​ កាល​ពី​ ចុង​ខែ​មីនា​ ឆ្នាំ២០១៨។​ នេះ​បើ​តាម​ការ​អះអាង​របស់​លោកស្រី​ Eva​ Nguyen​ Binh​ (អេវ៉ា​ ង្វៀនប៊ិញ)​ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា។​

ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​រូប​នេះ​បន្ត​ថា​ សិល្បៈ​ច្នៃ​ប្រឌិត​នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា​ ដំណើរ​ត្រាច់ចរ​សិល្បៈ។​ ក្នុង​ដំណើរ​ត្រាច់ចរ​សិល្បៈ​នេះ​ ស្នាដៃ​សិល្បៈ​ច្នៃប្រឌិត​៧​កើត​ចេញ​ពី​សិល្បករ​ខ្មែរ​ ដែល​ពួក​គាត់​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​លើ​ឆាក​អន្តរជាតិ​កន្លង​មក​ ហើយ​ខ្លះ​ក៏​ធ្លាប់​ឆ្លង​កាត់​ការ​បណ្តុះ​បណ្តាល​នៅ​ប្រទេស​បារាំង​ផង​ដែរ។​

ភ្ជាប់​ជាមួយ​ស្នាម​ញញឹម​ ស្រ្តី​សម្បុរ​ស​ ច្រមុះ​ស្រួច​រូប​នេះ​ក៏​ពន្យល់​ពី​មូលហេតុ​នៃ​ការ​រៀបចំ​ការ​តាំង​បង្ហាញ​ស្នាដៃ​សិល្បៈ​នេះ​ថា​ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​កិច្ចសហប្រតិបត្តិការ​វប្បធម៌​បារាំង​កម្ពុជា​ ក៏​ដូចជា​ចែក​រំលែក​ស្នាដៃ​សិល្បករ​ខ្មែរ​ទៅ​កាន់​សាធារណជន។​ លោកស្រី​ អេវ៉ា​ មាន​ប្រសាសន៍​ថា៖​ «គោល​បំណង​របស់​យើង​គឺ​យើង​ចង់​លើក​ស្ទួយ​ស្នាដៃ​សិល្បៈ​របស់​សិល្បករ​កម្ពុជា​ដែល​មួយ​ចំនួន​គាត់​មាន​ភាព​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ។​ អ្នក​ខ្លះ​គាត់​ហាក់​ជា​ល្បី​នៅ​ក្រៅ​ប្រទេស​ជាង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៅ​ទៀត​ ដូច្នេះ​ហើយ​បាន​ជា​យើង​ចង់​ធ្វើ​យ៉ាងណា​បង្ហាញ​ស្នាដៃ​របស់​គាត់​ឱ្យ​សាធារណជន​កម្ពុជា​បាន​ស្គាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា‍»។​

លោក អ៊ូ វណ្ណឌី ម្ចាស់ស្នាដៃគោព្រៃខ្មែរ
លោក អ៊ូ វណ្ណឌី ម្ចាស់ស្នាដៃគោព្រៃខ្មែរ

ម្ចាស់​ស្នាដៃ​គោ​ព្រៃ​ខ្មែរ​ដែល​បង្កើត​ឡើង​ដោយ​ច្រវាក់​និង​កម្ទេច​ដែក​ម៉ូតូ​ចាស់ៗ​ផ្គុំ​ឡើង​ដោយ​ល្អ​ឥតខ្ចោះ​ លាយ​ឡំ​រវាង​សិល្បៈ​បុរាណ​និង​ការ​ច្នៃ​ប្រឌិត​ លោក​ អ៊ូ​ វណ្ណឌី​ បាន​ឱ្យ​ដឹង​ថា​ ការ​បើក​ឱកាស​ឱ្យ​សិល្បករ​ខ្មែរ​បង្ហាញ​ស្នាដៃ​នា​ពេល​នេះ​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​កាន់​តែ​យល់​ច្បាស់​ពី​គុណ​តម្លៃ​នៃ​ភាព​ច្នៃប្រឌិត​ ខណៈ​សិល្បៈ​ប្រភេទ​នេះ​ហាក់​ពុំ​មាន​ការ​យកចិត្ត​ទុកដាក់​ពី​សាធារណជន​ខ្មែរ​នៅ​ឡើយ​ទេ។​

