សារៈប្រយោជន៍នៃការបណ្តុះទម្លាប់អានពីក្មេង

សារៈប្រយោជន៍នៃការបណ្តុះទម្លាប់អានពីក្មេង

ក្មេងៗកំពុងអានសៀវភៅ

ការ​ស្រាវជ្រាវ​ថ្មីៗ​ទាក់ទិន​នឹង​ការ​អប់រំ​របស់​សន្និបាត​ជាតិ​នៃ​ច្បាប់​រដ្ឋ​របស់​អាមេរិក​ហៅ​កាត់​ថា NCSL បាន​រក​ឃើញ​ថា គំនិត​ផ្តួចផ្តើម​ការ​អប់រំ​កុមារ​ជា​យុទ្ធសាស្រ្ត​នៃ​ការ​ត្រៀម​ខ្លួន​សម្រាប់​សាលារៀន​ឬ​ជា​មធ្យោបាយ​ដើម្បី​បញ្ចប់​គម្លាត​សមិទ្ធផល។ ការ​វិនិយោគ​ក្នុង​ការ​អប់រំ​ដំបូង​អាច​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​អ្នក​វិនិយោគ​១ដុល្លារ​លើ​ការ​អប់រំ​ក្មេង​នៅ​ថ្ងៃ​នេះ អ្នក​នឹង​ទទួល​បាន​ប្រមាណ​១៧ដុល្លារ​នៅ​ថ្ងៃ​អនាគត។ ការ​អះអាង​នេះ​ក៏​បាន​រាប់​បញ្ចូល​ជាមួយ​នឹង​ការ​អាន​ផង​ដែរ។

សហស្ថាបនិក​នៃ​បណ្ណាល័យ​បញ្ញវន្ត​ និង​ជា​ប្រធាន​សម្ព័ន្ធ​ការ​សរសេរ លោក សុខ ឡាក់ បាន​ចំណាយ​យុវវ័យ​របស់​លោក​លើ​ការ​សិក្សា ក៏​ដូចជា​ការ​បើក​បណ្ណាល័យ​ឯកជន​ផ្ទាល់​ខ្លួន​មួយ។

យុវជន​វ័យ​ជិត​៣០​ឆ្នាំ​រូប​នេះ​រៀបរាប់​អំពី​អត្ថប្រយោជន៍​នៃ​ការ​បណ្តុះ​ទម្លាប់​អាន​ចំពោះ​កុមារ​ថា ការ​អាន​ជួយ​កុមារ​ឱ្យ​ទទួល​បាន​ព័ត៌មាន​ច្រើន មាន​ចំណេះដឹង​ទូលំទូលាយ និង​ធ្វើ​ឱ្យ​ពួក​គាត់​រឹត​តែ​ស្រឡាញ់​ការសិក្សា។

បុរស​សម្បុរ​ស​ពាក់​វ៉ែនតា​រូប​នេះ​ចែក​រំលែក​បន្ត​ថា ពេល​ដែល​ក្មេង​ផ្តើម​ចេះ​អាន​ពី​អាយុ​ក្មេង​នឹង​ជំរុញ​ឱ្យ​យុវភាព​របស់​ពួក​គាត់​មាន​ភាព​ល្អ​ប្រសើរ។ ប៉ុន្តែ​លោក​អះអាង​ថា ឪពុក​ម្តាយ​ឬ​អាណាព្យាបាល​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បណ្តុះ​ទម្លាប់​ទាំង​នេះ ដូចជា​ទម្លាប់​អាន​សៀវភៅ​ឱ្យ​ក្មេង​ស្តាប់​ឬ​អាន​សៀវភៅ​ជាមួយ​ក្មេង រួម​ទាំង​ការ​ភ្ជាប់​ក្មេងៗ​ជាមួយ​កម្មវិធី​អប់រំ​ផ្សេងៗ។

លោក សុខ ឡាក់ បញ្ជាក់៖ «វិធីសាស្ត្រ​បណ្តុះ​ការ​អាន​ដែល​មាន​ប្រសិទ្ធភាព​បំផុត​គឺ​បណ្តុះ​ពី​ក្មេងៗ។ (អ៊ី)ចឹង​បើ​តាម​ការ​ស្រាវជ្រាវ​នៅ​ពេល​ដែល​មនុស្ស​ស្រី​មាន​ផ្ទៃពោះ អាច​ថា​៦ខែ​អ៊ីចឹង​គឺ​យើង​ទាមទារ​ឱ្យ​មនុស្ស​ជុំវិញ​ខ្លួន​ឬ​ម្តាយ​គាត់​អាន​សៀវភៅ​ឱ្យ​ស្តាប់»។

