អ្នកជំនាញជំងឺកុមារ៖ ការផ្តល់ការប្រឹក្សាមុនប្រើប្រាស់ថ្នាំ ជាជម្រើសល្អសម្រាប់កុមារ

អ្នកជំនាញជំងឺកុមារ៖ ការផ្តល់ការប្រឹក្សាមុនប្រើប្រាស់ថ្នាំ ជាជម្រើសល្អសម្រាប់កុមារ

ប្រធាន​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​កុមារ​ផ្កាឈូក វេជ្ជបណ្ឌិត សេង សាម៉ន អះអាង​ថា ការ​ផ្តល់​ការ​ប្រឹក្សា​ជា​វិធីសាស្ត្រ​ក្នុង​ការ​ការពារ​ជំងឺ ជា​ជាង​ការ​ប្រើប្រាស់​ថ្នាំ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​កាន់​តែ​ខ្លាំង​ដល់​សុខភាព​កុមារ។

លោក សាម៉ន មាន​ប្រសាសន៍៖ «ខ្ញុំ​មិន​អំពាវនាវ​ឱ្យ​មក​មន្ទីរពេទ្យ​ខ្ញុំ​ទេ ប៉ុន្តែ​គ្រាន់​តែ​ផ្តាំ​ថា បើសិន​ជា​អស់​លោក លោកស្រី ចង់​យល់​ច្បាស់​អំពី​សេវា ហើយ​ចង់​បាន​នូវ​ការ​ពិគ្រោះ មុន​ហ្នឹង​ការ​ចាក់​ថ្នាំ មុន​ហ្នឹង​ការ​ឱ្យ​ថ្នាំ លោក លោកស្រី​អញ្ជើញ​មក​ជួប​ខ្ញុំ»។

វេជ្ជបណ្ឌិត​ដែល​មាន​បទពិសោធន៍​យូរ​ឆ្នាំ​លើ​ការ​ព្យាបាល​កុមារ​រូប​នេះ​បន្ត​ថា មជ្ឈមណ្ឌល​លោក​មាន​គោលដៅ​ជួយ​កុមារ​ឱ្យ​ក្លាយ​ជា​ធនធាន​ដ៏​មាន​សារប្រយោជន៍​សម្រាប់​សង្គម។ ហើយ​កត្តា​ដែល​អាច​ជួយ​កុមារ​ឱ្យ​ក្លាយ​ជា​ធនធាន​ប្រកប​ដោយ​សក្តានុពល​បាន​នោះ គឺ​ការ​បញ្ជៀស​កុមារ​ពី​ជំងឺ​ផ្សេងៗ។

លោក សាម៉ន មាន​ប្រសាសន៍៖ «គោលដៅ​របស់​យើង គឺ​ការ​ជួយ​សង្គម​ច្រើន។ ទស្សនវិស័យ​របស់​យើង គឺ​ការពារ និង​ព្យាបាល​ដើម្បី​អនាគត​ល្អ​កុមារ​កម្ពុជា។ ចឹង​គ្រាន់​តែ​ឃ្លា​ហ្នឹង គឺ​យើង​ជួយ​គាត់​ទាំង​ស្រុង ហើយ​បើ​សួរ​ខ្ញុំ​ថា ចុះ​តម្លៃ​យ៉ាង​ម៉េច​ដែរ គឺ​តម្លៃ​យើង​សាកសម ហើយ​យើង​មាន​គោលការណ៍​ក្នុង​ការ​ជួយ​ច្រើន។ មិនមែន​យើង​គិត​លុយ​ជា​ធំ​ទេ ប៉ុន្តែ​យើង​ឱ្យ​តម្លៃ​ទៅ​លើ​ការ​ដែល​ជួយ ជាពិសេស​ចង់​ឱ្យ​សង្គម​យើង​មាន​ធនធាន​ល្អ»

ការសិក្សា​ថ្មី​មួយ​របស់​អន្តរក្រសួង ក្នុង​នោះ​រួម​មាន​ក្រសួង​បរិស្ថាន ក្រសួង​សុខាភិបាល និង​ក្រសួង​កសិកម្ម បាន​បង្ហាញ​ថា ការ​ប្រើប្រាស់​ឱសថ​ខុស​បច្ចេកទេស​នាំ​ឱ្យ​មាន​ការ​កើន​ឡើង​ខ្ពស់​នៃ​ភាព​ស៊ាំ​នឹង​ឱសថ​ប្រឆាំង​មេរោគ (AMR)។ ឯកសារ​ដដែល​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​គ្មាន​ការ​ទប់ស្កាត់​និង​ផ្សព្វផ្សាយ​ទេ​នោះ ការ​កើន​ឡើង​នូវ​ភាព​សុំា​នេះ អាច​នឹង​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​ជាង​៧០​ម៉ឺន​នាក់​ជា​រៀងរាល់​ឆ្នាំ​នៅ​ទូទាំង​ពិភពលោក ហើយ​អាច​នឹង​កើន​ឡើង​ដល់​១០​លាន​នាក់​នៅ​ឆ្នាំ​២០៥០។

