អង្គការ ACT បញ្ជ្រាប​សារ​សន្តិភាព​តាមរយៈ​អ្នកសារព័ត៌មាន

អង្គការ ACT បញ្ជ្រាប​សារ​សន្តិភាព​តាមរយៈ​អ្នកសារព័ត៌មាន

លោកស្រី ខន សុភី ប្រធានគម្រោងសារព័ត៌មានសន្ដិភាព (រូបភាពដោយ ACT)

ក្រុម​អ្នក​សារព័ត៌មាន​មក​ពី​ស្ថាប័ន​ខុសៗ​គ្នា​ជាង​២០​បាន​ចុះ​ទស្សនកិច្ច​សិក្សា​ក្នុង​តំបន់​អភិរក្ស​ព្រៃឈើ​ ក្នុង​ខេត្ត​ឧត្តរមានជ័យ​កាល​ពី​ដើម​ខែ​ឧសភា ឆ្នាំ​២០១៨។ ទស្សនកិច្ច​សិក្សា​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​វគ្គសិក្សា​របស់​គម្រោង​សារព័ត៌មាន​សន្តិភាព​របស់​អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ (ACT)។

លោកស្រី ខន សុភី ប្រធាន​គម្រោង​សារព័ត៌មាន​សន្ដិភាព​លើក​ឡើង​ថា គម្រោង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ចែក​រំលែក​ចំណេះដឹង​លើ​វិស័យ​កសាង​សន្តិភាព ដើម្បី​បញ្ជ្រាប​ទៅ​ក្នុង​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា។

លោកស្រី​មាន​ប្រសាសន៍​ថា៖ «អ្នក​សារព័ត៌មាន​គាត់​ចូលរួម​នៅ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពី​គ្រប់​ប្រភព នៅ​ពេល​មាន​ប្រភព​គ្រប់គ្រាន់ គឺ​ពួក​គាត់​ចូលរួម​នៅ​ក្នុង​ការ​ដោះស្រាយ​ទំនាស់។ ជា​ការ​ពាំនាំ​សម្តី​គ្រប់​ប្រភព​ទាំងអស់ ដើម្បី​ផ្សាយ​ជូន​ដល់​ភាគី​ពាក់ព័ន្ធ​ឱ្យ​គាត់​បាន​ដឹង។ (អ៊ី)ចឹង​ នេះ​ជា​វិធីសាស្ត្រ​មួយ​នៅ​ក្នុង​ការ​ពាំនាំ និង​វិធីសាស្ត្រ​នៅ​ក្នុង​ការ​ដោះស្រាយ​ទំនាស់​ផង​ដែរ។ ហើយ​មួយ​គឺ​ការ​ផ្តល់​សំឡេង​សម្រាប់​អ្នក​ដែល​គ្មាន​សំឡេង។ ដោយសារ​តែ​ភាគ​ច្រើន អ្នក​សារព័ត៌មាន គាត់​ផ្តល់​សំឡេង​តែ​អ្នក​ធំ អ្នក​ល្បី (អ៊ី)ចឹង​ទៅ គាត់​ភ្លេច​សំឡេង​អ្នក​ដែល​អត់​មាន​សំឡេង។ អ៊ីចឹង​យើង​ត្រូវ​ការ​សំឡេង​អ្នក​ទាំងអស់​ហ្នឹង ដើម្បី​ដាក់​បញ្ចូល​ទាំងអស់​គ្នា ឱ្យ​ភាគី​ទាំង​សង​ខាង ថា​អ្វី​ដែល​ជា​តម្រូវ​ការ​របស់​ខ្លួន។ នៅ​ពេល​(អ៊ី)ចឹង​ យើង​អាច​ដោះស្រាយ​ទំនាស់ តាម​រយៈ​អ្នក​សារព័ត៌មាន»។

