ព្រៃ​អភិរក្ស​ចុងក្រោយ​នៅខេត្ត​ឧត្តរមានជ័យ​ក្លាយជា​តំបន់​ទេសចរណ៍​ថ្មី

ព្រៃ​អភិរក្ស​ចុងក្រោយ​នៅខេត្ត​ឧត្តរមានជ័យ​ក្លាយជា​តំបន់​ទេសចរណ៍​ថ្មី

ព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត

តំបន់​អភិរក្ស​ព្រៃ​សហគមន៍​សង្ឃ​រុក្ខវ័ន្ត​គឺ​ជា​ព្រៃ​ចុងក្រោយ​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ដែល​មាន​ផ្ទៃ​ដី​ជាង​៣​ម៉ឺន​ហិកតា។ ព្រៃ​នេះ​ស្ថិត​នៅ​ចម្ងាយ​ជាង​៤០គីឡូម៉ែត្រ​ភាគ​ឦសាន​នៃ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​និង​លាត​សន្ធឹង​ក្នុង​ស្រុក​ចំនួន​បី​រួម​មាន​ស្រុក​សំរោង ស្រុក​ចុងកាល់ និង​ស្រុក​អន្លង់វែង។

ក្នុង​ឆ្នាំ​២០១៨​នេះ តំបន់​អភិរក្ស​ព្រៃ​សហគមន៍​សង្ឃ​រុក្ខវ័ន្ត​បាន​ក្លាយជា​តំបន់​ការពារ​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខវ័ន្ត ក្រោយ​មាន​ការ​តស៊ូ​ការពារ​តាំង​ពី​ឆ្នាំ២០០១ពី​សំណាក់​ព្រះតេជ​ព្រះគុណ ប៊ុន សាលួត ដែល​ស្រឡាញ់​ធម្មជាតិ។

ព្រះតេជ​ព្រះគុណ ប៊ុន សាលួត ជា​មេគុណ​ខេត្តឧត្តរមានជ័យនិងស្ថាបនិក​ព្រៃ​សហគមន៍​សង្ឃ​រុក្ខវ័ន្ត​នេះ។ ព្រះអង្គ​មាន​ថេរដីកា​ឱ្យដឹង​ថា ព្រៃ​ធម្មជាតិ​នេះគឺ​ជា​តំបន់​អភិរក្ស​មួយ​ដែល​មានទំហំ​ធំ​ជាង​គេ​នៅ​កម្ពុជា។

ប្រធាន​ព្រៃសហគមន៍​សង្ឃរុក្ខវ័ន្តអង្គ​នេះមានថេរដីកា​បន្ត​ទៀត​ថា ព្រះអង្គរួម​ទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្តកំពុង​រៀប​ចំ​កសាង​ហេដ្ឋាន​រចនា​សម្ព័ន្ធ​ក្នុង​តំបន់​នេះឱ្យ​ក្លាយ​ជា​តំបន់​ទេសចរណ៍​ចម្រុះ​មួយ សម្រាប់​​ភ្ញៀវ​ទេសចរណ៍ទៅ​ថ្ងៃ​អនាគត។

ព្រះអង្គ ប៊ុន សាសួត មានថេរដីកាថា៖ «អាត្មា​កំពុង​ទាក់ទង​ជាមួយ​អង្គការ​បរទេស​មួយលើ​គម្រោង​ធ្វើ​ខ្សែ​រ៉ក កន្រ្តកហោះ​សម្រាប់​ភ្ញៀវ​ទេសចរណ៍… កន្លែង​នេះ យើង​រៀប​ចំ​កន្លែង​ទេសចរណ៍​ព្រោះ​តំបន់​នេះមាន​សក្តានុពល​ច្រើន​ណាស់ដូច​ជា កន្លែង​យើងទៅ​មើល​សត្វ​ទន្សោង កន្លែង​ណា​ទៅ​មើល​សត្វ​ប្រើស កន្លែង​ណា​យើង​ទៅមើល​តំបន់​ច្រាប និង​មាន​កន្លែង​ទាក់ទាញ​ភ្ញៀវទៅ​មើល​បាន​ច្រើន​កន្លែង ប្រាសាទ​បុរាណ ភូមិ​បុរាណ ព្រៃ​កាបៅ»។

ព្រះតេជព្រះគុណ ប៊ុន សាលួត មេគុណខេត្តឧត្តរមានជ័យនិងស្ថាបនិកព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត
ព្រះតេជព្រះគុណ ប៊ុន សាលួត មេគុណខេត្តឧត្តរមានជ័យនិងស្ថាបនិកព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត

ព្រះតេជ​ព្រះគុណប៊ុន សាលួត មានថេរដីកាបន្តថា រហូត​មក​ដល់​បច្ចុប្បន្នព្រៃ​អភិរក្ស​នេះ​បាន​ផ្តល់​ផល​ដល់​ប្រជាពលរដ្ឋ​ដែល​​រស់​នៅ​និង​អាស្រ័យ​ផល​ពី​អនុផល​ព្រៃឈើ​ក្នុង​តំបន់​នេះ​ចំនួន៩​ភូមិស្មើនឹង​ជិត១០០​គ្រួសារ។ ព្រះអង្គ​មានថេរដី​កាបបញ្ជាក់​ថា ព្រៃសហគមន៍​សង្ឃរុក្ខវ័ន្តគឺ​ជា​ព្រៃ​ចុងក្រោយ​របស់​ខេត្ត​នេះដោយ​សម្បូរ​ទៅ​ដោយ​ដើម​ឈើ​ធំៗគ្រប់​ប្រភេទដូចជាផ្ដៀក ឈើទាល ផ្ចឹក សុក្រំ កកោះ គ្រញូង បេង នាងនួន ធ្នង់ ឈើក្រម និងគគីរជាដើម។

ពពួក​ដើម​ឈើ​ធំៗ​ទាំង​នេះ​គឺ​ជា​ជម្រក​សត្វ​ព្រៃគ្រប់​ប្រភេទ​ជា​ពិសេសសត្វធំៗដូចជាខ្លា ខ្ទីង ប្រើស ឈ្លូស រួម​ទាំង​ពពួក​សត្វ​ស្លាប​ផងដែរ។

ប្រធាន​មន្ទីរ​បរិស្ថានខេត្តឧត្តរមានជ័យលោក ភួង លីណា បានឱ្យដឹង​ថា គម្រោង​អភិវឌ្ឍន៍​តំបន់​ព្រៃ​សហគមន៍​សង្ឃ​រុក្ខវ័ន្ត​ឱ្យ​ក្លាយ​ជា​តំបន់​ទេសចរណ៍គឺ​ផ្តោត​សំខាន់​ទៅ​លើ​ការ​អភិរក្ស​ធនធាន​ធម្មជាតិនិង​សត្វ​គ្រប់​ប្រភេទ​ក្នុង​តំបន់​ព្រៃសហគមន៍​នេះ។

លោក ភួង លីណា មានប្រសាសន៍​ថា៖ «យើង​មាន​ធនធាន​ធម្មជាតិ យើង​មាន​អ្វីៗទាំងអស់​នៅទី​នេះច្រើនមាន​ទឹក មាន​ត្រី មាន​ភ្នំ មាន​អ្វី​ទាំង​អស់។ អ៊ីចឹង​ហើយបាន​ជា​យើង​មាន​គំនិត​ក្នុង​ការ​រៀបចំ​តំបន់​នេះឱ្យ​ទៅជា​តំបន់​ទេសចរណ៍​ធម្មជាតិ។ ឬ​ក៏​យើង​អាច​នឹង​ឈាន​រហូត​ដល់​រៀបចំ​ជា​សហគមន៍​ទេសចរណ៍។ អ្វី​ដែល​មន្ទីរ​កំពុង​ធ្វើសម្រាប់​រៀបចំ​វិស័យ​ទេសចរណ៍​នៅទី​នេះ មន្ទីរ​បាន​រៀបចំ​ជា​កន្លែង​ទេសចរណ៍​ខ្នាត​​តូចៗសម្រាប់​ភ្ញៀវ​ក្នុង​ស្រុក តែ​បើ​អាចទៅ​ថ្ងៃ​មុខអាច​នឹង​ទទួល​ភ្ញៀវ​បរទេស​ផងដែរ»។

បើ​តាមលោក​ប្រធាន​មន្ទីរ​បរិស្ថានរូបនេះ បច្ចុប្បន្ន​តំបន់​ព្រៃ​សហគមន៍​សង្ឃ​រុក្ខវ័ន្ត​នេះត្រូវបានអាជ្ញាធររៀប​ចំ​ឱ្យ​ប្រែក្លាយ​ជា​តំបន់​ទេសចរណ៍​ចម្រុះ​ថ្មីមួយរួម​មាន​ដែន​ជម្រក​សត្វព្រៃ​ សត្វ​ស្លាប ការ​ជិះទូក​កម្សាន្ត និងការទស្សនាសំណង់​ប្រាសាទ​បុរាណជាដើម។ យ៉ាងណាមិញមន្រ្តីរូបនេះក៏​បាន​ប្រកាស​រក​ដៃគូ​វិនិយោគសម្រាប់​អភិវឌ្ឈ​តំបន់​ទេសចរណ៍​​អភិរក្ស​នេះឱ្យ​បាន​ឆាប់​រហ័ស​ផងដែរ។