លោក​និយាយ៖​ «(សិល្បៈ​សហសម័យ)​ មាន​សារៈសំខាន់​ណាស់​សម្រាប់​ខ្មែរ​យើង។​ ប៉ុន្តែ​ពេល​ខ្លះ​ក៏​គេ​អត់​ទទួល​ស្គាល់​ដែរ។​ យើង​ធ្វើ​បានប្លុក​បរទេស​គេ​ឱ្យ​តម្លៃ​យើង​ខ្ពស់​ តែ​ខ្មែរ​យើង​ គេ​យើង​គេ​ថា​ ខ្ញុំ​ឆ្កួត​អ្ហេ​ យក​ច្រវាក់​ មក​ធ្វើ​ចឹង​អីចឹង។​ ជាទូទៅ​ គេ​គ្រាន់​តែ​គិត​ថា​ វា​ជា​គំនិត​មួយ​ដែល​រវើរវាយ​ ប៉ុន្តែ​គេ​អត់​ដឹង​ថា​ ការ​ច្នៃប្រឌិត​ហ្នឹង​ វា​បង្កប់​អត្ថន័យ​អី​ច្រើន​សម្រាប់​គេ​ទេ​ […]​ ទីមួយ​ វា​ទាក់ទង​នឹង​បរិស្ថាន​ បើសិន​ជា​របស់​ទាំង​ហ្នឹង​គេ​ចេះ​តែ​គ្រវាត់​ចោល​ធ្វើ​ឱ្យ​ស្រុក​យើង​មាន​កាក​សំណល់​អី​ច្រើន​ចឹង​ វា​មិន​ល្អ​ពី​សោភ័ណភាព​ដែរ។​ ទី២​ យើង​ប្រាប់​ប្រជាជន​យើង​ ថា​កុំ​បាញ់​(សត្វព្រៃ)​ តែ​សម្លាប់​ វា​ផុត​ពូជ​អី​ទៅ​ខ្មែរ​យើង​ ក្មេងៗ​ស្រករ​ក្រោយ​មាន​អី​ស្គាល់»។​

បុរស​សម្បុរ​ស្រអែម​រូប​នេះ​ក៏​ធ្លាប់​មាន​ស្នាដៃ​ឆ្លាក់​រូប​ចេញ​ពី​រឿង​ទេវកថា​បុរាណ​រួច​ក៏​អភិវឌ្ឍ​ខ្លួន​បង្កើត​សិល្បៈ​សម្រាប់​ឆ្លុះ​បញ្ចាំង​ពី​សង្គម​ពិត​ម្តង។​

ខណៈ​សិល្បៈ​សហសម័យ​មិន​សូវ​ទទួល​ស្គាល់​និង​យក​ចិត្ត​ពី​សាធារណជន​ខ្មែរ​នៅ​ឡើយ​នោះ​ លោក​ វណ្ណឌី​ ក៏​សំណូមពរ​ឱ្យ​អ្នក​ពាក់ព័ន្ធ​ ជាពិសេស​រដ្ឋាភិបាល​ចូល​រួម​លើក​តម្កើង​សិល្បៈ​ប្រភេទ​នេះ​ឱ្យ​បាន​ទូលំទូលាយ។​

ការ​លើក​តម្កើង​អាច​ក្នុង​ទម្រង់​រូបភាព​ជា​ការ​បង្កើត​ព្រឹត្តិការណ៍​សិល្បៈ​នានា​ទាំង​ក្នុង​ស្រុក​និង​នៅ​ឆាក​អន្តរជាតិ។​ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ អ៊ូ​ វណ្ណឌី។​

លោក ភើ សុផុន សិល្បករច្នៃដបទឹកសុទ្ធជារូបរាងតំណក់ទឹកនិងលំហ
លោក ភើ សុផុន សិល្បករច្នៃដបទឹកសុទ្ធជារូបរាងតំណក់ទឹកនិងលំហ

សិល្បករ​មួយ​រូប​ទៀត​ គឺ​លោក​ ភើ​ សុផុន​ បាន​ប្រើ​ពេល​សិក្សា​ជាង​២ឆ្នាំ​ ដើម្បី​គិត​គំនិត​ច្នៃប្រឌិត​សិល្បៈ​របស់​ខ្លួន។​ ជាក់ស្តែង​ សម្រាប់​តាំង​បង្ហាញ​ដល់​សាធារណជន​នៅ​ក្នុង​បរិវេណ​ស្ថានទូត​ លោក​បាន​ច្នៃ​ដប​ទឹក​សុទ្ធ​ប្រើប្រាស់​រួច​ជាង​ ៣០០០ដប​ ក្នុង​រយៈពេល​៣ខែ​ឱ្យ​ចេញ​ជា​រូបរាង​តំណក់​ទឹក​និង​លំហ​ទីក្រុង​ដែល​បង្កប់​អត្ថន័យ​ការពារ​បរិស្ថាន។​

សិល្បករ​ផ្នែក​គំនូរ​សហសម័យ​រូប​នេះ​អះអាង​ថា​ លោក​ពិត​ជា​មាន​មោទនភាព​ដែល​ស្ថានទូត​បារាំង​ បាន​ផ្តល់​ឱកាស​សម្រាប់​សិល្បករ​ខ្មែរ​ឱ្យ​បាន​បញ្ចេញ​ស្នាដៃ​ ដើម្បី​បង្ហាញ​ដល់​ពលរដ្ឋ​ខ្មែរ។​

