ក្រុមបាល់បោះរទេះជនពិការនារីដំបូងបង្អស់របស់កម្ពុជា

ក្រុមបាល់បោះរទេះជនពិការនារីដំបូងបង្អស់របស់កម្ពុជា

នារីៗ​ពិការ​ជាង​១០នាក់​កំពុង​នៅ​លើ​រទេះ​ដោយ​ដៃ​ម្ខាង​បង្វិល​កង់​រទេះ​ឱ្យ​ទៅ​មុខ​និង​ដៃ​ម្ខាង​ទៀត​ត្រែះ​បាល់​ដើម្បី​បោះ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ពួកគេ​កំពុង​ហាត់​សម​លេង​បាល់​បោះ ដើម្បី​ត្រៀម​សម្រាប់​ការ​ប្រកួត​ដែល​នឹង​ឈាន​ចូល​មក​ដល់។ ពួកគេ​ជា​សមាជិក​នៃ​ក្រុម​បាល់​បោះ​ជនពិការ​នារី​មួយ​ក្រុម​ដែល​ត្រូវ​បាន​គេ​ឱ្យ​ឈ្មោះ​ថា «កុលាប​បាត់ដំបង»។

ក្នុង​សម្លៀក​បំពាក់​កីឡា​អម​ដោយ​ទឹក​មុខ​ស្រស់​ស្រាយ​និង​ពោរពេញ​ទៅ​ដោយ​ថាមពល អ្នកស្រី តោ ចិន្ដា អនុប្រធាន​ក្រុម​បាល់​បោះ​នារី​ពិការ «កុលាប​បាត់ដំបង» មាន​ប្រសាសន៍​នា​ពេល​សម្រាក​ពី​ការ​ហាត់​សម​ថា អ្នកស្រី​មាន​ចិត្ត​ស្រលាញ់​កីឡា​តាំង​ពី​ពេល​ដែល​ចាប់​ដឹង​ក្ដី​មក​ម្ល៉េះ។ ស្រ្តី​វ័យ​៣៤ឆ្នាំ​រូប​នេះ​បន្ត​ថា មនុស្ស​មួយ​ចំនួន​ថា​ជនពិការ​មិន​អាច​លេង​កីឡា​បាន​ទេ ប៉ុន្ដែ​អ្នកស្រី​នៅ​តែ​ជម្នះ​គំនិត​អវិជ្ជមាន​ទាំង​នោះ។

អ្នកស្រី​ តោ ចិន្ដា មាន​ប្រសាសន៍​ថា៖ «អ្នកខ្លះក៏និយាយ ខ្លះណាបងប្អូនខ្ញុំអីហ្នឹងថា យើងពិការ​ចឹង​ហើយ​ទៅ​លេង​ម៉េចកើត? លេងម៉េចទៅ? គេសួរយើងចឹងដែរអ្ហា។ តែយើងពិបាកប្រាប់គេណាស់ ពីព្រោះ​អី​គេ​ជើង​ជា គេអត់ដឹងថាយើងអ្នកជិះរទេះលេងម៉េចៗចឹងអ្ហា យើងពិបាកប្រាប់គេ។ យើង​មាន​តែ​ណែនាំ​គេ​ថា បើចង់ដឹង មានបងឯងជិះកាត់តាមទៅ ឃើញទៅ មើលទៅអាហ្នឹង ព្រោះអី​យើង​ពិបាក​ប្រាប់​គេ​ណាស់ ព្រោះអីយើងពិការ គេអត់ពិការគេអត់ដឹងថាផលពិបាកយើងម៉េចទេ»។

អ្នកស្រី តោ ចិន្តា មាន​ជំងឺ​គ្រុន​ស្វិត​ជើង​តាំង​ពី​អ្នកស្រី​មាន​អាយុ​១​ខួប​នៅ​ឆ្នាំ​១៩៨៥។ អ្នកស្រី​បាន​ចូល​ក្នុង​ក្រុម​កុលាប​បាត់ដំបង​តាំង​ពី​ក្រុម​នេះ​កកើត​ដំបូង​ក្នុង​ឆ្នាំ​២០១២។

អ្នកស្រី តោ ចិន្ដា អនុប្រធានក្រុមបាល់បោះនារីពិការ «កុលាបបាត់ដំបង»
អ្នកស្រី តោ ចិន្ដា អនុប្រធានក្រុមបាល់បោះនារីពិការ «កុលាបបាត់ដំបង»

ក្រុម​នារី​បាល់​បោះ​កុលាប​បាត់ដំបង​គឺ​ជា​ក្រុម​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បច្ចុប្បន្ន​មាន​សមាជិក​ចំនួន​១១នាក់។ កីឡាការិនី​ទាំងអស់​ធ្វើ​ការ​ជួបជុំ​និង​ហ្វឹកហាត់​រៀងរាល់​ថ្ងៃ​សុក្រ​ដល់​ថ្ងៃ​អាទិត្យ នៅ​ក្នុង​មណ្ឌល​ស្ដារ​លទ្ធភាព​ពលកម្ម​កាយ​សម្បទា​ប្រចាំ​ខេត្ត​បាត់ដំបង។

