ភាគីពាក់ព័ន្ធជំរុញឪពុកម្ដាយឱ្យបញ្ជូនកូនដែលពិការសតិបញ្ញាទៅសាលា

ភាគីពាក់ព័ន្ធជំរុញឪពុកម្ដាយឱ្យបញ្ជូនកូនដែលពិការសតិបញ្ញាទៅសាលា

«អា​ឆ្កួត​ ឡប់ៗ​ អា​ឡប់»​ ទាំង​នេះ​គឺ​ជា​ឧទាហរណ៍​ដែល​លោក​ សោម​ ដារ៉ា​ លើក​ឡើង​ពី​ការ​ប្រមាថ​មាក់​ងាយ​ពី​មជ្ឈដ្ឋាន​ជុំវិញ​ទៅ​លើ​កូន​ប្រុស​លោក​ដែល​មាន​បញ្ហា​ពិការ​សតិបញ្ញាឬជា​ភាសា​អង់គ្លេស autism។​

លោក​ សោម​ ដារ៉ា​ រៀបរាប់​ថា​ កូន​ប្រុស​អាយុ​១៤​ឆ្នាំ​របស់​លោក​ឈ្មោះ​ វឌ្ឍនៈ​ កើត​មក​មាន​ដុំ​ពក​មួយ​លើ​ក្បាល​ សាច់​ឈាម​ស្លេក​ស្លាំង​ ជា​ពិសេស​មិន​អាច​និយាយ​បាន​និង​មិន​យំ​តាំង​ពី​កើត​មក​ភ្លាម។​ ដោយ​សង្កេត​ឃើញ​កូន​មាន​ភាព​ខុស​ប្លែក​ពី​កុមារ​ដទៃ​ លោក​នាំ​កូន​ទៅ​មន្ទីរពេទ្យ​មួយ​ដើម្បី​ទទួល​ការ​ព្យាបាល​ពិការភាព​សតិបញ្ញា​នេះ។​

«សួរ​នាំ​ទៅ​ គាត់​ឡង​មក​វិញ។​ សួរ​ថា​ វឌ្ឍនៈ​អើយ?​ គាត់​ឆ្លើយ​មក​វិញ​ វឌ្ឍនៈ​អើយ​មក​វិញ។​ អត់​មាន​ឆ្លើយ​សំណួរ​មក​យើង​វិញ​ទេ​ ដល់​ក្រោយ​មក​ខ្ញុំ​ក៏​ឱ្យ​ទៅ​រៀន…​ ប៉ុន្តែ​ដល់​ពេល​ទៅ​រៀន​គាត់​ពិបាក​ ឱ្យ​គាត់​ទៅ​ថ្ងៃ​ណា​ក៏​គាត់​មិន​ព្រម​ទៅ​ ក្រាញ​ មិន​ដឹង​ជា​មូលហេតុ​អី?​ ខ្ញុំ​ក៏​ទៅ​ទំនាក់ទំនង​សួរ​នាំ​អ្នកគ្រូ​ទៅ​ គាត់​ថា​វឌ្ឍនៈ​ពិបាក​ណាស់​ ដល់​ចឹង​ខ្ញុំ​ក៏​ទៅ​ទាក់ទង​មក​ជួប​ជាមួយ​អង្គការ​ទន្សាយ»។​

លោក​ សោម​ ដារ៉ា​ អធិប្បាយ​អំពី​ដំណើរ​ជីវិត​កូន​របស់​លោក​ក្រោយ​ពេល​ដែល​ទទួល​បាន​ការ​ព្យាបាល​ថា៖​ «ពេល​នោះ​ក៏​វឌ្ឍនៈ​ចាប់​ផ្ដើម​រៀន​ ឱ្យ​វឌ្ឍនៈ​មក​រៀន​ គឺ​វឌ្ឍនៈ​ចង់​មក​រៀន​ហ្មង។​ មក​រៀន​រហូត​ អត់​មាន​ដែល​ខាន​ទេ​ ចង់​មក​រៀន។​ ដល់​ពេល​ដែល​ចាប់​មក​រៀន​ គឺ​វឌ្ឍនៈ​អាច​រីក​ចម្រើន​មើល​អក្សរ​បាន​ សរសេរ​បាន​ទាំងអស់។​ ក៏​ប៉ុន្តែ​គាត់​រាង​នៅ​ខ្សោយ​លេខ​ តែ​ចំណែក​អក្សរ​គឺ​គាត់​ពូកែ​ណាស់​ គាត់​អាច​សរសេរ​អក្សរ​ឡាតាំង​បាន​ទៀត​ ឈ្មោះ​របស់​យើង​ឈ្មោះ​អី»។​

