ចម្លាក់​ដែល​កើតចេញ​ពី​សំណល់​ក្រមួន​ទៀន

ចម្លាក់​ដែល​កើតចេញ​ពី​សំណល់​ក្រមួន​ទៀន

ទៀន​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​សម្រាប់​ធ្វើ​ជា​គ្រឿង​សក្ការៈ​បូជា​នៅ​តាម​ពិធី​បុណ្យ​ផ្សេងៗ​នៅ​ទី​វត្ត​អារាម និង​សម្រាប់​បំភ្លឺ​ក្នុង​គេហដ្ឋាន។ សំណល់​ក្រមួន​ទៀន​ដែល​រលាយ ជាទូទៅ​ត្រូវ​បាន​គេ​បោះ​ចោល​ឬ​មិន​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​ឡើង​វិញ​នោះ​ទេ។

វិចិត្រករ​ជើង​ចាស់​ម្នាក់​បាន​ប្រមូល​យក​សំណល់​ក្រមួន​ទៀន​រលាយ​នេះ​មក​ប្រើប្រាស់​ជា​ផ្ទាំង​គំនូរ​ចម្លាក់​ប្លែក​ពី​អ្នកដទៃ​ទៅ​វិញ។ លោក ព្រហ្ម វិចិត្រ នាយកប្រតិបត្តិ​អង្គការ​វិចិត្រករ​ខ្មែរ​ដើម្បី​កុមារ​លើក​ឡើង​ថា ដោយសារ​បញ្ហា​កង្វះ​ថវិកា​ ក្នុង​ការ​ចំណាយ​ទៅ​លើ​សម្ភារៈ​សម្រាប់​ឱ្យ​សិស្ស​គូរ​គំនូរ​និង​ដើម្បី​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​ដែល​គេ​គិត​ថា​ទៀន​រលាយ​ហើយ​មិន​អាច​ធ្វើ​អ្វី​ផ្សេង​បាន លោក​ក៏​គិត​ឃើញ​វិធី​បង្រៀន​ថ្មី ដោយ​ដើរ​ប្រមូល​ទៀន​នៅ​តាម​ទី​អារាម​មក​ឱ្យ​សិស្ស​ឆ្លាក់​ចេញ​ជា​គំនូរ។

លោក ព្រហ្ម វិចិត្រ មាន​ប្រសាសន៍​ថា៖ «ខ្លះ​គាត់​អត់​សូវ​យល់ គាត់​ថា​យក​មក​ធ្វើ​អី​អាចម៍​ទៀន​ហ្នឹង។ យាយ​ជី​អាចារ្យ​ខ្លះ​ក៏​គាត់​សួរ​ដែរ​យក​មក​ធ្វើ​អី? ខ្ញុំ​ថា​ខ្ញុំ​យក​ទៅ​ដើម្បី​បង្រៀន​កូន​ក្មេង​ឱ្យ​ចេះ​ឆ្លាក់​ខាង​ហ្នឹង។ ហើយ​គាត់​ថា គល់​ឈើ​មួយ​គំនរ​ម៉េច​មិន​យក ទៅ​យក​អា​ហ្នឹង​ធ្វើ​អី? ខ្ញុំ​ថា ស្អី​ដែល​គេ​ចោល ខ្ញុំចង់​បានស្អីដែលគេចោលយកមក​ធ្វើ។ ខ្ញុំ​អត់​ចង់​បាន​ទៅ​គាស់​យក​មក​ទេ ព្រោះ​ខ្ញុំ​ចង់​ឱ្យ​វា​ដុះ​ទៀត កាលណាយើងកាត់គល់​ឈើនោះ​ហើយ​វា​មាន​ខ្នែង​ដុះ​ទៀត​ហើយ បើ​យើង​ជីក​ពី​គល់​នោះ​មក​ អស់​ហើយ ផុត​ពូជ​ហើយ»។

ស្ថិត​នៅ​ក្នុង​ភូមិ​ក្រាំង​ពង្រ សង្កាត់​​ក្រាំង​ពង្រ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ អង្គការ​វិចិត្រករ​ខ្មែរ​ដើម្បី​កុមារ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​បង្កើន​បំណិន​ជីវិត​តាមរយៈ​សិល្បៈ​គំនូរ​បុរាណ​និង​សម័យ គំនូរ​ច្នៃ​ពី​ស្លឹក​ឈើ ចម្លាក់​ខ្មុក​និង​ចម្លាក់​ទៀន ឱ្យ​ក្មេងៗ​នៅ​ក្នុង​សហគមន៍​ដែល​ជា​ស្រុក​កំណើត​របស់​លោក ព្រហ្ម វិចិត្រ ផ្ទាល់​ដោយ​មិន​គិត​ថ្លៃ។

