CJBI រៀបចំ​សិក្ខាសាលា​លើកដំបូង​របស់​ខ្លួន​បង្កើន​ការយល់ដឹង​ពី CSR

CJBI រៀបចំ​សិក្ខាសាលា​លើកដំបូង​របស់​ខ្លួន​បង្កើន​ការយល់ដឹង​ពី CSR

ក្រោយ​បង្កើត​ឡើង​រយៈពេល​២​ឆ្នាំ​សមាគម​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា​ជប៉ុន (CJBI) នឹង​រៀបចំ​សិក្ខា​សាលា​ជា​លើក​ដំបូង ស្តី​ពី​សារៈប្រយោជន៍​នៃ​ការ​ទទួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន (CSR) និង​ការ​គ្រប់គ្រង​ធនធាន​មនុស្ស ដើម្បី​ធ្វើ​ឱ្យ​អាជីវកម្ម​មាន​ការ​រីកចម្រើន​និង​មាន​និរន្តភាព។

ប្រធាន​គ្រប់គ្រង​ផ្នែក​រដ្ឋបាល CJBI លោក ស៊ី វណ្ណា បាន​ឱ្យ​ដឹង​ថា CJBI ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​រួម​បញ្ចូល​នូវ​អាជីវកម្ម​ដែល​មាន​ប្រវត្តិ​ផ្សេងៗ​គ្នា​ក៏​ដូចជា​ដើម្បី​ចែករំលែក​ចំណេះដឹង​និង​បណ្តាញ​នៃ​ពាណិជ្ជកម្ម ក្នុង​ការ​ពន្លឿន​ការ​អភិវឌ្ឍ​នៃ​ពាណិជ្ជកម្ម​ទាំង​នោះ​នៅ​កម្ពុជា។

ប្រធាន​គ្រប់គ្រង​ផ្នែក​រដ្ឋបាល​រូប​នេះ​បន្ត​ថា កន្លងមក CJBI បាន​រៀបចំ​រចនា​សម្ព័ន្ធ​ក្រុម​ការងារ​ក៏​ដូចជា​ការ​បណ្តុះ​បណ្តាល​ផ្ទៃ​ក្នុង​ប៉ុណ្ណោះ។ យ៉ាងណាមិញ សម្រាប់​សិក្ខា​សាលា​នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៨ CJBI នឹង​មាន​ការ​ចែក​រំលែក​ចំណេះដឹង​ពី​វាគ្មិន​ដែល​មាន​បទពិសោធ​ជោគជ័យ​លើ​ប្រធានបទ​ខាង​លើ​ទៅ​កាន់​អ្នក​ចូលរួម។

ក្រុមការងារ CJBI
ក្រុមការងារ CJBI

លោក​បន្ត​ថា វេទិកា​នេះ​ក៏​ចង់​បង្កើត​ឱកាស​មួយ​សម្រាប់​សមាជិក​របស់​CJBI បាន​ពង្រីក​បណ្តាញ​ក៏​ដូចជា​អាជីវកម្ម​របស់​ពួកគេ។

ប្រសាសន៍​លោក ស៊ី វណ្ណា៖ «ហើយ​លើស​ពី​ហ្នឹង​យើង​ចង់​សមាជិក​CJBI​យើង​មាន​ឱកាស​ស្គាល់​គ្នា​ឱ្យ​បាន​ច្រើន​ជាង​ហ្នឹង។ ឱ្យ​គាត់​អាច​ជួប​គ្នា​ទៅ គាត់​អាច​ចាប់​ដៃ​គូ​គ្នា​ធ្វើ​អាជីវកម្ម​ទៅ​តាម​អ្វី​ដែល​គាត់​មាន។ ហើយ​សម្រាប់​ភ្ញៀវ​សាធារណៈ​ខាង​ក្រៅ​គឺ​យើង target (ផ្តោត) យក​តែ​អ្នក​ធ្វើ​អាជីវកម្ម​ទេ​ឬ​អ្នកតំណាង​ម្ចាស់​អាជីវកម្ម ដើម្បី​អាច​ជួប​ជាមួយ​សមាជិក CJBI ហ្នឹង គាត់​មាន​បំណង ចង់​ចាប់​ដៃគូ​រកស៊ី​ជាមួយ​គ្នា ក៏​មាន​ឱកាស​ដូចគ្នា​អ៊ីចឹង​ដែរ»។