ភ្ញៀវទេសចរជិះទូកកម្សាន្តព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត
ភ្ញៀវទេសចរជិះទូកកម្សាន្តព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត

​ភ្ញៀវទេសចរ​ម្នាក់ដែល​បាន​មក​ដល់​តំបន់​នេះ កញ្ញា ពៅ ស៊ីនួន ​បង្ហាញ​ភាព​សប្បាយ​រីករាយ​របស់​ខ្លួនតាមរយៈទឹកមុខញញឹមញញែម​ថា កញ្ញាពិត​ជា​មាន​មោទនភាព​ដែល​បាន​មក​ទស្សនាទី​កន្លែង​ពោរពេញ​ដោយ​ធម្មជាតិ ​ខ្យល់​អាកាស​បរិសុទ្ធ រួម​ទាំង​បាន​ជិះទូកម្សាន្ត​ជុំវិញ​ព្រៃបែបនេះ។

កញ្ញា ពៅ ស៊ីនួន រៀបរាប់​ថា៖ «បើ​សិន​ជា​តំបន់​ព្រៃ​សង្ឃរុក្ខវ័ន្តអាច​អភិវឌ្ឈ​ទៅជា​តំបន់​ទេសចរណ៍ ថែម​មួយ​តង់​ទៀតគឺវារឹត​តែ​ប្រសើរ។ គឺ​បាន​ន័យ​ថា ប្រជាពលរដ្ឋ​មិន​ថា​​នៅ​ក្នុង​ស្រុក នៅ​ក្រៅ​ប្រទេស កាន់​តែ​ដឹងឮ ហើយ​កេរ្តិ៍​ឈ្មោះ​ព្រៃ​សង្ឃរុក្ខវ័ន្តក៏កាន់​តែល្បី។ ដូច្នេះយើង​អាច ទី១គឺ​អាច​រក​ចំណូ​ជូន​អ្នក​ការពារ​ព្រៃឈើ​នៅ​ទី​ហ្នឹង ជា​ពិសេស​គឺ​ខាង​សហគមន៍​នៅ​ជិតៗហ្នឹង គាត់​អាច​មាន​ប្រាក់​ចំណូល​បន្ថែម។ មួយ​ទៀត​យើង​អាច​ផ្សព្វផ្សាយ​ពី​ការ​អភិរក្ស​ព្រៃរួម​គ្នា​អភិរក្ស​ព្រៃឈើ​ទាំងអស់​គ្នា»។​

បើទោះ​ជាព្រៃ​សហគមន៍សង្ឃរុក្ខវ័ន្តត្រូវ​បាន​ទទួល​ស្គាល់​ពីរាជរដ្ឋាភិបាល​និង​ទទួល​បាន​ការ​ខិតខំ​ប្រឹងប្រែងថែរក្សានិងការពារ​ពី​សំណាក់​ព្រះសង្ឃ ប្រជាពលរដ្ឋ យ៉ាងណា​ក្តី ក៏​វានៅ​តែ​ទទួល​រង​នូវការ​បំផ្លាញ ពី​សំណាក់​ជនមួយ​ចំនួន។ ការ​បំផ្លាញ​ទាំង​នោះ​មានក្រោម​​រូបភាព​លួច​កាប់យក​ឈើ​ប្រណីតៗ សម្លាប់​សត្វ​ព្រៃ និង​​រុករាន​យក​ដីព្រៃ​ជា​ដើម។

ព្រះតេជ​ព្រះគុណ ប៊ុន សាលួត ​ស្ថាបនិក​ព្រៃ​សហគមន៍​សង្ឃរុក្ខវ័នមានថេរដីការ​ថា ព្រះអង្គ​សង្ឃឹម​​ព្រៃ​សហគមន៍​នេះ​នឹងត្រូវ​បាន​ការពារ​និង​ថែរក្សា​ដោយ​យកចិត្ត​ទុកដាក់​ជាទីបំផុត​នៅ​ពេល​​ដែល​​តំបន់​​នេះ​ក្លាយ​ជា​​តំបន់​​ទេសចរណ៍​​ពេញលេញ ដើម្បី​ទុកជា​សម្បត្តិ​ធម្មជាតិ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយបានឃើញនិងបាន​ស្គាល់៕

ចែករំលែកតាម៖