បញ្ញវន្ត​រូប​នេះ​បាន​ឱ្យ​ដឹង​ទៀត​ថា មាន​វិធីសាស្ត្រ​៣​សម្រាប់​បណ្តុះ​ទម្លាប់​អាន​សម្រាប់​យុវជន​វិញ​ម្តង បើ​ទោះ​ជា​ពី​តូច​គាត់​មិន​មាន​ទម្លាប់​អាន។ ក្នុង​នោះ​ទី​១​គឺ​ការ​កំណត់​គោលដៅ​ច្បាស់លាស់ ទី២​ការ​ជ្រើសរើស​សៀវភៅ និង​ចុងក្រោយ​គឺ​ការ​វាស់​ស្ទង់​ពី​សមត្ថភាព​របស់​ខ្លួន។

លោក សុខ ឡាក់ សហស្ថាបនិកនៃបណ្ណាល័យបញ្ញវន្ត និងជាប្រធានសម្ព័ន្ធការសរសេរ
លោក សុខ ឡាក់ សហស្ថាបនិកនៃបណ្ណាល័យបញ្ញវន្ត និងជាប្រធានសម្ព័ន្ធការសរសេរ

សិស្ស​វិទ្យាល័យ​បឹងត្របែក យុវតី ចូច នាង បាន​ឱ្យ​ដឹង​ថា​កញ្ញា​ចាប់ផ្តើម​អាន​សៀវភៅ​ច្រើន​តាំង​ពី​បឋម​សិក្សា ដូច្នេះ​កញ្ញា​អាច​អាន​បាន​លឿន​ជាង​ធម្មតា។ ហើយ​បច្ចុប្បន្ន ការ​អាន​សៀវភៅ​ក្លាយ​ជា​ទម្លាប់​ប្រចាំ​មួយ​របស់​កញ្ញា។

យុវតី ចូច នាង បន្ត​ថា៖ «ខ្ញុំ​ចូលចិត្ត​អាន​សៀវភៅ​តាំង​ពី​ថ្នាក់​ទី៥​មក។ វា​មាន​សារៈសំខាន់​សម្រាប់​ពួក​យើង​ខ្លាំង​ណាស់ ព្រោះ​ថា វា​អាច​ជួយ​បង្កើន​ការ​អាន​យើង​ឱ្យ​បាន​ល្អ​ជាង​ហ្នឹង ហើយ​ធ្វើ​ឱ្យ​យើង​ស្គាល់​ពាក្យ​ជា​ច្រើន។ ការ​អាន​សៀវភៅ​ហ្នឹង ក្នុង​មួយ​ក្បាល ខ្ញុំ​អាន​ប្រហែល​១អាទិត្យ។ ខ្ញុំ​មាន​អារម្មណ៍​ថា ទទួល​បាន​ចំណេះដឹង​ច្រើន ដឹង​ពី​រឿង​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ»។

ស្រដៀង​គ្នា​នេះ​ដែរ​កញ្ញា ថុល អាពណ៌ និស្សិត​ឆ្នាំ​ទី១​ផ្នែក​រដ្ឋបាល​សាធារណៈ​នៃ​សាកលវិទ្យាល័យ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​លើក​ឡើង​ថា ក្រៅ​ពី​ចំណេះដឹង ការ​អាន​បាន​ជួយ​កញ្ញា​ឱ្យ​មាន​ការ​គិត​ពិចារណា​ច្រើន។

កញ្ញា ថុល អាពណ៌ ពន្យល់​ថា៖ «ធម្មតា​សៀវភៅ​ពេល​យើង​អាន មាន​ការ​ឆ្ងល់​ច្រើន កន្លែង​នេះ​កន្លែង​នោះ​ចឹង​ទៅ វា​ធ្វើ​ឱ្យ​យើង​មាន​ខួរក្បាល​គិត​នៅ​ពេល​អាន។ ម្យ៉ាង​ទៀត ទម្លាប់​អាន​ជួយ​កាត់​បន្ថយ​សម្រាប់​ខ្ញុំ ពេល​ស្មុគស្មាញ​ក្រៅ​ពី​ការ​រៀន​និង​ការងារ។ ដែល​ទំនេរ​ខ្ញុំ​ទៅ​បណ្ណាល័យ»។