លោក ព្រហ្ម វិចិត្រ នាយកប្រតិបត្តិអង្គការវិចិត្រករខ្មែរដើម្បីកុមារកំពុងបង្រៀនសិស្សឆ្លាក់ទៀន
លោក ព្រហ្ម វិចិត្រ នាយកប្រតិបត្តិអង្គការវិចិត្រករខ្មែរដើម្បីកុមារកំពុងបង្រៀនសិស្សឆ្លាក់ទៀន

យុវជន​មួយ​ក្រុម​កំពុង​រៀន​ឆ្លាក់​ទៀន​ដែល​មាន​ពុម្ព​មូល​ទ្រវែង​ប្រកប​ដោយ​ក្បាច់​ផ្កា​ភ្ញី​ខ្មែរ​និង​ខ្លះ​ទៀត​កំពុង​ឆ្លាក់​ទៀន​ដែល​មាន​ពុម្ព​ជា​បន្ទះ​ការ៉េ​ឬ​ចតុកោណកែង​ឱ្យ​ចេញ​ជា​រូប​ផ្សេងៗ​គ្នា​ដូចជា​ព្រះភក្ត្រ​ព្រះ​ព្រហ្ម នាង​មច្ឆា​និង​ហនុមាន​ជាដើម។ 

ដោយ​មាន​ចិត្ត​ស្រលាញ់​គំនូរ​តាំង​ពី​ក្មេង​មក សិស្ស​នៃ​អង្គការ​វិចិត្រករ​ខ្មែរ​ដើម្បី​កុមារ​២​រូប​បាន​ចែក​រំលែក​បទពិសោធ​គូរ​គំនូរ​និង​ឆ្លាក់​ចម្លាក់​របស់​គេ​ថា៖ 

យុវតី វ៉ាន់ កន្និកា លើក​ឡើង​ថា៖ «គិត​ថា វា​ល្អ​សម្រាប់​ខ្លួន​ឯង ហើយ​វា​អាច​ជួយ​ខ្ញុំ​ឱ្យ​មាន​ចំណេះ​គ្រប់គ្រាន់​ព្រោះ​វា​ជា​មុខ​ជំនាញ​មួយ ណា​មួយ​ស្រលាញ់​ផង​បង…ព្រោះ​ពី​មុន​អត់​ចេះ​គូរ​សោះ រហូត​មក​ដល់​រៀន​ចេះ​គូរ​បាន​រៀង​ល្អ»។

យុវជន សេន សុខម៉ី រៀបរាប់​ថា៖ «សប្បាយ​ចិត្ត​ដែរ​ក្នុង​ការ​ធ្វើ​ចម្លាក់​ទៀន​ហ្នឹង អត់​នឹក​ស្មាន​ថា​ធ្វើ​បាន​ចឹង ដល់​ពេល​ឥឡូវ​អាច​ធ្វើ​បាន​ជាង​មុន។ ខ្ញុំ​ចង់​យក​ផ្នែក​ចម្លាក់​ហើយ​ផ្នែក​គំនូរ​ហ្នឹង​យក​ទៅ​រៀន​ត​ទៀត​បង ចង់​ចែក​រំលែក​ដល់​ប្អូនៗ​ជំនាន់​ក្រោយ​ទៀត​បង»។

មុន​នឹង​ចម្លាក់​ទៀន​អាច​ចេញ​ជា​រូបរាង​បាន មុន​ដំបូង​គេ​ត្រូវ​យក​ទៀន​ទៅ​ចំហុយ​ឱ្យ​រលាយ រួច​ច្រោះ​យក​សំរាម​ចេញ ដើម្បី​ចាក់​ពុម្ព ទុក​ឱ្យ​រឹង បន្ទាប់​មក​គឺ​គេ​អាច​យក​វា​ទៅ​ឆ្លាក់​តាម​រូបរាង​ដែល​គេ​ចង់​បាន។

សិស្សកំពុងចាក់ពុម្ភទៀន
សិស្សកំពុងចាក់ពុម្ពទៀន

ទោះ​បី​ជា​ចម្លាក់​ទៀន​នេះ​មិន​ទាន់​បាន​ដាក់​ចូល​ទីផ្សារ​ក៏​ដោយ លោក ព្រហ្ម វិចិត្រ បាន​យក​ចម្លាក់​មួយ​ចំនួន​ទៅ​ដាក់​តាំង​បង្ហាញ​នៅ​តាម​ពិពណ៌​នានា ជាពិសេស​នោះ​គឺ​លោក​បាន​ដាក់​តាំង​ចម្លាក់​នោះ​នៅ​ក្នុង​សារមន្ទីរ​នៅ​សហរដ្ឋអាមេរិក។