កុមារ​ជា​ច្រើន​ទៀត​នៅ​កម្ពុជា​ក៏​មាន​បញ្ហា​ពិការ​សតិបញ្ញាឬ autism ​ដូច​វឌ្ឍនៈ​ផង​ដែរ។​ យោង​តាម​ជំរឿន​និង​ការ​ស្រាវជ្រាវ​ពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ ប្រទេស​កម្ពុជា​មាន​កុមារ​ពិការ​ប្រមាណ​២សែន​នាក់​ ដោយ​ក្នុង​នោះ​បូក​រួម​ទាំង​កុមារ​ពិការ​សតិបញ្ញា​ផង។​

អង្គការ​សាលារៀន​ទន្សាយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ១៩៩៧​ ក្នុង​គោល​បំណង​ឆ្លើយ​តប​នឹង​សេចក្ដី​ត្រូវ​ការ​របស់​កុមារ​ពិការ​សតិបញ្ញា​ សម្រាប់​ផ្ដល់​សេវា​អប់រំ​ ការ​ព្យាបាលដោយ​ចលនា​ និង​សេវា​ព្យាបាល​ផ្សេងៗ​ទៀត​ដល់​កុមារ​ដែល​កំពុង​រស់នៅ​ក្នុង​មណ្ឌល​សង្គ្រោះ​ទារក​ដែល​ជា​មណ្ឌល​កុមារ​កំព្រា​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា​ រួម​ទាំង​កុមារ​និង​យុវជន​ដែល​រស់នៅ​ជាមួយ​ឪពុកម្ដាយ​និង​អាណា​ព្យាបាល។​

លោក ហ៊ុន ទូច នាយកប្រតិបត្តិអង្គការសាលារៀនទន្សាយ
លោក ហ៊ុន ទូច នាយកប្រតិបត្តិអង្គការសាលារៀនទន្សាយ

នាយក​ប្រតិបត្តិ​អង្គការ​សាលារៀន​ទន្សាយ​ លោក​ ហ៊ុន ​ទូច​ សង្កេត​ឃើញ​ថា​ បច្ចុប្បន្ន​ឪពុក​ម្ដាយ​យល់​ដឹង​ពី​បញ្ហា​ពិការ​សតិបញ្ញា​ច្រើន​ ដោយ​ជា​រៀងរាល់​ថ្ងៃ​អង្គការ​តែង​តែ​ទទួល​បាន​ការ​ទាក់ទង​សាក​សួរ​ព័ត៌មាន​អំពី​ពិការភាព​នេះ​ ហើយ​ក៏​មាន​ឪពុកម្ដាយ​បញ្ជូន​កូនៗ​របស់​ខ្លួន​មក​រៀន​និង​ទទួល​ការ​ព្យាបាល​ជា​បន្ត​បន្ទាប់​ដែរ។​

លោក​ ហ៊ុន​ ទូច​ លើក​ឡើង​ថា៖​ «ក្មេង​ខ្លះ​ត្រូវ​បាន​យើង​បដិសេធ​ ពី​ព្រោះ​ចុះ​តែ​ក្នុង​ waiting list​(បញ្ជី​រង់ចាំ)​អ៊ីចឹង​ អត់​មាន​ឱកាស​ចូល​រៀន​អ៊ីចឹង​ ព្រោះ​វា​ច្រើន​ពេក​ ហើយ​ដល់​ពេល​ដែល​ជា​បញ្ហា​របស់​យើង។​ ហើយ​យើង​មិន​អាច​ដោះស្រាយ​បញ្ហា​នេះ​តែ​យើង​បាន​ទេ។​ ប៉ុន្តែ​ខ្ញុំ​ឃើញ​ថា​ ឪពុក​ម្ដាយ​មាន​ការ​យល់​ដឹង​ខ្ពស់​ខុស​ពី​ឆ្នាំ​កន្លងៗ​មក។​ ប៉ុន្តែ​ផ្នែក​អាជ្ញាធរ​មូលដ្ឋាន​គាត់​ដូច​ជា​ហាក់​មិន​ទាន់​បាន​ទទួល​ស្គាល់​ពេញលេញ​នៅ​ឡើយ​ ពី​ព្រោះ​គាត់​មាន​ការ​ស្ទាក់ស្ទើរ​ដោយសារ​រដ្ឋា​ភិបាល​យើង​មាន​ការ​កែ​ទម្រង់​រដ្ឋបាល​ ហើយ​ចឹង​គាត់​អត់​ទាន់​ច្បាស់​នៅ​ក្នុង​បញ្ហា​ហ្នឹង​ ហើយ​ការងារ​នេះ​ក៏​ត្រូវ​ការ​ផ្សព្វផ្សាយ​ថែម​ទៀត​ ហើយ​នេះ​ដែល​ជា​បញ្ហា​ដែល​យើង​ត្រូវ​ធ្វើ​ការ​បន្ថែម​ទៀត​នៅ​ក្នុង​ការ​ដាក់​កុមារ​ពិការ​សតិបញ្ញា​ហ្នឹង​នៅ​ក្នុង​ការ​អប់រំ»។​