យុវជន​មួយ​រូប​ទៀត​គឺ​លោក ឆាយ ណារុណ បច្ចុប្បន្ន​ជា​និស្សិត​ផ្នែក​ច្បាប់​បាន​ឱ្យ​ដឹង​ថា​ការ​ចាប់ផ្តើម​អាន​សៀវភៅ​របស់​លោក​គឺ​ទទួល​រង​ឥទ្ធិពល​ពី​ការ​ឃើញ​ជន​បរទេស​អាន​សៀវភៅ ហើយ​ប្រទេស​គេ​មាន​ការ​រីក​ចម្រើន។ ដូច្នេះ​លោក​ក៏​ចង់​ចាប់​ផ្តើម​ដូច្នេះ​ដែរ ដោយ​ពី​ខ្លួន​លោក​ផ្ទាល់។

លោក ឆាយ ណារុណ បន្ត​ថា៖ «បណ្តុះ​ការ​អាន​របស់​ខ្ញុំ​តាំង​ពី​ថ្នាក់​ទី៩ បន្ទាប់​ពី​ចប់​ឌីប្លូម (បឋមភូមិ) ភ្លាម ខ្ញុំ​មាន​ទស្សនៈ​ខ្លួន​ឯង​ផ្ទាល់ គឺ​ចាប់​ការ​អាន​ឱ្យ​បាន​ច្រើន ដោយសារ​តែ​ខ្ញុំ​បាន​ឃើញ​ប្រជាជន​ជប៉ុន​ឬ​ក៏​កូរ៉េ ចូលចិត្ត​អាន​ច្រើន ប្រទេស​គេ​រីក​ចម្រើន។ (អ៊ី)ចឹង​ខ្ញុំក៏​ចាប់​ការ​អាន​សៀវភៅ គឺ​ល្អ​ប្រសើរ​សម្រាប់​ខ្លួន​ឯង និង​ចង់​ឱ្យ​អ្នក​ដទៃ ចូលរួម​ការ​អាន​ឱ្យ​បាន​ច្រើន​ដូច​គ្នា ដើម្បី​ឱ្យ​យើង​មាន​ចំណេះដឹង​ផ្សេងៗ»។

លោក ស៊ិន គង់ សាស្ត្រាចារ្យផ្នែកទស្សនវិជ្ជានៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
លោក ស៊ិន គង់ សាស្ត្រាចារ្យផ្នែកទស្សនវិជ្ជានៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

ការ​អាន​គឺ​មិនមែន​គ្រាន់​តែ​ជា​ជំនាញ​វិជ្ជាជីវៈ​ដ៏​សំខាន់​ប៉ុណ្ណោះ​ទេ។ វា​គឺ​ជា​វិធី​មួយ​ដើម្បី​បង្កើត​ភាព​រីករាយ​ទៅ​នឹង​រឿងរ៉ាវ​ដែល​យើង​មិន​ធ្លាប់​ដឹង។ បន្ថែម​ពី​នេះ ការ​អាន​ក៏​បង្កើត​គំនិត​ច្នៃប្រឌិត​និង​ការ​បំផុស​គំនិត​សម្រាប់​ជួយ​បង្កើន​បទពិសោធ​ក្នុង​ជីវិត​ផង​ដែរ។ នេះ​បើ​តាម​លោក ស៊ិន គង់ សាស្ត្រាចារ្យ​ផ្នែក​ទស្សនវិជ្ជា​នៃ​ពុទ្ធិកសាកលវិទ្យាល័យ​ព្រះសីហនុរាជ។

សាស្រ្តាចារ្យ​សម្បុរ​ស្រអែម មាឌ​មាំ​បែប​ខ្មែរ​រូប​នេះ​បន្ត​ថា ការ​អាន​គឺ​ជា​គ្រូ​ដ៏​ពិសេស​សម្រាប់​ជីវិត​ដែល​ប្រទេស​អភិវឌ្ឍន៍​រួម​ទាំង​បុគ្គល​ជោគជ័យ​លើ​សកលលោក​បាន​អនុវត្ត។ សាស្ត្រចារ្យ​ដែល​ធ្លាប់​បួស​រៀន​ក្នុង​ព្រះពុទ្ធសាសនា​ផង​ដែរ​នោះ​បន្ថែម​ថា ការ​បណ្តុះ​ទម្លាប់​អាន​ពី​ក្មេង​ក៏​ជា​កត្តា​សំខាន់​សម្រាប់​ឆ្លើយ​តបទៅ​នឹង​ភាព​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ​ផង​ដែរ។

