CJBI បង្ហាញឱ្យម្ចាស់ក្រុមហ៊ុនយល់កាន់តែច្បាស់ពី CSR

CJBI បង្ហាញឱ្យម្ចាស់ក្រុមហ៊ុនយល់កាន់តែច្បាស់ពី CSR

សិក្ខា​សាលា​ស្តី​ពី​សារៈប្រយោជន៍​នៃ​ការ​ទទួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន ឬ (CSR) និង​ការ​គ្រប់គ្រង​ធនធាន​មនុស្ស ដើម្បី​ធ្វើ​ឱ្យ​អាជីវកម្ម​មាន​ការ​រីកចម្រើន​និង​មាន​និរន្តភាព គឺ​ជា​កម្មវិធី​ដំបូង​បង្អស់​របស់​សមាគម​ពាណិជ្ជកម្ម​និង​វិនិយោគ​កម្ពុជា​ជប៉ុន​(CJBI)។

កម្មវិធី​ដែល​រៀបចំ​ឡើង​កាល​ពី​រសៀល​ថ្ងៃទី​១៦ ខែ​កក្តដា នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​ជប៉ុន CJCC ក្នុង​បរិវេណ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​បង្ហាញ​កាន់​តែ​ច្បាស់​ឱ្យ​ម្ចាស់​អាជីវកម្ម បាន​យល់​ពី​អត្ថន័យ​នៃ​ពាក្យ​ថា CSR និង​ការ​គ្រប់គ្រង​ធនធាន​មនុស្ស។

អ្នក​ចូលរួម​ជិត​១០០​នាក់​ដែល​ភាគ​ច្រើន​សុទ្ធសឹង​តែ​ជា​ថ្នាក់​ដឹកនាំ​និង​ម្ចាស់​អាជីវកម្ម​បាន​បង្ហាញ​ពី​ភាព​ច្បាស់លាស់​និង​យល់​កាន់​តែ​ច្បាស់​ពី​អត្ថន័យ​នៃ​ពាក្យ​ថា CSR។

លោកស្រី ប្រាក់ សូលី ម្ចាស់​ភោជនីយដ្ឋាន​ផ្សិត​អាំង​សុខភាព​និង​ជា​ប្រធាន​ក្រុមហ៊ុន​សម្អាត​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ។ លោកស្រី​បាន​និយាយ​ថា បន្ទាប់​ពី​ចូលរួម​កម្មវិធី​នេះ លោកស្រី​យល់​កាន់​តែ​ច្បាស់​ពី​អត្ថន័យ​នៃ​ពាក្យ​ថា CSR ដែល​ពី​មុន​មក​តែងតែ​មាន​ការ​យល់​ច្រឡំ​ថា ជា​ការ​បរិច្ចាគ​ឬ​ការ​ធ្វើ​សកម្មភាព​សប្បុរសធម៌។

លោកស្រី​និយាយ៖ «ខ្ញុំ​គិត​ថា​សំខាន់​ខ្លាំង​ណាស់ សំខាន់​ខ្លាំង​មែនទែន ពីព្រោះ​អី​ពេល​ខ្ញុំ​បាន​មក​ចូលរួម​ហ្នឹង ខ្ញុំ​យល់​កាន់​តែ​ច្បាស់ ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា នៅ​ពេល​ខ្ញុំ​យក CSR ទៅ​អនុវត្ត​ក្នុង​មុខរបរ​រក​ស៊ី​របស់​ខ្ញុំ គឺ​ធ្វើ​ឱ្យ​អាជីវកម្ម​របស់​ខ្ញុំ​មាន​ភាព​នឹង។ ខ្ញុំ​ពី​ដើម​មក​ខ្ញុំ​តែងតែ​រក​គន្លឹះ​ដូច​គ្នា ថា​ខ្ញុំ​គួរ​ធ្វើរ​បៀប​ម៉េច តាម​ពិត​គម្រោង​របស់​ខ្ញុំ​បាន​គិត​រឿង​អស់​ហ្នឹង​ហើយ ធ្វើ​ខាង donation (បរិច្ចាក) អី​អ៊ីចឹង។ តែ​ពេល​ខ្ញុំ​បាន​ចូលរួម​កម្មវិធី​នេះ គឺ​ធ្វើ​ឱ្យ​ខ្ញុំ​យល់​ច្បាស់​រវាង ពាក្យ​ថា CSR និងdonations វា​មាន​ធាតុ​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា»។

