ទស្សនីយភាពល្ខោននិយាយអង្រួនបេះដូងអ្នកទស្សនា

ទស្សនីយភាពល្ខោននិយាយអង្រួនបេះដូងអ្នកទស្សនា

នេះ​ជា​លើក​ទី​៣​ហើយ​ដែល​ទស្សនីយភាព​ល្ខោន​និយាយ​រឿង តៃកុងហំ (ថៅកែចិត្តចោរ) ត្រូវ​បាន​សម្តែង​ជូន​ទស្សនិកជន​កម្ពុជា។ ការ​សម្តែង​ជា​លើក​ទី​៣​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី​២៧ ខែ​ឧសភា​កន្លង​ទៅ​ថ្មីៗ​នេះ នៅ​ឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​កូរ៉េ (CKCC) ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ។

ទស្សនីយភាព​ល្ខោននិយាយ​រឿង​ថៅកែចិត្តចោរ​នេះ​បាន​ទាក់​ទាញ​ទស្សនិកជន​ពេញ​សាល​ទាំង​មូល​ដែល​ដាក់​មនុស្ស​បាន​ប្រមាណ​ជា​៨០០​នាក់។

ទស្សនិកជន​មួយ​រូប​ក្នុង​ចំណោម​នោះ​គឺ​លោកស្រី សុខខេន បូណា បាន​អះអាង​ថា គ្រាន់​តែ​ឮ​ពី​ការ​ផ្សព្វផ្សាយ​អំពី​ទស្សនីយភាព​រឿង​ថៅកែចិត្តចោរ​នេះ​ភ្លាម លោកស្រី​មាន​ចិត្ត​ចង់​មក​ទស្សនា​ផ្ទាល់​ដោយ​ខាន​តែ​បាន។ មិន​តែ​ប៉ុណ្ណោះ​ ទស្សនិកជន​រូប​នេះ​អះអាង​ថា ទស្សនីយភាព​នេះ​ពិត​ជា​ល្អ​ជាង​ការ​ដែល​ខ្លួន​ធ្លាប់​អាន​សៀវភៅ​ឬ​ស្តាប់​តាម​វិទ្យុ​ទៅ​ទៀត។

លោកស្រី សុខខេន បូណា មាន​ប្រសាសន៍​ថា៖ «និយាយ​ទៅ រឿង​ថៅកែចិត្តចោរ​ហ្នឹង ខ្ញុំ​ធ្លាប់​រៀន​ពី​មុន​មក ខ្ញុំ​ធ្លាប់​ដឹង​ពី​សាច់​រឿង… គឺ​រយៈពេល​ពីរ​ម៉ោង បី​ម៉ោង​គឺ​ខ្ញុំ​ទទួល​បាន​ច្រើន ដោយសារ​តែ ដូច​បង​ពិធីករ​គាត់​និយាយ​អ៊ីចឹង អ្នក​ខ្លះ​គាត់​អត់​ដឹង​រឿង​ល្ខោននិយាយ​ហ្នឹង​វា​រឿង​ប្រភេទ​អី​ទេ អាច​ចេញ​តាម​វិទ្យុ។ ប៉ុន្តែ​រឿង​ល្ខោននិយាយ និយាយ​ទៅ​ថា​ការ​សម្តែង​ផ្ទាល់ ពួក​គាត់​ខំ​ប្រឹងប្រែង​ហើយ​ពេល​ដែល​ខ្ញុំ​ឃើញ​គាត់​សម្តែង​ផ្ទាល់ មាន​សំឡេង​ផ្ទាល់​បែប​ហ្នឹង គឺ​មាន​អារម្មណ៍​ថា​ធ្វើ​ឱ្យ​ចិត្ត​ខ្ញុំ​ហ្នឹង​រឹត​តែ​មាន​អារម្មណ៍​ថា​ល្អ​មើល​ខ្លាំង​ជាង​អ្វី​ដែល​ខ្ញុំ​ស្តាប់​តាម​វិទ្យុ ស្តាប់​តាម​អី គឺ​មាន​អារម្មណ៍​ថា​ល្អ​មើល​ខ្លាំង»។