សហស្ថាបនិក​និង​ជា​ប្រធាន CJBI លោក អៀង សុធារ៉ា មាន​ប្រសាសន៍​ថា ក្រៅ​អំពី​ការ​បង្កើត​និង​បង្កើន​បណ្តាញ​ទំនាក់ទំនង​អាជីវកម្ម​រវាង​សមាជិក​និង​សមាជិក​CJBI ឬ​សមាជិក​CJBI ទៅ​កាន់​អ្នក​ចូលរួម សិក្ខាសាលា​លើក​ទី​១​នេះ​ក៏​ចង់​បង្ហាញ​ពី​សមិទ្ធផល​របស់​ស្ថាប័ន ក្រោយ​អនុវត្ត​CSR ខណៈ​លោក​ចង់​ពន្យល់​អំពី​និយមន័យ​ពិត​ប្រាកដ​នៃ​ពាក្យ​CSR​នោះ។

ប្រសាសន៍​លោក អៀង សុធារ៉ា៖ «នៅ​ក្នុង​CSR​ហ្នឹង គឺ​គេ​បាន​និយាយ​ច្បាស់​អំពី 3P គឺ​People (មនុស្ស) Planet (ភពផែនដី) និង Prosperity(ភាព​រុងរឿង)។ People (មនុស្ស) មាន​ន័យ​ថា​យើង ពេល​ដែល​យើង​ធ្វើ​ការ​រកស៊ី​ហ្នឹង យើង​ជួយ​ដល់​ខ្លួនឯង ជួយ​ដល់​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន ជួយ​ដល់​សង្គម​មនុស្ស ជួយ​ដល់​មនុស្ស​លើ​ពិភពលោក​ហ្នឹង។ ហើយ​ទី​២ Planet(ភព​ផែនដី) មាន​ន័យ​ថា​យើង​ធ្វើការ​រកស៊ី យើង​ត្រូវ​គិត​ដល់​បរិស្ថាន។ យើង​មិន​បំពុល​ទឹក មិន​បំពុល​ខ្យល់ មិន​បំពុល​បរិស្ថាន មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ យើង​ត្រូវ​តែ​គិតគូរ​ពី​រឿង​ដាំ​ដើម​ឈើ ឬ​ក៏​ធ្វើ​ប្រព័ន្ធ​សម្អាត​ទឹក​អី​ទាំងអស់​ហ្នឹង។ ហើយ​ហ្នឹង​ទី​៣ P3 Profit (ប្រាក់​ចំណេញ) ឬ​ក៏​Prosperity(ភាព​រុងរឿង) គឺ​ធ្វើ​ម៉េច​ឱ្យ​មាន​ការ​រីកចម្រើន​ទាំងអស់​គ្នា»។

លោក អៀង សុធារ៉ា សហស្ថាបនិកនិងជាប្រធាន CJBI
លោក អៀង សុធារ៉ា សហស្ថាបនិកនិងជាប្រធាន CJBI

សិក្ខា​សាលា​ស្តី​ពី​សារៈប្រយោជន៍​នៃ​ការ​ទទួល​ខុសត្រូវ​សង្គម​របស់​សាជីវកម្ម​(CSR) និង​ការ​គ្រប់គ្រង​ធនធាន​មនុស្ស ដើម្បី​ធ្វើ​ឱ្យ​អាជីវកម្ម​មាន​ការ​រីកចម្រើន​និង​មាន​និរន្តភាព រៀបចំ​ឡើង​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​ជប៉ុន CJCC ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

គេហទំព័រ​នៃ CJBI បាន​ឱ្យ​ដឹង​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ចំនួន​នៃ​អ្នក​វិនិយោគ​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​ជា​គំហុក។ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​សាជីវកម្ម​និង​ភោជនីយដ្ឋាន​ជប៉ុន​ប្រមាណ​ជាង​៣៥០ ខណៈ​ប្រជាជន​ជប៉ុន​មាន​ជិត​៣០០០​នាក់​កំពុង​ធ្វើការ​និង​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា។ ដោយ​មើល​ឃើញ​ពី​វិសាលភាព​ទាំង​នេះ​ហើយ​ទើប​CJBI ត្រូវ​បាន​បង្កើត​ឡើង។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ CJBI គឺ​ជា​ចំណុច​ស្នូល​មួយ​ដែល​រៀបចំ​ឡើង​ដើម្បី​ឱ្យ​អ្នក​វិនិយោគ​ជនជាតិ​ជប៉ុន​និង​កម្ពុជា​មាន​ឱកាស​ចែក​រំលែក​បទពិសោធ​និង​ភាព​ជោគជ័យ​របស់​ខ្លួន ក៏​ដូចជា​ដើម្បី​ស្វែករក​ដៃគូ​ក្នុង​ការ​ពង្រឹង​និង​ពង្រីក​វិសាលភាព​នៃ​មុខ​ជំនួញ​របស់​ពួក​គេ តាមរយៈ​វេទិកា​ពាណិជ្ជកម្ម សិក្ខា​សាលា និង​មូលនិធិ​គីហ្សូណា (KIZUNA) ជា​ដើម ដែល​បង្កើត​ឡើង​ដោយ CJBI៕

ចែករំលែកតាម៖