លោកស្រី ប្រាក់ សូលី ម្ចាស់ភោជនីយដ្ឋានផ្សិតអាំងសុខភាពនិងជាប្រធានក្រុមហ៊ុនសម្អាតមួយ
លោកស្រី ប្រាក់ សូលី ម្ចាស់ភោជនីយដ្ឋានផ្សិតអាំងសុខភាពនិងជាប្រធានក្រុមហ៊ុនសម្អាតមួយ

ចំណែក​ប្រធាន​ក្រុមហ៊ុន​ទេសចរណ៍ To Asian Travel ដែល​មាន​ទីតាំង​នៅ​ខេត្ត​សៀមរាម​ឯណេះ​វិញ លោក វ៉ាត់ សាវឿង លើក​ឡើង​ដែរ​ថា បន្ទាប់​ពី​យល់​កាន់​តែ​ច្បាស់​ពី​ពាក្យ​ថា CSR ខ្លួន​នឹង​ចាប់​ផ្តើម​អនុវត្ត​វា​ជាមួយ​នឹង​ហ្នឹង​ក្រុមហ៊ុន​ខ្លួន​ឯង​ផ្ទាល់។

លោក​មាន​ប្រសាសន៍​ថា៖ «អ្វី​ដែល​ខ្ញុំ​រៀន​សូត្រ​គិត​ថា​ខ្ញុំ​នឹង​ព្យាយាម​យក​ទៅ​អនុវត្ត​បន្ថែម​នៅ​ក្នុង​ក្រុមហ៊ុន ផ្នែក CSR។ ហើយ​បើ​យើង​មាន​ឱកាស នឹង​ធ្វើ​សប្បុរសធម៌​ឱ្យ​បាន​ច្រើន​ជាង​នេះ។ ខ្ញុំ​នឹង​ចែករំលែក​គំនិត​ទាំង​នេះ ទៅ​កាន់​មិត្តភក្តិ ក្រុម​ការងារ ដែល​មាន​អាជីវកម្ម​ផ្សេងៗ​ឱ្យ​អនុវត្ត​គោលដៅ​នេះ​ដែរ»។

របាយការណ៍​ឯកសារ​ស្តី​ពី​ការ​ទទួល​ខុសត្រូវ​សង្គម​នៅ​កម្ពុជា​ដែល​បោះពុម្ព​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៦ បាន​បង្ហាញ​ថា ក្រុមហ៊ុន​គំរូ​ជាង​១០​ដែល​បាន​ចងក្រង​ក្នុង​ការ​អនុវត្ត CSR ពិត​ជា​ទទួល​បាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង។ សមិទ្ធផល​ទាំង​នោះ​រួម​មាន​ការ​បង្កើត​ផលិតផល​ថ្មី ភាព​រីក​ចម្រើន​លើ​មុខ​ជំនួញ ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ស្រុក​និង​អន្តរជាតិ កសាង​សក្ដានុពល​ធនធាន​មនុស្ស និង​ការ​ទទួល​ស្គាល់​ពី​អន្តរជាតិ។

ការ​ទទួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន​ឬ​ហៅ​កាត់​ថា CSR គឺ​ជា​សេចក្តី​សម្រេច​ចិត្ត​ឬ​មួយ​ក៏​ជា​ការ​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ដែល​អាច​មាន​ផល​ប៉ះពាល់​ជា​វិជ្ជមាន​ទៅ​លើ​ផ្នែក​សង្គម ផ្នែក​បរិស្ថាន ហើយ​ជាមួយ​សហគមន៍​ដែល​គាត់​ពឹង​អាស្រ័យ​ជាមួយ​នឹង​ខ្សែ​ចង្វាក់​ផលិតកម្ម​របស់​ក្រុមហ៊ុន​ជា​វិជ្ជមាន ហើយ​ជាពិសេស​គឺ​ផ្តោត​ទៅ​លើ​និរន្តរភាព​របស់​អាជីវកម្ម​របស់​ក្រុមហ៊ុន។ នេះ​បើ​យោង​តាម​អង្គការ Oxfarm ដែល​ធ្វើការ​លើក​កម្ពស់ CSR នៅ​កម្ពុជា។