លោកស្រី សុខខេន បូណា
លោកស្រី សុខខេន បូណា

ស្រដៀង​គ្នា​នេះ​ដែរ យុវជន សាន សែល ដែល​ជា​ទស្សនិកជន​មួយ​រូប​ដែរ​នោះ​សរសើរ​មិន​ដាច់​ពី​មាត់​អំពី​ទេពកោសល្យ​របស់​សិល្បករ​សម្តែង​រឿង​ថៅកែចិត្តចោរ​នេះ។

លោក សាន សែល៖ «គាត់​សម្តែង​ល្អ ពាក្យពេចន៍​សម្តី​គឺ​គាត់​និយាយ​មក​ច្បាស់ ស្រួល​យល់ ហើយ​មាន​មនោសញ្ចេតនា​នៅ​ក្នុង​ហ្នឹង។ នៅ​ពេល​ដែល​យើង​តាម​ដាន​ការ​សម្តែង​របស់​គាត់ ពាក្យពេចន៍​មួយៗ​របស់​គាត់​ចូល​ក្នុង​អារម្មណ៍​របស់​យើង អ៊ីចឹង​យើង អារម្មណ៍​យើង​ទោរទន់​ទៅ​តាម​ការ​សម្តែង​គាត់ អ៊ីចឹង​ខ្ញុំ​គិត​ថា ការ​សម្តែង​របស់​គាត់​ល្អ។ ហើយ​អី​ដែល​សំខាន់ ខ្ញុំ​គិត​ថា ភាគ​ច្រើន​គោលបំណង​របស់​អ្នកនិពន្ធ​គឺ​គាត់​ចង់​បញ្ជ្រាប​សារ​ទៅ​កាន់​អ្នក​ដែល​មើល ហើយ​ខ្ញុំ​យល់​ថា អ្នក​ដែល​សម្តែង​ទាំងអស់​ហ្នឹង​គឺ​គាត់​ពិត​ជា​ធ្វើ​បាន​ល្អ​ក្នុង​ការ​នាំ​សារ​របស់​អ្នកនិពន្ធ តាមរយៈ​ការ​សម្តែង​សាច់​រឿង​របស់​គាត់​ទៅ​ជូន​ទស្សនិកជន។ ខ្ញុំ​គិត​ថា ហ្នឹង​គឺ​ជា​អ្វី​ដែល​អ្នក​ដែល​សម្តែង​គាត់​មាន​ខាង គាត់​មាន​ទេពកោសល្យ​ខ្ពស់​ក្នុង​ការ​សម្តែង។ ហើយ​ខ្ញុំ​គិត​ថា​នេះ​មិន​មក​ដោយ​ភ្លាមៗ គឺ​មក​ដោយ​ការ​ខំ​ប្រឹង​របស់​គាត់ ការ​តាំង​ចិត្ត​ហើយ​នឹង​ចង់​ឱ្យ​ធ្វើ​អ្វី​ដែល​គិត​ថា​មនុស្ស​បំភ្លេច ប៉ុន្តែ​ចង់​លើក​វា​មក​វិញ»។

លោកស្រី លី គឹមឆាយ វ័យ​៦៨​ឆ្នាំ ក៏​ជា​ទស្សនិកជន​ល្ខោននិយាយ​រឿង​ថៅកែចិត្តចោរ​នេះ​ដែរ។ ស្រ្តី​វ័យ​ចំណាស់​រូប​នេះ​អះអាង​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​លោកស្រី​បាន​ទស្សនា​ទស្សនីយភាព​ដោយ​ផ្ទាល់​បែប​នេះ ហើយ​វា​ធ្វើ​ឱ្យ​លោកស្រី​ចង់​ទស្សនា​ជា​បន្ត​ទៀត។

