ការពិនិត្យសុខភាពទៀងទាត់ ជួយដល់ការលូតលាស់បញ្ញាស្មារតីកុមារ

ការពិនិត្យសុខភាពទៀងទាត់ ជួយដល់ការលូតលាស់បញ្ញាស្មារតីកុមារ

ក្នុង​មួយ​ថ្ងៃ​កុមារ​កម្ពុជា​រាប់​ពាន់​នាក់​ត្រូវ​បាន​អាណាព្យាបាល​នាំ​ទៅ​កាន់​មន្ទីរពេទ្យ​ទូទាំង​ប្រទេស ដើម្បី​ស្វែង​រក​ការ​ព្យាបាល។ បើ​តាម​ប្រធាន​មន្ទីរ​សម្រាក​ព្យាបាល​កុមារ​ផ្កាឈូក វេជ្ជបណ្ឌិត សេង សាម៉ន លើក​ឡើង​កាល​ដើម​ខែ​កញ្ញា​ក្នុង​សិក្ខាសាលា​ស្តី​ពី​សុខភាព​កុមារ ក្រោម​ប្រធានបទ “សុខភាព​កុមារ​កម្ពុជា ដើម្បី​អនាគត​ប្រទេស​កម្ពុជា​យើង” ថា​បញ្ហា​ប្រឈម​លើ​សុខភាព​កុមារ​កម្ពុជា​នេះ គឺ​ដោយសារ​កង្វះ​ការ​តាម​ដាន​សុខភាព​កុមារ​ជា​ប្រចាំ ខណៈ​អាណាព្យាបាល​ភាគ​ច្រើន រង់ចាំ​ទាល់​តែ​កុមារ​ធ្លាក់​ខ្លួន​ឈឺ ទើប​ស្វែក​រក​សេវា​ព្យាបាល។

វេជ្ជបណ្ឌិត​ដែល​មាន​បទពិសោធន៍​ព្យាបាល​ជំងឺ​កុមារ​ជាង​១០​ឆ្នាំ​រូប​នេះ​បន្ត​ថា បញ្ហា​នេះ​ក៏​ព្រោះ​តែ​ការ​អប់រំ​អំពី​សុខភាព​កុមារ​នៅ​មាន​កម្រិត​នៅ​កម្ពុជា ទើប​អាណាព្យាបាល​មួយ​ចំនួន​មាន​ការ​ធ្វេសប្រហែស។

លោក សេង សាម៉ន ​មាន​ប្រសាសន៍៖ «នៅ​ក្នុង​ការ​ណែនាំ​របស់ WHO [អង្គការ​សុខភាព​ពិភពលោក] និង​ថ្នាក់​ជាតិ​យើង​ផង​ដែរ [គឺ]​យើង​តម្រូវ​ឱ្យ​កូន​ដែល​កើត​ង៉ា​ភ្លាម​ហ្នឹង ត្រូវ​មាន​កម្មវិធី​ពិនិត្យ​សុខភាព​ជា​ប្រចាំ។ នៅ​ស្រុក​យើង​កម្រ​ឃើញ នៅ​ពេល​ដែល​កើត​ហើយ មាន​ការ​ពិនិត្យ​សុខភាព​ទារក គឺ​កើត​ហើយ​ឪពុកម្តាយ​យក​ទៅ​ផ្ទះ ដោយ​មិន​បាន​ពិនិត្យ​ត្រឹមត្រូវ។ ទាល់​តែ​កូន​ហ្នឹង​ឈឺ បាន​បី​កូន​ហ្នឹង​មក​ជួប​ពេទ្យ​ម្តង​ទៀត»។  លោក​បន្ត​ថា៖ «ពេល​ដែល​កូន យើង​អត់​បាន​ថែរក្សា​ត្រឹមត្រូវ ប្រកប​ទៅ​ដោយ​សុខភាព​ល្អ កូន​ហ្នឹង​ប៉ះពាល​ទៅ​ដល់​បញ្ហា​សុខភាព​របស់​គាត់ ខាតបង់​ប្រយោជន៍​របស់​ឪពុកម្តាយ ខាត​បង់​ប្រយោជន៍​ដល់​សង្គម​ជាតិ»។

វេជ្ជបណ្ឌិត សេង សាម៉ន ប្រធានមន្ទីរសម្រាកព្យាបាលកុមារផ្កាឈូក
វេជ្ជបណ្ឌិត សេង សាម៉ន ប្រធានមន្ទីរសម្រាកព្យាបាលកុមារផ្កាឈូក

គិត​ត្រឹម​ដើម​ឆ្នាំ ២០១៨​នេះ កម្ពុជា​មាន​កុមារ​ប្រមាណ​ជិត ៥ លាន​នាក់។ នេះ​បើ​តាម​តួលេខ​ពី​ទីភ្នាក់ងារ​ស៊ើប​ការ​សម្ងាត់ CIA របស់​អាមេរិក។ ដោយ​ក្នុង​នោះ សម្រាប់​តែ​មន្ទីរពេទ្យ​គុន្ធបុប្ផា មាន​កុមារ​ជិត ៥ពាន់​នាក់ មក​ទទួល​ការ​ព្យាបាល ស្នាក់នៅ និង​វះកាត់​ជា​រៀងរាល់​ថ្ងៃ។

