វត្តមានសត្វស្លាបកម្របានធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍សត្វស្លាបដ៏ល្បីមួយដែលទាក់ទាញភ្ញៀវទេសចរជាច្រើនពាន់នាក់ក្នុងមួយឆ្នាំៗ។ ដោយមើលឃើញពីសក្ដានុពលនៃវិស័យទេសចរណ៍សត្វស្លាបនេះ រដ្ឋាភិបាលនិងដៃគូពាក់ព័ន្ធបានរៀបចំកម្មវិធីពិព័រណ៌សត្វស្លាបលើកទី១ នៅរាជធានីភ្នំពេញ កាលពីចុងខែមីនា ឆ្នាំ២០១៨។
នៅក្នុងពិព័រណ៍សត្វស្លាបលើកទី១ ក្រោមប្រធានបទ «សក្តានុពលទេសចរណ៍ធម្មជាតិនិងសត្វស្លាបនៅកម្ពុជា» នេះ នាយកកម្មវិធីនៃអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា លោក បូ វរសក្ស អះអាងថា សត្វស្លាបនៅកម្ពុជា ជាប្រភពចំណូលដ៏សំខាន់ សម្រាប់ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច ជាពិសេសជួយលើកកម្ពស់ជីវភាពដល់ប្រជាសហគមន៍ ដែលរស់នៅតាមតំបន់មានសត្វស្លាប។
ប្រសាសន៍លោក បូ វរសក្សថា៖ «[និ]យាយពីតម្លៃផ្នែកសេដ្ឋកិច្ចវិញ សត្វស្លាបមួយចំនួនគឺជាគោលដៅទេសចរណ៍ ដូចជាត្រយងយក្ស ត្រយងចង្គំកស ត្មាតជាដើម ដូចជាមានចិន មានប្រទេសជាច្រើន ដែលមកស្រុកខ្មែរ ចំណាយលុយរហូតដល់ពាន់ដុល្លារ ដើម្បីបានទៅឃើញសត្វត្រយងយក្ស ដែលអត្តសញ្ញាណរបស់យើង ដែលជិតផុតពូជផងដែរ។ ពេលដែលគាត់មកចំណាយបែបហ្នឹង ចំណូលនឹងដាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិយើង បងប្អូនសហគមន៍នឹងបានផលពីហ្នឹង អាចបង្កើតជាមូលនិធិអភិវឌ្ឍសហគមន៍ អាចទទួលបានចំណូលពីសេវាផ្តល់ Home Stay (ផ្ទះស្នាក់) ផ្តល់អាហារ ផ្តល់ជា Local Guide (មគ្គុទ្ទេសក៍ក្នុងតំបន់)។
លោក បូ វរសក្ស បន្តថា សត្វស្លាបក៏ជាប្រភពដ៏មានសារៈសំខាន់សម្រាប់ភពដែនដីក្នុងការរក្សាលំនឹង។ វាធ្វើឱ្យយើងដឹងពីការប្រែប្រួលនូវប្រព័ន្ធអេកូឡូស៊ីនិងជីវៈចម្រុះនៅក្នុងតំបន់ណាមួយ ដូច្នេះអ្នកជំនាញងាយស្រួលមានវិធានការទប់ស្កាត់ជាមុន។

អង្គការជិវិតសត្វស្លាបអន្តរជាតិកំណត់បានតំបន់សត្វស្លាប សំខាន់ៗយ៉ាងតិច៤០កន្លែងក្នុងប្រទេសកម្ពុជា ខណៈរាជរដ្ឋាភិបាលក៏បានដាក់តំបន់សត្វស្លាបទាំងនោះយ៉ាងតិចជាង៥០ភាគរយ ជាតំបន់ការពារធម្មជាតិ។ នេះបើតាមការអះអាងរបស់លោក ស៊ូ សាវុធ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។
អនុរដ្ឋលេខាធិការរូបនេះបន្តថា ការអនុវត្តនេះក្នុងគោលបំណងការពារទីជម្រក ក៏ដូចជាធានានិរន្តរភាពក្នុងការលើកកម្ពស់ជីវភាពរបស់សហគមន៍ដែលរស់ពឹងផ្អែកលើធនធានធម្មជាតិនិងទេសចរណ៍ធម្មជាតិ។
តំបន់ទាំងនោះរួមមាន តំបន់រ៉ាមសា ព្រែកទាល់ សហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយ តំបន់ការពារទេសភាពអន្លង់ព្រីង និងតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាបជាដើម។