គម្រោង​សារព័ត៌មាន​សន្តិភាព​ក៏​ជា​ការ​ផ្តល់​ឱកាស​ដល់​អ្នក​ចូលរួម​ទាំងអស់​ដែល​ភាគ​ច្រើន​ជា​អ្នក​ធ្វើការ​លើ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​សិក្សា​ដក​ពិសោធន៍​ទៅ​លើ​ការ​អនុវត្ត​ជាក់​ស្តែង ដើម្បី​ឈាន​ទៅ​រក​ការ​ដោះស្រាយ​ទំនាស់ និង​ការ​កសាង​សន្តិភាព​ពិត​ក្នុង​សង្គម តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ នេះ​បើ​តាម​សៀវភៅ​មេរៀន​សម្រាប់​បណ្តុះបណ្តាល​សារព័ត៌មាន​សន្តិភាព បោះពុម្ព​នៅ​ក្នុង​ឆ្នាំ​២០១៤ ដោយ​អង្គការ​ACT។

លោក គង់ ឧត្តម អ្នក​យកព័ត៌មាន​នៃ​វិទ្យុ​ក្នុង​ស្រុក​មួយ​និង​ជា​សមាជិក​នៃ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​សារព័ត៌មាន​សន្តិភាព​យល់​ថា ការ​បញ្ជ្រាប​គោលការណ៍​សន្តិភាព​ទៅ​កាន់​អ្នក​សារព័ត៌មាន គឺ​ជា​រឿង​មួយ​ដែល​ល្អ។ បុរស​សម្បុរ​ស្រអែម​មាឌ​មាំ​រូប​នេះ​បន្ថែម​ថា ការសិក្សា​សារព័ត៌មាន​សន្តិភាព​ហាក់​ដូចជា​ការ​ក្រើន​រម្លឹក​អ្នក​សារព័ត៌មាន​ជា​បុគ្គល ដែល​ធ្វើការ​ប្រចាំ​ថ្ងៃ​ឱ្យ​ដឹង​ឥទ្ធិពល​ដែល​អាច​កើត​មាន​ក្រោយ ព័ត៌មាន​របស់​ខ្លួន​ចុះ​ផ្សាយ។

លោក គង់ ឧត្តម បន្ត​ថា៖ «និយាយ​ពី​ប្រជាពលរដ្ឋ​ទូទៅ​វិញ បើសិន​ជា​យើង​ដឹង​សារព័ត៌មាន​សន្តិភាព​ហ្នឹង​ យើង​បាន​ចូលរួម​រៀន យើង​បាន​ដឹង​ពី​អត្ថន័យ ដឹង​ពី​អ្វី​ដែល​គេ​ហៅថា​ព័ត៌មាន​សន្តិភាព គឺ​យើង​អាច​បែង​ចែក ថា​ព័ត៌មាន​នេះ មាន​ចរិត​យ៉ាង​ម៉េច? ហើយ​មនុស្ស​ទូទៅ នៅ​ពេល​ដឹង​បែប​ហ្នឹង​ហើយ គាត់​អាច​បែង​ចែក ព័ត៌មាន​ហ្នឹង​គួរ​មើល​អត់? ពេល​មើល​ហើយ​គិត​ថា ព័ត៌មាន​ហ្នឹង​គ្រប់​ជ្រុងជ្រោយ​អត់? និង​មាន​និន្នាការ​ទៅ​ខាង​ណា ដែល​ធ្វើ​ឱ្យ​យើង​អាច​យល់។ ចំណែក​ទី២ ទាក់ទង​ទៅ​នឹង​សារព័ត៌មាន​វិញ គឺ​គាត់​កាន់​តែ​យល់​ច្បាស់​ថែម​ទៀត​ថា​គាត់​ត្រូវ​ធ្វើ​យ៉ាង​ម៉េច? ជា​អព្យាក្រឹត​និង​ជា​បុគ្គល​សម្រាប់​ផ្សះផ្សា​ជាតិ មិនមែន​ធ្វើ​ឱ្យ​ជាតិ​បែក​បាក់ តាម​រយៈ​ព័ត៌មាន​ខ្លួន​ឯង​នោះ​ទេ»។

ក្រុមអ្នកសារព័ត៌មានបានចុះទស្សនកិច្ចសិក្សាក្នុងតំបន់អភិរក្សព្រៃឈើ ក្នុងខេត្តឧត្តរមានជ័យ
ក្រុមអ្នកសារព័ត៌មានបានចុះទស្សនកិច្ចសិក្សាក្នុងតំបន់អភិរក្សព្រៃឈើ ក្នុងខេត្តឧត្តរមានជ័យ