អាណាព្យាបាល​កុមារ​ម្នាក់ លោក ស៊្រាង ឧត្តម ពន្យល់​ថា លោក​បាន​យល់​ច្បាស់​ពី​វិធី​ថែរក្សា​សុខភាព​កូនៗ បន្ទាប់​ពី​បាន​ជួប​ក្រុម​គ្រួពេទ្យ ហើយ​លោក​ពេញចិត្ត​នឹង​សេវា​ផ្តល់​ថ្នាំ​ក្នុង​កម្រិត​ទាប​បែប​នេះ​មក​លើ​កូន​លោក ខណៈ​ការ​ពិនិត្យ​ព្យាបាល​ដទៃ តែង​តែ​តម្រូវ​ឱ្យ​ប្រើប្រាស់​ថ្នាំ​នៅ​ក្នុង​បរិមាណ​ច្រើន។

លោក ស៊្រាង ឧត្តម និយាយ៖ «កូន​ខ្ញុំ ពេល​ប្រើ​ថ្នាំ​ច្រើន គាត់​គេង​កន្ត្រាក់ គាត់​ធ្វើ​ទុក្ខ​ក្នុង​ខ្លួន​គាត់ ឡេឡាៗ​ក្នុង​ខ្លួន​គាត់។ ខ្ញុំ​មាន​អារម្មណ៍​អាណិត​កូន ពេល​គាត់​ញុំា (ថ្នាំ​ច្រើន) គាត់​អត់​ចង់​ញុំា។ តែ​ពេល​មក​ជួប​លោកគ្រូ doctor នេះ គឺ​គាត់​ឱ្យ​ញុំា​ថ្នាំ​តិចៗ ហើយ​គាត់​ចូលចិត្ត​ញុំា ហើយ​អត់​ពិបាក»។

មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​កុមារ​ផ្កាឈូក មាន​បំរើ​សេវា ៦​មុខ មាន​ដូចជា ពិនិត្យ​ជំងឺ​ទូទៅ​កុមារ ពិនិត្យ​សុខភាព​ទារក ការ​ចាក់​វ៉ាក់​សាំង​កុមារ ការ​ពិគ្រោះ​យោបល់​ផ្នែក​វ៉ាក់សាំង​កុមារ ការ​ផ្តល់​ការ​ប្រឹក្សា​វិធី​ថែទាំ​សុខភាព​កុមារ និង​ការ​ពិនិត្យ​សុខភាព​កុមារ​ដែល​ត្រៀម​ចូល​សាលារៀន​ជាដើម។

លោក​វេជ្ជបណ្ឌិត សេង សាម៉ន មាន​ប្រសាសន៍​ថា ប្រព័ន្ធ​ការពារ​កុមារ​ស្ថិត​ក្រោម​វ័យ​៧​ឆ្នាំ មាន​លក្ខណៈ​ខ្សោយ ដែល​អាច​ប្រឈម​នឹង​ជំងឺ​ខ្ពស់។ ជំងឺ​ដែល​កុមារ​ក្នុង​វ័យ​នោះ​តែងតែ​កើត​មាន គឺ​ជំងឺ​ផ្តាសាយ រាគ រលាក​ផ្លូវ​ដង្ហើម ច្រមុះ បំពង់ក រលាក​ត្រចៀក សួត ដែល​ខ្លះ​ឈាន​ដល់​ជំងឺ​ធ្ងន់ធ្ងរ​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​ខួរក្បាល​ជាដើម។ ប្រធាន​មជ្ឈមណ្ឌល​វេជ្ជសាស្រ្ត​រូប​នេះ​បន្ថែម​ថា ជំងឺ​ទាំង​នេះ​អាច​ការពារ​បាន ប្រសិន​បើ​អាណាព្យាបាល​យល់​ដឹង​ពី​វិធី​ថែរក្សា​កុមារ​តូចៗ ដូចជា​ការ​ធ្វើ​អនាម័យ​លើ​ចំណី​អាហារ និង​ការ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​ទៀតទាត់​ជាដើម៕

ចែករំលែកតាម៖