ការបោះពុម្ពសៀវភៅ ដើម្បីបង្កើនការអាន និងលើកទឹកចិត្តអ្នកនិពន្ធ

ការបោះពុម្ពសៀវភៅ ដើម្បីបង្កើនការអាន និងលើកទឹកចិត្តអ្នកនិពន្ធ

សៀវភៅ​រឿង​និទាន​កុមារ​ចំនួន​៥០០​ក្បាល​ដែល​មាន​ចំណងជើង​ថា “ខាល់ឌី និង​ពពែ​រាំរែក” ត្រូវ​បាន​បោះពុម្ព និង​សម្ពោធ​លក់​ជា​ផ្លូវ​ការ កាល​ពី​ចុង​ខែ​វិច្ឆិកា កន្លង​ទៅ​នេះ។

ខាល់ឌី និងពពែរាំរែក គឺ​ជា​រឿង​ព្រេង ដែល​និទាន​អំពី​ការ​រក​ឃើញ​កាហ្វេ​ដំបូង។ សៀវភៅ​រឿង​និទាន​នេះ គឺ​ជា​យុទ្ធនាការ​មួយ​ផ្តល់​ឱកាស​ដល់​អ្នក​និពន្ធ និង​វិចិត្រករ​កម្ពុជា សហការ​ជាមួយ​ក្រុមហ៊ុន​កាហ្វេ Starbucks និង​មូលនិធិ​អាស៊ី​ប្រចាំ​កម្ពុជា ដើម្បី​បង្កើន​ភាព​រីករាយ​ក្នុង​ការ​អាន សម្រាប់​កុមារ​នៅ​កម្ពុជា ក៏​ដូចជា​ពង្រឹង​ធនធាន​សៀវភៅ​កុមារ​ដែល​មាន​ទាំង​ភាសា សាច់​រឿង តួអង្គ នៅ​តាម​ប្រទេស​ក្នុង​តំបន់​អាស៊ី ដែល​ងាយស្រួល​សម្រាប់​កុមារ​ស្រមៃ​ឃើញ។ នេះ​បើ​តាម​អ្នក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Starbucks កម្ពុជា លោក ប៉ោ លីម។

បើ​តាម​ប្រភព​ដដែល មូលនិធិ​ដែល​បាន​ពី​ការ​លក់​សៀវភៅ​ទាំង​នេះ​នឹង​ប្រគល់​ជូន​អង្គការ​មូលនិធិ​អាស៊ី​កម្ពុជា ដើម្បី​អនុវត្ត​គម្រោង​លើក​កម្ពស់​ការ​អាន​ផ្សេងៗ​ទៀត​នៅ​កម្ពុជា។

ប្រសាសន៍​លោក ប៉ោ លីម៖ «ដូច​យើង​បាន​ឃើញ​ហើយ​ថា តួលេខ​នៃ​ការ​អាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​យើង គឺ​យើង​នៅ​មាន​ការ​តិចតួច​នៅ​ឡើយ។ ហើយ Starbucks ទោះ​បី​ជា​ថា​គម្រោង​នេះ​វា​មិន​អាច [មាន] Impact [ប៉ះពាល់] ទាំងអស់​នោះ​ទេ តែ​ជា​ការ​ចាប់ផ្តើម​ជម្រុញ​ឱ្យ​មាន​ការ​អាន    ​ឱ្យ​មាន​កាន់​តែ​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង។ (អ៊ី)ចឹង​ការ​អាន​នេះ វា​មិន​ចាំបាច់​ជា​សៀវភៅ​នោះ​ទេ គឺ​យើង​អាច​អាន តាមរយៈ​អនឡាញ​បាន»។ ​

បើ​តាម​ព្រឹត្តិប័ត្រ​ព័ត៌មាន​នៃ​កម្មវិធីសម្ពោធ​សៀវភៅ​នេះ អង្គការ​មូលនិធិ​អាស៊ី​កម្ពុជា បាន​បង្កើត​គម្រោង​បណ្ណាល័យ​ឌីជីថល ដែល​មាន​ឈ្មោះ​ថា “តោះអាន” ឬ​ជា​ភាសា​អង់គ្លេស​ថា Let’s read ដែល​មាន​សៀវភៅ​កុមារ​ជា​ភាសាខ្មែរ​ចំនួន​ជាង​២៦០​ក្បាល និង​ជាង​១៦០០​ក្បាល ជា​ភាសា​បរទេស ខណៈ “ខាល់ឌី និង​ពពែ​រាំរែក” ក៏​ជា​សៀវភៅ​រឿង​និទាន​កុមារ​មួយ​ក្នុង​គម្រោង​នេះ​ដែរ។

លោកស្រី Meloney Lindberg តំណាងអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា
លោកស្រី Meloney Lindberg តំណាងអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា

តំណាង​អង្គការ​មូលនិធិ​អាស៊ី​ប្រចាំ​កម្ពុជា លោកស្រី Meloney Lindberg បាន​ឱ្យ​ដឹង​ថា កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​ឯកជន​នេះ គឺ​ក្នុង​ន័យ​រួម​គ្នា ដើម្បី​អភិវឌ្ឍ​សង្គម​ប្រកប​ដោយ​ចីរភាព។ លោកស្រី​បន្ត​ថា​ការ​អប់រំ តាមរយៈ​ការ​អាន​នឹង​ជួយ​កម្ពុជា​ក្នុង​ការ​បណ្តុះ​ធនធាន​មនុស្ស​ប្រកប​ដោយ​សក្តានុពល​ជា​បន្ត​បន្ទាប់។

ប្រសាសន៍​លោកស្រី Meloney Lindberg៖ «(អ៊ី)ចឹង​យើង​បង្កើត​សៀវភៅ​នេះ គឺ​ដើម្បី​ចង់​ឱ្យ​មាន​ការ​ចូលរួម​របស់​កុមារ​ដោយ​ចាប់ផ្តើម​អាន​[សៀវភៅ]​ពី​តូច​ទៅ សូម្បី​តែ​គាត់​ជា​ទារក ក៏​អាច​ចាប់ផ្តើម​អាន​សៀវភៅ​នេះ​កើត​ដែរ។ ហើយ​យើង​ក៏​ចង់​ផ្សព្វផ្សាយ​ពី​សេចក្តី​ស្រឡាញ់​ទៅ​លើ​ការ​អាន។ យើង​ចង់​ឱ្យ​កុមារ​មាន​ក្តី​ស្រឡាញ់​ទៅ​លើ​ការ​អាន​ច្រើន​ទៅៗ»។

ក្រុម​អ្នកនិពន្ធ​សៀវភៅ​និទាន “ខាល់ឌី និង​ពពែ​រាំរែក” អះអាង​ថា ក្រៅ​អំពី​ការ​ពង្រឹង​ការ​អាន ការ​គាំទ្រ​ទិញ​សៀវភៅ​ទាំង​នេះ​ពី​សាធារណជន ក៏​ជា​ការ​លើក​ទឹកចិត្ត​ដល់​អ្នក​និពន្ធ សម្រាប់​បន្ត​គំនិត​ច្នៃ​ប្រឌិត​ថ្មីៗ ដើម្បី​ចែក​រំលែក​ចំណេះដឹង និង​ភាព​សប្បាយ​រីករាយ​ដល់​កុមារ​តូចៗ៕

ចែករំលែកតាម៖