អាណាព្យាបាល​កុមារ អ្នកស្រី ចាន់ សំណាង ទទួល​ស្គាល់​ថា ការ​តាមដាន​សុខភាព​កុមារ​ឱ្យ​បាន​ទៀតទាត់ គឺ​ពិត​ជា​ជួយ​ដល់​កុមារ​បាន​ច្រើន តែ​ដោយសារ​តែ​ចំណេះដឹង​នៅ​មាន​កម្រិត ទើប​បញ្ហា​មួយ​ចំនួន​ខ្លួន​បាន​មើល​រំលង។

អ្នកស្រី ចាន់ សំណាង និយាយ៖ «ពី​ដើម​ឡើយ​ពេល​ដែល​យើង​មើល​ចិញ្ចឹម​ថែ​ក្មេង គឺ​យើង​គ្រាន់​តែ​ដឹង​ថា ធ្វើ​តាម​ពី​មួយ​ជំហាន​មួយ​ជំហាន។ តែ​ពេល​ថ្ងៃ​នេះ អ្វី​ដែល​ខ្ញុំ​រៀន​ថ្មី គឺ​ត្រូវ​តែ​ពិនិត្យ​កុមារ​ឱ្យ​ទៀងទាត់ ហើយ​លោកគ្រូ​ក៏​បាន​ប្រាប់​ចំណុច​អី​ដែល​យើង​គួរ​ពិនិត្យ»។

អ្នកស្រី ចាន់ សំណាង អាណាព្យាបាលកុមារ
អ្នកស្រី ចាន់ សំណាង អាណាព្យាបាលកុមារ

«ទំពាំង​ស្នង​ឬស្សី» គឺ​ជា​ពាក្យ​ស្លោក​ដ៏​ពេញ​និយម​មួយ​សំដៅ​ទៅ​លើ​ការ​ធំ​លូតលាស់​របស់​មនុស្ស​ជំនាន់​ក្រោយ ដើម្បី​បាន​ជា​ធនធាន​ជំនួស​មនុស្ស​ជំនាន់​មុន សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ឱ្យ​រីកចម្រើន​គ្រប់​វិស័យ។ តែ​ពាក្យ​នេះ​នឹង​គ្មាន​ន័យ បើ​ទំពាំង ឬ​មនុស្ស​ជំនាន់​ក្រោយ ជា​ធនធាន​ដែល​មិន​ល្អ ឬ​មិន​រឹងមាំ។ នេះ​បើ​តាម​លោក អៀង សុធារ៉ា ស្ថាបនិក និង​ជា​ប្រធាន​មូលនិធិ​អៀង ដែល​ជា​អ្នក​រៀបចំ​សិក្ខា​សាលា ស្តី​ពី​សុខភាព​កុមារ​នោះ​ឡើង។

អ្នក​ជំនួញ​ជោគជ័យ និង​ជា​អាណាព្យាបាល​មួយ​រូប​ផង​នោះ​បន្ត​ថា ធនធាន​មនុស្ស​ដែល​ល្អ​សំដៅ​យក​ទំពាំង​ជា​ឧទាហរណ៍ គឺ​ត្រូវ​មាន ៣​ចំណុច គឺ​សុខភាព​ផ្លូវ​កាយ និង​ចិត្ត​ល្អ មាន​សមត្ថភាព និង​ត្រូវ​មាន​គុណធម៌​សុជីវធម៌​ក្នុង​ខ្លួន។ ហើយ​ដើម្បី​បាន​របស់​ទាំង​បី​នេះ គឺ​អាណាព្យាបាល ចាំបាច់​ត្រូវ​ប្រាកដ​ថា កុមារ​មាន​សុខភាព​ល្អ។

លោក អៀង សុធារ៉ា ​មាន​ប្រសាសន៍៖ «មាតា​បិតា​អាណាព្យាបាល​មាន​តួនាទី​សំខាន់​ណាស់​ចំពោះ​បុត្រ​ធីតា ចំពោះ​កុមារ មាតាបិតា​អាណាព្យាបាល​ធ្វើ​យ៉ាងណា​ឱ្យ​បុត្រធីតា​របស់​ខ្លួន យ៉ាង​ហោច​ណាស់​មាន​របស់​៣​យ៉ាង​សំខាន់។ ទី​១ គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​កុមារ​កម្ពុជា មាន​សុខភាព​ផ្លូវ​កាយ​ល្អ ផ្លូវ​ចិត្ត​ល្អ ។ សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​នេះ សំខាន់​ណាស់ សម្រាប់​កុមារ ព្រោះ​បច្ចុប្បន្ន សុខភាព​កាយ សុខភាព​ចិត្ត​របស់​កុមារ មាន​បញ្ហា​ច្រើន…»។

វេជ្ជបណ្ឌិត សេង សាម៉ន លើក​ទឹក​ចិត្ត​ឱ្យ​អាណាព្យាបាល​ទាំងអស់​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​សុខភាព​កូន​តូចៗ ដោយ​យក​កុមារ​តាម​ដាន​សុខភាព​ជា​ប្រចាំ ដូច​ជា​ក្នុង​ដំណាក់កាល​ពេល​មាន​ផ្ទៃពោះ ការ​ពិនិត្យ​សុខភាព​កុមារ​ទៀងទាត់​តាម​កាលវិភាគ និង​ការ​ចាក់​វ៉ាក់សាំង​កុមារ​ជា​ដើម ព្រោះ​ទាំង​នេះ​នឹង​អាច​ជួយ​កុមារ ឱ្យ​ជៀស​ផុត​ពី​ជំងឺ​ផ្សេងៗ ដែល​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​ការ​ធំ​លូតលាស់ បញ្ញា​ស្មារតី និង​អាយុ​ជីវិត​របស់​កុមារ៕

ចែករំលែកតាម៖