គម្រោង GRAISEA ជួយបង្កើនជីវភាពកសិករខេត្តព្រះវិហារ

គម្រោង GRAISEA ជួយបង្កើនជីវភាពកសិករខេត្តព្រះវិហារ

គម្រោង​លើក​កម្ពស់​យេនឌ័រ​និង​ការវិនិយោគ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​លើ​វិស័យ​កសិកម្ម​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា GRAISEA បាន​អនុវត្ត​នៅ​កម្ពុជា​ចាប់​ពី​ឆ្នាំ​២០១៥​មក​ម្ល៉េះ។

មន្រ្តី​សម្រប​សម្រួល​ធុរកិច្ច​មាន​ការ​ទទួល​ខុស​ត្រូវ​របស់​អង្គការ Oxfam ប្រចាំ​កម្ពុជា លោកស្រី គីម ណាតាសា បាន​ឱ្យ​ដឹង​ថា នៅ​កម្ពុជា គម្រោង​នេះ​ផ្តោត​លើ​ចំណុច​សំខាន់​៣​គឺ​ការ​ទទួល​ខុស​ត្រូវ​សង្គម​របស់​សាជីវកម្ម (CSR) ចង្វាក់​ផលិតកម្ម​ស្រូវ និង​ពង្រឹង​ស្ត្រី​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ។ គម្រោង​នេះ​មាន​រយៈពេល​៣​ឆ្នាំ​ក្រោម​ជំនួយ​ហិរញ្ញប្បទាន​ពី​ស្ថានទូត​ស៊ុយអ៊ែត​ប្រចាំ​ទីក្រុង​បាងកក។

មន្ត្រី​គម្រោង​រូប​នេះ​អះអាង​ពី​សមិទ្ធផល​ក្រោយ​បញ្ចប់​គម្រោង​យ៉ាង​ដូច្នេះ​ថា៖ «គឺ​សមិទ្ធផល​ចុងក្រោយ​សម្រាប់​គម្រោង GRAISEA នៅ​ក្នុង​៣​ឆ្នាំ​កន្លង​មក គឺ​យើង​បាន​ឃើញ​មាន​ការ​កសាង​សហគមន៍​កសិកម្ម​ឱ្យ​គាត់ (ប្រជា​កសិករ) ចេះ​ធ្វើ​ការ​គ្រប់គ្រង ចេះ​ដឹកនាំ ហើយ​គាត់​ក៏​អាច​ចេះ​ធ្វើ​ការ​ជាមួយ​គ្នា ហើយ​ពេល​ហ្នឹង​មាន​ភាព​ជា​(អ្នក)​ដឹកនាំ របស់​គណៈកម្មការ​របស់​សហគមន៍។ ហើយ​មួយ​ទៀត​គឺ​ពេល​ហ្នឹង យើង​បាន​ជំរុញ​ឱ្យ​ស្រ្តី​គឺ​គាត់​មាន​តួនាទី​ដឹកនាំ​នៅ​ក្នុង​សហគមន៍​ហ្នឹង​ដែរ»។

លោកស្រី គីម ណាតាសា មន្រ្តីសម្របសម្រួលធុរកិច្ចមានការទទួលខុសត្រូវរបស់អង្គការ Oxfam ប្រចាំកម្ពុជា
លោកស្រី គីម ណាតាសា មន្រ្តីសម្របសម្រួលធុរកិច្ចមានការទទួលខុសត្រូវរបស់អង្គការ Oxfam ប្រចាំកម្ពុជា

យោង​តាម​របាយការណ៍​អង្គការ Oxfam ក្រោយ​ពី GRAISEA ត្រូវ​បាន​អនុវត្ត​នៅ​កម្ពុជា​ក្នុង​ខេត្ត​ព្រះវិហារ​លើ​គម្រោង​ចង្វាក់​ផលិតកម្ម​ស្រូវ ប្រជាកសិករ​ពី​សហគមន៍​កសិកម្ម​ចំនួន​៤​ក្នុង​ស្រុក​សង្គម​ថ្មី ដែល​ស្មើ​នឹង​១៥៣​នាក់​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​បច្ចេកទេស​ដាំ​ស្រូវ​សរីរាង្គ​និង​ទទួល​បាន​វិញ្ញាបនបត្រ​ទទួល​ស្គាល់​ការ​ផលិត​ស្រូវ​សរីរាង្គ ជាពិសេស​គឺ​ពួក​គាត់​ទទួល​បាន​ទីផ្សារ​ស្រូវ​សរីរាង្គ​ដែល​មាន​តម្លៃ​លើស​ទីផ្សារ​ជាង​៣០​ភាគរយ។ លើស​ពី​នេះ GRAISEA ក៏​បាន​ផ្ដល់​ការ​អប់រំ​ពី​ស្រ្តី​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ​ផង​ដែរ។

