សក្ដានុពលកសិកម្មកម្ពុជាទាក់ទាញក្រុមហ៊ុនធំៗអាមេរិក

សក្ដានុពលកសិកម្មកម្ពុជាទាក់ទាញក្រុមហ៊ុនធំៗអាមេរិក

លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា

វិស័យ​កសិកម្ម​កម្ពុជា​មាន​សក្ដានុពល​ដ៏​ខ្លាំងក្លា​ហើយ​ក្រុមហ៊ុន​អាមេរិក​នឹង​ជួយ​កម្ពុជា​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ដែល​កំពុង​ប្រឈម​ក្នុង​វិស័យ​នេះ ដើម្បី​អាច​ប្រកួត​ប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗ​នៅ​ក្នុង​តំបន់​ក្នុង​ការ​នាំ​ចេញ។ នេះ​ជា​ការ​លើក​ឡើង​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក William Heidt។

នៅ​ក្នុង​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​ក្រោម​ប្រធានបទ «ឱកាស​ធុរកិច្ច​នៅ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា» ដែល​ធ្វើ​ឡើង​កាល​ពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០១៨ លោក William Heidt ថ្លែង​ថា ចាប់​ពី​ឆ្នាំ​២០០៤​ដល់​ឆ្នាំ​២០១២ វិស័យ​កសិកម្ម​កម្ពុជា​កើន​ឡើង​៥,៣​ភាគ​រយ​រៀងរាល់​ឆ្នាំ​ដែល​ជា​កំណើន​ខ្ពស់​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក។ ក៏​ប៉ុន្តែ លោក​ថា នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​កសិកម្ម​កម្ពុជា​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​បញ្ហា​អនាម័យ ភូតគាម​អនាម័យ ស្ដង់ដា និង​ការ​ប្រកួត​ប្រជែង​ក្នុង​តំបន់​ជាដើម។

យ៉ាង​ណា​ក៏​ដោយ លោក William Heidt អះអាង​ថា បទ​ពិសោធ​ការងារ​ជាមួយ​ដៃ​គូ​នៅ​តាម​បណ្ដា​ប្រទេស​ជាង ១៤០ ជុំវិញ​ពិភពលោក ក្នុង​រយៈពេល​ជាង​១​សតវត្ស​របស់​បណ្ដា​ក្រុមហ៊ុន​អាមេរិក​ដែល​មក​ចូលរួម​ព្រឹត្តិការណ៍​នេះ​នឹង​ជួយ​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំង​នេះ។

លោក William Heidt ថ្លែង​ថា៖ «ក្រុមហ៊ុន​អាមេរិក​ដែល​មាន​តំណាង​នៅ​ក្នុង​គណៈប្រតិភូ​នេះ​កំពុង​តែ​ប្រតិបត្តិការ​យ៉ាង​ជោគជ័យ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ ពួកគេ​ស្គាល់​ទីផ្សារ​នៅ​ក្នុង​តំបន់​នេះ​ច្បាស់។ ពួកគេ​មានផ្ដល់​បច្ចេកទេស គ្រឿង​បរិក្ខារ និង​សេវាកម្ម ដែល​អាច​ជួយ​កម្ពុជា​នៅ​ក្នុង​ការ​បង្កើន​ផលិតភាព ទិន្នផល ហើយ​លើក​កម្ពស់​សមត្ថភាព​ឧស្សាហកម្ម​កែច្នៃ​(ចំណី​អាហារ​និង​ការ​វេច​ខ្ចប់)»

ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​រយៈពេល​២​ថ្ងៃ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា​ដោយ​មាន​ការ​សម្រប​សម្រួល​ផ្ទាល់​ពី​ស្ថានទូត​អាមេរិក។ តំណាង​ក្រុមហ៊ុន​ធំៗ​អាមេរិក​ចំនួន​១៦ បាន​ចូលរួម​ដែល​មាន​ដូចជា ក្រុមហ៊ុន 3M, Absolute Packaging and Automation, Cargill, Humate USA, Hydro-Thermal Corporation, Intervet, John Deere, និង​ក្រុមហ៊ុន Syngenta។ ក្រុមហ៊ុន​នៅ​អាស៊ីអាគ្នេយ៍​ដែល​ចែកចាយ​មុខ​ទំនិញ​សំខាន់ៗ​របស់​អាមេរិក​ក៏​បាន​ចូលរួម​ព្រឹត្តិការណ៍​ផង​ដែរ។