លោកស្រី លី គឹមឆាយ៖ «ខ្ញុំ​អត់​(ដែល)​មើល​(ទេ) តែ​ធ្លាប់​ស្តាប់។​ ឥឡូវ​ដល់​មក​មើល​ផ្ទាល់​ហ្នឹង មាន​អារម្មណ៍​ថា ល្អ​មើល។ គេ​ចង់​និយាយ​ពី​ប្រវត្តិ អា​ដែល​យើង​ហ្នឹង ធ្វើ​បាប​អ៊ីចឹង​ហា។ មាន​អត្ថន័យ​ជ្រាលជ្រៅ​ល្អ​ណាស់​រឿង​ហ្នឹង។ មើល​ហើយ ចង់​មើល​ទៀត»។

សំឡេង​ហ៊ោ​កញ្ជ្រៀវ​ដែល​លាន់​ចេញ​ពី​សម្រែក​និង​ស្នូរ​ទះ​ដៃ​របស់​ទស្សនិកជន​បាន​អង្រួន​បេះដូង​សិល្បករ​ដែល​សម្តែង​លើ​ឆាក​ទប់​ស្នាម​ញញឹម​មិន​បាន។

តួ​សម្តែង​តួអង្គ​ថៅកែ​ក្នុង​រឿង​ថៅកែចិត្តចោរ លោក អន សុភ័ក្រ្ត បាន​ឱ្យ​ដឹង​ថា ក្នុង​នាម​ជា​សិល្បករ​ល្ខោននិយាយ​មួយ​រូប​លោក​ពិត​ជា​រំភើប​និង​សប្បាយចិត្ត​នៅ​ពេល​ឃើញ​មាន​ទស្សនិកជន​ចូល​រួម​ច្រើន។ អតីត​សាស្រ្តាចារ្យ​នៃ​សាលា​ភូមិន្ទវិចិត្រសិល្បៈ​រូប​នេះ​មាន​ក្តី​រំពឹង​ថា​ការ​លើក​កម្ពស់​សិល្បៈ​បុរាណ​ខ្មែរ​នឹង​មាន​សន្ទុះ​វិជ្ជមាន​តាមរយៈ​ការ​ចូលរួម​ពី​យុវជន។

លោក អន សុភ័ក្រ្ត បន្ថែម​ថា៖ «មក​ដល់​សម័យ​ឥឡូវ​នេះ​គឺ​ការ​ដែល​សម្តែង​នៅ​ក្នុង​រោង​ដែល​មាន​មនុស្ស​កុះករ​បែប​នេះ ហើយ​ភាគ​ច្រើន​ជា​យុវជន​បែប​នេះ​គឺ​យើង​ទើប​តែ​នឹង​ជួប​ប្រទះ។ អ៊ីចឹង​យើង​មើល​ឃើញ​ថា ការណ៍​ដែល​យុវជន​របស់​យើង​ចាប់​អារម្មណ៍​ជាមួយ​នឹង​ការ​សម្តែង​ល្ខោននិយាយ​នេះ​យើង​មាន​ការ​ដែល​ចាប់​ផ្តើម​កម្រើក​ឡើង​វិញ»។

លោក អន សុភ័ក្រ្ត និងលោក ទិត្យ សារិទ្ធ
(កណ្ដាល) លោក អន សុភ័ក្រ្ត និងលោក ទិត្យ សារិទ្ធ

មិន​ខុស​ពី​វីរៈ​សិល្បករ អន សុភ័ក្រ្ត នោះ​ទេ តួ​សម្តែង​មួយ​រូប​ទៀត​ក្នុង​រឿង​ថៅកែចិត្តចោរ​ដែរ​នោះ គឺ​លោក ទិត្យ សារិទ្ធ មាន​ប្រសាសន៍​ថា លោក​ពិត​ជា​រំភើប​នៅ​ពេល​ដែល​លោក​បាន​ឱកាស​បង្ហាញ​ទម្រង់​សិល្បៈ​ល្ខោននិយាយ​ជូន​សាធារណជន​ខ្មែរ​ឱ្យ​បាន​ឃើញ ដឹង និង​យល់។