ពិព័រណ៍សត្វស្លាបលើកទី១ត្រូវបានរៀបចំឡើងក្នុងគោលបំណងរួមចំណែកអប់រំផ្សព្វផ្សាយពីអត្ថប្រយោជន៍សត្វស្លាប ក៏ដូចជាដើម្បីកែប្រែផ្នត់គំនិតសាធារណជនឱ្យចូលរួមកិច្ចគាំពារបរិស្ថាន ការពារធនធានធម្មជាតិ អភិរក្សជីវៈចម្រុះ ដើម្បីការរស់នៅប្រកបដោយចីរភាព។
សត្វស្លាបប្រមាណជាង៦០០ប្រភេទត្រូវបានអ្នកអភិរក្សរកឃើញកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ទាំងប្រភេទសត្វដែលមានលំនៅអចិន្ត្រៃយ៍ និងសត្វស្លាបដែលចូលចិត្តផ្លាស់ទីតាមរដូវកាល។ ក្នុងចំណោមសត្វស្លាបដែលត្រូវបានរកឃើញនោះ មានសត្វ៥០ប្រភេទត្រូវបានគេដឹងថាកំពុងប្រឈមជិតផុតពូជនិងកំពុងស្ថិតក្នុងចំណាត់ថ្នាក់ជាសត្វកម្រក្នុងប្រទេសនិងពិភពលោក។ នេះបើតាមរបាយការណ៍អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា។
បើតាមរបាយការណ៍ក្រសួងបរិស្ថាន ក្នុងឆ្នាំ២០១៣ សត្វស្លាបប្រភេទចាបតេតកម្ពុជា ដែលជាប្រភេទសត្វស្លាបមានតែនៅកម្ពុជា ត្រូវបានរកឃើញក្នុងតំបន់ចតុមុខ។ ហើយកម្ពុជាត្រូវបានកត់ត្រាថា មានវត្តមានត្រយងចង្គំកស ជិតផុតពូជរហូតដល់ជាង៨០%នៃចំនួនសត្វនេះសរុប១១០០ក្បាលនៅលើពិភពលោក។ បន្ថែមពីនេះ ប្រភេទសត្វត្រយងយក្ស ដែលជានិមិត្តរូបសត្វស្លាបនៅកម្ពុជាក៏នៅមានវត្តមានក្នុងខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ប្រមាណ៥០%នៃចំនួនសរុបប្រមាណ ២៥០ក្បាលក្នុងពិភពលោក។

មគ្គុទ្ទេសក៍ទេសចរណ៍សត្វស្លាបនៃមជ្ឈមណ្ឌលអភិរក្ស សំ វាសនា ដែលមានទីស្នាក់ការក្នុងខេត្តសៀមរាប លោក ណាន់ ឡាដង មានប្រសាសន៍ថា ការប្រែក្លាយតំបន់សត្វស្លាប ទៅជាតំបន់ទេសចរណ៍នេះ គឺអាចជួយអភិរក្សនិងអាចរកប្រាក់ចំណូលពីវិស័យនេះ ខណៈការអភិរក្សសត្វស្លាបបានជួយឱ្យសហគមន៍អាចរកចំណូលបាន ដោយងាកពីការសម្លាប់សត្វស្លាបជាអាហារមកធ្វើការអភិរក្ស ជួយដល់ជីវភាពប្រចាំថ្ងៃ។
លោក ណាន់ ឡាដង មានប្រសាសន៍ថា៖ «ពេលដែលភ្ញៀវគាត់ទិញ trip (ដំណើរកម្សាន្ត) របស់យើង គាត់ដឹងទិសដៅរបស់គាត់ហើយ ថាគាត់ចង់បានអី។ អ៊ីចឹង សំ វាសនា បានរៀបចំជូនភ្ញៀវដូចជា ភ្ញៀវចង់ទៅមើលសត្វខ្សឹប យើងជូនគាត់ទៅមើលសត្វខ្សឹប យើងទាក់ទងទៅលើសហគមន៍ រួចសហគមន៍គាត់ទៅស្រាវជ្រាវជួបយើងមុន […] យើងទៅដល់ បង្ហាញឱ្យភ្ញៀវមើល វាមានភាពងាយស្រួលចឹង យើងធ្វើការទាំងអស់គ្នា។ មួយទៀត នៅពេលដែល local guide (មគ្គុទ្ទេសក៍ទេសចរណ៍) គាត់រស់នៅក្នុងតំបន់ហ្នឹង តំបន់អភិរក្ស គាត់រកឃើញសំបុកសត្វខ្សឹបមួយ គាត់ទទួលបាន ១៥ទៅ៣០ដុល្លារ អ៊ីចឹងបើគាត់ចង់ការពារសម្បុកហ្នឹងរហូតដល់កូនវា ចេះហើរខ្លួនវា មួយថ្ងៃយើងបាន៣ដុល្លារថែមទៀត យើងធ្វើការលើរឿងហ្នឹង»។