ជា​អ្នក​ដែល​ធ្លាប់​តែ​មិនមាន​មិត្តភក្តិ​ហើយ​គ្មាន​អ្នក​ជុំវិញ​ខ្លួន​ណា​ដើម្បី​ប្រឹក្សា​ឬ​ជជែក​លេង កញ្ញា ផឺន សម្ផស្ស អះអាង​ថា កញ្ញា​មិនមាន​អារម្មណ៍​ឯការ​ដូច​មុន ក្រោយ​ពី​បាន​ចូល​ជា​សមាជិក​ក្រុម​នារី​បាល់​បោះ​កុលាប​បាត់ដំបង​កាល​ពី​ឆ្នាំ​២០១៤។

កីឡាការិនី​សម្បុរ​ជ្រះ​និង​មាន​ជំងឺ​គ្រុន​ស្វិត​ជើង​តាំង​ពី​តូច​រូប​នេះ​លើក​ឡើង​ថា កញ្ញា​ធ្លាប់​បាន​ស្គាល់​កីឡា​នេះ​តាមរយៈ​បណ្ដាញ​សង្គម ហើយ​តែង​ប្រាថ្នា​ថា​នឹង​អាច​ចូល​លេង​នៅ​ថ្ងៃ​ណា​មួយ។ កញ្ញា​ក៏​បាន​តស៊ូ​ពុះពារ​រហូត​បាន​ក្លាយ​ជា​កីឡាការិនី​ក្នុង​ក្រុម​តែ​មួយ​គត់​ប្រចាំ​ខេត្ត​ដែល​តំណាង​ឱ្យ​ប្រទេស​ផង​នោះ។

កញ្ញា ផឺន សម្ផស្ស រៀបរាប់​បន្ថែម​ថា៖ «លើកទីសម្រាប់ខ្ញុំដែលបង្វិលរទេះពិបាកខ្លាំងណាស់ ទម្រាំ​បាន​តែស្ទាត់ដៃបង្វិលរទេះនេះយូរដែរ ជាងកន្លះឆ្នាំដែរ។ ហើយលេង​ភាគច្រើន​ក្រឡាប់ ក្រឡាប់​ពិបាក ខ្លះ​អាចត្រូវខៀវមុខ បែកបាក់ធ្មេញអី ឈាមមាត់ជាដើម ដល់ពេល​កន្លង​មក​យូរៗ​ទៅ លេង​លែង​អី​ហើយបង ធម្មតា»។

កញ្ញា ផឺន សម្ផស្ស សមាជិកក្រុមនារីបាល់បោះកុលាបបាត់ដំបង
កញ្ញា ផឺន សម្ផស្ស សមាជិកក្រុមនារីបាល់បោះកុលាបបាត់ដំបង

ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទក្រហម (ICRC) នៅ​កម្ពុជា ក្រុម​នារី​បាល់​បោះ «កុលាប​បាត់ដំបង» បាន​មាន​ឱកាស​តំណាង​ឱ្យ​កម្ពុជា​ជា​លើក​ដំបូង​ចេញ​ទៅ​ប្រកួត​និង​សាកល្បង​សមត្ថភាព​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗ​ក្នុង​កម្មវិធី Asian PaRa Games នៅ​ប្រទេស​ថៃ​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៨​កន្លង​ទៅ។

បើ​ទោះ​បី​ជា​ក្រុម​បាល់​បោះ​ជនពិការ​ថ្មី​ថ្មោង «កុលាប​បាត់ដំបង» ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៤​នៅ​ក្នុង​វគ្គ​ជម្រុះ​ជើង​ទី​១​នៃ​ការ​ប្រកួត​កីឡា​ដែល​មាន​ដើម​កំណើត​មក​ពី​សហរដ្ឋ​អាមេរិក​នេះ។ នៅ​ក្នុង​ខែ​តុលា ក្រុម​កីឡា​ការិនី​បាល់​បោះ​ពិការ​នារី​កម្ពុជា​នឹង​ចេញ​ទៅ​ប្រកួត​ជម្រុះ​វគ្គ​ទី​២ នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ជាមួយ​នឹង​ប្រទេស​អ៊ីរ៉ង់ ប្រទេស​ថៃ ប្រទេស​អាហ្វហ្គានីស្ថាន ប្រទេស​ចិន និង​ប្រទេស​ជប៉ុន មុន​ឈាន​ដល់​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ក្នុង​ប្រទេស​ជប៉ុន​នៅ​ឆ្នាំ​២០២០។

លោក Phillip Morgan អ្នក​គ្រប់គ្រង​គម្រោង​ស្ដារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​នៃ ICRC នៅ​កម្ពុជា​លើក​ឡើង​ថា សម្រាប់​ដំណាក់កាល​ដំបូង​នេះ ICRC ជ្រើស​យក​តែ​ស្ត្រី​មក​លេង​ប៉ុណ្ណោះ ដោយសារ​ស្ត្រី​ជា​ក្រុម​ងាយ​រងគ្រោះ​ជាង​គេ​នៅ​ក្នុង​ចំណោម​ជនពិការ​ទាំងអស់។

