ចាប៉ីដងវែង

ចាប៉ីដងវែង

ចាប៉ីដងវែង

ចាប៉ី​ដងវែង​គឺ​ជា​ទម្រង់​សិល្បៈ​ប្រជាប្រិយ​ខ្មែរ​មួយ​ប្រភេទ​ដែល​ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​កម្សាន្ត​និង​បញ្ចូល​ការ​អប់រំ​ផង។ ឯកសារ​ស្រាវជ្រាវ​ដោយ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​សរសេរ​ថា វត្តមាន​ចាប៉ី​ក្នុង​វប្បធម៌​ខ្មែរ កើត​មាន​ឡើង​មុន​ឆ្នាំ​១៤៣២(សតវត្សរ៍​ទី​១៥)​ទៅ​ទៀត។

ឯកសារ​ដដែល​ឱ្យ​ដឹង​ថា ចាប៉ី​ជា​ឧបករណ៍​តន្ត្រី​ដែល​ទទួល​ឥទ្ធិពល​ពី​ពុទ្ធសាសនា​និង​ប្រើប្រាស់​ក្នុង​ជីវភាព​ខ្មែរ​ដូចជា​សម្រាប់​ការ​សម្ដែង​ចាប៉ី​ក្នុង​ន័យ​អប់រំ​និង​សម្ដែង​ក្នុង​ភ្លេង​ការ អារក្ស និង​មហោរី ដែល​ខុស​ពី​ពិណ​ជា​ឧបករណ៍​តន្ត្រី​សម្រាប់​លទ្ធិទេវនិយម ប្រើ​ប្រគំ​ក្នុង​វង់ភ្លេង​ពិណពាទ្យ​ថ្វាយ​អាទិទេព។

លោក ពេជ សារ៉ាត គ្រូ​បង្រៀន​នៅ​សហគមន៍​ចាប៉ី​អមតៈ​មាន​ប្រសាសន៍​ថា ក្នុង​អំឡុង​ឆ្នាំ​២០១១​និង​២០១២ មិន​សូវ​មាន​អ្នក​ចាប់​អារម្មណ៍​ចង់​រៀន​នោះ​ទេ។ ក៏​ប៉ុន្តែ​នៅ​ឆ្នាំ​២០១៣ ពេល​លោក​បង្កើត​ជា​ក្រុម​ក៏​មាន​ការ​ផ្សព្វផ្សាយ​កាន់​តែ​ច្រើន​និង​មាន​សិស្ស​ចាប់​អារម្មណ៍​ចូល​រៀន​កាន់​តែ​ច្រើន​ឡើង​ដោយ​នៅ​ឆ្នាំ​២០១៤ និង​១៥ មាន​សិស្ស​ចូល​រៀន​២០​នាក់​ទៅ​៣០​នាក់។

លោកបន្ត​ថា ពេល​នោះ​ហើយ​ដែល​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ចាប់​ផ្តើម​ចង​ក្រង​ឯកសារ​ដាក់​ចូល​ជា​បេតិកភណ្ឌ​មនុស្សជាតិ​អរូបិយ។

លោក ពេជ សារ៉ាត មាន​ប្រសាសន៍​ថា៖ «ដល់​ពេល​ក្រសួង​វប្បធម៌​វិចិត្រ​សិល្បៈ​លោក​បាន​ថត​ហើយ ចងក្រង​ជា​ឯកសារ​ទម្រង់​ចាប៉ី​ហ្នឹង ដាក់​ចូល​ជា​បញ្ជី​បេតិកភណ្ឌ​អរូបិយ​ដោយ​អង្គការ​យូណេស្កូ ហើយ​យើង​ក៏​បាន​ជាប់​នៅ​ពេល​ហ្នឹង​ដូចជា​សកម្មភាព​នៅ​ក្នុង​អង្គការ​យូណេស្កូ​គឺ​មាន​រូបភាព​វីដេអូ​ចាប៉ី​អមតៈ​ទាំងអស់។ ប្អូនៗ​មិត្ត​រួម​ជំនាន់​អី​ហ្នឹង គឺ​ធ្វើ​សកម្មភាព​ផុស​ផុល​មែន​ទែន ហើយ​ពេល​ហ្នឹង​យើង​ជាប់​ជា​ស្ថាពរ​នូវ​ទម្រង់​ជា​ចាប៉ី​ដង​វែង​នៅ​ឆ្នាំ​២០១៦។ នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ទម្រង់​ចាប៉ី​ត្រូវ​បាន​ដាក់​បញ្ចូល​អភិរក្ស​ជា​បន្ទាន់»។

គ្រូ​ភ្លេង​រាង​ស្តើង​សម្បុរ​សណ្តែកបាយ​រូប​នេះ​បន្ថែម​ថា ការ​ដាក់​បញ្ចូល​អភិរក្ស​ជា​បន្ទាន់​នេះ​មាន​ន័យ​ថា គឺ​ធ្វើ​យ៉ាង​ណា​ផ្ទេរ​ចំណេះដឹង​ឱ្យ​មាន​ប្រសិទ្ធភាព ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​រៀន​ទម្រង់​ចាប៉ី។ លោក​ថា កាល​ជំនាន់​លោក​រៀន​ត្រូវ​ចំណាយ​ពេល​៥​ឆ្នាំ តែ​បច្ចុប្បន្ន​នេះ​គឺ​រៀន​ត្រឹម​តែ​១​ឆ្នាំ​អាច​ឱ្យ​លេង​និង​ច្រៀង​បាន។