លោក William Heidt លើក​ឡើង​ថា នេះ​ជា​លើក​ដំបូង​ដែល​ស្ថានទូត​រៀបចំ​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​នៅក្នុង​វិស័យ​កសិកម្ម។ លោក​ថ្លែង​ថា «ខ្ញុំ​គិត​ថា​កត្តា​សំខាន់​ដែល​ធ្វើ​ឱ្យ​យើង​គិត​ថា​វា​ដល់​ពេល [សម្រាប់​ក្រុមហ៊ុន​អាមេរិក​មក​វិនិយោគ) គឺ​ថា​មាន​ក្រុមហ៊ុន​កម្ពុជា​មួយ​ចំនួន​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​អាមេរិក។ រឿង​បែប​នេះ​មិន​មាន​ទេ​កាល​១០​ឆ្នាំ​មុន»។ លោក William Heidt ថ្លែង​ផង​ដែរ​ថា៖ «…ពីព្រោះ​ក្រុមហ៊ុន​ទាំង​នេះ​គឺ​ជា​ធំៗ​របស់​អាមេរិក ហើយ​ដើម្បី​ចាប់​ដៃគូ ពួកគេ​ត្រូវ​ការ​ដៃ​គូ​ដែល​ល្អ​នៅ​ភាគី​[ប្រទេស] ម្ខាង​ទៀត ហើយ​ឥឡូវ​យើង​មាន​ដៃ​គូ​ល្អ​ទាំង​នោះ​នៅ​កម្ពុជា»

លោក Stuart Damien Moxham តំណាងក្រុមហ៊ុន JOHN DEERE
លោក Stuart Damien Moxham តំណាងក្រុមហ៊ុន JOHN DEERE

លោក Stuart Damien Moxham តំណាង​ក្រុមហ៊ុន JOHN DEERE ជា​ក្រុមហ៊ុន​ផលិត​គ្រឿងចក្រ​បម្រើ​វិស័យ​កសិកម្ម​និង​សំណង់ ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា ទីផ្សារ​កសិកម្ម​នៅ​កម្ពុជា​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង តែ​វា​ក៏​ជា​ឱកាស​ល្អ​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម។

លោក​មាន​ប្រសាសន៍​ថា៖ «រដ្ឋាភិបាល​កម្ពុជា​គាំទ្រ​វិស័យ​កសិកម្ម​ដោយ​ការ​មិន​យក​ពន្ធ​លើ​ផលិតផល​នាំ​ចូល ដូច្នេះ​យើង​ឃើញ​ថា កម្ពុជា​ជា​កន្លែង​ល្អ​សម្រាប់​រកស៊ី។ ដូច​ដែល​ខ្ញុំ​បាន​និយាយ​អ៊ីចឹង យើង​បាន​ចូល​មក​ទីនេះ​អស់​រយៈពេល​ជាង​១៥​ឆ្នាំ​ហើយ ក៏​ប៉ុន្តែ​ទើប​តែ​ប្រមាណ​៨​ឆ្នាំ​នេះ​ទេ យើង​ឃើញ​ទីផ្សារ​កសិកម្ម​បាន​រីក​លូតលាស់​ល្អ ហើយ​យើង​សង្ឃឹម​ថា វា​នឹង​បន្ត​លូតលាស់​បែប​នេះ​ទៀត»

អាមេរិក​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ហើយ​ក៏​ជា​ទីផ្សារ​នាំ​ចេញ​ធំ​បំផុត​មួយ​របស់​កម្ពុជា​ផង​ដែរ។ ក្នុង​ឆ្នាំ​២០១៧ ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​អាមេរិក​និង​កម្ពុជា​មាន​ទឹកប្រាក់​៣,៥​ពាន់​លាន​ដុល្លារ ខណៈ​ការ​នាំ​ចេញ​ពី​កម្ពុជា​ទៅ​អាមេរិក​មាន​តម្លៃ​៣,១​ពាន់​លាន​ដុល្លារ។

យ៉ាងណា​ក៏​ដោយ ទំនិញ​នាំ​ចេញ​ពី​កម្ពុជា​ទៅ​អាមេរិក​ភាគ​ច្រើន​ជា​ទំនិញ​វាយនភណ្ឌ។ លោក William Heidt មាន​ប្រសាសន៍​ថា ជាមួយ​នឹង​ការ​ឈាន​ជើង​ចូល​កាន់​តែ​ច្រើន​នៃ​ក្រុមហ៊ុន​អាមេរិក​មក​កាន់​កម្ពុជា លោក​សង្ឃឹម​ថា​កម្ពុជា​នឹង​អាច​បង្កើន​ការ​នាំ​ចេញ​ទំនិញ​កសិកម្ម​ទៅ​កាន់​អាមេរិក​និង​ពិភពលោក។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​សង្ឃឹម​ថា នៅ​ពេល​ដែល​ពីរ​បី​ឆ្នាំ​ទៅ​មុខ ហើយ​យើង​សម្លឹង​មក​ក្រោយ​វិញ​ថ្ងៃ​នេះ​គឺ​ជា​ចំណុច​ចាប់​ផ្ដើម​ដែល​យើង​ជួយ​កម្ពុជា… ដែល​ពី​មុន​យើង​ធ្លាប់​តែ​នាំ​ផលិតផល​កសិកម្ម​ចេញ​ក្នុង​រូបភាព​ជា​របស់​ថោកៗ​ពីរ​បី​មុខ ឱ្យ​ក្លាយ​ទៅ​ជា​ប្រទេស​ដែល​អាច​នាំ​ចេញ​ផលិតផល​កសិកម្ម​កាន់​តែ​ច្រើន​ក្នុង​តម្លៃ​មួយ​ខ្ពស់ ទៅ​កាន់​ទីផ្សារ​ជុំវិញ​ពិភពលោក»