លោក Phillip បាន​ឱ្យ​ដឹង​ទៀត​ថា ICRC បាន​ជួយ​ជា​ថវិកា​ធ្វើ​ដំណើរ អាហារ ការ​ស្នាក់នៅ​សម្រាប់​ក្រុម​បាល់​បោះ​ជនពិការ​ក្នុង​ការ​ហ្វឹកហាត់​និង​ប្រកួត​ទាំងអស់ ព្រម​ទាំង​សម្ភារៈ​កីឡា​ដូចជា រទេះ​ពី​ប្រទេស​ស្វីស និង​បាល់​ពី​ក្រុមហ៊ុន​ចែកចាយ​សម្ភារៈ​កីឡា​ល្បី​មួយ។លោក Phillip Morgan បញ្ជាក់​ទៀត​ថា៖ «ការលើកទឹកចិត្ត គឺ​បាន​មក​ពី​កីឡាការិនី​ផ្ទាល់​ហើយ​ពួក​គេ​រីករាយក្នុងការលេងណាស់។ ពួកគេកាន់តែខ្លាំងនិងរឹងមាំជាងមុន។ ហើយអ្វី​ដែល​ល្អ​នោះ គឺ​ការ​មើល​ឃើញនូវស្មារតីរួមគ្នានិងស្មារតីក្រុមរបស់ពួកគេ។ វាបាន​ក្លាយទៅ​ជា​បណ្តាញ​គាំទ្រ​ដល់​ស្រ្តី​ពិការ ដែលអាចឱ្យពួកគេនិយាយអំពីបញ្ហាផ្ទាល់ខ្លួនជាមួយអ្នកដទៃបាន»។

លោក Phillip Morgan អ្នកគ្រប់គ្រងគម្រោងស្ដារលទ្ធភាពពលកម្មកាយសម្បទានៃ ICRC នៅកម្ពុជា
លោក Phillip Morgan អ្នកគ្រប់គ្រងគម្រោងស្ដារលទ្ធភាពពលកម្មកាយសម្បទានៃ ICRC នៅកម្ពុជា

លោក Phillip Morgan ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​បាន​បង្កើត​ក្រុម​បាល់​បោះ​នារី​នៅ​ក្នុង​ខេត្ត​បាត់ដំបង​កាល​ពី​ឆ្នាំ​២០១២ ICRC ក៏​បាន​បង្កើត​ក្រុម​បាល់​បោះ​ពិការ​នារី​នៅ​ខេត្ត​កំពង់ស្ពឺ ថែម​ទាំង​មាន​ក្រុម​បាល់​បោះ​ជនពិការ​បុរស​នៅ​ខេត្ត​សៀមរាប​និង​ខេត្ត​បាត់ដំបង។ ចំណែក​រាជធានីភ្នំពេញ​ត្រៀម​នឹង​មាន​ក្រុម​បាល់​បោះ​រទេះ​ជនពិការ​នេះ​ដូច​គ្នា។

អ្នក​គ្រប់គ្រង​គម្រោង​ស្ដារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​រូប​នេះ​បង្ហាញ​ក្ដី​សង្ឃឹម​ដែរ​ថា សហព័ន្ធ​បាល់​បោះ​រទេះ​ជនពិការ​កម្ពុជា​នឹង​ដំណើរការ​យ៉ាង​រលូន ខណៈ​ជោគជ័យ​របស់​ក្រុម​កីឡា​បាល់​បោះ​នារី​ពិការ​និង​វត្តមាន​ពួក​គាត់​នៅ​ក្នុង​ការ​កម្មវិធី Asian PaRa Games នេះ​នឹង​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ទៀត​ចាប់​យក​កីឡា​បាល់​បោះ​រទេះ​នេះ​ជា​កីឡា​នាំ​មុខ​គេ​សម្រាប់​ជនពិការ។

ក្រុម​កីឡាការិនី​នៃ​ក្រុម​បាល់​បោះ «កុលាប​បាត់ដំបង» លើក​ឡើង​ប្រហាក់ប្រហែល​គ្នា​ថា ទោះ​បី​ជា​ពួកគេ​ពិការ​ជើង​ពិត​មែន តែ​ចិត្ត​របស់​ពួក​គេ​មិន​ពិការ​នោះ​ទេ ហើយ​ពួក​គេ​នឹង​នៅ​តែ​បន្ត​ប្រឡូក​ចូល​ក្នុង​វិស័យ​កីឡា​និង​ចូលរួម​ផ្សព្វផ្សាយ​កីឡា​បាល់​បោះ​នេះ​ឱ្យ​ជនពិការ​ដទៃ​បាន​ស្គាល់​ទាំងអស់​គ្នា៕

ចែករំលែកតាម៖