លោក ទិត្យ សារិទ្ធ មាន​ប្រសាសន៍​ថា៖ “ខ្ញុំ​មាន​ការ​សប្បាយ​មែន​ទែន នៅ​ពេល​ដែល​ឃើញ​បងប្អូន​ទស្សនិកជន​ទាំងអស់ គាត់​ចូលរួម​ទស្សនា ហើយ​គាំទ្រ​សិល្បៈ​ខ្មែរ​យើង​ច្រើន​អ៊ីចឹង។ ខ្ញុំ​មាន​អារម្មណ៍​មួយ​ថា​សប្បាយ​រក​អី​ថ្លែង​មិន​បាន​ទេ ដោយសារ​កន្លង​មក បើ​គេ​និយាយ​អំពី​សិល្បៈ​ល្ខោន គេ​អត់​ស្គាល់​ពាក្យ​ទម្រង់​ថា ល្ខោននិយាយ​ហ្នឹង​ទេ។ គេ​ស្គាល់​តែ​ល្ខោនបាសាក់ ល្ខោនយីកេ ល្ខោន​អី​ណា។ ហើយ​ទម្រង់​បែប​ផែន​ល្ខោននិយាយ​ហ្នឹង​កម្រ​មាន​អ្នក​ស្គាល់​ច្រើន​[ទេ]។ អ៊ីចឹង​ពេល​នេះ​មាន​បងប្អូន​ទស្សនិកជន គាត់​បាន​មក​ចូលរួម​ទស្សនា ហើយ​គាត់​បាន​ប្រាប់​ខ្ញុំ​ផ្ទាល់​ថា ក្នុង​ម៉ា​(មួយ)​ឆាក​ជីវិត​របស់​គាត់​ហ្នឹង គាត់​បាន​ឃើញ​ថា​ល្ខោន​និយាយ ហើយ​មាន​ការ​សម្តែង​ដ៏​អស្ចារ្យ​អ៊ីចឹង គាត់​រំភើប ហើយ​គាត់​ក៏​សំណូមពរ​ថា សូម​ឱ្យ​ទម្រង់​បែប​ហ្នឹង ការ​សម្តែង​បែប​ហ្នឹង​ឱ្យ​មាន​លើក​ក្រោយៗ​ទៀត”។

ទស្សនីយភាព​ល្ខោន​និយាយ​រឿង តៃកុង​ហំ (ថៅកែ​ចិត្ត​ចោរ) ត្រូវ​បាន​សម្តែង​ជា​សាធារណៈ​លើក​ដំបូង​កាល​ពី​ដើម​ឆ្នាំ​២០១៧ នៅ​មហោស្រព​ចតុមុខ​និង​លើក​ទី​២ នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​សម្រាប់​សិស្ស​នៅ​ទីនោះ។

រឿង​ថៅកែ​ចិត្ត​ចោរ និពន្ធ​ដោយ​លោក អ៊ុំ ឈឺន និង​លោក​ ពៅ យូឡេង។ ប្រលោមលោក​ដែល​និយាយ​ពី​តថភាព​សង្គម​នេះ​ជា​ស្នាដៃ​អក្សរសិល្បិ៍​ខ្មែរ​បែប​ទំនើប​ដែល​បាន​បង្ហាញ​ពី​សង្គម​ខ្មែរ​នា​សម័យ​សង្គមរាស្រ្តនិយម ក្រោយ​របប​អាណានិគមនិយមបារាំង។ រឿង​ថៅកែចិត្តចោរ​នេះ​ក៏​មាន​ដាក់​បង្រៀន​ក្នុង​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​ថ្នាក់​វិទ្យាល័យ​សម្រាប់​សិស្ស​សិក្សា​ស្វែង​យល់​ផង​ដែរ៕

ចែករំលែកតាម៖