ជា​អ្នក​សារព័ត៌មាន​ជើង​ចាស់​ហើយ​បច្ចុប្បន្ន​ជា​ផលិតករ​ព័ត៌មាន​នៅ​ស្ថានីយ​ទូរទស្សន៍ Nice TV លោក ប្រាក់ សម្ផស្ស លើក​ឡើង​ថា ការ​បញ្ជ្រាប​សារ​សន្តិភាព​ទៅ​កាន់​អ្នក​សារព័ត៌មាន គឺ​ជា​ជម្រើស​ល្អ សម្រាប់​ជួយ​ឱ្យ​ពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​ដែល​មាន​សន្តិភាព​ពី​អ្នក​សាររព័ត៌មាន។

លោក ប្រាក់ សម្ផស្ស​ មាន​ប្រសាសន៍​ថា៖ «គោរព​ទៅ​តាម​វិជ្ជាជីវៈ ដោយ​សីលធម៌ ក្នុង​ការ​ផ្សាយ​ដំណឹង គឺ​អ្នក​ស្តាប់ បាន​ទទួល​ទិន្នន័យ​ពិត និង​មាន​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ ដោយ​ឈរ​លើ​ដំណឹង​ជា​មូលដ្ឋាន។ ទាំង​នេះ​ ចាប់​ថា​ជា​ប្រយោជន៍​ដ៏​សំខាន់ សម្រាប់​អ្នក​ទទួល​បាន​ដំណឹង​ប្រកប​ដោយ​សន្តិភាព»។

នៅ​កម្ពុជា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​ឥទ្ធិពល​តាមរយៈ​វិស័យ​ទូរទស្សន៍​ដែល​អាច​ទាក់ទាញ​អ្នក​ទស្សនា​ ៧៨​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប ការ​បោះពុម្ព​៥៩​ភាគរយ ខណៈ​វិទ្យុ​មាន​កម្រិត​មធ្យម​ដែល​មាន​អ្នក​ស្តាប់​ ៤៣​ភាគរយ ដោយ​មិន​ទាន់​រាប់​បញ្ចូល​ប្រភេទ​សារព័ត៌មាន​អនឡាញ​ផង។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន​ប្រទេស​អាល្លឺម៉ង់​កាល​ពី​ឆ្នាំ​២០១៥។

តែ​យ៉ាង​ណា​មិញ ​វិស័យ​សារព័ត៌មាន​កំពុង​តែ​ធ្លាក់​នៅ​ក្នុង​ក្តី​កង្វល់។ សៀវភៅ​មេរៀន​សម្រាប់​បណ្តុះបណ្តាល​សារព័ត៌មាន​សន្តិភាព​របស់​អង្គការ ACT ​បង្ហាញ​ថា ​បច្ចុប្បន្ន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មាន​លក្ខណៈ​បែប​ហិង្សា​កាន់​តែ​កើន​ឡើង។ ការ​កើន​ឡើង​គឺ​តាម​រយៈ​ការ​សរសេរ​ព័ត៌មាន​ផ្តោត​ទៅ​លើ​តែ​ទំនាស់ ការ​ឈ្នះ​ចាញ់ ខ្វះ​សេចក្តី​ពន្យល់​លម្អិត ផ្តោត​ទៅ​លើ​តែ​ផល​ប៉ះពាល់​ជាក់ស្តែង​ ព័ត៌មាន​គ្មាន​ប្រភព​ច្បាស់​លាស់។​ល។

អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ ACT រំពឹង​ថា តាមរយៈ​ការងារ​របស់​ខ្លួន ក្នុង​ការ​បញ្ជ្រាប​ព័ត៌មាន​សន្តិភាព​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នឹង​ជួយ​ជា​ទស្សនៈ​នៃ​តុល្យភាព​យុត្តិធម៌​និង​សុក្រឹតភាព​ក៏​ដូចជា​ជួយ​លុប​បំបាត់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​បែប​ហិង្សា​នៅ​ក្នុង​សង្គម​កម្ពុជា​ជា​បន្ត​បន្ទាប់៕

ចែករំលែកតាម៖