លោក​សាស្ត្រាចារ្យ​វ័យ​៦២​ឆ្នាំ​រូប​នេះ​បញ្ជាក់​ថា ចម្លាក់​ទៀន​អាច​រក្សា​ទុក​បាន​ជា​រៀង​រហូត​និង​មិន​ផ្លាស់​ប្ដូរ​រូបរាង​នោះ​ទេ ប្រសិន​បើ​គេ​រក្សា​ទុក​នៅ​តំបន់​ដែល​មាន​សីតុណ្ហភាព​មិន​ក្ដៅ​ពេក ការពារ​កុំ​ឱ្យ​សត្វ​កណ្ដុរ​ស៊ី និង​អាច​យក​ក្រដាស​សៀវភៅ​មក​ដាក់​ខណ្ឌ​កុំ​ឱ្យ​វា​ស្អិត​ចូល​គ្នា។

មិន​ត្រឹម​តែ​ជា​វត្ថុ​សម្រាប់​ដាក់​តាំង​លម្អ​នៅ​តាម​គេហដ្ឋាន ភោជនីយដ្ឋាន និង​សណ្ឋាគារ សាស្ត្រាចារ្យ វិចិត្រករ​ខ្មែរ លោក ព្រហ្ម វិចិត្រ បាន​រៀបរាប់​អំពី​លក្ខណៈ​ពិសេស​របស់​ចម្លាក់​ទៀន​ថា វត្ថុ​នេះ​អាច​ធ្វើ​ឱ្យ​សិស្ស​របស់​លោក​កាន់​តែ​ស្គាល់​ច្បាស់​អំពី​គំនូរ​និង​ចម្លាក់ ថែម​ទាំង​ផ្ដល់​ឱកាស​ឱ្យ​ពួកគេ​យល់​ច្បាស់​អំពី​ការ​ប្រើប្រាស់​អារម្មណ៍​និង​ថាមពល​ទៅ​លើ​គំនូរ​នីមួយៗ។

លោក ព្រហ្ម វិចិត្រ បន្ថែម​ថា៖ «បើ​កាលណា​យើង​អារម្មណ៍​អត់​សូវ​ល្អ តែ​ដាច់​ខូច​ហើយ អត់​មាន​អី​មក​ជួសជុល​បាន បើ​យើង​[ឆ្លាក់]​ពី​ឈើ​ពី​អី យើង​យក​កំទេច​ឈើ​លាយ​កាវ​មក​បិទ​បាន ទៀន​អត់​ទេ តែ​ខូចៗ​ហើយ។ អាត្រង់​បាន​ថា ទាល់​តែ​អារម្មណ៍​យើង​ឱ្យ​មូល​ក្នុង​ក្បាច់​ណាមួយ​យើង​ស្គាល់​ច្បាស់​ថាឆ្កឹះ​របៀប​ម៉េច ដូច្នេះ​កូន​ក្មេង​ទាំងអស់​គាត់​យល់​ច្បាស់​ពី​ក្បាច់​មួយៗ ក្បាច់​ណា​លៀន ក្បាច់​ណា​លឹប ក្បាច់​ណា​លោត​យើង​ត្រូវ​ធ្វើ​របៀប​ម៉េច»។

មក​ដល់​ពេល​នេះ អង្គការ​ដែល​បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៣ បង្រៀន​សិស្ស​បាន​ប្រមាណ​ជិត​៨០​នាក់ ដោយ​សិស្ស​ទាំងអស់​អាច​ចូល​រៀន​នៅ​អាយុ​ណា​ក៏​បាន​ពោល​គឺ​ឱ្យ​តែ​ពួក​គេ​ចេះ​កាន់​ប៊ិក​និង​ខ្មៅដៃ។

នាយកប្រតិបត្តិ​អង្គការ​វិចិត្រករ​ខ្មែរ​ដើម្បី​កុមារ​នេះ​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ជួយ​គាំទ្រ​សិល្បៈ​គំនូរ​ចម្លាក់​ខ្មែរ​ដើម្បី​ផ្ដល់​ជា​កម្លាំង​ចិត្ត​ដល់​វិចិត្រករ​ខ្មែរ​គ្រប់​រូប​ក្នុង​ការ​បន្ដ​បញ្ចេញ​ស្នាដៃ​ដែល​ខ្លួន​មាន​ទៅ​កាន់​យុវជន​ជំនាន់​ក្រោយ៕

ចម្លាក់ទៀន
ចម្លាក់ទៀន
ចែករំលែកតាម៖