លោក​បន្ថែម​ថា៖ «ការ​អាន​ជា​ធម្មជាតិ នៅ​ពេល​យើង​អាន​ច្រើន​យើង​ដឹង​ច្រើន។ មាន​ន័យ​ថា នៅ​ពេល​យើង​ទម្លាប់​អាន​បាន​ច្រើន​តាំង​ពី​ក្មេង​មក សៀវភៅ​វា​ដូច​ជា​កញ្ចក់​ឆ្លុះ​រឿង មាន​រឿង​អតីតកាល រឿង​បច្ចុប្បន្នកាល និង​រឿង​អនាគត។ នៅ​ពេល​ដែល​យើង​កាន់​តែ​អាន​ច្រើន យើង​បាន​ដឹង​រឿងរ៉ាវ​ក្នុង​អតីតកាល ហើយ​រឿងរ៉ាវ​កើត​ឡើង​ក្នុង​អតីតកាល នៅ​ក្នុង​ប្រវត្តិសាស្ត្រ គឺ​សុទ្ធ​តែ​ឆ្លុះបញ្ចាំង​រឿង​២ មាន​រឿង​ល្អ និង​រឿង​អាក្រក់។ នៅ​ពេល​យើង​បាន​ដឹង ពី​ប្រវត្តិសាស្ត្រ​របស់​យើង យើង​នឹង​មិន​ដើរ​ទៅ​លើ​ផ្លូវ​ចាស់ ហើយ​យើង​នឹង​រៀន​យក​មេរៀន​ល្អ​ពី​ប្រវត្តិសាស្ត្រ​ល្អៗ​ទៅ​អនុវត្ត​សម្រាប់​ឱ្យ​ខ្លួន​ឯង​រីក​ចម្រើន»។

កាល​ពី​ឆ្នាំ​២០១៦ កម្ពុជា​បាន​រៀបចំ​ប្រារព្ធ​ទិវា​អំណាន ដោយ​បាន​កំណត់​ពាក្យ​ស្លោក​ថា “ការ​បណ្តុះ​ទម្លាប់​អាន ដើម្បី​ជំរុញ​វប្បធម៌​អាន”។ ហើយ​នៅ​ឆ្នាំ​បន្ត​បន្ទាប់ ទិវា​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​គោលដៅ​បណ្តុះ​ផ្នត់​គំនិត​យុវជន​ខ្មែរ​ឱ្យ​ចាប់​អារម្មណ៍​នឹង​ការ​អាន​សៀវភៅ​និង​ចាប់​យក​ទម្លាប់​អាន​ពេញ​មួយ​ជីវិត។

បើ​តាម​លោក​ ស៊ិន គង់ ក្នុង​ប្រទេស​សិង្ហបុរី​ជា​មធ្យម​មនុស្ស​ម្នាក់​អាន​សៀវភៅ​ក្នុង​១ឆ្នាំ​ប្រមាណ​៦០ក្បាល។ ចំណែក​ប្រទេស​ថៃ​និង​វៀតណាម ជា​មធ្យម​ប្រជាពលរដ្ឋ​គេ​ក្នុង​ម្នាក់​អាន​សៀវភៅ​ពី​៦​ទៅ​១០​ក្បាល។ យ៉ាង​ណា​មិញ លោក​សាស្រ្តាចារ្យ ស៊ិន គង់ អះអាង​ថា ​នៅ​កម្ពុជាពុំ​ទាន់​មាន​ការ​សិក្សា​ណា​មួយ​បង្ហាញ​ឱ្យ​បាន​ច្បាស់​ថា ក្នុង​១ឆ្នាំៗ​ពលរដ្ឋ​ខ្មែរ​ជា​មធ្យម អាន​សៀវភៅ​ប៉ុន្មាន​ក្បាល​នោះ​ទេ។

តែ​យ៉ាងណា អ្នក​ជំនាញ​រូប​នេះ​មើល​ឃើញ​ថា បើ​ទោះ​ជា​គេ​មិន​អាច​ដឹង​ច្បាស់​ពី​មធ្យមភាគ​នៃ​ការ​អាន​សៀវភៅ​របស់​ពលរដ្ឋ​ខ្មែរ តែ​គេ​អាច​ដឹង​បាន​ថា ការ​អាន​របស់​ពលរដ្ឋ​កម្ពុជា នៅ​មាន​កម្រិត ព្រោះ​តែ​កត្តា​ចំនួន​២​គឺ​មិន​ទម្លាប់​អាន​ពី​ក្មេង​និង​កត្តា​ខ្វះ​សៀវភៅ៕

ចែករំលែកតាម៖