គិត​ត្រឹម​ឆ្នាំ២០១៨​ អង្គការ​សាលារៀន​ទន្សាយ​បាន​ទទួល​សិស្ស​ឱ្យ​ចូល​រៀន​និង​ព្យាបាល​ប្រមាណ​ជិត​៦០០នាក់។​ អង្គការ​នេះ​ក៏​បាន​រក​ឃើញ​ដែរ​ថា​ រាជធានី​ភ្នំពេញ​មាន​កុមារ​ពិការ​សតិបញ្ញា​ជិត​១០០នាក់​ទៀត​ដែល​មិន​ទាន់​បាន​ចូល​សាលា។​

អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អប់រំ​នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ លោកស្រី​ ឃួន​ វិច្ឆិកា​ មាន​ប្រសាសន៍​ថា​ យោង​តាម​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ពិភពលោក​ អ្នក​ប្រាជ្ញ​ល្បីល្បាញ​មួយ​ចំនួន​ក៏​មាន​បញ្ហា​សតិបញ្ញា​ផង​ដែរ។​ ប៉ុន្តែ​ដោយ​ពួក​គាត់​បាន​ទទួល​ការ​រៀន​សូត្រ​អម​ជាមួយ​នឹង​លក្ខណៈ​ពិសេស​របស់​គាត់​ ទើប​ពួក​គាត់​អាច​រក​ឃើញ​នូវ​ចំណុច​ថ្មីៗ​ជាច្រើន​ដើម្បី​បន្ត​ប្រើប្រាស់​មក​ដល់​បច្ចុប្បន្ន​នេះ។​

អ្នក​ប្រាជ្ញ​នៅ​លើ​ពិភពលោក​មួយ​ចំនួន​ដែល​មាន​ពិការភាព​ផ្នែក​សតិបញ្ញា​កាល​នៅ​ក្មេង​មាន​ដូចជា​អ្នក​ប្រាជ្ញ​ខាង​វិទ្យាសាស្ត្រ​លោក​ អាល់ប៊ឺត​ អាញស្តាញ​ អ្នក​ជំនាញ​ខាង​រូប​វិទ្យា​ លោក​ អ៊ីសាក​ ញូតុន​ និង​វិចិត្រករ​ប្រចាំ​ប្រទេស​អ៊ីតាលី​ លោក​ ម៉ាយឃើល​ អេនជេឡូ។​

លោកស្រី​ ឃួន​ វិច្ឆិកា​ មាន​ប្រសាសន៍​ថា​ ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​គឺ​ជា​រឿង​សំខាន់​សម្រាប់​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ជាង​នេះ។

លោកស្រី​ ឃួន​ វិច្ឆិកា​ មាន​ប្រសាសន៍​ថា៖​ «ចឹង​កន្លែង​ហ្នឹង​យើង​ឃើញ​ថា​ ទី១​ចំនួន​គាត់​មានដល់ទៅ​២សែន​នាក់​ អ៊ីចឹង​បើសិន​ជា​គាត់​អាច​ចូលរួម​ជាមួយ​យើង​បាន​មាន​ន័យ​ថា​គាត់មិន​ត្រឹម​តែមិនមែន​ជា​បន្ទុក​របស់​គ្រួសារ​ទេ​ ប៉ុន្តែ​គាត់​ថែម​ទាំង​អាច​ចូលរួម​ក្នុងការ​កសាង​សេដ្ឋកិច្ច​ជាតិឱ្យកាន់តែ​រីក​ចម្រើន​ថែម​ទៀត។​ ហើយ​រឿង​សំខាន់​មួយ​ទៀត​ដូច​លោក​ សោម​ ដារ៉ា​ ដែល​ជា​បិតារបស់ប្អូន​វឌ្ឍនៈ​បាន​បញ្ជាក់​អ៊ីចឹង​ កាលណា​ប្អូន​វឌ្ឍនៈ​បាន​ចូល​មក​រៀន​គឺ​មាន​ន័យ​ថា​ គាត់​ក៏សម្រាលបន្ទុក​របស់​គាត់​ ហើយ​ប្អូន​វឌ្ឍនៈ​ក៏​មានភាព​ជឿជាក់និង​អាច​ចូល​ចុះជាមួយ​នឹង​ប្អូនៗផ្សេងៗ​ទៀត។​ ទៅ​អនាគត​ពេល​គាត់​រស់នៅ​ក្នុង​សង្គម​ គាត់​មិនមែន​ជា​បញ្ហា​ គាត់​ថែម​ទាំងចូលរួមចំណែក​នៅ​ក្នុង​កសាង​ជាតិ​ទៀត»។​