បទពិសោធជាង៦ឆ្នាំក្នុងការនាំភ្ញៀវទស្សនាសត្វស្លាបទូទាំងប្រទេស មគ្គុទ្ទេសក៍ទេសចរណ៍សម្បុរស្រអែមរូបនេះបន្តថា កន្លងទៅភ្ញៀវទេសចរមិនសូវចាប់អារម្មណ៍លើសត្វស្លាបប៉ុន្មានទេ រីឯសហគមន៍វិញក៏មិនទាន់មានការចូលរួមអភិរក្សដែរ។ ប៉ុន្តែបច្ចុប្បន្ន លោកអង្កេតឃើញថា ទេសចរណ៍សត្វស្លាប ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរអន្តរជាតិ ស្របពេលភ្ញៀវទេសចរជាតិក៏ចាប់ផ្តើមយល់ពីសារៈសំខាន់នេះដែរ។
អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជាបានឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជាមានដែនជម្រកសត្វស្លាបទឹកសំខាន់ៗចំនួន៣កន្លែង គឺព្រែកទាល់មានផ្ទៃដី៩គីឡូម៉ែត្រការ៉េ ស្ថិតនៅភូមិកំពង់ប្រហុក ភូមិអន្លង់តាអួរ ភូមិថាង ក្នុងឃុំកោះជីរាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ តំបន់នេះគេសង្កេតឃើញមានសត្វព្រៃរស់នៅផ្ដុំគ្នាដូចជាសត្វស្លាបមាន៦៤ប្រភេទ ថនិកសត្វ១៤ប្រភេទ និងល្មូន១៩ប្រភេទ។ ទី២គឺតំបន់បឹងឆ្មារដែលស្ថិតនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំគឺមានប្រភេទសត្វស្លាបច្រើនរស់នៅនៅរដូវប្រាំង។ ទី៣គឺតំបន់អាងត្រពាំងថ្មដែលស្ថិតនៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យជាតំបន់មានប្រភេទសត្វក្រៀលរស់នៅដែលជាប្រភេទសត្វជិតផុតពូជនៅលើពិភពលោក។
ប្រភពដដែលក៏បញ្ជាក់ផងដែរថា ក្រៅពីតំបន់ទាំង៣ខាងលើនេះ កម្ពុជាក៏មានតំបន់សត្វស្លាបជាច្រើនកន្លែងទៀត ដែលទទួលបានការអភិរក្សពីរដ្ឋាភិបាល អង្គការសង្គមស៊ីវិលនិងប្រជាសហគមន៍ ដោយបានប្រែក្លាយតំបន់ទាំងនោះទៅជាតំបន់ទេសចរណ៍សម្រាប់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលផ្តល់ចំណូលជាប្រចាំសម្រាប់ប្រជាសហគមន៍។
នាយកកម្មវិធីនៃអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅកម្ពុជា លោក បូ វរសក្ស មើលឃើញថា ពពួកសត្វស្លាបទាំងនោះនៅតែប្រឈមនឹងគ្រោះថ្នាក់ជារៀងរាល់ថ្ងៃ ដោយសារការបរបាញ់ ការដាក់ថ្នាំបំពុល ការបាត់ទីជម្រក និងការចាប់ក្នុងគោលបំណងផ្សេងៗ។ អ្នកអភិរក្សបក្សីរូបនេះសំណូមពរដល់ប្រជាពលរដ្ឋឱ្យស្រឡាញ់សត្វស្លាប ចូលរួមគាំពារអភិរក្សជីវៈចម្រុះនិងថែរក្សាធនធានធម្មជាតិ ដើម្បីប្រែក្លាយសត្វស្លាបជាប្រភពចំណូលមួយក្នុងវិស័យទេសចរណ៍ និងផ្តល់ចំណូលសេដ្ឋកិច្ចដល់ប្រជាសហគមន៍៕