លោក​ ភើ​ សុផុន​ រៀបរាប់​ពី​ការ​ខិតខំ​របស់​ខ្លួន​ថា៖​«រាល់​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​នេះ​ តែង​សួរ​ខ្លួន​ឯង​ថា​ ជា​កិច្ចការ​ធ្វើ​សម្រាប់​ខ្លួន​ខ្ញុំ​ដែរ​អត់?​ តើ​ធ្វើ​ហ្នឹង​មាន​ប្រយោជន៍​ដល់​សង្គម​ដែរ​អត់?​ បើ​ខ្ញុំ​គិត​ពី​ខ្លួន​ខ្ញុំ​ គឺ​ពុំ​ចាំបាច់​អី​ត្រូវ​បង្ហាញ​នោះ​ទេ។​ ខ្ញុំ​គិត​ថា​ទី១​គឺ​ជួយ​រម្លឹក​ដល់​ប្រជាជន​យើង​ផង​ឬ​ក៏​ឱ្យ​ពិភពលោក​បាន​ស្គាល់​ថា​ខ្មែរ​យើង​អាច​ធ្វើ​អី​បាន។​ ទី២​ តើ​ខ្ញុំ​ធ្វើ​ទៅ​អាច​ផ្តល់​ផ្នត់​គំនិត​អី​ខ្លះ​ឬ​ផលប្រយោជន៍​អ្វី​ខ្លះ​ទៅ​ដល់​សង្គម?​ ទាក់ទង​អី​ខ្លះ​ទៅ​ដល់​ផ្នត់​គំនិត​ ខួរក្បាល​យើង​ជួយ​ជំរុញ​ដូច​ជា​អ្នក​ច្នៃ​ម៉ូត​មួយ​ចឹង​ ពេល​ណា​គាត់​បាន​ឃើញ​របស់​អ្វី​មួយ​ គាត់​នឹង​មាន​អារម្មណ៍​ថា​ Okay​ (អូខេ)​ ប្រហែល​ខ្ញុំ​អាច​ធ្វើ​អា​នេះ​បាន​ អូ​ខ្ញុំ​ធ្វើ​អ៊ីចេះៗ​បាន​ហើយ។​ ចឹង​នេះ​គឺ​ជា​ការ​រំញោច​មួយ​ ហើយ​ជា​ការ​ដាស់​តឿន​មួយ​ ដើម្បី​ឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ​គាត់​បាន​ផល​ប្រយោជន៍​ពី​ពួក​ខ្ញុំ»។​

សិល្បករ​កម្ពុជា​៧រូប​ដែល​បាន​ដាក់​បង្ហាញ​ស្នាដៃ​សិល្បៈ​សហសម័យ​របស់​ខ្លួន​រចនា​ឡើង​ជាពិសេស​សម្រាប់​ព្រឹត្តិការណ៍​នេះ​ ហើយ​មាន​លក្ខណៈ​សមសួន​ជាមួយ​នឹង​បរិស្ថាន​ធម្មជាតិ។​ អ្នក​ទាំង​៧រូប​រួម​មាន​លោក​ឯម​ រៀម​ លោក​ភើ​ សុផុន​ លោក​ថាំង​ សុធា​ លោក​នូ​ សារី​ លោក​សុវណ្ណ​ ភីឡុង​ លោក​អ៊ូ​ វណ្ណឌី​ និង​លោក​តោ​ វុដ្ឋា។​

បើ​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​នៃ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​ ដំណើរ​ត្រាច់ចរ​សិល្បៈ​គឺ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​បារាំង​ពីរ​សប្តាហ៍​នៅ​ភ្នំពេញ​រៀបចំ​ឡើង​ដោយ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​ រួម​សហការ​ជាមួយ​សភា​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​បារាំង​កម្ពុជា​និង​វិទ្យាស្ថាន​ភាសា​បារាំង​នៅ​កម្ពុជា។​ បន្ទាប់​ពី​ការ​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ឧទ្យាន​ស្ថានទូត​ ស្នាដៃ​សិល្បៈ​នៃ​ខេមរជន​ទាំង​៧នេះ​ត្រូវ​យក​ទៅ​ដាក់​តាំង​ពិព័រណ៍​រយៈពេល​មួយ​ខែ​នៅ​វិទ្យាស្ថាន​ភាសា​បារាំង​នៅ​កម្ពុជា។​

ប្រភព​ដដែល​បញ្ជាក់​ថា​កម្មវិធី​នេះ​ធ្វើ​ឡើង​មិន​ត្រឹម​តែ​ដើម្បី​លើក​ស្ទួយ​វប្បធម៌​បារាំង​និង​ខ្មែរ​ប៉ុណ្ណោះ​ទេ​ តែ​ក៏​ដើម្បី​ផ្សព្វផ្សាយ​អំពី​ជំនាញ​របស់​ក្រុមហ៊ុន​បារាំង​នានា​ ឱ្យ​សាធារណជន​កម្ពុជាបាន​ស្គាល់​កាន់​តែ​ច្បាស់​ផង​ដែរ៕​

ចែករំលែកតាម៖