លោក ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​នាំ​ចេញ​ស្រូវ​អង្ករ​ស្វាគមន៍​ការ​ឈាន​ជើង​ចូល​នៃ​វិនិយោគិន​អាមេរិក។ លោក​ថា អាមេរិក​ជា​ទីផ្សារ​ធំ​មួយ​ដែល​អាច​ជួយ​ជំរុញ​ទឹក​ចិត្ត​ក្រុមហ៊ុន​ក្នុង​ស្រុក​ក្នុង​ការ​ផលិត។

លោក​មាន​ប្រសាសន៍​ថា៖ «ក្នុង​នាម​ប្រទេស​ដែល​មាន​សក្ដានុពល​ផលិត​កសិកម្ម​គឺ​ត្រូវ​ការ​ទីផ្សារ។ ប្រសិន​ណា​យើង​ខ្វះ​ទីផ្សារ យើង​នឹង​មិន​មាន​អ្នក​ផលិត​ទេ។ តែ​បើសិន​យើង​មាន​ទីផ្សារ​ អ្នក​ផលិត​នឹង​ប្រឹង​ផលិត​ហើយ»

លោក Bruce W. Blakeman  អនុប្រធានផ្នែកកិច្ចការសារជីវកម្មសម្រាប់ក្រុមហ៊ុន Cargill ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន Cargill
លោក Bruce W. Blakeman អនុប្រធានផ្នែកកិច្ចការសារជីវកម្មសម្រាប់ក្រុមហ៊ុន Cargill ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន Cargill

អនុ​ប្រធាន​ផ្នែក​កិច្ចការ​សារជីវកម្ម​សម្រាប់​ក្រុមហ៊ុន Cargill ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៃ​ក្រុមហ៊ុន Cargill លោក Bruce W. Blakeman ដែល​ជា​អ្នក​ដឹកនាំ​គណៈប្រតិភូ​វិនិយោគិន​អាមេរិក​ក្នុង​កម្មវិធី​នេះ​ថ្លែង​ថា កត្តា​ចម្បង​ពីរ​ក្នុង​ការ​ជំរុញ​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​គឺ​ស្តង់ដា​នៃ​ការ​ដាំ​ដុះ​និង​កែច្នៃ​ផលិតផល​ទាំង​នោះ ឱ្យ​ស្រប​តាម​ស្ដង់ដា​អន្តរជាតិ។

លោក​មាន​ប្រសាសន៍​ថា៖ «ដូច្នេះ​នៅ​ពេល​ដែល​យើង​មើល​ទៅ​លើ​ដំណាំ​ណា​ដែល​កម្ពុជាធ្វើ​បាន​ល្អ​លើ​ទីផ្សារ​អន្តរជាតិ ហើយ​ជួយ​កសិករ​និង​អ្នក​ផលិត​លើក​កម្ពស់​គុណភាព​ការ​កែច្នៃ​ផលិតផល​ឱ្យ​ត្រូវ​នឹង​ស្តង់ដា​អន្តរជាតិ ដើម្បី​យើង​អាច​នាំ​ចេញ​ផលិតផល​ពី​កម្ពុជា​ទៅ​កាន់​ពិភពលោក»

រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​លោកស្រី ចម និមល ដែល​បាន​ចូលរួម​បើក​វេទិកា​ពាណិជ្ជកម្ម​មាន​ប្រសាសន៍​ថា វិស័យ​កសិកម្ម​កម្ពុជា​ប្រឈម​បញ្ហា​ផលិតភាព​និង​គុណភាព​ទាប។ លោកស្រី​ស្វាគមន៍​វត្តមាន​ក្រុមហ៊ុន​អាមេរិក​ដែល​នឹង​ជួយ​វិស័យ​កសិកម្ម​កម្ពុជា​ឱ្យ​ឈាន​ឡើង​មួយ​កម្រិត​ទៀត។

លោកស្រី​ថ្លែង​ប្រាប់​អង្គវេទិកា​ថា៖ «ក្រសួង​ពាណិជ្ជកម្ម​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​សម្របសម្រួល​កា​រៀបចំ​ផែនការ​វិនិយោគ​របស់​អ្នក​ទាំងអស់​គ្នា… វា​ជា​តួនាទី​របស់​យើង​ក្នុង​ការ​ធានា​និង​ផ្ដល់​ទំនុក​ចិត្ត​ដល់​វិនិយោគិន​អន្តរជាតិ​ថា​កម្ពុជា​បើក​ចំហរ​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម»

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក William Heidt រំពឹង​ថា សក្ដានុពល​នៃ​វិស័យ​កសិកម្ម​កម្ពុជា​រួម​ជាមួយ​នឹង​វត្តមាន​កាន់​តែ​ច្រើន​នៃ​ក្រុមហ៊ុន​អាមេរិក​ដែល​លោក​ថា​ប្រកាន់​ខ្ជាប់​នូវ​បទដ្ឋាន​ខ្ពស់ នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​នាំ​មុខ​មួយ​ក្នុង​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​នា​ពេល​ខាង​មុខ៕

ចែករំលែកតាម៖