លោក ពេជ សារ៉ាត គ្រូបង្រៀននៅសហគមន៍ចាប៉ីអមតៈ
លោក ពេជ សារ៉ាត គ្រូបង្រៀននៅសហគមន៍ចាប៉ីអមតៈ

គ្រូ​បង្រៀន​តូរ្យតន្រ្តី​ផ្នែក​បុរាណ​នៃ​សាលា​មធ្យម​សិក្សា​វិចិត្រ​សិល្បៈ លោក សយ សារេត មាន​ប្រសាសន៍​ថា ចាប៉ី​ដងវែង​មាន​ខ្ទង់​ចំនួន​១២​ខ្សែ សំឡេង​មាន​២​គឺ​សំឡេង​ឯក​និង​សំឡេង​គ។ លោក​បន្ត​ថា ចាស់ៗ​សម័យ​បុរាណ​បាន​ស្រាវជ្រាវ​រក​ឃើញ​ថា ឈើ​៣​មុខ​ដែល​អាច​ធ្វើ​ឱ្យ​ចាប៉ី​ដង​វែង​មាន​សំឡេង​ល្អ​ជាង​ឈើ​ផ្សេង​ទៀត គឺ​ស្នូក​ចាប៉ី​ធ្វើ​ពី​ដើម​រាំង សន្ទះ​របស់​វា​ធ្វើ​ពី​ដើម​រលួស ដង​ធ្វើ​ពី​ដើម​ក្រសាំង។ ចំណែក​ខ្ទង់​និង​ប្រដាប់​មួល​រឹត​សំឡេង​ធ្វើ​ពី​ឈើ​រឹង​ដូចជា​ក្រញូង​និង​នាង​នួន។

ខុស​ពី​យុវជន​និង​ពលរដ្ឋ​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​ចូលចិត្ត​រៀន​លេង​ឧបករណ៍​ភ្លេង​ទំនើប លោក ចាន់ វិចិត្រ ប្រធាន​អង្គការ​ក្នុង​ស្រុក​មួយ ចុះ​ឈ្មោះ​រៀន​ចាប៉ី​ដង​វែង​នៅ​សហគមន៍​ចាប៉ី​អមតៈ។

ភ្នែក​រំពៃ​សម្លឹង​ទៅ​កាន់​ចាប៉ី​ដង​វែង​ដោយ​យក​ចិត្ត​ទុក​ដាក់​ដៃ​កេះ​ទៅ​តាម​ខ្ទង់​នីមួយៗ​នៃ​ចាប៉ី​ទៅ​តាម​ចង្វាក់​ភ្លេង​យ៉ាង​ជក់​ចិត្ត លោក ចាន់ វិចិត្រ មាន​ប្រសាសន៍​ថា ថ្វី​ដ្បិត​តែ​លោក​មិន​មែន​ជា​អ្នក​សិល្បៈ តែ​លោក​ចូល​ចិត្ត​ចាប៉ី​ដោយសារ​ជីតា​របស់​គាត់​ធ្លាប់​ជា​អ្នក​លេង​ចាប៉ី។ លោក​ថា ការ​លេង​ចាប៉ី​ដង​វែង​ក្រៅ​ពី​បាន​ចូលរួម​ចំណែក​ក្នុង​ការ​អភិរក្ស​ចាប៉ី​ដង​វែង​របស់​កម្ពុជា​គឺ​បាន​ចែក​រំលែក​ចំណេះដឹង​ផ្សេងៗ​តាមរយៈ​ភ្លេង​ចាប៉ី​នេះ។

លោក ចាន់ វិចិត្រ មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គិត​ថា ទម្រង់​ចាប៉ី​នេះ​គឺ​ជា​ការ​ចែក​រំលែក​ចំណេះដឹង​ជា​ច្រើន​ទៅ​កាន់​អ្នក​ស្តាប់ ព្រោះ​អី​ពេល​ខ្លះ ពេល​គេង​ក៏​អាច​រៀន​សូត្រ​បាន​ដែរ គឺ​រៀន​សូត្រ​តាម​ការ​ស្តាប់​ចាប៉ី​អី​អ៊ីចឹង​ទៅ។ ឧទាហរណ៍​មាន​ប្រធានបទ​អ្វី​ផ្សេងៗ​ពាក់​ព័ន្ធ​ជាមួយ​នឹង​ការងារ​បរិស្ថាន  ភាព​ជា​អ្នក​ដឹកនាំ​ឬ​ក៏​ព្រះ​ពុទ្ធ​សាសនា​ជា​ដើម»។

លោក ចាន់ វិចិត្រ បន្ថែម​ថា៖ «ការ​លេង​ចាប៉ី​នេះ​មិន​គ្រាន់​តែ​កម្សាន្ត​ទេ ជួយ​ខាង​ផ្នែក​សុខភាព​ផ្លូវ​ចិត្ត​ច្រើន។ អ៊ីចឹង​គឺ​ជា​ជម្រើស​មួយ​ដែរ​ដែល​ខ្ញុំ​ចាប់​យក​វា​ជា​មិត្ត​ដ៏​ល្អ​របស់​ខ្ញុំ​បើ​ទោះ​ជា​ខ្ញុំ​នៅ​ម្នាក់​ឯង»។

ចែករំលែកតាម៖