លោកស្រី ឃួន វិច្ឆិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំនៃក្រសួងអប់រំ យុវជន និងកីឡា
លោកស្រី ឃួន វិច្ឆិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំនៃក្រសួងអប់រំ យុវជន និងកីឡា

អង្គការ​សាលារៀន​ទន្សាយ​បាន​និង​កំពុង​អនុវត្ត​គម្រោង​នៅ​៤តំបន់​គឺ​ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​ ស្រុក​អង្គស្នួល​ ខេត្ត​កណ្ដាល​ ក្រុង​ច្បារមន​ ខេត្ត​កំពង់ស្ពឺ​ និង​ស្រុក​ពួក​ ខេត្ត​សៀមរាប។​

ពាក់ព័ន្ធ​ទៅ​នឹង​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ស្ដី​ពី​ប្រសិទ្ធភាព​នៃ​ការ​អប់រំ​ទៅ​លើ​កុមារ​ពិការ​នៅ​កម្ពុជា​ នៅ​ឆ្នាំ២០១៨​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​បង្កើត​នាយកដ្ឋាន​អប់រំ​ពិសេស​និង​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស​ ដើម្បី​បណ្ដុះ​បណ្ដាល​គ្រូៗ​ឱ្យ​មាន​វិជ្ជាជីវៈ​គ្រប់​គ្រាន់​ក្នុង​ការ​បង្រៀន​កុមារ​ពិការ​ទាំង​អស់​ដែល​រួម​ទាំង​កុមារ​ពិការ​សតិបញ្ញា​នេះ​ផង​ដែរ។​

លោកស្រី​ ប្រាក់​ ថាវធាវី​ អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុម​ប្រឹក្សា​ជនពិការ​នៃ​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន​ និង​យុវនីតិ​សម្បទា​ ផ្ដាំផ្ញើ​ទៅ​ប្រជាពលរដ្ឋ​ឱ្យ​ជ្រាប​ថា​ ពិការភាព​មិនមែន​ជា​ជំងឺ​ទេ​ គឺ​គ្រាន់​តែ​កើត​មក​មាន​លក្ខណៈ​ខុស​ប្លែក​គ្នា​ ដូច​ដែល​មនុស្ស​ទូទៅ​កើត​មក​មាន​សម្បុរ​ស​ ខ្មៅ​ ខ្ពស់​ ទាប​ ស្អាត​ និង​មិន​ស្អាត​ដូច្នោះ​ដែរ។​

លោកស្រី​ ប្រាក់​ ថាវធាវី​ មាន​ប្រសាសន៍​ថា៖​ «ពី​មុន​មក​យើង​គិត​ទៅលើ​ជនពិការ​តែ​អំពីវិធីសាស្ត្រសប្បុរស​ វិធីសាស្ត្រ​សុខាភិបាល​ វិធីសាស្ត្រ​អី​ផ្សេងៗ។​ តែ​នៅ​ក្នុង​អនុសញ្ញា​នូវ​អ្វី​ដែលយើង​កំពុងធ្វើរាល់​ថ្ងៃ​ គឺ​យើង​និយាយ​អំពី​សិទ្ធិ​នៃ​ជនពិការ។​ អ៊ីចឹង​ដែល​យើង​និយាយ​អំពី​សិទ្ធិ​ គឺ​យើងទាមទារការ​ចូល​រួម​ពី​សហគមន៍​ទាំង​មូល​ គ្រប់​វិស័យ​ទាំងអស់​ទាំង​ថ្នាក់​លើ​ទាំង​ថ្នាក់​ក្រោម។​ អ៊ីចឹងគឺបាន​ន័យ​ថា​រាល់​អ្វី​ក៏​ដោយ​ដែល​យើង​ធ្វើ​ត្រូវ​តែ​មាន​ដាក់​បញ្ចូល​ពិការភាព​ទៅ​ក្នុង​ហ្នឹង​ គឺ​បូកបញ្ចូលពួក​គាត់»។​