អ្នកស្រី ខាត់ សុខឃីម ជា​ប្រធាន​សហគមន៍​កសិកម្ម​រណសិរ្ស​ព្រះខ័ន​អភិវឌ្ឍន៍​ដែល​ជា​សហគមន៍​កសិកម្ម​១​ក្នុង​ចំនោម​សហគមន៍​ដែល​បង្កើត​ឡើង​ក្នុង​គម្រោង GRAISEA។ អ្នកស្រី​បាន​ឱ្យ​ដឹង​ថា សហគមន៍​អ្នកស្រី​ទទួល​បាន​ការ​រីកចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ក្រោយ​ការ​អនុវត្ត​គម្រោង GRAISEA​នេះ។

អ្នកស្រី ខាត់ សុខឃីម៖ «ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដូចជា​បាន​យល់​ដឹង​ពី​សង្គម​ហើយ​និង​ការ​បត់បែន​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​យើង​ចេះ​រក​ប្រាក់​ចំណូល​ចូល​ក្នុង​ក្រុម​គ្រួសារ។ ហើយ​នៅ​ក្នុង​សហគមន៍​របស់​ខ្ញុំ មាន​ការងារ​ធ្វើ​ច្រើន មិន​ចំណាកស្រុក​ដូច​កាល​ពី​មុន​ទេ។ កាល​ពី​មុន​អត់​ដឹង​ថា ពី​ភាព​យេនឌ័រ​ថា​យ៉ាង​ម៉េច​ទេ។ ដោយសារ​តែ​បាន​អង្គការ Oxfam បញ្ជ្រាប​ពី​ភាព​យេនឌ័រ​ទៅ បាន​ដឹង​ថា​ភាព​ស្រ្តី​និង​បុរស​មាន​សិទ្ធិ​ស្នើ​គ្នា ហើយ​ក៏​ហ៊ាន​សម្រេច​ចិត្ត នៅ​លើ​អ្វីៗ​ផ្សេង​គ្រប់​បែប​យ៉ាង​អី ហ៊ាន​សម្រេច​ចិត្ត»។

អ្នកស្រី ខាត់ សុខឃីម ប្រធានសហគមន៍កសិកម្មរណសិរ្សព្រះខ័នអភិវឌ្ឍន៍
អ្នកស្រី ខាត់ សុខឃីម ប្រធានសហគមន៍កសិកម្មរណសិរ្សព្រះខ័នអភិវឌ្ឍន៍

AMRU Rice ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​ដែល​ធានា​ទិញ​ស្រូវ​អង្ករ​សរីរាង្គ​ពី​ប្រជាកសិករ​ក្រោម​គម្រោង​GRAISEA តាមរយៈ​កិច្ចសន្យា​កសិកម្ម។ អគ្គនាយក AMRU Rice លោក សុង សារ៉ន អះអាង​ថា ការ​អនុវត្ត​វិនិយោគទុន​ដែល​មាន​ទំនួល​ខុស​ត្រូវ​សង្គម​នេះ​បាន​ធ្វើ​ឱ្យ​អាជីវកម្ម​លោក​ទទួល​បាន​ការ​រីក​ចម្រើន។

លោក សុង សារ៉ន មាន​ប្រសាសន៍​ថា៖ «ក្រុមហ៊ុន​របស់​យើង​គឺ​ទទួល​បាន​នូវ​ការ​គាំទ្រ​ច្រើន​ពី​ទីផ្សារ​អន្តរជាតិ។ យើង​ទទួល​បាន​នូវ​ការ​វិនិយោគ​ច្រើន​ពី​ក្រុមហ៊ុន​ដែល​មាន​គំនិត​ប្រហាក់​ប្រហែល​យើង។ ហើយ​យើង​មាន​ការ​គាំទ្រ​ថវិកា​ទាំង​បច្ចេកទេស​ពី​ស្ថាប័ន​ដៃគូ​អភិវឌ្ឍ​ដែល​គាត់​ចង់​បង្កើត​ការងារ​ឱ្យ​សហគមន៍ ដែល​គាត់​ឱ្យ​សហគមន៍​មាន​ចីរភាព»។

យោង​តាម​អង្គការ Oxfam នៅ​កម្ពុជា GRAISEA អនុវត្តន៍​ក្នុង​ខេត្ត​ព្រះវិហារ ក៏​ព្រោះ​ខេត្ត​នេះ​ស្ថិត​ក្នុង​ចំណោម​តំបន់​ក្រីក្រ​បំផុត​នៅ​កម្ពុជា ខណៈ​កសិករ​ខ្នាត​តូច​ប្រឈម​នឹង​ការ​ទម្លាក់​តម្លៃ​ស្រូវ​ពី​ឈ្មួញ ថ្លៃ​ដើម​ផលិតផល​ខ្ពស់ ពិសេស​ស្រ្តី​ជា​ច្រើន​នៅ​ទីនោះ​មិន​ទទួល​បាន​ការ​ផ្តល់​តម្លៃ​ស្មើ​នឹង​បុរស។ គម្រោង​នេះ​ចង់​ធ្វើ​ជា​គំរូ​មួយ​នៅ​ក្នុង​ចង្វាក់​ផលិតកម្ម​ស្រូវ​ដែល​មាន​ទម្រង់​ភ្ជាប់​ប្រជាកសិករ​ជាមួយ​សហគមន៍​និង​វិស័យ​ឯកជន​ដែល​ជា​អ្នក​ទិញ​ផ្ទាល់៕

ចែករំលែកតាម៖