ចំណែក​សេចក្តី​ណែនាំ​របស់​អង្គការ​ស្តង់ដា​អន្តរជាតិ​(ISO) បាន​ឱ្យ​ដឹង​ថា CSR មាន​គោលការណ៍​គន្លឹះ​ចំនួន​៧​ជា​សកល​គឺ​អភិបាលកិច្ច​ស្ថាប័ន សិទ្ធិ​មនុស្ស គោលការណ៍​ពលកម្ម បរិស្ថាន គោលការណ៍​ការងារ​យុត្តិធម៌ ដោះស្រាយ​បញ្ហា​អតិថិជន និង​ការ​ចូលរួម និង​អភិវឌ្ឍ​សហគមន៍។

លោក អៀង សុធារ៉ា ប្រធានសមាគម CJBI និងជាម្ចាស់អាជីវកម្មជោគជ័យក្នុងការអនុវត្ត CSR
លោក អៀង សុធារ៉ា ប្រធានសមាគម CJBI និងជាម្ចាស់អាជីវកម្មជោគជ័យក្នុងការអនុវត្ត CSR

ប្រធាន​សមាគម CJBI និង​ជា​ម្ចាស់​អាជីវកម្ម​ជោគជ័យ​ក្នុង​ការ​អនុវត្ត CSR លោក អៀង សុធារ៉ា មាន​ប្រសាសន៍​ថា ជាទូទៅ​ការ​អនុវត្ត​គោលការណ៍ CSR នេះ គឺ​ពុំ​ចាំបាច់​ទាល់​តែ​ចំណាយ​ថវិកា​ដ៏​ច្រើន​ដូច ការ​ធ្វើ​កម្មវិធី​សប្បុរសធម៌​នោះ​ទេ។ លោក​ថា​ក្រុមហ៊ុន​តូចៗ​ដែល​ពុំ​មាន​ថវិកា​គ្រប់គ្រាន់​ក៏​អាច​ធ្វើ​វា​បាន​ដែរ។

លោក​មាន​ប្រសាសន៍៖ « CSR ហ្នឹង​វា​អត់​មាន​ចាយ​លុយ​ទេ វា​ត្រូវ​តែ​ចិត្ត​តើ មាន​ត្រូវ​ការ​លុយ​ណា​ទាល់​តែ​ធ្វើ Donations ទើប​ត្រូវ​ការ​លុយ។ ពេល​ដែល​យើង​គិត​ដំបូង​ថា​ឱ្យ​ក្រុមហ៊ុន​យើង​ដើរ​ល្អ ជួយ​ដល់​ខ្លួន​យើង ជួយ​ដល់​ក្រុម​គ្រួសារ​យើង ជួយ​ដល់​សង្គម ពេល​កំពុង​អង្គុយ​គិត​ហ្នឹង​គ្មាន​អស់​ទេ។ គ្រាន់​តែ​មាន​ឆន្ទៈ​ល្អ មាន​សុឆន្ទៈ​ក្នុង​ការ​គិត ឬ​គិត​ដើម្បី​ប្រយោជន៍​ខ្លួន​ឯង និង​ប្រយោជន៍​រួម ហើយ​អ្វី​ដែល យើង​ធ្វើការ​រក​ស៊ី​ហ្នឹង​ទៅ​ជា​ផលប្រយោជន៍​ទាំងអស់​គ្នា ហ្នឹង​អត់​មាន​ចាយ​លុយ​អី​ច្រើន​ជាង​ហ្នឹង​ទេ»។

លោក អៀង សុធារ៉ា ក៏​មិន​ភ្លេច​ចែក​រំលែក​បទពិសោធ​ដល់​ក្រុមហ៊ុន​ដែល​ចង់​ធ្វើ CSR គឺ​មិន​ត្រូវ​ភ្លេច គោលការណ៍​គន្លឹះ​ចំនួន​៣​ចំណុច​ធំៗ 3Ps គឺ​កត្តា​មនុស្ស (People) កត្តា​ផែនដី (Planet) និង​កត្តា​ប្រាក់​ចំណេញ (Profit)៕

ចែករំលែកតាម៖