យោង​តាម​ការ​រៀបរាប់​របស់​នាយក​ប្រតិបត្តិ​អង្គការ​សាលា​ទន្សាយ​ គេ​អាច​កំណត់​ថា​នរណា​ម្នាក់​ ពិការ​សតិបញ្ញា​តាម​រយៈ​តារាង​មួយ​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​ជំនាញ​ ដោយសារ​ពិការ​សតិបញ្ញា​នេះ​ត្រូវ​បាន​បែង​ចែក​ជា​ផ្នែក​ផ្សេងៗ​គ្នា។​ រោគ​សញ្ញា​ទាំង​នោះ​មាន​ដូច​ជា​មិន​អាច​និយាយ​បាន​ មិន​អាច​អង្គុយ​មួយ​កន្លែង​រយៈពេល​យូរ​ ចូលចិត្ត​ស្រែក​ខ្លាំងៗ​ វិបត្តិ​អាកប្បកិរិយា​ មិន​មាន​ភាព​រហ័ស​រហួន​ក្នុង​ការ​ឆ្លើយ​សំណួរ​ មុខ​ដូច​ម៉ុងហ្គោលី​ មាន​បញ្ហា​យួរ​ដៃ​ឬ​ជើង​មួយ​ចំហៀង​ និង​ដើរ​តេសតាស​ជា​ដើម។​

លោក​ ហ៊ុន​ ទូច​ ឱ្យ​ដឹង​ទៀត​ថា​ កត្តា​ដែល​បណ្ដាល​ឱ្យ​មាន​ពិការភាព​សតិបញ្ញា​មាន​ដូចជា​ តំណរពូជ​ ឪពុក​ម្ដាយ​ពិសា​គ្រឿង​ស្រវឹង​ច្រើន​ រស់នៅ​តំបន់​ដែល​មាន​វិទ្យុសកម្ម​ខ្ពស់​ ជួប​ប្រទះ​គ្រោះថ្នាក់​ដែល​ប៉ះពាល់​ក្បាល​ច្រើន​ កង្វះ​ជីវជាតិ​ មិន​បាន​ចាក់​វ៉ាក់សាំង​ ប្រតិកម្ម​ថ្នាំ​ ម្ដាយ​មាន​ជំងឺ​កញ្ជ្រិល​ ឬ​អុច​ស្វាយ​នៅ​ពេល​មាន​ផ្ទៃពោះ​ ការ​ប្រើ​ម៉ាស៊ីន​បូម​ក្បាល​ទារក​នៅ​ពេល​សម្រាល​ ទារក​រាក​ច្រើន​ និង​មិន​បាន​ចូល​រៀន​ត្រូវ​ជាមួយ​ការ​កំណត់។​ គេ​អាច​ទប់ស្កាត់​ពិការភាព​សតិបញ្ញា​នេះ​តាមរយៈ​ការ​បញ្ជូន​កូន​ឱ្យ​ចូល​រៀន​ពី​អាយុ​២ឆ្នាំ​ បង្កើន​លំហាត់​ប្រាណ​ខួរ​ក្បាល​ឱ្យ​បាន​ច្រើន​ និង​ផ្ដល់​នូវ​ជីវជាតិ​បំប៉ន​ឱ្យ​បាន​គ្រប់​គ្រាន់​ជាដើម។​

ដើម្បី​ឱ្យ​ការ​អប់រំ​កុមារ​ពិការ​សតិបញ្ញា​ដំណើរការ​ទៅ​បាន​រលូន​ លោក​ ហ៊ុន​ ទូច​ នាយក​ប្រតិបត្តិ​អង្គការ​សាលារៀន​ទន្សាយ​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ដែល​មាន​ទាំង​អាជ្ញាធរ​ឃុំ​សង្កាត់​ត្រូវ​សហការ​ជាមួយ​ស្ថាប័ន​អប់រំ​ទាំងអស់​ ជា​ពិសេស​ឪពុកម្ដាយ​ដែល​ជា​កាតាលីករ​សំខាន់​ក្នុង​ការ​បញ្ជូន​កូនៗ​ទៅ​សាលារៀន៕​

ចែករំលែកតាម៖